អ្នកច្បាប់ និងមន្ត្រីសង្គមស៊ីវិលសាទរចំពោះការបង្ហាញការទទួលខុសត្រូវរបស់អភិបាលខែត្រព្រះសីហនុ លោក យន្ត មីន ដែលប្រកាសលាលែងពីតំណែងដ៏កម្រមួយនៅក្នុងសម័យលោក ហ៊ុន សែន និងការដកតួនាទី អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនោះ ប៉ុន្តែអ្នកទទួលខុសត្រូវក្នុងសំណុំរឿងនេះ មិនមែនមានតែមនុស្សតែពីរនាក់នេះទេ គឺមានមន្ត្រីជាច្រើនទៀត រួមទាំងភាគីចិនផង ត្រូវមកទទួលខុសត្រូវលើរឿងបាក់អគារនេះ។
អ្នកច្បាប់ និងមន្រ្តីសង្គមស៊ីវិល អះអាងថា ការបញ្ចប់មុខតំណែងលោក ញឹម វណ្ណដា និងការប្រកាសលាលែងពីអភិបាលខែត្ររបស់លោក យន្ត មីន នោះ មិនមែនជារឿងទទួលខុសត្រូវ ហើយបញ្ចប់បញ្ហាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ដោយសំណង់អាគាររបស់ចិនរលំបាក់សង្កត់លើនោះឡើយ។
ពួកគាត់យល់ថា នៅមានមន្ត្រីជាច្រើនទៀត ដែលត្រូវទទួលខុសត្រូវទាំងផ្លូវច្បាប់ និងពិន័យរដ្ឋបាល ទើបង្ហាញថា រដ្ឋាភិបាលទទួលខុសត្រូវខ្ពស់ និង ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ប្រធានប្រធានអង្គការសម្ពន្ធភាពការងារកម្ពុជា ហៅកាត់ថា Central លោក មឿន តុលា មានប្រសាសន៍ថា ការលាលែងពីតំណែងរបស់អភិបាលខែត្រព្រះសីហនុ និងការដកតួនាទីរបស់លោក ញឹម វណ្ណដា ជារឿងល្អហើយ តែបញ្ហានៅត្រង់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការសាងសង់អគារគ្មានគុណភាព និងធ្វើឲ្យមនុស្សស្លាប់ និងរបួសជិត ៦០នាក់នេះ ហើយត្រូវមកទទួលទោសចំពោះមុខច្បាប់៖ «»
ការលើកឡើងរបស់អ្នកច្បាប់ និងសង្គមស៊ីវិលនេះ នៅស្របពេលលោក ហ៊ុន សែន ប្រកាសពីមោទនភាព និងការបង្ហាញពីការទទួលខុសត្រូវរបស់លោកក្នុងនាមជាមេដឹកនាំប្រទេស។ លោក ហ៊ុន សែន បានធ្វើសន្និសីទកាសែតភ្លាមៗ ក្រោយពីលោកបានចូលរួមត្រួតពិនិត្យកម្លាំងសមត្ថកិច្ចកាយគំនរអគារបាក់បែកយកជនរងគ្រោះ កាលពីថ្ងៃទី២៤ មិថុនា ដោយលោកបញ្ជាក់ពីមូលហេតុនៃការដកតួនាទីអនុប្រធានទី១ របស់លោក គឺ លោក ញឹម វណ្ណដា នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយលោក ហ៊ុន សែន ផ្ដល់ហេតុផលយ៉ាងខ្លីថា លោក ញឹម វណ្ណដា «ខ្វះការទទួលខុសត្រូវ និង ភូតភរ។ លោក ហ៊ុន សែន ក៏ប្រកាសប្ដេជ្ញាចិត្តថានឹងដកមន្រ្តីផ្សេងទៀត បើលោករកឃើញថា មានមន្ត្រីផ្សេងទៀតជាប់ពាក់ព័ន្ធនឹងអគារដួលរលំនេះ៖ «»
ទោះបីជាលោក ហ៊ុន សែន ប្រកាសពីការព្រមានមន្ត្រីរបស់លោកបែបនេះក្ដី ក៏លោកមិនអាចបញ្ចប់ការរិះគន់ពីសាធារណជនបានឡើយ។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក លើកឡើងថា អ្នកដែលត្រូវចេញមុខទទួលខុសត្រូវមុនគេនោះ គឺលោក ហ៊ុន សែន ខ្លួនឯងតែម្ដង ពីព្រោះថា លោកមានតួនាទីខ្ពស់ជាងគេ ហើយត្រូវទទួលខុសត្រូវខ្ពស់ជាង។ ម្យ៉ាងទៀត ការដឹកនាំរបស់លោកក្នុងរយៈពេល ៤០ឆ្នាំមកនេះ មានអំពើអយុត្តិធម៌ និងធ្វើឲ្យមនុស្សស្លាប់ជាច្រើន ដូចជា ការធ្វើឲ្យមនុស្សស្លាប់ជាង ៣០០នាក់នៅស្ពានពេជ្រកាលពីឆ្នាំ២០១០ ជាដើម។
ចំពោះលោក យន្ត មីន អភិបាលខែត្រព្រះសីហនុវិញ បានឲ្យអាស៊ីសេរីដឹងនៅរាត្រីថ្ងៃទី២៤ មិថុនា បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបញ្ចប់មុខតំណែងរបស់លោកបញ្ជាក់ពីថា មូលហេតុដែលលោក លាលែងពីតំណែងនេះ គឺជាការទទួលខុសត្រូវរបស់លោក និងជាការទទួលកំហុស៖ «»
លោក យន្ត មីន ក៏ធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ មិថុនា ក្រោយពី អគារបាក់ដួលរលំភ្លាមៗ ថា អគាររបស់ចិនកម្ពស់៧ជាន់នេះ គឺជាសំណង់គ្មានច្បាប់អនុញ្ញាត ហើយលោកបានចុះទៅឃាត់ពីរដងដែរ តែថៅកែចិននោះមិនស្ដាប់ ហើយលោកក៏មិនដឹងធ្វើដូចម្ដេចដែរ។
មេធាវីនៃក្រុមអ្នកច្បាប់សិលា លោក ជូង ជូងី ថា ការសម្រេចលាឈប់ពីតំណែងនេះ អាចបង្ហាញថាលោក យន្ត មីន មានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីរបស់ខ្លួន ជាអភិបាលខេត្តព្រះសីហនុ ប៉ុន្តែលោកថា សោកនាដកម្មបានកើតឡើងរួចទៅហើយ។ លោក ជូង ជូងី យល់ថា រឿងហេតុនេះ គឺមកពីគ្មានអ្នកទទួលខុសត្រូវពិតប្រាកដ ប្រសិនបើអាជ្ញាធររកឲ្យឃើញអ្នកទទួលខុសត្រូវក្នុងការសាងសង់អគារ និងអ្នកផ្ដល់សិទ្ធិឲ្យសាងសង់តាំងដើមដំបូង នោះហេតុការណ៍បាក់រលំអគារ ក៏មិនកើតឡើងមានដែរ៖ «ដោយសារតែគ្មានអ្នកទទួលខុសទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន និងខាងរដ្ឋ ពាក់ព័ន្ធនឹងសំណង់ និងគ្មានការទទួលខុសត្រូវបច្ចេកទេសពីអ្នកនយោបាយដែលមានអំណាចលើអ្នកបច្ចេកទេសហ្នឹង ទើបបណ្ដាលឲ្យសោកនាដកម្មហ្នឹងកើតឡើង។ អ៊ីចឹង ! ការលាលែងតំណែងរបស់អភិបាលខេត្តអត់បានស្ដារនូវស្ថានការណ៍ហ្នឹងឡើងទេ គឺវាបានកើតឡើងរួចទៅហើយ។ ប្រសិនការលាលែងតំណែងរបស់គាត់ហ្នឹង ស្ដារស្ថានការណ៍ហ្នឹងបាន នោះគឺរួចអ្វីៗ ទាំងអស់»។
លោក ជូង ជូងី លើកឡើងថា ស្ថាប័នអយ្យការគឺដើរតួនាទីសំខាន់ក្នុងរឿងនេះ ដើម្បីរកឲ្យឃើញថាមូលហេតុពិតប្រាកដ ដែលនាំឲ្យរលំបាក់អគារនេះ ហើយជនណាខ្លះ ដែលពាក់ព័ន្ធនឹងរឿងនេះ៖ «សោកនាដកម្មកើតឡើងរួចទៅហើយ មានមនុស្សស្លាប់ច្រើន ដូច្នេះផ្លូវច្បាប់អត់បានរួចផុតពីការទទួលខុសត្រូវទេ ត្រូវមានការស៊ើបអង្កេតពីសមត្ថកិច្ច។ ជាពិសេសព្រះរាជអាជ្ញា ត្រូវដើរតួជាតំណាងរដ្ឋ អនុវត្តអំណាចអាជ្ញា ត្រូវស៊ើបអង្កេតថាតើ នរណាជាអ្នកទទួលខុសត្រូវដែលបណ្ដាលឲ្យបាក់រលំអគារស្លាប់មនុស្សបែបនេះ។ អ៊ីចឹង ! ត្រូវយកអ្នកនោះមកទទួលទោសចំពោះមុខច្បាប់។ ហើយចំណែក ប្រជាពលរដ្ឋដែលគាត់រងគ្រោះ មានសិទ្ធិទាមទារសំណងទៅតាមទឹកចិត្តរបស់គាត់ ដែលគាត់យល់ឃើញថា បាត់បង់សាច់ញាតិគាត់ ឬសាច់ញាតិគាត់គ្រោះថ្នាក់ គាត់ត្រូវទទួលសំណងប៉ុន្មាន។ អ៊ីចឹង ! អ្នកទទួលខុសត្រូវហ្នឹង ត្រូវទទួលខុសព្រហ្មទណ្ឌផង និងទទួលខុសត្រូវសំណងដល់សាច់ញាតិអ្នកស្លាប់ហ្នឹងផង» ។
ការបាក់អគាររបស់ចិនធ្វើឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ និងរបួស ២៦នាក់នេះ មិនមែនត្រឹមត្រូវតែធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ព្រាត់ប្រាស់ក្រុមគ្រួសារ និងធ្វើឲ្យកូនចៅរបស់ពួកគាត់ក្លាយជាកូនកំព្រាប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារក្រីក្ររបស់កម្មករសំណង់ទាំងនេះ ទៅលើបញ្ហាជីវភាពគ្រួសារនៅពេលអនាគតថែមទៀត។
គ្រួសារជនរងគ្រោះម្នាក់ នៅខេត្តព្រៃវែង គឺលោកស្រី ឃឹម សាខន រៀបរាប់ថា គាត់មានសមាជិកគ្រួសារ និងសាច់ញាតិសម្លាប់ និងរបួសនៅក្នុងអគារនេះ គឺប្ដីរបស់ លោកស្រីនិង ក្មួយប្រុសម្នាក់ បានស្លាប់ ចំណែកកូនប្រុសម្នាក់និងក្មួយប្រុសម្នាក់ទៀតរងរបួស។ លោកស្រីរន្ធត់ចិត្តក្រៃលែងនៅពេលឃើញគេទាញយកសាកសពប្ដី ដែលកប់នៅក្រោមគំនរសំណង់បាក់បែកនោះ៖ «ខ្ញុំពិបាកខ្លាំងណាស់អាណិតប្ដីណាស់ព្រោះបាត់បង់ គ្រួសាររបស់ខ្ញុំដែលស្លាប់ទៅហើយកូនៗ កំព្រា បាត់បង់ឪពុក។ បាត់បង់ប្ដីអ៊ីចឹងទៅគឺដូចជាបាត់បង់ដៃម្ខាងហើយនៅសល់តែម្ខាងហើយចំណូលពីមុនដែលមាន១០ភាគរយឥលូវនេះនៅសល់៥ភាគរយឬ៣ភាគរយអ៊ីចឹងណ៎ា។ យើងពឹងកូនក៏មិនដូចប្ដីដែរ»។
គ្រួសារជនរងគ្រោះមួយទៀតនៅខេត្តក្រចេះ វិញ គឺលោក ឈុំ ចិន្តា រៀបរាប់ថា ឪពុកនិងម្ដាយរបស់លោកបានស្លាប់ ចំណែកប្អូនស្រីរបស់លោករបួសធ្ងន់ ក្រោយជាប់ក្នុងគំនរសំណង់បាក់បែងជាង២០ម៉ោង។ យុវជនរូបនេះរៀបរាប់ទាំងក្ដុកក្ដួលថា គ្រួសាររបស់លោកទើបតែចំណាកស្រុកពីស្រុកសម្បូរ ខេត្តក្រចេះ ដើម្បីធ្វើការសំណង់ក្នុងខេត្តព្រះសីហនុកាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះតែបញ្ហាជីវភាពក្រីក្រ និងជំពាក់បំណុលធនាគារ។ ឪពុកម្ដាយនិងប្អូនស្រីបានធ្វើការជាមួយគ្នាក្នុងអាគារសំណង់ដែលដួលរលំនេះ ហើយលោកនៅរស់រានមានជីវិតនេះ ដោយសារតែលោកធ្វើសំណង់នៅកន្លែងផ្សេង៖ «ខ្ញុំធ្វើការឆ្ងាយពីគ្នាប្រហែលជា ៣ ទៅ ៤គីឡូហើយខ្ញុំមិននឹកស្មានថាជាកន្លែងឪពុកម្ដាយខ្ញុំធ្វើការទេ ប៉ុន្តែខលទៅគាត់អត់ចូល ហើយសង្ស័យទើបខ្ញុំទៅមើលទីនោះ។ ទៅខ្ញុំឃើញប៉ាម៉ាក់ខ្ញុំស្លាប់ស្ទើរគាំងបេះដួងហើយពេលនោះខ្ញុំនៅតែម្នាក់ឯងគ្មានសាច់ញាតិបងប្អូនទៀត។ រីឯប្អូនស្រីខ្ញុំនៅជាប់គាំងទីនោះរហូតដល់ម៉ោង ១១យប់ទើបគេកាយរកឃើញ។ ប្អូនខ្ញុំពិបាកណាស់ ស្រែកឱ្យគេជួយរហូតតែអត់មានអ្នកឮទេ ហើយគាត់បានកូកាកូឡា និងទឹកដែលទិញទុកពីយប់ ទុកគ្រាន់ផឹក»។
ទាក់ទង និងបញ្ហានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤មិថុនា សំដែងក្ដីតក់ស្លុត និងសូមរួមរំលែកទុកដល់ក្រុមគ្រួសារជនរងគ្រោះ។ ក្រៅពីចូលរួមរំលែកទុក្ខនេះ គណបក្សសង្គ្រោះជាតិ ថ្កោលទោស អាជ្ញាធររបបក្រុងភ្នំពេញដែល ធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រង ត្រួតពិនិត្យ និង ការសាងសង់សំណង់គ្មានគុណភាព ព្រមទាំងគ្មានលិខិតអនុញ្ញាតសាងសង់តាមច្បាប់បែបនេះ។ គណបក្សប្រឆាំងទាមទារអោយរបបក្រុងភ្នំពេញចាត់វិធានការ និងអនុវត្តច្បាប់អោយបានត្រឹមត្រូវពាក់ព័ន្ធនឹងវិស័យសំណង់ ជាពិសេសអគារសំណង់ទាំងអស់របស់ជនជាតិចិន ឬសាងសង់ដោយក្រុមហ៊ុនវិនិយោគចិននៅលើទឹកដីកម្ពុជា។
នៅទន្ទឹមនឹងនេះ ស្ថានទូតរបស់ប្រទេសមួយចំនួនប្រចាំនៅទីក្រុងភ្នំពេញ បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ មានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយសំដែងការសោកស្ដាយ ចំពោះការបាក់រលំអគារសង្កត់លើពលរដ្ឋខ្មែរបែបនេះ។ ស្ថានទូតទំាងនោះមានដូចជា ទូតសហរដ្ឋអាមេរិក ជប៉ុន បារាំង អូស្ត្រាលីជាដើម។ ដោយឡែកស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនវិញ ដែលជាម្ចាស់អគារពលរដ្ឋរបស់ខ្លួននោះ បានចេញសាររំលែកទុក្ខ ស្ថានទូតចិនមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់បែបនេះ។
ទោះបីជាបែបនេះក្ដី អ្នកច្បាប់ និងក្រុមមន្រ្តីអង្គការសង្គមស៊ីវិល លើកឡើងថា ស្ថានទូតចេញសាររំលែកទុក្ខនេះ មិនមែនជាកាយវិការទទួលខុសត្រូវឡើយ គឺទូតចិន ឬរដ្ឋាភិបាលចិន ត្រូវតែចូលរួមទទួលខុសត្រូវក្នុងការផ្ដល់សំណងរដ្ឋប្បវេណី និងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា ដែលបណ្ដែតបណ្ដោយឲ្យពលរដ្ឋរបស់ខ្លួនមកវិនិយោគនៅកម្ពុជាទាំងធ្វេសប្រហែសបែបនេះ ពីព្រោះថា ការវិនិយោគរបស់ចិននៅកម្ពុជានេះ គឺធ្វើឲ្យចិនទទួលបានផលចំណេញ រីឯពលរដ្ឋខ្មែរក្លាយជាជនរងគ្រោះ ឬស្លាប់ដូចករណីនៅខែត្រព្រះសីហនុនេះជាដើម។ អង្គការសង់ត្រាល់ ដែលតាមដានសកម្មជនកម្លាំងសមត្ថកិច្ចជួយសង្គ្រោះកម្មករចេញពីអគារបាក់បែកនោះ អ្នកដែលស្លាប់២៨នាក់ និងរបួស២៦នាក់នោះ គឺគ្មានជនជាតិចិនម្នាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។