អត្រា​ស្លាប់​និង​របួស​ដោយសារ​គ្រាប់មីន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ ២៤​ឆ្នាំ

អត្រា​អ្នក​ស្លាប់ និង​រង​របួស​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ក្នុង​អំឡុងពេល ២៤​ឆ្នាំ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សារ​ចូល​រួប​អបអរ ទិវា​ជាតិ​យល់ដឹង​ពី​គ្រាប់មីន កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ និង​រង​របួស បាន​ថយ​ចុះ​មក​ត្រឹម​ ៦៥​នាក់ ក្នុង​អំឡុង​ឆ្នាំ​២០២០ ដែល​កាល​ពី​ឆ្នាំ​១៩៩៦ មាន​អ្នក​ស្លាប់​ និង​របួស ៤.៣២០នាក់​។ បន្ថែម​ពី​នេះ ផ្ទៃដី​ ២.១៣៨គីឡូ​ម៉ែត​​ការ៉េ ត្រូវ​បាន​បោសសំអាត ចាប់​ពី​ឆ្នាំ​១៩៩២ ដល់ ឆ្នាំ​២០២០។ លោក ហ៊ុន សែន បញ្ជាក់​ថា ដី​បោសសំអាត​គ្រាប់មីន​ហើយ​នោះ ក៏បាន​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​សាលារៀន ផ្ទះ និង​មន្ទីរ​ថែទាំ​សុខភាព ជាដើម សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ ជាង ៦​លាន​នាក់។

ក្នុង​សារ​ដដែល​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុងអំឡុងពេល ២៨​ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​មីន ក៏បាន​រក​ឃើញ​និង​ដុត​បំផ្លាញ​គ្រាប់មីន​ជាង ១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ២៥.៤៨៨គ្រាប់និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជិត​៣​លាន​គ្រាប់​ផ្សេងទៀត​។

របាយការណ៍​របស់​អាជ្ញាធរ​មីន​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ១៩៧៩ ដល់ ២០២០ ប្រជាពលរដ្ឋ​ ១៩.៧៩៧នាក់បាន​ស្លាប់ និង​រង​របួស​ពិការ​ដាច់​ដៃជើង ចំនួន​ ៤៥.១២៣នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ។

អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​និង​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា (CMAA)​លោក លី ធុជ ឱ្យ​ដឹង​ថា កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​ ៣៧៧លាន​​ដុល្លារ​​អាមេរិក សម្រាប់​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឱ្យ​អស់​ត្រឹម​ឆ្នាំ ២០២៥ នៅ​លើ​ផ្ទៃដី​គ្រាប់មីន ៨៣៥គីឡូ​ម៉ែត្រ​ក្រឡា និង​ផ្ទៃដី ១.៣១៦​គីឡូ​ម៉ែត្រ​​ការ៉េ ដែល​មាន​សេសសល់​គ្រាប់​សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក​ចង្កោម៕

Landmines_Tuol_Chrey_Sampov_Loun_BTB_123020_CMAC_9.jpg
រូប​ខាង​ស្ដាំ​លើ គឺ​ត្រាក់ទ័រ​ភ្ជួរ​ដី​​កិន​មីន​តោន​ផ្ទុះ និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ ដែល​អង្គភាព​ដោះមីន ស៊ីម៉ាក់ (CMAC) ដោះបាន នៅ​ភូមិ​ទួល​ជ្រៃ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០២០។ រូប៖ CMAC

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។