អ្នកជំនាញច្បាប់ និងអ្នកឃ្លាំមើលសង្គមបារម្ភថា ការឃុំខ្លួនក្មេងទំនើងដែលជាអនីតិជនអាចប៉ះពាល់សិទ្ធិពួកគេ
2025.01.08
អ្នកជំនាញច្បាប់ និងអ្នកឃ្លាំមើលសង្គមបារម្ភថា ការឃុំខ្លួនក្មេងទំនើងដែលជាអនីតិជនអាចធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ពួកគេ។ ពួកគាត់លើកឡើងថា យុទ្ធនាការបង្ក្រាបទៅលើក្មេងទំនើងជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលគួរតែប្រើប្រាស់វិធីសាស្ត្រការអប់រំឱ្យអស់លទ្ធភាពមុនសិន។
អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ជាគោលការណ៍ទូទៅអនីតិជនដែលមានអាយុក្រោម១៣ឆ្នាំ មិនមានគោលការណ៍ច្បាប់ក្នុងការឃុំខ្លួននោះទេ ហើយការអនុវត្តច្បាប់ទៅលើអនីតិជនដែលមានអាយុពី១៤ ឆ្នាំដល់១៨ឆ្នាំត្រូវតែមានលក្ខខណ្ឌស្រាលជាងបុគ្គលទូទៅ។ លោកបណ្ឌិត សឺន ជុំជួន ថា ប្រសិនបើអាជ្ញាធរចាប់ខ្លួនក្មេងទំនើងដែលមានអាយុក្រោម១៨ឆ្នាំ គឺត្រូវគោរពនូវគោលការណ៍ពិសេសមួយចំនួន ក្នុងនោះរួមមានទាំងសិទ្ធិមានមេធាវីចាប់តាំងពីដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។
លោកបណ្ឌិត សឺន ជុំជួន៖ «នៅក្នុងគោលការណ៍ច្បាប់គឺចាំបាច់ត្រូវតែមានមេធាវីសម្រាប់អនីតិជនហ្នឹងនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ចាំបាច់ត្រូវតែមាន បើមិនដូច្នេះទេអាចមានផលប៉ះពាល់សិទ្ធិរបស់អនីតិជនហ្នឹង ជាគោលការណ៍ច្បាប់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតែមានបញ្ជីទាក់ទងនឹងការទទួលខុសត្រូវរបស់អនីតិជន»។
ជុំវិញករណីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ការដែលប្រើវិធានការច្បាប់ទៅលើក្មេងទំនើងដែលជាអនីតិជនលុះត្រាតែពួកគេបានប្រព្រឹត្តបទល្មើសដែលមានចែងនៅក្នុងច្បាប់។ លោក សេក សុជាតិថា ក្មេងទំនើងដែលជាអនីតិជនភាគច្រើនកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ដូច្នេះរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធត្រូវតែប្រើប្រាស់វិធីសាស្ត្របង្រៀនឱ្យមានភាពច្នៃប្រឌិត និងអប់រំឱ្យអស់ពីលទ្ធភាព។
លោក សេក សុជាតិ ថា ក្នុងករណីការប្រើប្រាស់វិធីឃុំខ្លួនទៅលើអនីតិជន គឺអាជ្ញាធរត្រូវធានាថាពួកគេអាចរស់នៅក្នុងលក្ខខណ្ឌល្អប្រសើរ និងអាចផ្លាស់ប្ដូរខ្លួនឯងក្រោយចេញពីពន្ធនាគារ។ លោក សេក សុជាតិ៖ «ហើយនៅពេលដែលពួកគាត់កំពុងតែជាប់ទារុណកម្មនៅក្នុងពន្ធនាគារតើពួកយើងដែលជាប្រជាពលរដ្ឋ យើងជាមន្ត្រីរាជការ យើងជាអ្នកដឹកនាំរដ្ឋាភិបាលដែលដឹកនាំប្រទេសជាតិទាំងមូល តើត្រូវដាក់យន្តការអ្វីខ្លះ ហើយអប់រំពួកគាត់យ៉ាងមិច ហើយរៀបចំនីតិវិធីអ្វីដើម្បីឱ្យពួកគាត់អាចផ្លាស់ប្ដូរឥរិយាបថបានដើម្បីឆ្លើយតបនៅពេលខាងមុខ នៅពេលដែលពួកគាត់ចេញមកវិញ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទេ ដោយលោកថា កំពុងជាប់រវល់។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែធ្នូ ថាការទទួលខុសត្រូវព្រហ្មទណ្ឌ និង ការឃុំខ្លួនក្មេងទំនើងដែលជាអនីតិជនត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់។ លោក ជិន ម៉ាលីន ក៏ទទួលស្គាល់ថា ពន្ធនាគារមានភាពចង្អៀតណែនដែលទាមទារឱ្យមានការដោះស្រាយ។ ក្រសួងយុត្តិធម៌ឱ្យដឹងថាក្នុងរយៈពេលជាង ៧ខែ នៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានបង្ក្រាបករណីក្រុមក្មេងទំនើងសរុបចំនួន ៧២០ ករណី និងចាប់ខ្លួនជនសង្ស័យចំនួនជាង៣ (៣.៣០០) ពាន់នាក់នៅទូទាំងប្រទេស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការកើនឡើងករណីក្មេងទំនើងនេះគឺជារឿងសោកស្ដាយ ខណៈដែលលោកយល់ថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពតាំងពីដំបូងមក។ ទោះជាយ៉ាងណា លោកស្នើឱ្យអាជ្ញាធរធានាការបង្ក្រាបទៅលើក្មេងទំនើងឱ្យមានតម្លាភាព និងស្របទៅតាមគោលការណ៍ច្បាប់។
លោក អំ សំអាត៖ «អ៊ីចឹងបញ្ហាក្មេងទំនើងហ្នឹងគឺត្រូវតែអនុវត្តទីមួយបង្ក្រាបឱ្យមានតម្លាភាព ទោះបីជាក្មេងទំនើងហ្នឹងមានឪពុកម្ដាយជានរណាក៏ដោយ ឋានណាក៏ដោយត្រូវតែបង្ក្រាបឱ្យបានស្មើភាពគ្នា ទីពីរចំពោះអនីតិជនប្រសិនជាអនីតិជនប្រសិនបើតាមគោលការណ៍ច្បាប់ត្រូវតែមានមេធាវី»។
កន្លងទៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងរបស់អាជ្ញាធរក៏រងការរិះគន់ពីមហាជនខ្លះដែរ ដោយសារករណីបង្ក្រាបបទល្មើសក្មេងទំនើងខ្លះ ដែលមើលទៅពួកគេគួរទទួលបានត្រឹមការអប់រំ ប៉ុន្តែអាជ្ញាធរហាក់ពុំបានស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានហ្មត់ចត់ ហើយបានកសាងសំណុំរឿងទៅតុលាការ និងឃាត់ខ្លួនដាក់ពន្ធនាគារជាដើម ខណៈភាគច្រើន នៃជនសង្ស័យទាំងនោះជាអនីតិជន និងយុវជន កំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យជាដើម ជាដើម ដែលពលរដ្ឋបារម្ភថា អាចធ្វើឱ្យពួកគេបាត់បង់ឱកាសសិក្សា និងក្លាយជាបន្ទុកធ្ងន់ធ្ងររបស់សង្គមទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។