អាជ្ញាធរថ្នាក់ក្រោមជាតិតាមបណ្តារាជធានី-ខេត្តចាប់ ផ្តើមបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីមានបទបញ្ជារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរថ្នាក់ក្រោម គួរតែអនុវត្តតួនាទីនិងច្បាប់ឲ្យបានត្រឹមត្រូវដោយមិនត្រូវរងចាំស្តាប់តែបញ្ជារពីថ្នាក់លើនោះទេ បើពុំនោះទេ មិនអាចដោះស្រាយបញ្ហានេះ មានប្រសិទ្ធិភាពឡើយ។
ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាម អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស មិនបង្អង់យូរឡើយដោយចាប់ផ្តើមបើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលពួកគេធ្លាប់មើលរំលងនោះ ដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន។
អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកញ្ញាថា យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងភ្នំពេញ គិតត្រឹមយប់ថ្ងៃទី១៧ កញ្ញានោះ គឺអាជ្ញាធរ បង្ក្រាបបាន ២៨ទីតាំង និងឃាត់ខ្លួនមនុស្សចំនួន ៥២នាក់ ។ លោកបញ្ជាក់ថា មនុស្សដែលអាជ្ញាធរឃាត់ខ្លួននោះ គឺជាអ្នកដែលស្ថិតក្នុងរង្វង់ទីតាំងល្បែងរួមមានម្ចាស់ទីតាំង មេការ និងអ្នកលេងជាដើម ហើយអាជ្ញាធរកំពុងសួរនាំ ដើម្បីបញ្ចូនពួកគេទៅបន្តនីតិវិធីនៅតុលាការ។ លោកអះអាងថា អាជ្ញាធរកំពុងចុះបង្ក្រាបជាបន្តបន្ទាប់ទៀត ហើយមិនមែនទើបចុះបង្ក្រាបថ្មីៗ នេះ ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្ត្រីនោះទេ៖
«ចំពោះនៅភ្នំពេញ មិនមែនថា យើងមិនអនុវត្តទេ ដូចឃើញស្រាប់ហើយ គឺការអនុវត្តយើងមានជាប្រចាំជាបន្តបន្ទាប់ តែគ្រាន់តែថា កន្លែងមួយចំនួនមានន័យថា ជាការលួចលាក់ មានន័យថា ពេលដែលយើងទទួលបានព័ត៌មានភ្លាម ពេលដែលយើងឆ្មក់ចុះទៅ វាអត់មានការលេងអីទេ។ អ៊ីចឹងមានន័យថា ទាល់តែយើងរៀបកម្លាំងឲ្យច្បាស់លាស់ក្នុងការអនុវត្ត ទើបយើងទទួលបានលទ្ធផលដូចម្សិលមិញ។ពីមុនៗ មក យើងបង្ក្រាបបានដូចគ្នាតែលើកនេះ យើងដាក់យុទ្ធនាការធំ បានលទ្ធផលធំបានច្រើន»។
ក្រៅពីនៅរាជធានីភ្នំពេញ អាជ្ញាធរខេត្តផ្សេងៗ ក៏ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែរ។ នៅឯខេត្តរតនគិរី រយៈពេល ២ថ្ងៃ អាជ្ញាធរបានចុះបង្ក្រាបល្បែងស៊ីសងឆ្នោត ឡូតូអេឡិចត្រូនិច ជល់មាន់ និងភ្នាល់បាល់ អនឡាញចំនួន ៩ទីតាំង ព្រមទាំងធ្វើកិច្ចសន្យាអប់រំម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្ម ឲ្យបញ្ឃប់ល្បែងបែបនេះទៀត។
ការចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គគ្រឹកគគ្រេងនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមដកដំណែងអភិបាលខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងថ្នាក់ដឹកនាំមានសមត្ថកិច្ចចេញពីដំណែង ប្រសិនបើរកឃើញថា ពួកគេមិនទទួលខុសត្រូវលើតួនាទី លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន៖
«កន្លែងលេងល្បែងមួយចំនួន មិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ។ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើ ឬក៏កន្លែងនោះ ជាទីកន្លែងនៃការរកប្រាក់របស់អស់លោក»។
ប្រជាពលរដ្ឋ និងសង្គមស៊ិវិល បានរិះគន់និងត្អូញត្អែរជាយូរមកហើយចំពោះបញ្ហាល្បែងស៊ីសងជាច្រើនប្រភេទដូចជា ល្បែងជល់មាន់ ភ្នាល់បាល់តាមអញឡាញ ឡូតូ ឆ្នោត និងបៀរ រីកសាយភាយ នៅទូទាំងប្រទេស។ អាជ្ញាធរថ្នាក់ក្រោមខ្លះ ឆ្លើយការ ពារថា មិនមានល្បែងស៊ីសងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ ហើយអាជ្ញាធរខ្លះ ឆ្លើយតបថា ពួកគាត់ ក៏មិនគាំទ្រឲ្យមានល្បែងនេះដែរ ប៉ុន្តែមិនហ៊ានចុះបង្ក្រាបព្រោះអាជ្ញាធរថ្នាក់លើជាអ្នកចេញអាជ្ញាប័ណ្ណដល់ម្ចាស់អាជីវកម្មល្បែង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា មូលហេតុដែលអាជ្ញាធរថ្នាក់ក្រោម អនុវត្តតួនាទី ទាល់តែមានបញ្ជាពីថ្នាក់ លើនេះ អាចដោយសារជាទម្លាប់ផង ខ្វះការគាំទ្រពីថ្នាក់លើផង អំពើពុករលួយផង និងខ្លាចប៉ះពាល់តួនាទីផង ដោយសារទីតាំងល្បែងស៊ីសងទាំងនោះ មានអ្នកធំកាងពីក្រោយ។ លោក យល់ថា រដ្ឋាភិបាល គួរតែកែទម្រង់ធ្វើយ៉ាងណាឲ្យអាជ្ញាធរថ្នាក់ ក្រោមបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈការលុបបំបាត់អំពើពុករលួយ និងលើកទឹកចិត្តដល់មន្ត្រីល្អ ហើយដាក់ទោសទណ្ឌលើមន្ត្រីប្រព្រឹត្តខុសជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ប្រសិនបើមន្ត្រីថ្នាក់ក្រោម រងចាំតែបទបញ្ជាបែបនេះ ការដោះស្រាយបញ្ហាល្បែងស៊ីសែងនេះ គ្មានប្រសិទ្ធិភាពឡើយ ប្រៀបដូចជាការវែកចកដូច្នោះដែរ៖
«អាជ្ញាធរ ត្រូវតែដឹងច្បាប់ហើយអនុវត្តច្បាប់ បើសិនគាត់ រងចាំតែបញ្ជាងាប់ហើយ ចឹងការដោះស្រាយបញ្ហាគ្រប់បែបយ៉ាងនៅក្នុងសហគមន៍ ដោះស្រាយម៉េចចេញបាទ។ បើថាបញ្ហាខ្លះលឺដល់ថ្នាក់លើទៅ ថ្នាក់លើបញ្ជាទៅ អាហ្នឹងបានដោះស្រាលអីបានធូរខ្លះ ប៉ុន្តែកន្លែងខ្លះ គាត់អត់បញ្ជាទៅ គាត់អត់អើពើ អាហ្នឹងម៉េចកើត»។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរ ចាំតែអនុវត្តបទបញ្ជារបស់លោក ហ៊ុន សែន បើទោះបីជាពួកគេបានឃើញបទល្មើសហើយក៏ដោយ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ការរីកសាយភាយល្បែងស៊ីសងជាច្រើនប្រភេទទូទាំងប្រទេសនេះ គឺគ្រប់គ្រាន់ដែលអាចធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះ វិនាសហិនហោចទ្រព្យសម្បត្តិឈ្លោះទាស់ទែងក្នុងគ្រួសារ និងបង្កបញ្ហាអសន្តិសុខសង្គម។ លោកថា ល្បែងទាំងស្រប និងខុសច្បាប់ មានផលប៉ះពាល់ដល់សង្គមដូចគ្នា ដូច្នេះរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យមាននៅក្រៅកាស៊ីណូឡើយ ដើម្បីទុកឲ្យពលរដ្ឋមានឱកាសរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងធ្វើកិច្ចការងារសម្រាប់ប្រយោជន៍ក្រុមគ្រួសារ និងសង្គមជាតិ៖
«យើងឃើញថា ពេលខ្លះទៅ អាជ្ញាធរ អ្នកខ្លះមានចេះដឹងដែរ ឃើញលេង សិស្សសាលាអីក៏លេង។ ដូច្នេះយើងយល់ថា ដោយសារវាមាន លក្ខណៈស្របច្បាប់និងខុសច្បាប់ចឹងហើយដែលពេលខ្លះធ្វើឲ្យការបង្ក្រាបពិបាក ហើយម្យ៉ាងទៀត បើឥឡូវនេះ ចាប់ផ្តើមបង្ក្រាបតែអាល្បែងខុសច្បាប់ ជូនកាលអ្នកញៀនល្បែង គេងាកមកពីល្បែងខុសច្បាប់មកលេងល្បែងស្របច្បាប់វិញ។ ប៉ុន្តែវាអត់មានអីប្លែកទេ វាគ្រាន់តែរឿងស្របច្បាប់និងខុសច្បាប់តែប៉ុណ្ណឹង។ ដើម្បីឲ្យល្អ គឺនៅក្រៅកាស៊ីណូ មិនចាំបាច់ឲ្យមានល្បែងទាំងស្របច្បាប់ និងខុសច្បាប់។ បើគេ ចង់លេងរុញចូលទៅកាស៊ីណូទៅ ហើយកំណត់ទៅថា អ្នកដែលអាចលែងបាន គឺតែជនបរទេស ដូចវិធានការកន្លងមក»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ភីរុណ ឡើយ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់លើកឡើងថា នៅឆ្នាំ២០២២ នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានផ្ដល់អាជ្ញាបណ្ណជាង ១០ ទៅឱ្យក្រុមហ៊ុនដែលរកស៊ីលើអាជីវកម្មឆ្នោត និងឡូតូ ដើម្បីប្រមូលចំណូលចូលជាតិ។ លោកថា ល្បែងផ្សងសំណាង ដែលចាត់ទុកថា ជាល្បែងស្របច្បាប់នេះ អាចបើកក្រៅកាស៊ីណូ ដើម្បីឲ្យពលរដ្ឋខ្មែរលែងបាន។
ទោះជាយ៉ាងណា ពលរដ្ឋ គណបក្សប្រឆាំង និងសង្គមស៊ីវិលយល់ថា ល្បែងស្របច្បាប់ និងខុសច្បាប់នេះ មានផលប៉ះពាល់ដូចតែគ្នា។ ដូច្នេះ មិនគួរទុកឲ្យមានល្បែងស្របច្បាប់នោះទេ។ ពួកគេយល់ថា ប្រសិនបើរដ្ឋាភិបាល ចង់ប្រមូលចំណូលជាតិ អាចមានវិធីល្អៗ ជាច្រើនទៀត មិនត្រូវបើកបនល្បែងពង្វក់ប្រជាពលរដ្ឋ ដើម្បីប្រមូលកាកលុយពីពួកគាត់ហើយចាត់ទុកថា ជាចំណូលជាតិដ៏សំខាន់ឡើយ ព្រោះចំណូលបន្តិចបន្តួចនេះ មិនអាចយកទៅទូទាត់ ឬដោះស្រាយផលប៉ះពាល់ក្នុងសង្គមវិញបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។