ក្រុមមេធាវីការពារក្ដីឲ្យតំណាងសហជីព ៩នាក់នៃកម្មករណាហ្គាវើលដ៍ (Nagaworld) ដាក់ពាក្យប្ដឹងទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យតុលាការជាន់ខ្ពស់មួយនេះ ដោះលែងអ្នកទាំងអស់នោះឲ្យមានសេរីភាពវិញ។ ស្របគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល ក៏បន្តធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នើបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងរបស់សហជីពឯករាជ្យ នៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមមេធាវីដែលទទួលបានសិទ្ធិការពារក្ដីឲ្យសហជីព ៩នាក់ បានដាក់បណ្ដឹងទាស់ដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ជូនសភាស៊ើបសួរនៃសាលាឧទ្ធរណ៍រួចហើយ កាលពីថ្ងៃទី១០ មករា ប៉ុន្តែមកដល់ពេលនេះ ក្រុមមេធាវីនៅមិនទាន់ទទួលបានការឆ្លើយតបអំពីកាលបរិច្ឆេទបើកសវនាការជំនុំជម្រះរឿងនេះនៅឡើយទេ។
មេធាវីមួយរូបក្នុងចំណោមមេធាវីដទៃទៀតដែលការពារក្ដីជូនក្រុមសហជីពដែលកំពុងជាប់ឃុំ គឺលោក សំ ចំរើន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ មករា មូលហេតុនៃការដាក់ពាក្យបណ្ដឹង ទៅសាលាឧទ្ធរណ៍ ស្នើឲ្យតុលាការពិនិត្យមើលសំណុំរឿងនេះ ដោយសារការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមកលើកូនក្ដីលោក គឺមិនមានភាពស៊ីសង្វាក់គ្នារវាងអង្គហេតុ និងអង្គច្បាប់៖ «យើងគ្រាន់តែយល់ថា ផ្អែកតាមអង្គហេតុដែលយើងតាមដានកន្លងមក សិទ្ធិសម្ដែងមតិ សិទ្ធិធ្វើកូដកម្ម ដើម្បីស្វែងរកដំណោះស្រាយការងារ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន វាជាការអនុវត្តច្បាប់មួយដែលលើសពីភាពចាំបាច់ ហួសពីភាពចាំបាច់»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីមន្ត្រីសាលាឧទ្ធរណ៍ភ្នំពេញ លោក ជូ ប៊ុនរីន បានទេ នៅថ្ងៃទី១៤ មករា។
ទន្ទឹមគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលដែលតាមរឿងនេះ បន្តធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នើឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងរបស់សហជីពឯករាជ្យ នៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ឃុំខ្លួនតំណាងសហជីពទាំងអស់នេះ គឺមិនអាចដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនបានទេ ហើយក៏មិនអាចបំបាក់ស្មារតីដល់ក្រុមកម្មករនិយោជិតឲ្យបញ្ឈប់ការធ្វើកូដកម្មដោយសន្តិវិធីបានដែរ។
លោកយល់ថា ដំណោះស្រាយដ៏ល្អបំផុតក្នុងរឿងនេះ ទាល់តែមានការដោះលែងតំណាងសហជីព ៨នាក់នោះ ហើយឲ្យពួកគាត់ចូលតុចរចាដោះស្រាយជាមួយក្រុមហ៊ុននិងក្រសួងការងារ ដើម្បីបិទបញ្ចប់វិវាទការងាររ៉ាំរ៉ៃមួយនេះ៖ «ដើម្បីបញ្ចប់ឲ្យបានឆាប់ ខ្ញុំគិតថាការដោះលែងអ្នកទាំង ៨នាក់ហ្នឹង ឲ្យបានលឿន ហើយងាកទៅរកការចរចាឲ្យបានលឿន នោះបញ្ហានឹងអាចដោះស្រាយបានលឿនដែរ។ ហើយបើមិនអ៊ីចឹងទេ បញ្ហានេះ នឹងអាចរីករាលដាលកាន់តែធំទៅ»។
សាលាដំបូងរាជធានីភ្នំពេញបានឃុំខ្លួនបណ្ដោះអាសន្នប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៧នាក់ទៀត ក្នុងពន្ធនាគារព្រៃស ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ គិតមកដល់ពេលនេះ ពួកគេមួយចំនួនបានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេល ១៥ថ្ងៃមកហើយ។
ក្រុមកម្មករដែលនៅធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី អះអាងថា ពួកគាត់នៅតែរួមគ្នាតវ៉ាដោយសន្តិវិធីរហូតដល់មានការដោះលែងតំណាងពួកគាត់ត្រឡប់មកវិញ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង ៣រយនាក់ចូលធ្វើការវិញ។ គិតមកដល់ពេលនេះ ការធ្វើកូដកម្មរបស់ពួកគេ មានរយៈពេល ២៨ថ្ងៃហើយ។
អង្គការជាតិ និងអន្តរជាតិ ផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារ ទាមទារឲ្យអាជ្ញាធរដោះលែងតំណាងសហជីព ៨នាក់ឲ្យមានសេរីភាពវិញ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ហើយជំរុញឱ្យក្រសួងការងារបន្តដោះស្រាយបញ្ហានេះដោយឈរលើគោលការណ៍ច្បាប់ និងភាពស្មោះត្រង់ ទើបវិវាទការងារមួយនេះ អាចបញ្ចប់ទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។