តម្លៃអំបិលថោក គឺជាមូលហេតុសំខាន់ដែលធ្វើឱ្យកម្មករស្រែអំបិលនៅខេត្តកំពត មិនអាចអភិវឌ្ឍជីវភាពរបស់ខ្លួនបានល្អប្រសើរ។ ជីវិតជាកម្មករស្រែអំបិល ត្រូវធ្វើការក្រោមកម្ដៅថ្ងៃ និងរែកពុនអំបិលរាប់សិបពំនូកក្នុងមួយថ្ងៃ ដោយប្ដូរមកវិញនូវប្រាក់កម្រៃជាង ១ម៉ឺនរៀល ជាចំនួនទឹកប្រាក់ដែលកម្មករស្រែអំបិលបញ្ជាក់ថា បានត្រឹមតែការចំណាយប្រចាំថ្ងៃ មិនមានសេសសល់អ្វីឡើយ។
ម៉ោង ៣ទៀបភ្លឺ ជាពេលវេលាដែលមនុស្សភាគច្រើនកំពុងលង់លក់ក្នុងដំណេករបស់ខ្លួន ប៉ុន្តែសម្រាប់គ្រួសាររបស់លោកស្រី កើត ចន្នី ជាកម្មករស្រែអំបិលនៅសង្កាត់ត្រើយកោះ ក្រុងកំពត វិញ គឺជាពេលវេលាដែលពួកគាត់រៀបចំខ្លួន និងធ្វើដំណើរទៅកាន់ស្រែអំបិល ជាទីដែលពួកគាត់ត្រូវធ្វើការរហូតដល់វេលាថ្ងៃត្រង់។
ស្ថិតក្នុងវ័យជាង ៣០ឆ្នាំ លោកស្រី កើត ចន្នី និងស្វាមី បានប្រកបរបរជាកម្មករស្រែអំបិលអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ក្នុងរដូវប្រមូលផលអំបិល ដែលធ្វើឡើងចាប់ពីខែមករា ដល់ខែមិថុនា លោកស្រី កើត ចន្នី និងស្វាមី តែងតែក្រោកពីព្រលឹមដើម្បីទៅប្រមូល និងរែកអំបិលយកទៅដាក់ក្នុងឃ្លាំងឱ្យថៅកែដែលជាម្ចាស់ស្រែ៖ «បើពេលព្រឹក ម៉ោង ៣ ក៏មាន ម៉ោង ៤ ក៏មាន។ ពេលខ្លះម៉ោង ២ ក៏មាន ដូចថាមានស្រែច្រើន ខ្លាចថ្ងៃក្ដៅ យើងឡើងពីយប់បន្តិច»។
សកម្មភាពបែបនេះ ធ្វើឡើងស្ទើរតែរាល់ថ្ងៃក្នុងរដូវធ្វើស្រែអំបិល គឺសឹងក្លាយជាទម្លាប់របស់លោកស្រី កើត ចន្នី និងស្វាមីទៅហើយ។
នៅឯស្រែអំបិល ទំហំប្រហែលកន្លះហិកតារ លោកស្រី កើត ចន្នី និងស្វាមី ព្រមទាំងកម្មករ ២នាក់ផ្សេងទៀត កំពុងញាប់ដៃញាប់ជើងកោសអំបិលគរជាពំនូកតូចៗ និងប្រមូលដាក់ក្នុងបង្គី ជញ្ជូនយកទៅទុកក្នុងឃ្លាំងដែលនៅក្បែរនោះ។ ពួកគាត់ធ្វើការនេះ រហូតដល់ម៉ោង ៩ព្រឹក ទើបត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំម្ហូបអាហារសម្រាប់កូនៗ ដែលចេញពីសាលាបឋមសិក្សា មុនពេលលោកស្រី និងស្វាមី ត្រឡប់ទៅប្រមូលអំបិលម្ដងទៀតនៅពេលរសៀល។

និយាយដោយទឹកមុខញញឹមញញែម លោកស្រី កើត ចន្នី បញ្ជាក់ថា ការងារនៅស្រែអំបិលនេះ មានការលំបាកច្រើន ពីព្រោះលោកស្រីត្រូវក្រោកតាំងពីព្រលឹម មកប្រមូលអំបិលចេញពីទឹក និងបន្ទាប់មករែកអំបិលរាប់រយគីឡូទៅទុកក្នុងឃ្លាំង ក្រោមកម្ដៅថ្ងៃនៃព្រះអាទិត្យរដូវប្រាំង។ ម្យ៉ាងវិញទៀត កម្មករស្រែអំបិលត្រូវរក្សាខ្លួនខ្ជាប់ខ្ជួនមិនឱ្យមានរបួសឡើយ បើមិនដូច្នេះទេ របួសនោះនឹងរីករាលដាលកាន់តែធំ ដោយសារជាតិប្រៃរបស់អំបិល។
ទោះបីជាមានការលំបាកបន្តិចក្ដី លោកស្រី កើត ចន្នី និងស្វាមី នៅតែមិនរួញរាចំពោះការងារនេះឡើយ ត្បិតអ្នកទាំងពីរមិនចង់ឱ្យកូនៗរបស់ខ្លួនទាំងពីរនាក់ ដែលកំពុងរៀននៅបឋមសិក្សា ជួបប្រទះការលំបាកដូចពួកគាត់ឡើយ៖ «យើងអ្នកស្រែអំបិល យើងអត់ចេះអី ចេះតែធ្វើទៅស្រែអំបិល។ ជំនាន់ខ្ញុំ ម៉ែឪក្រ កូនច្រើនអត់មានលុយ និងលទ្ធភាពឱ្យកូនរៀន អ៊ីចឹងចេះតែធ្វើទៅ។ ទៅថ្ងៃមុខ ប្រទេសមានការងារស្រួលឱ្យកូនបានធ្វើការទៅមុខចុះ ឱ្យស្រណុកជាងម៉ែឪ»។
ក្នុងមួយថ្ងៃៗ លោកស្រី កើត ចន្នី និងស្វាមីរកចំណូលបានប្រហែលជាង ២ម៉ឺនរៀលពីការងារនៅស្រែអំបិល ប៉ុន្តែប្រាក់ឈ្នួលនេះគ្រប់គ្រាន់សម្រាប់តែការចំណាយប្រចាំថ្ងៃប៉ុណ្ណោះ មិនមានការសេសសល់អ្វីច្រើនឡើយ ត្បិតលោកស្រីត្រូវចំណាយលើម្ហូបអាហារ និងការសិក្សារបស់កូនៗ៖ «ពេលយើងទារថ្លៃ គាត់ថា មានលុយមកពីណា មានលុយឯណារួចខ្លួន ហើយយើងក៏មិនដឹងទារថាម៉េចដែរ។ បើសិនជាបានថ្លៃ ឧបមាស្រែ ១ តម្លៃ ១ម៉ឺនរៀល ឬលើសពីនេះ។ ក្នុងមួយថ្ងៃ យើងរែកតែស្រែ ៤ ឬ ៥ ទាំងពីរនាក់ប្ដីប្រពន្ធ ក៏ឃើញថាបាន ៤ ឬ ៥ម៉ឺនរៀលដែរ។ ប៉ុន្តែ ស្រែ ១ តែ ៨ពាន់រៀល បានអ្វី? ទម្រាំតែរែកបាន ហត់សឹងស្លាប់»។
ទាក់ទងទៅនឹងប្រាក់ឈ្នួលទាបនេះ ថៅកែស្រែអំបិលមួយរូបនៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប លោកស្រី ផ្លុង សារ៉េន ពន្យល់ថា អំបិលកម្ពុជា នៅពេលបច្ចុប្បន្នគ្មានទីផ្សារគ្រប់គ្រាន់ធ្វើឱ្យថៅកែអំបិលចំណេញតិច ត្រូវបង្ខំចិត្តស្តុកអំបិលទុកនៅក្នុងឃ្លាំង។ ដូច្នេះការបែងចែកផលប្រយោជន៍បន្តទៅឱ្យកម្មករក៏តិចតាមនោះដែរ។
លោកស្រីអះអាងថា បើសិនជាទទួលបានប្រាក់ចំណេញច្រើនពីការលក់អំបិល លោកស្រី និងថៅកែដទៃនឹងដំឡើងប្រាក់ឈ្នួលកម្មករបន្ថែមទៀត។ លោកស្រីអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាលើកស្ទួយផលិតផលអំបិលកម្ពុជា ដែលជាមរតកបន្សល់ពីដូនតាមក៖ «កុំឱ្យប្រើតែផលិតផលរបស់គេ រួចចោលផលិតផលក្នុងស្រុក។ និយាយទៅ វានៅតែក្រ។ បើយើងជួយគ្នាទៅ វាបានហើយ។ យើងទៅជួយតែគេ អត់ជួយបងប្អូនឯងផងហ្នឹង។ របស់គេ មិនប្រាកដថាថោកជាងយើង របស់គេមិនប្រាកដថា ល្អដូចរបស់យើងដែរ។ របស់ខ្មែរយើងមានគុណភាពល្អ ព្រោះយើងមិនប្រើសារធាតុគីមីអ្វីទាំងអស់»។

តម្រូវការអំបិលក្នុងស្រុកមានប្រមាណជា ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ខណៈដែលមណ្ឌលផលិតអំបិលទាំង ៧ ក្នុងខេត្តកំពត និងខេត្តកែប ផលិតអំបិលបានដល់ទៅជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ដូច្នេះ កម្ពុជានៅសល់បរិមាណអំបិលដ៏ច្រើនស្តុកទុកនៅក្នុងឃ្លាំង ហើយដោយសារតែអំបិលកម្ពុជា មិនអាចនាំចេញទៅក្រៅប្រទេសបានទៀតនោះ ផលិតករគ្រប់រូបត្រូវប្រឈមនឹងការខាតបង់ ឬទទួលបានប្រាក់ចំណេញតិចតួចពីអំបិលរបស់ខ្លួន។
បញ្ហាប្រឈមសំខាន់មួយទៀត គឺការប្រកួតប្រជែងទីផ្សារពីសំណាក់អំបិលបរទេស ពិសេសអំបិលនាំចូលពីប្រទេសថៃ និងវៀតណាម ដែលមានសម្បុរសជាង ធ្វើឱ្យអំបិលកម្ពុជា បន្តស្ថិតក្នុងតម្លៃទាប។
តម្លៃអំបិលកម្ពុជា ប្រភេទលេខ ១ មានតម្លៃ១១,៦០០រៀល លេខ ២ មានតម្លៃ ៩,៦០០រៀល និងលេខ ៣ មានតម្លៃ ៨,៦០០រៀល ក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា ធ្លាប់បានបញ្ជាក់កាលពីចុងខែមករា ថា រដ្ឋាភិបាលបានបង្កើតជាក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍស្រែអំបិលកម្ពុជា ឱ្យរីកចម្រើនទៅមុខ។ ក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងផែនការ ក្រសួងសុខាភិបាល សាលាខេត្តកំពត និងសាលាខេត្តកែប។
លោក អ៊ុំ សុថា៖៖ «ឥឡូវ ឧទាហរណ៍គាត់ធ្វើការដូចជាកើបអំបិល មានជាប់ដីមក យើងឃើញចំណុចហ្នឹង តើយើងមានបច្ចេកទេសអ្វីដើម្បីសម្អាតដីហ្នឹងឱ្យបានស្អាត។ យើងយល់ដឹងច្រើនជាងគាត់ពីបញ្ហាបច្ចេកទេស ដូច្នេះត្រូវតម្រង់ទិសគាត់រឿងកែលម្អខ្សែសង្វាក់ផលិតកម្ម កែលម្អបច្ចេកទេស ក្រៅតែពីកែលំអការគ្រប់គ្រង ឬក៏ទាក់ទងនឹងការផ្សព្វផ្សាយ។ ទាំងអស់នេះជាអ្វីដែលយើងត្រូវជួយគាត់ដែរ»។
ចំពោះការនាំចេញវិញ លោក អ៊ុំ សុថា បញ្ជាក់ទៀតថា ក្រសួងមិនទាន់ដាក់ផែនការនាំអំបិលចេញទៅក្រៅប្រទេសនោះទេ ដោយក្រសួងផ្ដោតអាទិភាពទៅលើការដោះស្រាយបញ្ហាប្រឈមក្នុងដំណើរការផលិតកម្មអំបិលជាមុនសិន៖ «យើងវាយតម្លៃអត់ទាន់បានទេ។ យើងត្រូវខិតខំធ្វើយ៉ាងម៉េចរក្សាស្ថិរភាពអំបិលរបស់យើងហ្នឹង ក្នុងការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានជាជាងនាំចូលពីក្រៅ ដែលវាជះឥទ្ធិពលអត់ល្អដែរ។ នៅពេលដែលយើងសង្ឃឹមតែការនាំចូលពីក្រៅ វាអត់កើតទេ ក្នុងពេលដែលយើងមានស្រែអំបិលនៅក្នុងដៃ»។
ផលិតករអំបិលនៃសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប សុទ្ធតែចង់ឃើញរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហាតម្លៃ និងភាពគ្មានទីផ្សារនៃអំបិលកម្ពុជា។
មិនខុសគ្នាពីផលិតករដែរ កម្មករស្រែអំបិល លោកស្រី កើត ចន្នី ចង់ឱ្យអំបិលកម្ពុជា មានតម្លៃខ្ពស់ជាងនេះ ដើម្បីលោកស្រីអាចទទួលបានប្រាក់ឈ្នួលកាន់តែច្រើន៖ «ចង់ឱ្យគេជួយដំឡើងថ្លៃអំបិល ដូច្នេះយើងកម្មករក៏បានថ្លៃដែរ។ យកលុយហ្នឹងមក អាចនៅសល់ខ្លះ ក្នុងមួយឆ្នាំៗ ហើយបើបានតិច គ្រាន់តែយើងចាយសឹងមិនគ្រាន់។ ក្នុងមួយខែៗ ចំណាយអស់មិនតិចទេ បែងចែកទៅកូនរៀន និងក្នុងគ្រួសារ»។
ប្រកបរបរជាកម្មករស្រែអំបិលជាង ១០ឆ្នាំ លោកស្រី កើត ចន្នី ថ្លែងថា បើសិនជាថ្លៃឈ្នួលនៅតែទាបដូចនេះ លោកស្រី និងស្វាមីនឹងឈប់ប្រកបរបរនេះតទៅទៀតហើយក្នុងរវាង ៤ ទៅ ៥ឆ្នាំខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។