ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ ភ្នំ ទន្លេ បឹងបួ និងសមុទ្រ ជាដើម សុទ្ធសឹងតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែល មានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋមានកាតព្វកិច្ចចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានទាំងនេះ។ ក៏ប៉ុន្តែ រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គ្រប់គ្រងសម្បត្តិជាតិទាំងនេះមិនបានត្រឹមត្រូវឡើយ ហើយបន្តិចម្ដងៗទ្រព្យសម្បត្តិជាតិជាច្រើនបានធ្លាក់ទៅក្នុងដៃក្រុមហ៊ុន និងបុគ្គលឯកជន។ តើបញ្ហានេះបណ្ដាលមកពីមូលហេតុអ្វីដែរ?កម្ពុជាកំពុងក្លាយជាសង្គមសក្ដិភូមិ ដោយសារគ្មានច្បាប់អនុបយោគ
អ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងស្របគ្នាថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន កំពុងតែបោះជំហានទៅរកសង្គមសក្ដិភូមិ ដែលមន្ត្រីគ្រាក់ៗ និងអ្នកមានលុយមានអំណាចច្បាមយកទ្រព្យសម្បត្តិជាតិតាមវិធីងាយៗ។ នេះគឺដោយសារកម្ពុជាគ្មានច្បាប់អនុបយោគ ដែលបើកលទ្ធភាពឱ្យនាយករដ្ឋមន្ត្រីចាត់ចែងទ្រព្យសម្បត្តិជាតិដោយគ្មានការត្រួតពិនិត្យ
អ្នកជំនាញផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ជាតិបានល្អ គឺគេចាំបាច់ត្រូវមានច្បាប់អនុបយោគ អនុលោមតាមច្បាប់ភូមិបាលឆ្នាំ ២០០១។ លោកពន្យល់ថា ច្បាប់អនុបយោគនេះនឹងជួយឱ្យការចាត់ចែងទ្រព្យសម្បត្តិរបស់ជាតិមានភាពត្រឹមត្រូវ និងតម្លាភាព ជាពិសេសបានឆ្លងកាត់តាមយន្តការសភា៖ « ពាក់ព័ន្ធនឹងសម្បត្តិសាធារណៈរបស់រដ្ឋ គេត្រូវមានច្បាប់អនុបយោគមួយដែលសភាអនុម័ត ព្រោះដីនេះជាដីរបស់រដ្ឋ សម្បត្តិរបស់ជាតិទាំងមូល ម្ល៉ោះហើយត្រូវឱ្យគេដឹងឮ។ យើងអត់ធ្វើអ៊ីចឹងទេ យើងច្រូតកាត់តែម្ដង។ ដូច្នេះគេអាចសន្និដ្ឋានបានថា ព្រោះអាហ្នឹងរឿងធំ ហើយធ្ងន់ធ្ងរទៅទៀត អាហ្នឹងធ្វើឱ្យមានការងាយស្រួលទៅដល់ការដណ្ដើមយកដីសាធារណៈរបស់រដ្ឋទៅកាន់កាប់ជាសម្បទានក្ដី ជាការជួលក្ដី។ ហើយក៏គេមិនដឹងទៅទៀតថា ឥឡូវនេះ ជាពិសេសតំបន់បឹងកក់នៅភ្នំពេញ តើវានៅជាដីឯកជនរបស់រដ្ឋ ឬដីកម្មសិទ្ធិឯកជនរបស់អ្នកកាន់កាប់សព្វថ្ងៃនេះ»។
ច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទាល់តែក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទើបទ្រព្យសម្បត្តិទាំងនោះអាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែក ឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់។ រីឯការបម្លែងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនោះ គឺត្រូវធ្វើឡើងតាមរយៈច្បាប់អនុបយោគ។
ទោះជាយ៉ាងណា រយៈពេលជាង ២០ឆ្នាំមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមបង្កើតច្បាប់ដ៏សំខាន់នេះឡើយ ហើយការធ្វើអនុបយោគធ្វើឡើងត្រឹមតែអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមព្រះរាជក្រឹត្យស្ដីពី «គោលការណ៍ និងបទបញ្ញត្តិ អន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ» ចុះកាលពីខែសីហា ឆ្នាំ២០០៦ នោះជំនួសវិញ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ថ្លែងថា ការមិនបង្កើតច្បាប់ហើយយកអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីមកប្រើជំនួសច្បាប់បែបនេះ ជាការអនុវត្តមិនត្រឹមត្រូវឡើយ។ លោកកត់សម្គាល់ថា ផលវិបាកដ៏ធំដែលកើតចេញអំពីភាពចន្លោះប្រហោងនៃច្បាប់ និងការអនុវត្តនេះ បង្កើតឱ្យមានទំនាស់ដីធ្លី និងការច្បាមយកទ្រព្យសម្បត្តិជាតិគគ្រឹកគគ្រេង៖ «គួរតែចាត់ទុកថា ច្បាប់អនុបយោគនេះ គឺជាអាទិភាព ហើយសំខាន់ គួរតែធ្វើវាមុន ពីព្រោះកុំឱ្យមានការផ្ទេរដី ព្រៃ តំបន់ដែលជាដីសាធារណៈរបស់រដ្ឋទៅឱ្យវិស័យឯកជនដោយអត់ផ្អែកទៅលើច្បាប់ ដែលអត់ទាន់មានជាធរមាន ហើយចេះតែយកអំណាចចេញអនុក្រឹត្យមក។ ទំនាស់ដីធ្លី ព្រៃឈើ ធនធានធម្មជាតិហ្នឹង វានៅតែកើតមានអ៊ីចឹងតែរហូតដោយសារតែការចេញអនុក្រឹត្យហ្នឹង។ ការចេញអនុក្រឹត្យហ្នឹងវាមិនមែនប្រាកដថា ត្រឹមត្រូវឯណា ទីមួយគឺវាខុសនឹងនីតិវិធី ទីពីរការចេញអនុក្រឹត្យម្ដងទៅ លុបអនុក្រឹត្យ ឬមោឃភាពអនុក្រឹត្យនោះវិញ ទៅចេញអនុក្រឹត្យមួយផ្សេងទៀត អាហ្នឹងដែលវាកាន់តែខុសទៅ ហើយខុសម្ដងហើយម្ដងទៀត»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយពួកលោករុញឱ្យទៅសួរអង្គភាពជំនាញរបស់រដ្ឋាភិបាលវិញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ សីហា ថា រដ្ឋាភិបាលធ្វើអនុបយោគទ្រព្យសម្បត្តិរបស់ជាតិ ជាពិសេសដីធ្លី ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ និងការអភិវឌ្ឍ៖ «មុននឹងធ្វើអនុបយោគ ដីដែលពាក់ព័ន្ធជាមួយបឹងក៏ដោយ ព្រៃក៏ដោយ សុទ្ធតែមានការចុះពិនិត្យជាក់ស្ដែង ចុះយកនិយាមកាច្បាស់លាស់ ទើបសម្រេចស្នើសុំទៅរាជរដ្ឋាភិបាលធ្វើអនុបយោគ។ ហើយបើនិយាយអំបាញ់មិញ ចង់និយាយពីបឹងតាមោក ហើយបើបឹងតាមោក ចាំបាច់លើកនៅទីនេះធ្វើអ្វី បើសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងវេទិកាជាច្រើន ការធ្វើអនុបយោគ គឺដើម្បីធ្វើការអភិវឌ្ឍ»។
ទោះជាយ៉ាងណា គេស្ទើរតែមិនឃើញមានទេនូវការសិក្សាពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) ទាក់ទងនឹងគម្រោងវិនិយោគធំៗនីមួយៗនោះ។ ឧទាហរណ៍ ការឈូសកំទេចព្រៃភ្នំតាម៉ៅ ការចាក់លុបផ្នែកខ្លះនៃទន្លេដើម្បីបង្កើតទីក្រុងរណបកោះពេជ្រ និងការលុបបឹងតាមោក ជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការបកស្រាយរបស់មន្ត្រីតំណាងក្រសួងដែនដីនេះ គ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ ព្រោះការអនុវត្តជាក់ស្ដែងមិនមែនបែបនោះឡើយ។ ការអនុវត្តកន្លងទៅ រដ្ឋាភិបាលកាត់ឆ្វៀល ដោះដូរ ឬលក់ដូរតាទ្រព្យសម្បត្តិជាតិតាមតែអំពើចិត្ត ទោះជាទ្រព្យសម្បត្តិជាតិទាំងនោះកំពុងបម្រើប្រយោជន៍សាធារណៈយ៉ាងណាក្ដី។ ជាឧទាហរណ៍ ការផ្ដល់សម្បទានដីបឹងកក់ឱ្យប្រមាណ ៩០ហិកតារឱ្យទៅក្រុមហ៊ុនឯកជនរយៈពេល ៩៩ឆ្នាំ ការកាត់ដីបឹងតាមោកជាង ២ពាន់ហិកតារជាចម្រៀកៗឱ្យទៅក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន មន្ត្រីរដ្ឋាភិបាល និងសាច់ញាតិរបស់ពួកគេ ការកាត់ដីបឹងទន្លេបាទីជាង ២រយហិកតារឱ្យវិស័យឯកជន ការកាត់ដីគម្របព្រៃឈើរាប់រយរាប់ពាន់ហិកតារដើម្បីផ្ដល់ឱ្យក្រុមហ៊ុន និងបុគ្គលឯកជន ជាពិសេសទៅទៀតនោះ គឺការផ្ដល់ដីសម្បទានសេដ្ឋកិច្ចលើសពី ១លាន ៥សែនហិកតារទូទាំងប្រទេសដល់ក្រុមហ៊ុនឯកជនជាមួយកិច្ចសន្យារយៈពេលវែង។
ទាក់ទងរឿងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា កម្ពុជាមិនទាន់មានច្បាប់អនុបយោគនេះនៅឡើយទេ ហើយក៏មិនធ្លាប់តំណាងរាស្ត្រណាម្នាក់ស្នើបង្កើតច្បាប់នេះដែរ។ នៅពេលសាកសួរថា តើរដ្ឋសភានឹងផ្ដួចផ្ដើមបង្កើតច្បាប់ដ៏សំខាន់នេះដែរ ឬទេ លោក ឡេង ប៉េងឡុង ឆ្លើយថា រឿងនេះអាស្រ័យទៅលើរដ្ឋាភិបាល៖ « រដ្ឋាភិបាលធ្វើអនុបយោគកន្លែងនេះកន្លែងនោះ លោកសម្រេចខ្លួនលោក ប៉ុន្តែយើងមិនទាន់មានច្បាប់អនុបយោគហ្នឹងទេ។ រឿងនេះជារឿងរបស់អ្នកនយោបាយ ព្រោះថាច្បាប់ធ្វើដោយអ្នកនយោបាយ»។
ទោះជាយ៉ាងណា បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា រដ្ឋាភិបាលបច្ចុប្បន្នគ្មានចេតនាបង្កើតច្បាប់អនុបយោគនេះទេ ហើយកម្ពុជាកំពុងក្លាយបណ្ដើរៗជាប្រទេសសក្ដិភូមិ៖ «ភាពងាយស្រួលដល់ការដណ្ដើមយកដីសាធារណៈរបស់រដ្ឋ ទ្រព្យសម្បត្តិរបស់ជាតិហ្នឹង យូរៗទៅប្រមូលផ្ដុំទៅលើដៃគ្រួសាររបស់អ្នកធំៗ អ្នកមានអំណាច អ្នកមានសម្បត្តិអ៊ីចឹងទៅ។ ដូចបច្ចុប្បន្នឃើញហើយ ដូច្នេះសង្គមហ្នឹងបានក្លាយទៅជាសង្គមសក្ដិភូមិ មានគ្រួសារមួយចំនួនតូចមានដីធ្លីធំៗ ហើយអ្នកអត់ដីធ្លីក៏កាន់តែច្រើនទៅ»។
កាលពីចុងឆ្នាំ២០២០ រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បូរណភាព និងចីរភាព។ ក៏ប៉ុន្តែ ទោះជាមានច្បាប់នេះក្ដី ក៏មន្ត្រីអង្គការសង្គមស៊ីវិលពិនិត្យឃើញថា រដ្ឋាភិបាលមិនទាន់បង្ហាញតម្លាភាពនៅឡើយទេ ទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ជាតិនេះ។ ការអនុវត្តជាទូទៅនោះ គឺរដ្ឋាភិបាលសម្រេចរួចទៅហើយ ទើបសេចក្ដីសម្រេចនោះត្រូវបានផ្សព្វផ្សាយ ឬបែកធ្លាយតាមទំព័រសារព័ត៌មាន។ ជាឧទាហរណ៍ ករណីដោះដូរតំបន់ភ្នំតាម៉ៅ ការពុះច្រៀកបឹងតាមោក ការកាត់ដីគម្របព្រៃឈើជិត ២០០ហិកតារនៅខេត្តសៀមរាបឱ្យក្រុមហ៊ុនឡេងណាវ៉ាត្រា និងការផ្ដល់ភ្នំធម្មជាតិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មវាយកម្ទេចយកថ្ម ជាដើមនោះ ប្រជាពលរដ្ឋសុទ្ធសឹងតែមិនបានដឹងព័ត៌មានទាក់ទងទៅនឹងគម្រោងវិនិយោគទាំងនេះទេ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ថ្លែងថា ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ បឹងបួរ និងសមុទ្រជាដើម គឺជាទ្រព្យរួមរបស់ពលរដ្ឋខ្មែរ មិនគួរក្លាយជាកម្មវត្ថុនៃការបែងចែក ដោះដូរ ឬផ្ដល់ជាកម្មសិទ្ធិទៅឱ្យឯកជនដូចពេលបច្ចុប្បន្ននេះឡើយ។ លោករំពឹងថា រដ្ឋាភិបាលអាណត្តិក្រោយៗទៀតនឹងពិចារណាឡើងវិញក្នុងការគ្រប់គ្រងសម្បត្តិជាតិទាំងនេះប្រកបដោយតម្លាភាព និងត្រឹមត្រូវទៅតាមច្បាប់៖ «ការធ្វើអនុបយោគគួរតែសម្រេចដោយសភាជាតិតែម្ដង ព្រោះដីសាធារណៈរបស់រដ្ឋ គឺជាដីដែលមានសក្ដានុពលសំខាន់ណាស់ដែលបម្រើផលប្រយោជន៍ទាំងអស់គ្នា មិនមែនតែបុគ្គល ឬក៏ក្រុមណាមួយទេ។ ទីពីរ ខ្ញុំនៅតែទទូចថា តំបន់ទាំងឡាយណាដែលមានអត្តសញ្ញាណបេតិកភណ្ឌវប្បធម៌ ឧទាហរណ៍ករណីដូចជា តំបន់ភ្នំតាម៉ៅ និងទន្លេបាទី ជាដើម ខ្ញុំយល់ថា មិនគួរណាមានការធ្វើអនុបយោគទាល់តែសោះ ឬក៏ការយកទៅដាក់បម្រើនៅក្នុងប្រយោជន៍ឯកជននោះទេ គួរតែរក្សាបាននូវតំបន់បេតិកភណ្ឌវប្បធម៌ផង ជាតំបន់អេកូទេសចរណ៍ ដែលបម្រើតួនាទីយ៉ាងសំខាន់ទៅដល់ពលរដ្ឋ»។
ក្រុមអ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់អនុបយោគឱ្យស្របទៅនឹងអ្វីដែលមានចែងក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ និងច្បាប់ពាក់ព័ន្ធដទៃទៀត ដើម្បីធានាថា ការសម្រេចដោះដូរ កាត់ឆ្វៀល និងផ្ដល់ជាកម្មសិទ្ធិចំពោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។