ការបង្កើតក្រមប្រតិបត្តិធនាគារគាំទ្រដល់ការបង្កើតតម្លាភាពហិរញ្ញវត្ថុ
2015.02.16
ក្រមប្រតិបត្តិសេវាធនាគារនៅកម្ពុជា បានបង្កើតជាផ្លូវការ នៅថ្ងៃទី១៦ កុម្ភៈ ដើម្បីដោះស្រាយ និងសម្របសម្រួលជម្លោះនៅក្នុងប្រតិបត្តិសេវាហិរញ្ញវត្ថុ។ អ្នកជំនាញហិរញ្ញវត្ថុ និងស្ថាប័នគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា យល់ឃើញថា ការបង្កើតក្រមប្រតិបត្តិសេវាធនាគារនេះ នឹងជួយលើកកម្ពស់ ការផ្ដល់សេវាហិរញ្ញវត្ថុ ដល់អតិថិជនប្រកបដោយតម្លាភាព និងលើកទឹកចិត្ត ឲ្យអតិថិជនក្នុងការសន្សំប្រាក់។
គោលបំណងនៃការបង្កើតក្រុមប្រតិបត្តិសេវា ធនាគារគឺធានាការលើកកម្ពស់ប្រតិបត្តិល្អ នៅក្នុងវិស័យធនាគារ តាមរយៈការដាក់ចេញ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ការបង្កើតតម្លាភាពនៅក្នុងវិស័យធនាគារ និងការជំរុញវប្បធម៌នៃការដោះដូរឲ្យបានត្រឹមត្រូវ។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ មានប្រសាសន៍ នៅកំឡុងពេលចុះហត្ថលេខាទទួលស្គាល់ក្រមប្រតិបត្តិសេវាធនាគារ នៅថ្ងៃទី១៦កុម្ភៈ ថា ក្រមប្រតិបត្តិនេះ គឺជាវិធីសាស្ត្របង្កើនទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធធនាគារទាំងអស់ និងការគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ច។ ផ្ទុយទៅវិញ លោក ជា ចាន់តូ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ប្រសិនបើអតិថិជន មិនទុកចិត្តប្រព័ន្ធធនាគារ ឬសេវាហិរញ្ញវត្ថុ៖ «ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា បានរីកចម្រើន រហូតដល់បច្ចុប្បន្ន ដោយសារតែយើងខិតខំ ប្រឹងប្រែងអស់រយៈជាច្រើនឆ្នាំ តែមានបច្ច័យអាក្រក់មួយកើតឡើង វានឹងប៉ះពាល់វិស័យហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស»។
បន្ថែមលើនេះ ប្រធានសមាគមធនាគារកម្ពុជា លោក ពុង ខៀវសែ មានប្រសាសន៍ថា ក្រមប្រតិបត្តិសេវាធនាគារនេះ បានចំណាយពេលវេលាចំនួន ពីរឆ្នាំក្នុងការចងក្រង និងតាក់តែងវិធានការទាំងឡាយ ដើម្បីធានាការអនុវត្តន៍ប្រតិបត្តិការនៃការផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព និងការកំណត់អត្រាការប្រាក់លើកម្ចី និងឥណទាន។
លោក ពុង ខៀវសែ បញ្ជាក់ទៀតថា ក្រមប្រតិបត្តិនេះ បានចែងអំពីវិធាននៃការដោះស្រាយវិវាទ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ពីសំណាក់អតិថិជន ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ និងការសម្របសម្រួលរវាងភាគីជម្លោះជាដើម៖ «ប្រព័ន្ធធនាគារមួយដែលមានប្រសិទ្ធភាព លុះត្រាតែមានការសហការគ្នាល្អ រវាងម្ចាស់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួន»។
ទោះជាជាយ៉ាងណាក៏ដោយ អតិថិជនជាពិសេស ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន នៅតែមិនមានការទុកចិត្តប្រព័ន្ធធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបានគ្រប់ជ្រុងជ្រោយនៅឡើយ។ តាមការប៉ាន់ស្មានដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា អាយអ៊ិមអេហ្វ (IMF) បានបង្ហាញថា បរិមាណលុយដែលនៅក្រៅប្រព័ន្ធធនាគារបច្ចុប្បន្ន មានប្រមាណ៥០% បើធៀបនឹងទំហំសេដ្ឋកិច្ចជាតិ។
ម៉្យាងវិញទៀត គិតត្រឹមឆ្នាំ២០១៤ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលបានស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាមានចំនួន៤៥ស្ថាប័ន និងបានផ្ដល់ប្រាក់កម្ចី ចំនួន ជាង២ពាន់លានដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់ នៅទូទាំងប្រទេសកម្ពុជា៕