ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា មិន​សូវ​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​នា​រដូវ​បុណ្យ​ភ្ជុំ

0:00 / 0:00

ពលរដ្ឋនិងសង្គមស៊ីវិលសង្កេតឃើញថា នារដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ​នេះមិនសូវឃើញមានភ្ញៀវ​ទេសចរណ៍​ទៅលេងកម្សាន្តនៅ​ខេត្តព្រះសីហនុដូចរាល់ឆ្នាំនោះ ទេ។

ភ្ញៀវទេសចរណ៍ដែលធ្លាប់នាំគ្នាសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនារដូវភ្ជុំ​បិណ្ឌ ប្រែ​ប្តូរ​ទី​កម្សាន្ត​របស់​ខ្លួន ហើយ​ខេត្ត​ដែល​ជាប់​ឈ្មោះ​ថា មាន​ឆ្នេរ​សមុទ្រ​ស្អាត​ច្រើន​នេះ​ក៏​បាន​ប្រែ​ជា​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។

អវត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ខណៈ​ខេត្ត​ទេសចរណ៍​មួយ​នេះ កំពុង​ពោរពេញ​ទៅ​ដោយ​វត្តមាន​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ និង​រក​ស៊ី​នៅ ក្នុង​ខេត្ត​នេះ។

សកម្មជនបរិស្ថាន​លោក មួង សូនី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៩ ខែ​តុលា​ថា លោក​បាន​ទៅ​មើល​ឆ្នេរ​មួយ​ចំនួន ដូច​ជា ឆ្នេរ​អូរ​ឈើ​ទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​សុខា និង​ឆ្នេរ​ឯករាជ្យ ដែល​ធ្លាប់​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​បែរ​ជា​មិន​សូវ​ឃើញ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នោះ​ទេ។ លោក​បន្ត​ថា ឆ្នេរ​ដែល​គ្មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នោះ គឺ​សម្បូរ​ទៅ​ដោយ​សំរាម និង​ការ​ចាក់​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ៖ « លោក មួង សូនី សង្កេតឃើញថា ខេត្តព្រះសីហនុសព្វថ្ងៃសម្បូរទៅដោយជនជាតិចិន ហាង​លក់​ទំនិញ​របស់​ចិន និង​កាស៊ីណូ »

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ដែរ​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ខេត្ត​ព្រះសីហនុ​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នោះ​ទេ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា បញ្ហា​ដែល​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​បញ្ហា​តម្លៃ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ឡើង​ថ្លៃ​ខ្លាំង បញ្ហា​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​សំរាម​នៅ​តាម​ឆ្នេរ​មួយ​ចំនួន៖ «»

អ្នកស្រី ជៀប សុធារី កត់សម្គាល់ទៀតថា សព្វថ្ងៃ​នេះ​មិន​សូវ​មាន​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ទេ ព្រោះ​ជន​ជាតិ​បាន​ជួល​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ នៅ​ខេត្ត​នេះ​ស្ទើរ​អស់​ទៅ​ហើយ៖ «»

អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលខេត្តព្រះសីហនុលោក យន្ត ម៉ីន បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ដោយ​ទូរសព្ទ​លោក​រោទ៍​គ្មាន​អ្នក​ទទួល។ ទាក់ទង​វត្តមាន​ជនជាតិ​ចិន​នេះ ក្រសួង​មហា​ផ្ទៃ​មហាផ្ទៃ​បង្ហាញ​ថា ខេត្ត​ព្រះសីហនុ​សព្វ​ថ្ងៃ​មាន​ជនជាតិ​ជាង ១០ម៉ឺន​នាក់​កំពុង​ស្នាក់​នៅ និង​រកស៊ី​នៅ​ក្នុង​ខេត្ត​នេះ។

ទាក់ទង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ពលរដ្ឋ​ខ្មែរ​នា​រដូវ​ភ្ជុំ​នេះ​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរណ៍​បាន​ប្តូរ​ទីតាំង​ដើរ​កម្សាន្ត​ពី​ទិសនិរតី​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឥសាន្ត និង​ភាគ​ឧត្ដរ មាន​ដូច​ជា ខេត្ត​សៀមរាប និង​ខេត្ត​កំពត​ជំនួស​វិញ។ ចំណែក​ពលរដ្ឋ​ខ្លះ​បាន​សរសេរ​នៅ​ហ្វេសប៊ុក​ថា “សង​ខេត្ត​ព្រះសីហនុ​មក​ខ្មែរ​វិញ”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។