សមត្ថកិច្ច​ឃាត់​ខ្លួន​ពលរដ្ឋ​៩នាក់​​ ក្រោយ​ពី​ប៉ុនប៉ង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​

ដោយ ម៉ៅ សុធានី
2021-06-15
Share
សមត្ថកិច្ច​ឃាត់​ខ្លួន​ពលរដ្ឋ​៩នាក់​​ ក្រោយ​ពី​ប៉ុនប៉ង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ពលករខ្មែរលបលួចឆ្លងដែនខុសច្បាប់ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ តែត្រូវបានអាជ្ញាធរថៃទប់ស្កាត់នៅខ្លងហាត វត្តស្រះកែវ កាលពី១៥ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ ឃាត់​ខ្លួន​ពលរដ្ឋ​ចំនួន​ ៩​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៣​ នាក់​ ក្រោយ​ពី​បាន​ប៉ុនប៉ង​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​​​ប្រទេសថៃ​ ក្នុង​ពេល​ដែល​កម្ពុជា​ កំពុង​រឹត​បណ្ដឹង​ការ​ធ្វើ​ដំណឹង​ពី​តំបន់​មួយ​ទៅ​តំបន់​ មួយ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩។

អធិការ​ប៉ូលិស​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ បេន សំអាត ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​ ៩​ នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​ចំនួន​ ១៤ ថ្ងៃ​សិន​ ដើម្បី​ ឱ្យ​ប្រាកដ​ថា​ ពួកគេ​មិន​មាន​ឆ្លង​ជំងឺ​កូវីដ​ នោះ​ទើប​សមត្ថកិច្ច​​អនុញ្ញាត​ ឱ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ។

លោក​បញ្ជាក់​ថា​ មន្ត្រី​យោធា​ការពារ​ព្រំដែន​បាន​ឃាត់​ខ្លួន​ពួកគេ​កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ក្រោយ​ពី​ពួកគេ​ ប៉ុនប៉ង​លប​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​។​ តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ពលរដ្ឋ​នៅ​តែ​លប​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ បើ​ទោះបី​ជា​សមត្ថកិច្ច​ បាន​ចុះ​អប់​រំ​ពួកគាត់​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស​ក៏​ដោយ​ ក៏​សកម្មភាព​លប​ឆ្លង​ដែន​នៅ​តែ​បន្ត​កើត​មាន​ដដែល​៖ «អប់រំ​គាត់​កុំ​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ ហើយ​ទី​២​ ទៀត​ពាក់​ព័ន្ធ​ករណី​កំពុង​ផ្ទុះ​ ជំងឺ​កូវីដ​១៩​ យ៉ាង​ផុលផុស​នៅ​ក្នុង​ប្រទេស​ថៃ​ទៀត​កាលណា​ យើង​ឆ្លងដែន​ខុស​ច្បាប់​ហ្នឹង​វា​អាច​ពាក់ព័ន្ធ​ នឹង​ការ​ឆ្លង​ជំងឺ​ហ្នឹង​ មក​ស្រុក​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ នៅ​ក្នុង​ប្រទេស​គេ»

ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​លប​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​ មិន​មែន​លើក​ទី​មួយ​ទេ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

​មន្ត្រី​សង្គម​ស៊ីវិល​ថា  អាជ្ញាធរ​មិន​បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ទើប​ការ​​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ នៅ​តែ​បន្ត​កើត​មាន​។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ ខេត្ត​បន្ទាយ​មានជ័យ​លោក​ ស៊ុំ ច័ន្ទគា​ បញ្ជាក់​ថា​ ការ​អប់រំ​របស់​អាជ្ញាធរ​កន្លង​មក​មិន​បាន​ដិតដល់​ទេ​ ទើប​ពលរដ្ឋ​នៅ​តែ​បន្ត​ឆ្លង​ដែន​ទៅ​ប្រទេស​ជិត​ខាង។​ លោក​ថា​ ក្រៅ​ពី​ការ​អប់រំ​ ភាព​ក្រីក្រ​នៅ​តែ​ជា​មូលហេតុ​យ៉ាង​សំខាន់​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ដោយ​មិន​ខ្លាច​ពី​គ្រោះ​ថ្នាក់៖ «ថា​តើ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​ហ្នឹង​យល់​ដឹង​។ ពួកគាត់​ហ្នឹង​ទទួល​ស្គាល់​ នៅ​ការ​ឆ្លង​ដែន​ហ្នឹង​ ហើយ​តួនាទី​របស់​អាជ្ញាធរ​ដែល​គាត់​ត្រូវ​ធ្វើ​ហ្នឹង​ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​។​ ប្រសិន​បើ​គាត់​អត់​ មាន​ស៊ី​ មាន​ចុក​ អត់​ទីផ្សារ​ចឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​គាត់​ឈប់​ឆ្លង​ដែន​​ឈប់​ប្រព្រឹត្ត​ឈប់​អី​ចឹង​»

សមត្ថកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​​ថ្ងៃ​ទី​ ៩​ មិថុនា​ នេះ​បាន​ឃាត់​ខ្លួន​មេខ្យល់​ម្នាក់​ទៀត​ក្រោយ​ពី​បាន​នាំ​ពលករ​ចំនួន​ ១៥​ ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​ព្រំដែន​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ។

ពាក់​ព័ន្ធ​ករណី​ឆ្លង​ដែន​នេះ​ តុលាការ​ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ខែ​​ឧសភា​ បានសម្រេច​ឃុំខ្លួន​មេខ្យល់​ ៣ ​នាក់​ នៅ​ក្នុង​​ពន្ធនាគារ​ខេត្ត ​ បន្ទាប់ពី​សមត្ថកិច្ច​​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​២២ ​ខែឧសភា​ នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​​ចំនួន​ ១០​ នាក់​ទៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល