សង្គម​ស៊ីវិល​ថា ការ​ជួញដូរ​មនុស្ស​កើន​ឡើង​ដោយ​សារ​​រដ្ឋាភិបាល​​មិន​​បាន​​គិត​គូរ​​ពី​​ជីវភាព​ពលរដ្ឋ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ស្ដីបន្ទោស​ទៅ​រដ្ឋាភិបាល​ថា មិនបាន​គិតគូរ​ឱ្យ​បាន​ពេញលេញ ដល់​ជីវភាព​របស់​ពលរដ្ឋ​ទើប​បណ្ដាល​ឱ្យ ការ​ជួញដូរ​មនុស្ស​កើនឡើង ក្នុង​ពេល​ដែល​កម្ពុជា កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចូល​ក្នុង​សហគមន៍​។ មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០២១ នេះ ករណី​ជួញដូរ​មនុស្ស​បាន​កើនឡើង​ចំនួន ៦៥​ករណី បើ​ធៀប​ទៅ​នឹង រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០។មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​ពលករ​ចំណាកស្រុក​ថា ការ​ចាកចេញ​របស់​ព​ល​រដ្ឋ​ខ្មែរ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសជិតខាង បាន​កើតមានឡើង​ដដែលៗ ហើយ​រដ្ឋាភិបាល​គ្មាន​វិធានការណ៍​ជាក់លាក់​ណាមួយ​ដើម្បី​ទប់ស្កាត់​ទេ។

នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់​(Central)​លោក មឿន តុលា បញ្ជាក់​ថា ភាព​ក្រីក្រ និង​បញ្ហា​អត់​ការងារ​ធ្វើជា​មូលហេតុ​ចម្បង ដែល​នាំ​ឱ្យ​មាន​ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន។ លោក​បន្ត​ថា ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ នៅ​ចុងឆ្នាំ ២០២០ មក ការ​ជួញដូរ​មនុស្ស​បាន​ធ្វើ​ឡើង​តាម​ផ្លូវគោក តាម​ច្រកព្រំដែន​តូចៗ នៅ​ខេត្ត​ជាប់​ព្រំដែន រួច​បន្តដំណើរ ឆ្លងកាត់​ប្រទេស​ថៃ ឆ្ពោះទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ។ លោក​ថា កម្ពុជា​ក៏​មាន​ការ​ជួញដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​ផង​ដែរ៖ «បើសិនជា​មនុស្ស​មាន​ស្បៀង​គ្រប់គ្រាន់​មាន​ចំណូល​គ្រប់គ្រាន់ នៅក្នុង​អំឡុង​ផ្ទុក​កូវីដ អ៊ីចឹង ម្នាក់ៗ​សុទ្ធតែ​បារម្ភ ពី​ការ​ឆ្លង​គ្រប់គ្នា​។ អីចឹង​ប្រសិនបើ​មនុស្ស​មាន​ស្បៀង​គ្រប់គ្រាន់​មិន​មាន​សម្ពោធ​ណាមួយ​ទេ​។ ខ្ញុំ​ជឿ​ថា មិន​មាន​ពលរដ្ឋ​ណាមួយ​ចង់​ទៅ​ប្រថុយប្រថាន ហ៊ឺហា ហើយ​មិនមែន​ជា​រឿង​មួយ​ហ៊ឺហា ទៅ​ធ្វើ​ការ​នៅ​គេ​ទេ។ អីចឹង ខ្ញុំ​ថា ការ​លើកឡើង​ហ្នឹង​គ្រាន់តែ​ជា​ការ​លើកឡើង​ឱ្យ​តែ​រួច»។

ការ​លើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយពី មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្លែង​ឱ្យ​ដឹង​កាលពី​ថ្ងៃ​១២ ឧសភា ថា ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស​បាន​ចំនួន ៨៥​ករណី គឺ​មាន​ការ​កើនឡើង ៦០ ករណី បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​ចំនួន​តែ ២៥​ករណី ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍​កាន់តែ​ខ្លាំង។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១២ ឧសភា ថា មូលហេតុ​នៃ​ការ​កើនឡើង​នេះ ដោយសារតែ​ដើមឆ្នាំ​២០២១ នេះ ស្ថានភាព​នៅ​ក្នុង​ប្រទេស​ដែល​ពលករ​ខ្មែរ​កំពុង​រស់នៅ មាន​ការ​ផ្លាស់ប្ដូរ ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គ្មាន​ការងារ​ធ្វើ បាន​សម្រេច​ចិត្ត​ចេញ​ប្រទេស​គេ ចូល​មក​ប្រទេស​កម្ពុជា​វិញ។ អ្នកស្រី​ថា ក្នុង​ដំណាក់កាល​នេះ សូម​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រស់នៅ​ដោយ​ភាព​អត់ធ្មត់ ហើយ​គួរតែ​នៅក្នុង​កន្លែង ដែល​ពួកគាត់​រស់នៅ​សិន​ទៅ បើ​ក្នុងករណី​ដែល​ជំងឺ​កូវីដ បាន​ធូរស្រាល នោះ​ប្រទេសជិតខាង នឹង​ផ្ដល់​ឱ្យ​កាស​ការងារ ឱ្យ​ពលករ​ខ្មែរ​បាន​ធ្វើ​ការ​ឡើង​វិញ៖ «វិធានការណ៍​គ្រប់បែប​យ៉ាង ដែល​រដ្ឋាភិបាល បាន​នឹង​កំពុង​ធ្វើ​នា​ពេល បច្ចុប្បន្ន​នេះ មិនមែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ទេ ប៉ុន្តែ​វា​ជា​​ការ​លើកកម្ពស់ ក្នុង​​​ការ​រស់នៅ​របស់​ពួកគាត់ ដោយសារ​យើង​ទោះបីជា​នៅ​ព្រំដែន គេ​បិទ​ច្រក​ក៏ដោយ ក៏​យើង​នៅតែ​អនុញ្ញាត​ឱ្យ បាន​ចូល​មក​នៅក្នុង​ប្រទេស​ខ្លួនឯង រស់នៅ ដោយ​សុខសាន្ត ហើយ​យើង​បាន​ធ្វើ​ការធានា ការ​ការពារ ការ​ផ្ដល់​ឧបត្ថម្ភ​គ្រប់​បែប​គ្រប់​យ៉ាង»។

ទោះបីជា​មានការ​លើកឡើង​ពី​មន្ត្រី​រដ្ឋាភិបាល​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ងាយស្រួល​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ប្រកប​ជីវភាព​រស់​នៅ​បាន​ក៏ដោយ ក៏​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ស្តី​បន្ទោស​ទៅ​រដ្ឋាភិបាល​ថា មិន​បាន​គិតគូរ​បញ្ហា​ជីវភាព​ឱ្យ​បាន​ពេញលេញ ក្នុង​ពេល​មាន​វិបត្តិ​កូវីដ ១៩ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ក្រពះ។

ប្រធាន​ផ្នែក​ស្ត្រី​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោកស្រី ម៉ៅ ម៉ាប់ មានប្រសាសន៍ថា ក្នុង​រយៈពេល បី​ខែ ដើមឆ្នាំ ២០២១ នេះ មានការ​កើនឡើង​ក្នុង​ការ​នាំ​ពលករ​ចេញ ក្រៅប្រទេស​ដោយ​ខុសច្បាប់​។ លោកស្រី បន្ត​ថា ពាក់ព័ន្ធ​ករណីនេះ មាន​កត្តា​ជាច្រើន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បង្ខំចិត្ត ក្នុង​ការ​ប្រថុយប្រថាន ដើម្បី​ចាកចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ៖ «យើង​ឃើញថា នៅក្នុង​ស្រុក​ខ្មែរ តាំងពី​ឆ្នាំ ២០២០ មកដល់​ឥឡូវនេះ ទាក់ទង​ការងារ​មួយចំនួន គឺ​យើង​អត់​មាន ហើយ​រោងចក្រ មួយចំនួន​ត្រូវ​បាន​បិទ​ដោយសារ​ស្ថានភាព​កូវីដ។ មាន​ពលករ​ជា​ច្រើន​តាំងពី​ឆ្នាំ​២០២០ មក គាត់​សម្រុក មក​ស្រុក​ខ្មែរ​វិញ ហើយ​ពេល​មក​ដល់​ស្រុក​ខ្មែរ អត់​មាន​ការងារ​ធ្វើ​។ ពួកគាត់​ភាគច្រើន មុន​ដែល​ពួកគាត់​ចាកចេញ ទៅ​ហ្នឹង​គឺ​សុទ្ធ​តែ​មាន បំណុល​។ អីចឹង ការ​ត្រឡប់មកវិញ ដោយ​អត់​មានការ​ងារ​ធ្វើ អត់​មាន​ការ​ជួយជ្រោមជ្រែង ពេញលេញ​ពី​ខាង​រដ្ឋាភិបាល អីចឹង​ទៅ ចង់​មិន​ចង់​គាត់​ត្រូវ​បង្ខំចិត្ត​ត្រឡប់​ទៅវិញ»។

អង្គការ​លីកាដូ កាល​ពី​ខែឧសភា ឆ្នាំ​២០២០ បាន​ចេញ ​របាយការណ៍​សង្ខេប​មួយ ថា នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ការ​កើន​ឡើង​នៃ​បំណុល មីក្រូហិរញ្ញវត្ថុ​គ្រប់​ទីកន្លែង កំពុង​ជំរុញ​ឱ្យ​មនុស្ស​ជាច្រើន​គ្រួសារ បាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន គ្រាន់តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​មាន​ពលករ​ខ្មែរ ប្រមាណ​ជា ១​លាន ៨​សែន​នាក់ កំពុង​ធ្វើការ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។