មន្ត្រី​សង្គម​ស៊ីវិល​យល់ថា ​ក្រសួង​ធម្មការ​ គួរតែ​រក​យុត្តិធម៌ចំពោះ​សាមណេរ​ដែល​រង​អំពើ​ហិង្សា​

ដោយ ហេង រស្មី
2021.03.18
មន្ត្រី​សង្គម​ស៊ីវិល​យល់ថា ​ក្រសួង​ធម្មការ​ គួរតែ​រក​យុត្តិធម៌ចំពោះ​សាមណេរ​ដែល​រង​អំពើ​ហិង្សា​ ព្រះ​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ​ ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការក្នុងវត្តរាជបូណ៌ ក្រុង /ខេត្តសៀមរាប។
រូប៖ ហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំ​មើល​រំលោភ​សិទ្ធិមនុស្ស​ យល់ថា​ក្រសួង​ធម្មការ​​ គួរតែរក​​យុត្តិធម៌​ចំពោះ​សាមណេរ​ចំនួន​ ៩​អង្គ ​ដែល​រង​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ តាម​បទ​បញ្ជា​របស់​ព្រះ​ចៅ​អធិការ​វត្តរាជ​បូណ៌​ ខេត្ត​សៀមរាប។​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ មាន​ថេរដីកា​ថា ការ​សម្រេច​ព្រះ​ទ័យ​វាយ​នឹង​រំពាត់​នេះ​ដោយ​សារ​តែ​សាមណេរ​ទាំង​នោះ​បាន​ធ្វើ​ខុស​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ហើយ​អ្វី​ដែល​ព្រះ​តេជគុណ​ធ្វើ​នេះ ​គឺ​ដើម្បី​ចង់​ឱ្យ​សាសនា​ព្រះពុទ្ធ​បាន​រុង​រឿង​ប៉ុណ្ណោះ។

វីដេអូនៃអំពើ​ហិង្សា​ ទៅ​លើ​សាមណេរ​ចំនួន​ ៩​អង្គ​ ដោយ​វាយ​នឹង​រំពាត់​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ បណ្តាលឲ្យ​មានប្រតិកម្ម​ជាខ្លាំង​ពី​សាធារណជន​និង​ពី​សមត្ថកិច្ច​។​ អ្នក​ខ្លះ​គាំ​ទ្រ​ចំពោះ​ទង្វើ​ធ្វើ​ទារុណ​កម្មរបស់​​ព្រះសង្ឃ​ថា ជា​ការ​ដាក់​ពិន័យ​ និង​មួយ​ចំនួន​ទៀត​មិន​គាំ​ទ្រ​ដែល​ទាម​ទារ​រក​យុត្តិធម៌​ដល់​សាមណេរ​ ដែល​បាន​រងនូវ​អំពើ​ហិង្សា​នោះ។​

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​សៀមរាប​លោក​ ចាន់ ចំរើន​ មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជា​ការ​វាយ​នឹង​រំពាត់​ ជា​ការ​ដាក់​ពិន័យ​ដល់​សាមណេរ ​ដែល​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ក៏​ដោយ​ ​ក៏​រាល់​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជា​ការ​ខុស​ច្បាប់។​

លោក​ថា ក្រសួង​ធម្មការ​​ត្រូវ​តែ​ជួយ​រក​​យុត្តិធម៌​ចំពោះ​សាមណេរ​ចំនួន​ ៩​អង្គ ​ដែល​រង​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ ហើយ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ គួរ​តែ​ត្រូវ​គេ​ដក​ហូត​ពី​តួនាទី​​ ប្រសិន​បើ​ស្នាម​របួស​នោះ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​៖ «អាហ្នឹង​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ប្រសិន​បើ​មាន​អ្វី​កើត​ឡើង​រហូត​ដល់​ពិការ​ ឬ​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ធ្ងរ​ នោះ​ព្រះ​រាជ​អាជ្ញា​អាច​ចោទ​ប្រកាន់​។ ប្រសិន​បើ​ការ​ប្រើ​អំពើ​ហិង្សា​ ហ្នឹង​វា​មិន​ធ្ងន់ធ្ងរ​ទេ​ នេះ​ជា​​កិច្ច​ការ​របស់​សមត្ថកិច្ច​ តើ​បាន​កើត​ឡើង​​មាន​កម្រិត​ប៉ុណ្ណា​។​ ប៉ុន្តែ​វា​ជា​គំនិត​របស់​សង្គម​ស៊ីវិល​​​ យើង​មិន​គាំ​ទ្រ​ចំពោះ​បុគ្គល​ណា​ប្រើ​អំពើ​ហិង្សា​ទេ​ ត្រូវ​តែ​មាន​វិធានការណា​មួយ​ហើយ»។​

នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​បាន​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​មាន​រយៈ​ពេល​ចំនួន​ជាង​ ១​នាទី​ បាន​បង្ហាញ​រូប​ភាព​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ ដោយ​ឱ្យ​សាមណេរ​ក្រាប​ផ្កាប់​មុខ​ទៅ​នឹង​កម្រាល​ឥដ្ឋ​ ហើយ​មាន​ព្រះសង្ឃ​មួយ​អង្គ​ បាន​វាយ​នឹង​រំពាត់​យ៉ាង​ពេញ​ទំហឹង។ ​ការ​វាយ​​នោះ​មាន​ព្រះ​សង្ឃ​ផ្សេង​ទៀត​ជា​អ្នក​រាប់​ចំនួន​រំពាត់​ដែល​បាន​វាយ​រហូត​ដល់​គ្រប់​ចំនួន​ ៥០​ រំពាត់​ទើប​ឈប់។​

His_Majesty_Pen_Sem_02.jpg
ព្រះ​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ​ ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការក្នុងវត្តរាជបូណ៌ ក្រុង /ខេត្តសៀមរាប។

ភ្លាម​ៗ​ក្រោយ​ពី​ការ​បង្ហោះ​វីដេអូ​​​​ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម គណៈ​សង្ឃ​នាយក​នៃ​ប្រទេស​កម្ពុជា​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាល​ពី​ថ្ងៃទី​១៥ ​ខែ​មីនា​ បាន​ចុះ​ទៅ​ដល់​វត្ត​រាជបូណ៌​ មាន​ទី​តាំង​ស្ថិតនៅ​ក្រុង​សៀមរាប។ អាជ្ញាធរ​​​ បាន​ឱ្យ​ព្រះ​តេជ​គុណ​ ពិន សែម ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​រាជបូណ៌​ ធ្វើ​​កិច្ច​សន្យា​ បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដល់​សាមណេរ​ទាំង​ ៩​ អង្គ​នោះ។

នៅ​ក្នុង​កិច្ច​សន្យា​ទាំង​ ៥​ ចំណុច​ដែល​អាស៊ីសេរី​បាន​ទទួល​ មាន​ចំណុច​មួយ​ចំនួន​ ​ព្រះ​តេជ​គុណ​ ពិន សែម​ បាន​​យល់​ព្រម​ឈប់​អប់រំ​ភិក្ខុ ​និង​សាមណេរ​ តាម​បែប​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ហើយ​ ព្រះ​តេជគុណ​ សូម​កែ​ប្រែ​នូវ​ការ​អប់រំ​ ទូន្មាន​ប្រដៅ​ដល់​ភិក្ខុ​ និង​សាមណេរ​តាម​បែប​វិន័យ​ព្រះពុទ្ធ​សាសនា​ និង​អហិង្សា​វិញ​។​

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​រាជបូណ៌​ ក្រុង​សៀមរាប​ព្រះតេជគុណ​ ពិន សែម​ មាន​ថេរដីកា​ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ថា​ ក្នុង​ចំណោម​សាមណេរ​ទាំង ​៩អង្គ​ នោះ​ មាន​តែ​ ៣​អង្គ​ ប៉ុណ្ណោះ​ដែល​បាន​រងការ​វាយ​នឹង​រំពាត់។​

ព្រះ​តេជគុណ​បន្ត​ថា​ មូលហេតុ​ដែល​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​ដាក់​ទណ្ឌ​កម្ម​វាយ​នឹង​រំពាត់​នេះ ​គឺ​ដោយ​សារ​តែ​សាមណេរ​អង្គ​នោះ​បាន​ប្រព្រឹត្ត​ខុស​ និង​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​។​ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​បញ្ជាក់​ថា​ ធ្វើ​ខុស​វិន័យ​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។ ព្រះ​អង្គ​បន្ត​ថា​ ​ព្រះ​អង្គ​ធ្វើ​នេះ​ គឺ​មាន​បំណង​តែ​មួយ​គត់ ​គឺ​​ចង់​ឱ្យ​សាសនា​ព្រះ​ពុទ្ធ​រុង​រឿង​ មិន​ត្រូវ​បាន​សង្ឃ​អង្គ​ណា​មក​ជាន់​ឈ្លី​ ឬ​មាន​បំណង​មក​បំផ្លាញ​សាសនា​ឡើយ៖ «សម្រាប់​អាត្មា​ ទូន្មាន​ ប្រៀន​ប្រដៅ​នេះ​មិន​ចាត់​ជា​អំពើ​ហិង្សា​ទេ​ ពី​ព្រោះ​អ្នក​ប្រាជ្ញ​បណ្ឌិត​ក្នុង​ពុទ្ធសាសនា​លោក​បាន​ប្រាប់​ថា​ មាតា​បិតា​ក្តី​ គ្រូបាអាចារ្យ​ក្តី។​ បាន​ជេរ​ស្ដី​ប្រដៅ​កូន​ក្តី​ ឬ​ក៏​វ៉ៃ​ក្ដី​ លោក​មិន​ចាត់​ទុក​ជា​អំពើ​ទុច្ចរិត​ទេ​ ចាត់​ទុក​ជា​អំពើ​កុសល។​ បើ​ចេតនា​នៃ​ការ​ធ្វើ​ គឺ​ដើម្បី​កូន​សិស្ស​នឹង​ល្អ​ លះបង់​សេចក្ដី​អាក្រក់​ចេញ​។​ នេះ​តាម​ព្រះ​ពុទ្ធសាសនា​ពរ»។

His_Majesty_Pen_Sem_01.jpg
ព្រះ​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ​ បានចំណាយពេលអស់ជាង ៦០ប្លាយឆ្នាំ ដើម្បីបង្រៀនសិស្សគណ នៅពុទ្ធិកវិទ្យាល័យរាជបូណ៌ វត្តរាជបូណ៌ ក្រុង /ខេត្តសៀមរាប។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ព្រះ​តេជគុណ​ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា​ អ្វី​ដែល​ព្រះ​តេជគុណ ​ពិន សែម​ បាន​ដាក់​ពិន័យ​ចំពោះ​សាមណេរ​ មិន​ខុស​ទេ ពី​ព្រោះ​តាម​ធម៌​ដាក់​ពិន័យ​របស់​ព្រះ​ពុទ្ធ​ គឺ​អាច​ដាក់​ពិន័យ​ចំពោះ​សង្ឃ​អង្គ​ណា​ដែល​ធ្វើ​ខុស​ ដោយ​វាយ​នឹង​រំពាត់​ ឱ្យ​ចម្លង​ធម៌​ ជម្រះ​ស្មៅនៅ​ជុំវិញ​វត្ត​ និង​បង្អត់​ចង្ហាន់​នៅ​ពេល​ព្រឹក​ជា​ដើម។​

ព្រះតេជគុណ​បន្ត​ថា​ ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​ ថា​ឱ្យ​សមត្ថកិច្ច​គួរ​តែ​រក​យុត្តិធម៌​ដល់​សាមណេរ​ទាំង​នោះ​ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «សង្គម​ស៊ីវិល​ធ្វើ​អត់​ត្រូវ​ សង្គម​ស៊ីវិល​ចេះ​ធ្វើ​តែ​រឿង​ខុស​អី​ចឹង។​ ចំពោះ​ចំណុច​នេះ​អាត្មា​អត់​គាំ​ទ្រទេ​ អាត្មា​និយាយ​ឱ្យ​ត្រង់​ ​ពី​ព្រោះ​យើង​មិន​ដឹង​កន្លែង​ណា​អប់​រំ​នៅ​ក្នុង​សាសនា​ កន្លែង​ណា​អប់​រំ​នៅ​ក្នុង​សង្គម​។ សង្គម​ស៊ីវិល​រឿង​អយុត្តិធម៌​ច្រើន​ណាស់​ដោះ​មិន​ចេញ​ទេ​ កន្លែង​ណា​ទន់​ខ្សោយ​ទៅ​ដោះ​អា​ហ្នឹង»។

​​​​​​​​​​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​កិច្ច​ការ​សាសនា​លោក​ សេង សុមុន្នី​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ​ ដោយ​លោក​បាន​បង្វែរ​សំនួរ​នេះ​ទៅ​សួរ​ខាង​គណៈ​សង្ឃ​នាយក​​ ពី​ព្រោះ​នេះ​ជា​ភារកិច្ច​របស់​គណៈ​សង្ឃនាយក​។​​

​អាស៊ីសេរី​មិន​អាច​ទាក់​ទង​ទៅ​សម្ដេច​ព្រះសង្ឃនាយក​ នន្ទ ង៉ែត​ បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។​ ប៉ុន្តែ​នៅ​ក្នុង​កំណត់​ហេតុ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត ស្នង​ការ​រង​ខេត្ត​សៀមរាប​ បាន​សន្និដ្ឋាន​ថា​ ករណី​​វាយ​នឹង​រំពាត់នេះ​ជា​អំពើ​ប្រៀន​ប្រដៅ​ និង​ជា​ការ​ដាក់​ពិន័យ​របស់​ព្រះ​គ្រូ​ចៅ​អធិការ​ ដល់​ភិក្ខុ​ និង​សាមណេរ​ ដែល​ប្រព្រឹត្ត​ខុស​វិន័យ មិន​មែន​ជា​អំពើ​ហិង្សា​ ធ្វើ​ទារុណ​កម្ម​ ឬ​ទណ្ឌ​កម្ម​ឃោរឃៅ​នោះ​ទេ៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 18, 2021 03:22 PM

ខ្ញុំនៅចាំបានថាកាលខ្ញុំនៅតូច ឳពុកខ្ញុំបាននាំខ្ញុំទៅចូលរៀនថ្ងៃទីមួយ គាត់បានឈរនិយាយជាមួយលោកគ្រូនៅមុខថ្នាក់រៀនខ្ញុំ គាត់និយាយទៅកាន់លោកគ្រូខ្ញុំថា ៉គាត់សុំតែ ភ្នែក ស្បែក និងឆ្អឹង ទេ ក្រៅពីនោះប្រគល់ជូនលោកគ្រូ ធ្វើអីធ្វើចុះឱ្យតែវាចេះ ៉។ ខ្ញុំចាំនិងស្រណោះពាក្យនេះណាស់។ ឥឡូវខ្ញុំក៏ជាគ្រូបង្រៀនដែរ។ ដំបូងឡើយខ្ញុំចេញបង្រៀនថ្នាក់ទី១០នៅវិទ្យាល័យ ឥន្ទ្រទេវី នៅភ្នំពេញ។ ក្រោយមកខ្ញុំចេញមកបង្រៀនមនុស្សធំ ដូចជា វិស្វករមេព្រៃ ជលផល មន្ត្រីអភិរក្ស មន្ត្រីនគរបាល ខាងផ្នែកកុមព្យូទ័រ នៅស្រុកខ្មែរ។ បន្តមកទៀតខ្ញុំបានបន្តបង្រៀន កុមព្យូទ័របន្តទៀតដល់មនុស្សធំនៅសហរដ្ឋអាមេរិក។ ក្រៅពីនេះខ្ញុំក៏បង្រៀនពួកមន្ត្រីទូតអាមេរិកឱ្យចេះភាសាខ្មែរទាំង អាន សរសេរ និយាយ និងអំពីវប្បធម៌ខ្មែរយើង។ ក្នុងនាមជាមនុស្ស ខ្ញុំតែងតែខឹង និងដាក់ទណ្ឌកម្មតាមវិធីផ្សេងៗ ក៏ប៉ុន្តែមិនមែនក្នុងបំណងបំផ្លាញឬធ្វើឱ្យខូចអនាគតសិស្សទេ។ ដូច្នេះព្រះតេជគុណចៅអធិការក៏លោកមានព្រះបំណងរបស់លោក ក៏មិនខុស ពីគ្រូជាទូទៅដែរ។ បើមានការលើសលស់ក៏គួរទៅជួបលោកនិងសុំឱ្យលោកបន្ធូរបន្ថយ នៅពេលដាក់ទោសលើកក្រោយ។ បើយើងគិតថាការដាក់ទណ្ឌកម្មនេះវារំលោភសិទ្ធិមនុស្ស មានតែ ឳពុកម្ដាយមួយចំនួនធំដែលវាយកូនចៅរបស់ពួកគាត់ក៏សុទ្ធតែរំលោភសិទ្ធមនុស្សដូចគ្នា មែនទេ?