អាជ្ញាធរ​ម៉ាឡេស៊ី​នឹង​ចាប់​ខ្លួន​ពលករ​ខុស​ច្បាប់​រួមទាំង​ពលករខ្មែរ​​កាន់​លិខិត​ឆ្លងដែន​ពិសេស​ដែល​អស់​សុពលភាព​

0:00 / 0:00

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី (Malaysia)​ ជូនដំណឹង​ដល់​សិស្ស​/​និស្សិត​ និង​ពលករខ្មែរ​ដែល​មាន​ទីលំនៅ​អចិន្រ្តៃយ៍ ឬ បណ្តោះ​អាសន្ន ដែល​មាន​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ហៅ​ថា​« ស្ពេសហ្សល់​ ផាស ​ (Special Pass)»​ដែល​អស់​សុពលភាព ត្រូវចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី មិន​ឱ្យ​ហួស​ថ្ងៃទី២១ មេសា នោះឡើយ។ ហេតុផល​ គឺ​ដោយសារ​ នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ​នឹង​ចាប់​ផ្តើម​​អនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ ម៉ាឡេស៊ី។

ស្ថាន​ទូត​បញ្ជាក់​ថា ពលរដ្ឋខ្មែរ ដែល​កំពុង​រស់​នៅ​ម៉ាឡេ​ស៊ី ហើយ​កាន់​ Special Pass​ ដែល​អស់​សុពល​ភាពចាប់ពី​ថ្ងៃទី២១ខែមេសា ទៅ នឹង​ប្រឈម​ការ​លំបាក​ក្នុងការ​ត្រឡប់​ទៅ​ស្រុ​ក​កំណើត​វិញ។ ប៉ុន្តែ​ពួកគាត់​អាច​ដាក់​ពាក្យ​ស្នើ​សុំ​យក Special Pass ដើម្បី​ពន្យា​ពេល​នៃការ​ស្នាក់នៅ​បាន​ដោយ​ត្រូវ​សុំការ​បញ្ជាក់​យល់​ព្រម និង​សម្រប​សម្រួល​ ដោយស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី​មុន​នឹង​ដាក់​ពាក្យ​ស្នើ​សុំបន្ត​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ប្រទេសនេះ។

កន្លង​មករដ្ឋាភិបាល​ម៉ាឡេស៊ី បាន​អនុញ្ញាត​ឱ្យពលករ​បរទេស​ដែល​ស្នាក់​នៅខុសច្បាប់​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ ដែល​អនុវត្ត​ចាប់ពី​​ខែវិច្ឆិកា ឆ្នាំ២០២០​រហូត​ដល់​ចុង​ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពី​ខែមិថុនា ឆ្នាំ២០២១​អាជ្ញាធរ​ម៉ាឡេស៊ី​នឹង​អនុវត្ត​ច្បាប់​ចំពោះ​ពលករ​ខុស​ច្បាប់ ដោយ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារបង់ថ្លៃផាក​ពិន័យឬ​វាយ​នឹង​រំពាត់ ជាដើម​។

ប្រជាពលរដ្ឋ​ខ្មែរនៅ​ម៉ាឡេស៊ី​មួយ​ចំនួន​ឱ្យដឹង​ថា​ ពួក​គាត់ចង់វិល​ត្រឡប់​​ទៅស្រុក​ខ្មែរ​វិញដែរ​ប៉ុន្តែ​ពួក​គាត់​ពុំមាន​ប្រាក់ និង​ពិបាក​ទំនាក់ទំនង​ សុំអន្តរាគមន៍ ពី​សា្ថនទូតខ្មែរ​នៅ​ម៉ាឡេស៊ី​ដោយ​សារ​អាជ្ញាធរ​ម៉ាឡេស៊ីកំពុង​បង្កើន​ការ​ត្រួត​ពិនិត្យ​តឹងតែង អំឡុង​ពេល​រីករាលដាល​នៃជំងឺ​កូវីដ១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។