នៅថ្ងៃបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរឆ្នាំនេះ នៅតាមទីវត្តអារាមទូទាំងប្រទេសភាគច្រើនមានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។ នៅក្នុងរដូវកាន់បិណ្ឌរយៈពេល ១៥ថ្ងៃនេះ នៅទីវត្តខ្លះមិនមានពុទ្ធបរិស័ទធ្វើបុណ្យគ្រប់វេននោះទេ ដោយសារពួកគាត់ព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ និងបញ្ហាជីវភាពគ្រួសារ។
នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី២ ឆ្នាំនេះ ក៏មិនខុសថ្ងៃដំបូងដែរ គឺនៅតាមទីវត្តអារាមមិនសូវមានប្រជាពលរដ្ឋនោះទេ ជាពិសេសនៅទីប្រជុំជនមានពុទ្ធបរិស័ទទៅធ្វើបុណ្យតិចតួច។ លើសពីនេះអ្នកដែលទៅធ្វើបុណ្យ ក៏មិនបានជួបជុំពិភាក្សាគ្នាដូចឆ្នាំមុនៗ ដែរ ដោយពលរដ្ឋភាគច្រើនទៅរាប់បាត និងដុតធូបឧទ្ទិសកុសលបុណ្យដល់បុព្វការីដែលចែកឋានហើយ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។
ព្រះចៅអធិការវត្តអង្គសត្ថា នៅខេត្តកំពង់ស្ពឺ តេជគណ រស់ វ៉ាយ មានថេរដីកាថា នៅវត្តរបស់ព្រះអង្គមានពុទ្ធបរិស័ទធ្វើបុណ្យវេនទី២ មិនដល់ ៥០នាក់នោះទេ គឺខុសពីឆ្នាំមុនៗ ដែលមានមនុស្សច្រើនកុះករជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះចង្ហាន់ព្រះសង្ឃ ក៏មិនសំបូរហូរហៀរដែរ។ ព្រះអង្គ បន្តថា ពុទ្ធបរិស័ទភាគច្រើនអុជធូបរាប់បាតឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតាហើយត្រឡប់ទៅផ្ទះវិញភ្លាមៗ តែម្ដង៖ «ខ្លះបាយសម្លហ្នឹងដាក់ទៅក៏ទៅផ្ទះវិញទៅ ហើយចាស់ខ្លះក៏នៅចាំសូត្រធម៌ធម្មតាអីចឹងទៅ។ បើឆាន់ពេលវេនអីអត់អីទេ ប៉ុន្តែបើអត់មានវេនទេ វាមានការខ្វះខាតដែរ នៅក្នុងវត្តហ្នឹងអត់មានអ្នកមកហ្នឹងដាំបាយអីខ្លួនឯងអីអីចឹងទៅ » ។
ចាប់ពីថ្ងៃកាន់បិណ្ឌវេនទី១ មក ប្រជាពលរដ្ឋភាគច្រើនមិនទាន់បានទៅធ្វើបុណ្យនៅទីវត្តនៅឡើយទេ ដោយពួកគាត់ខ្លាចឆ្លងជំងឺកូវីដ និងមានជីវភាពខ្វះខាត។
ប្រជាសហគមន៍ដីធ្លីភូមិឡពាង ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន ថ្លែងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោកមិនទាន់បានធ្វើបុណ្យកាន់បិណ្ឌនៅឡើយទេ ព្រោះឆ្នាំនេះពួកគាត់រកប្រាក់ចំណូលមិនបានដូចឆ្នាំមុនៗ៖ «ឆ្នាំនេះគឺដោយសារតែយើងមិនមានថវិកា ដូចខ្ញុំប្រាប់ដែរថា គណៈកម្មការវត្តគេមកគ្រប់គ្រងគណៈកម្មការភូមិដែលពួកយើងធ្វើបុណ្យរាល់ឆ្នាំហ្នឹង។ អ៊ីចឹងពួកយើងឆ្នាំនេះដូចមិនថវិកាណាសម្រាប់ទៅធ្វើបុណ្យដូចរាល់ឆ្នាំទេ។ អ៊ីចឹង គឺរាល់ឆ្នាំគឺយើងបានរៃអង្គាសប្រជាពលរដ្ឋ ដែលជាគណៈកម្មការភូមិហ្នឹងយកទៅដាក់បិណ្ឌនៅតាមវត្តផ្សេងៗ » ។
នៅតាមទីវត្តអារាមនៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ក៏មិនសូវមានប្រជាពលរដ្ឋទៅធ្វើបុណ្យច្រើនដែរ។ អាចារ្យវត្តជ័យឧត្តម ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ខាំ សេក ប្រាប់ថា នៅទីវត្តដែលលោកប្រចាំការមានពុទ្ធបរិស័ទប្រមាណ៣០នាក់ក្នុងមួយថ្ងៃយកចង្ហាន់ប្រគេនព្រះសង្ឃ។ លោកបញ្ជាក់ថា នៅក្នុងវត្តមានដាក់អាល់កុលនៅមុខច្រកសម្រាប់ឱ្យប្រជាពលរដ្ឋលាងដៃឱ្យរក្សាគម្លាតសុវត្ថិភាព និងចែកម៉ាស់ឱ្យពលរដ្ឋពាក់ការពារកុំឱ្យឆ្លងជំងឺកូវីដ១៩៖ «កាលពីមិនទាន់ផ្ទុះជំងឺហ្នឹង មនុស្សវាច្រើនអីចឹងមួយព្រឹកចាប់ពីបិណ្ឌមួយអីចឹងទៅវា៦០ទៅ១០០នាក់។ បញ្ហាទី១ គឺគាត់មានការកង្វះខាត ព្រោះអីរោងចក្រក៏មិនដំណើរការបានល្អ អីចឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិរបស់ខ្ញុំនេះលំបាកតិចតួច។អីចឹងទៅក៏គាត់ធ្វើបុណ្យក៏តិចតួចអីចឹងដែរ មិនបានទូលំទូលាយដូចមុនទេ » ។
ជាមួយគ្នានេះនៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងជាច្រើននាក់ការពារនៅតាមទីវត្តអារាម ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា។

ទាក់ទងនឹងបញ្ហានេះព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន មានថេរដីកាថា មូលហេតុដែលអាជ្ញាធរដាក់ពង្រាយកងកម្លាំង ដោយសារជាតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ។ ចំណែកការធ្វើបុណ្យនៅទីវត្តអារាមទូទាំងប្រទេសវិញ ព្រះអង្គ មានថេរដីកាថា ចាប់ពីថ្ងៃកាន់បិណ្ឌវេនទី១ មកស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ជាពិសេស នៅរាជធានីភ្នំពេញមិនសូវមានពុទ្ធបរិស័ទធ្វើបុណ្យនោះទេ៖ «ណែនាំហ្នឹងគឺថាធ្វើម៉េចយើងប្រុងប្រយ័តទាំងអស់គ្នាកុំឱ្យជំងឺកូវីដហ្នឹង វារីករាលដាលបន្តទៀត ធ្វើម៉េចបបួលគ្នាទប់ស្កាត់ឱ្យបាន។ បើសិនណាជាយើងមិនចង់ឱ្យលំបាកជាងហ្នឹងថែមទៀតទេ មានតែយើងរួមគ្នាទប់ស្កាត់ឱ្យបាន បើយើងមិនអាចទប់ស្កាត់បានទេនោះ អ្វីដែលយើងលំបាកស្រាប់ហើយនោះយើង នឹងរឹតតែលំបាកតទៅទៀត » ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះក្រសួងធម្មការនិងសាសនាបានចេញក្ដីបានណែនាំដល់គ្រប់វត្តអារាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ វ៉ាសកម្ដៅ រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ កញ្ញា ដោយបង្ហាញក្ដីកង្វល់ថា ពិធីបុណ្យនេះអាចនឹងមានការរាតត្បាតជំងឺកូវីដ១៩ ផ្ទុះឡើងខ្លាំងនៅខាងមុខ។ លោកហ៊ុន សែន អះអាងថា ពិធីបុណ្យកាន់បិណ្ឌរយៈពេល ២ថ្ងៃមកនេះ មានវត្តជាច្រើននៅរាជធានីភ្នំពេញនិងនៅតាមខេត្តបានឆ្លងជំងឺកូវីដ១៩។ លោកបញ្ជាឱ្យក្រសួងពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យជំងឺរលាកផ្លូវដង្ហើមថ្មីនេះរាលដាលខ្លាំងនៅពេលខាងមុខ។
ពិធីកាន់បិណ្ឌនេះក្រៅអំពីមិនសូវមានប្រជាពលរដ្ឋទៅធ្វើបុណ្យទានហើយ គឺវត្តខ្លះមិនមានពុទ្ធបរិស័ទធ្វើម្ចាស់វេនបុណ្យរាល់ថ្ងៃនោះទេ។
ទីប្រឹក្សាព្រះចៅអធិការវត្តភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ព្រះតេជព្រះគុណ អ៊ីវ យក់សឺន មានថេរដីកាថា នៅវត្តរបស់ព្រះអង្គសោះកក្រោះជាងឆ្នាំមុនៗ ពោលគឺ មិនមានពិធីបោះបាយបិណ្ឌ និងសូត្រធម៌បរាភវសូត្រនៅក្នុងព្រះវិហារឡើយ។ ជាងនេះទៅទៀត ព្រះអង្គឱ្យដឹងថា ទីវត្តរបស់ព្រះអង្គពុទ្ធបរិស័ទធ្វើជាម្ចាស់វេនបុណ្យថ្ងៃដំបូងវេនទី២ វេនទី១៤ និងវេនបុណ្យចុងក្រោយប៉ុណ្ណោះ៖ «បន្ទាប់ពីកាន់បិណ្ឌវេនបិណ្ឌ ២នេះ ទៅវត្តស្ងាត់អត់មានពិធីកាន់វេនកាន់បិណ្ឌអីទេ គឺស្ងាត់រហូតអត់មានមេក្រូអីចាក់ទេ។ និយាយឱ្យចំវាអត់មានអីជួយឧបត្ថម្ភកម្មវិធី ព្រោះវត្តខ្សត់ខ្សោយ ដល់ពេលសម័យកូវីដអីចឹងទៅប្រឈមនឹងអត់មានថ្លៃភ្លើងថ្លៃចាក់មេក្រូថ្លៃអី ដោយសារបរិស័ទគាត់អត់បានចូលរួម។ អីចឹងលោកអត់អាចរត់រយៈពេលជិតកន្លះខែហ្នឹងបានទេ ធម្មតាចាក់បរាតែងតែមានភេសជ្ជៈជូនលោកយាយលោកតា និងព្រះសង្ឃជួយសូត្របរាទី២ ដាក់ភ្លើងហ្នឹងចោលវាស់ព្រឹក » ។
ពិធីកាន់បិណ្ឌមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំធំ ទៅតាមទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរ និងកាលកំណត់ជាទៀងទាត់ពីបុរាណមក ។ បុណ្យនេះធ្វើឡើងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ បុណ្យកាន់បិណ្ឌឆ្នាំនេះចាប់ផ្ដើមពីថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី៦ ខែតុលា ដែលជាថ្ងៃបុណ្យភ្ជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។