ពលរដ្ឋនិងសង្គមស៊ីវិលសង្កេតឃើញថា នារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមិនសូវឃើញមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុដូចរាល់ឆ្នាំនោះ ទេ។
ភ្ញៀវទេសចរណ៍ដែលធ្លាប់នាំគ្នាសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនារដូវភ្ជុំបិណ្ឌ ប្រែប្តូរទីកម្សាន្តរបស់ខ្លួន ហើយខេត្តដែលជាប់ឈ្មោះថា មានឆ្នេរសមុទ្រស្អាតច្រើននេះក៏បានប្រែជាស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។
អវត្តមានរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តព្រះសីហនុនេះ ខណៈខេត្តទេសចរណ៍មួយនេះ កំពុងពោរពេញទៅដោយវត្តមានជនជាតិចិនរាប់ម៉ឺននាក់ស្នាក់នៅ និងរកស៊ីនៅ ក្នុងខេត្តនេះ។
សកម្មជនបរិស្ថានលោក មួង សូនី ឲ្យអាស៊ីសេរីដឹងថ្ងៃទី៩ ខែតុលាថា លោកបានទៅមើលឆ្នេរមួយចំនួន ដូចជា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេរសុខា និងឆ្នេរឯករាជ្យ ដែលធ្លាប់មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តបែរជាមិនសូវឃើញមានភ្ញៀវទៅលេងកម្សាន្តនោះទេ។ លោកបន្តថា ឆ្នេរដែលគ្មានភ្ញៀវទៅលេងកម្សាន្តនោះ គឺសម្បូរទៅដោយសំរាម និងការចាក់បង្ហូរទឹកស្អុយចូលសមុទ្រ៖ « លោក មួង សូនី សង្កេតឃើញថា ខេត្តព្រះសីហនុសព្វថ្ងៃសម្បូរទៅដោយជនជាតិចិន ហាងលក់ទំនិញរបស់ចិន និងកាស៊ីណូ » ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញដែរថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេត្តព្រះសីហនុមិនសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនោះទេ។ មន្រ្តីសង្គមស៊ីវិលរូបនេះយល់ថា បញ្ហាដែលមិនសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ គឺដោយសារបញ្ហាតម្លៃផ្ទះសំណាក់ និងសណ្ឋាគារឡើងថ្លៃខ្លាំង បញ្ហាសំរាមនៅក្នុងខេត្តព្រះសីហនុ និងសំរាមនៅតាមឆ្នេរមួយចំនួន៖ «»
អ្នកស្រី ជៀប សុធារី កត់សម្គាល់ទៀតថា សព្វថ្ងៃនេះមិនសូវមានផ្ទះសំណាក់ ឬសណ្ឋាគារសម្រាប់ឲ្យភ្ញៀវទេសចរណ៍ស្នាក់នៅទេ ព្រោះជនជាតិបានជួលផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តនេះស្ទើរអស់ទៅហើយ៖ «»
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលខេត្តព្រះសីហនុលោក យន្ត ម៉ីន បានទេនៅថ្ងៃទី៩ ខែតុលា ដោយទូរសព្ទលោករោទ៍គ្មានអ្នកទទួល។ ទាក់ទងវត្តមានជនជាតិចិននេះ ក្រសួងមហាផ្ទៃមហាផ្ទៃបង្ហាញថា ខេត្តព្រះសីហនុសព្វថ្ងៃមានជនជាតិជាង ១០ម៉ឺននាក់កំពុងស្នាក់នៅ និងរកស៊ីនៅក្នុងខេត្តនេះ។
ទាក់ទងការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋខ្មែរនារដូវភ្ជុំនេះគេសង្កេតឃើញថា ភ្ញៀវទេសចរណ៍បានប្តូរទីតាំងដើរកម្សាន្តពីទិសនិរតីទៅដើរកម្សាន្តនៅខេត្តភាគឥសាន្ត និងភាគឧត្ដរ មានដូចជា ខេត្តសៀមរាប និងខេត្តកំពតជំនួសវិញ។ ចំណែកពលរដ្ឋខ្លះបានសរសេរនៅហ្វេសប៊ុកថា “សងខេត្តព្រះសីហនុមកខ្មែរវិញ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។