ពលរដ្ឋរស់នៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបងអះអាងថា ល្បែងស៊ីសងឆ្នោតកន្ទុយលេខនៅតែបន្តមាន។ ពួកគាត់សង្ស័យថា អាជ្ញាធរមូលដ្ឋានមិនចាត់វិធានការ ព្រោះទទួលសំណូកពីម្ចាស់បនល្បែង។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរបង្កើនសមត្ថភាពបង្ក្រាបឱ្យលើសពីនេះ និងធ្វើការអនុវត្តឱ្យជាប់លាប់ ចៀសវាងការធ្វើសកម្មភាពតែមួយឆាវ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងលើកឡើងថា ល្បែងស៊ីសងមួយចំនួននៅតែបន្តមានវត្តមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈអាជ្ញាធរភូមិ ឃុំ ហាក់មិនខ្វល់ខ្វាយឬមានចំណាត់ការលើបញ្ហានេះទេ។
ពលរដ្ឋនៅឃុំតាម៉ឺន ស្រុកថ្មគោល លោកស្រី គីម សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២៤ កញ្ញា ថា ក្នុងមូលដ្ឋានរបស់លោកស្រីនៅតែមានវត្តមានបនល្បែង វង់បៀធំៗ និងចាក់កន្ទុយលេខដដែល។ លោកស្រីបន្តថា រាល់ថ្ងៃមានអ្នកលក់កន្ទុយលេខ ឬឆ្នោតវៀតណាម ជិះម៉ូតូចល័តលក់តាម ភូមិ កន្លែងវង់ល្បែង និងនៅតាមទីតាំងមួយចំនួន លោកស្រីបញ្ជាក់ថា ឆ្នោតវៀតណាមនេះ និងវង់ល្បែងបៀតាមផ្ទះនេះ មានផលប៉ះពាល់មិនចាញ់ល្បែងឡូតូអនឡាញឡើយ ដោយបានពង្វក់អ្នកភូមិឱ្យញៀនចាក់រាល់ថ្ងៃ។ លោកស្រីបន្តថា អ្នកភូមិនិយមលេងល្បែងប្រភេទនេះពិបាកនឹងដកខ្លួនចេញណាស់ ដែលបណ្ដាលឱ្យពួកគេមានជីវភាពកាន់តែក្រីក្រទៅៗ ហើយចំពោះបញ្ហានេះ លោកស្រីមិនដែលឃើញមានអាជ្ញាធរភូមិ ឃុំ ណាម្នាក់មកហាមឃាត់ឬចាត់វិធានការទៅតាមបទបញ្ជារបស់រដ្ឋាភិបាលនោះឡើយ៖ «មានប្រជាពលរដ្ឋម្នាក់គាត់លួចប្រាប់ខ្ញុំដែរថា បើមេភូមិមិនចាប់មានអ្នកណាចាប់។ ភាគច្រើនលក់ ( ឆ្នោត ) ដាច់តែកន្លែងវង់បៀទេ។ កន្លែងណាក៏ដូចកន្លែងណាដែរ មានល្បែងគឺមានឆ្នោតយួនហ្នឹងលក់ដែរហ្មង»។
កន្ទុយលេខ ឬគេហៅថាឆ្នោតវៀតណាម ជាល្បែងស៊ីសងខុសច្បាប់មួយប្រភេទ ដែលអ្នកលក់ចែកចាយគ្នាជាបណ្ដាញនិងសាខា ដោយមានថៅកែធំជាអ្នកផ្ដល់សិទ្ធិឱ្យឈ្មួញកណ្ដាល ហើយបន្តលក់ចែកចាយនៅតាមភូមិ តូបលក់អីវ៉ាន់ និងជិះម៉ូតូលក់តាមផ្ទះ ឬទីប្រជុំជនជាដើម។ ចំពោះឆ្នោតវៀតណាម មួយថ្ងៃចេញលទ្ធផល៣ដង និងមានចំនួន៤ ប៉ុស្តិ៍ ហើយអ្នកលេងឆ្នោតបរទេសមួយនេះ អាចតាមដានលទ្ធផលលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ឬអាចទាញយកកម្មវិធីមកដំឡើងនៅលើទូរស័ព្ទដៃក៏បាន។ អ្នកលក់កន្ទុយលេខភាគច្រើនបានផ្ដល់ប្រាក់សំណូកប្រចាំខែ ឬហៅថាតុង ទៅកាន់អាជ្ញាធរក្នុងមូលដ្ឋានដើម្បីអនុញ្ញាតឱ្យពួកគេរកស៊ីដោយសេរី។ ប្រជាពលរដ្ឋតាមទីប្រជុំជននៅជនបទនិយមលេងល្បែងប្រភេទនេះ ព្រោះទទួលបានប្រាក់ត្រឡប់មកវិញច្រើនប្រសិនបើចាក់ត្រូវលេខ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បាននៅឡើយទេ នៅថ្ងៃទី២៤ កញ្ញា។
ទាក់ទិនរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា លោកចង់ឃើញការអនុវត្តដោយប្រសិទ្ធភាពរបស់អាជ្ញាធរទៅលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ លោកបន្តថា ជំនួសឱ្យការអនុវត្តច្បាប់បានតែមួយឆាវ អាជ្ញាធរត្រូវមានចំណាត់ ការតឹងរ៉ឹងបិទអាជីវកម្មល្បែងទាំងអស់ និងបិទជារៀងរហូត។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងមានចំណាត់ការ ឬបទបញ្ជាម៉ឺងម៉ាត់ទៅលើមន្ត្រីថ្នាក់ក្រោមបន្ថែមទៀត ដើម្បីចាត់ការនិងទប់ស្កាត់ការរីករាលដាលឡើងវិញនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចៀសវាងការរិះគន់ថា អាជ្ញាធរអនុវត្តច្បាប់ដូចភ្លើងចំបើង៖ «យើងក៏មិនចង់ឃើញអាជ្ញាធរមូលដ្ឋានមួយចំនួនឆ្លៀតឱកាសដើម្បីឃុបឃិតជាមួយអ្នកបើកបនល្បែង ដើម្បីលួចលាក់បើកបនល្បែងនេះបន្តទៅទៀតធ្វើឱ្យកម្រិតញាំញីពលរដ្ឋកាន់តែក្រទៅៗ យើងដឹងហើយ ជាទម្លាប់របស់ស្រុកយើងអ្វីៗធ្វើបានតែមួយឆាវទេ បន្ទាប់មកអ្វីគឺបានរីករាលដាលមកវិញ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៤ កញ្ញា បានស្នើលោក ហ៊ុន សែន ចាត់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ បន្ទាប់មកនៅថ្ងៃទី១៧ កញ្ញា លោក ហ៊ុន សែន បានបង្ហោះសារសំឡេងលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ និងដកតំណែងរាល់មន្ត្រីណាដែលមានការពាក់ព័ន្ធ ឬប្រព្រឹត្តអំពើពុករលួយជាមួយម្ចាស់បនល្បែង។ ក្រោយការប្រកាសបានប៉ុន្មានម៉ោងក្រោយមក ក៏មានមន្ត្រីពីថ្នាក់ជាតិ ដល់ក្រោមជាតិនាំគ្នាស្លន់ស្លោចុះបង្ក្រាបបនល្បែងស៊ីសងតាមអនឡាញ បង្ហោះលើបណ្ដាញសង្គមព្រោងព្រាត។
ក៏ប៉ុន្តែទោះបីមានការបង្ក្រាបជាច្រើនលើកច្រើនសាកាលពីពេលកន្លងទៅក្តី ល្បែងស៊ីសងខុសច្បាប់នៅតែបន្តសកម្មភាពរបស់ខ្លួនឡើងវិញ និងរីករាលដាលកាន់តែច្រើនឡើងៗ ជាពិសេសគឺការពង្រីកខ្លួនចូលទៅក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភ និងលើកឡើងថា អាជ្ញាធរអនុវត្តច្បាប់មិនបានខ្ជាប់ខ្ជួន និងអនុវត្តដូចភ្លើងចំបើងមិនមែនភ្លៀងរលឹមនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។