មន្ត្រី​ម៉ាឡេស៊ី​រិះគន់​កម្ពុជា​ដែល​មិន​យក​កម្រៃ​ពី​ការផ្សាយ​ព្រឹត្តិការណ៍​ស៊ីហ្គេម

ដោយ ទីន ហ្សាការីយ៉ា
2023.04.24
មន្ត្រី​ម៉ាឡេស៊ី​រិះគន់​កម្ពុជា​ដែល​មិន​យក​កម្រៃ​ពី​ការផ្សាយ​ព្រឹត្តិការណ៍​ស៊ីហ្គេម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​កីឡា​ម៉ាឡេស៊ី​ខកចិត្ត​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​សិទ្ធិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដោយ​មិន​គិតថ្លៃ ខុសពី​អ្វី​ដែល​ប្រទេស​ជា​សមាជិក​បាន​សម្រេច​រួមគ្នា។ ប៉ុន្តែ​មន្ត្រី​ជំនាញ​កម្ពុជា​ឆ្លើយតប​ថា ការសម្រេច​មិន​គិតថ្លៃ​ពី​ទូរទស្សន៍​ដែល​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​នេះ ទទួល​បាន​ការ​សាទរ​ពី​បណ្ដា​ប្រទេស​ភាគច្រើន។

ផែនការ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ពី​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ការរិះគន់​ពី​មន្ត្រី​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​តំបន់​អាស៊ាន​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ប៉ារ៉ាឡាំពិក​ម៉ាឡេស៊ី (Paralympic Council of Malaysia) លោក ដាទុក សេរីមេហ្កាត់ ឌី ហ្សះរីម៉ាន់ សាហារួដឌីន (Datuk Seri Megat D Shahriman Zaharuddin) បាន​ខក​ចិត្តនឹង​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ផ្លាស់ប្ដូរ​ផែនការ​ទាំងស្រុង​នៃ​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ នា​ដើមខែ​ក្រោយនេះ និង​ចាត់ទុកថា ជា​ការ​សម្រេចចិត្ត​ដ៏​អាក្រក់​មួយ ខុសពី​អ្វី​ដែល​ប្រទេស​ទាំង​១១​បាន​ព្រមព្រៀងគ្នា​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ម៉ាឡេស៊ី ញូវ ស្ត្រេតស៍ ថាមស៍ (New Straits Times) កាលពី​ថ្ងៃទី​១៩ មេសា។

ប្រភព​ដដែល​បន្ត​ថា គណៈកម្មាធិការ​ជាតិ​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម បាន​ចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី​៣១ មីនា ថា នឹងមិន​គិត​កម្រៃ​ពី​ការ​ផ្ដល់​សិទ្ធិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​ធ្វើឡើង​ពី​ថ្ងៃ​ទី​៥ ដល់ ថ្ងៃទី​១៧​ខែ​ឧសភា ឡើយ ខណៈ​ក្រុមប្រឹក្សា​ប៉ារ៉ាឡាំពិក​ម៉ាឡេស៊ី ទទួល​បាន​សិទ្ធិ​លក់​ការ​ផ្សព្វផ្សាយ​កីឡា​ទាំងពីរ​នេះ​នៅក្នុង​ស្រុក​របស់​ខ្លួន​។ ការ​សម្រេច​របស់​កម្ពុជា​នេះ គឺ​ខុសពី​អ្វី​ដែល​ប្រទេស​ទាំង​១១ បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ស្ដីពី​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ​ជា​លើកដំបូង។

លោក ហ្សះរីម៉ាន់ លើកឡើង​នូវ​សម្រង់​សម្ដី​ដើម​ដូច្នេះ​ថា​៖ «តាមពិត ពួក​យើង​សោកស្ដាយ និង​ខកចិត្ត ពីព្រោះ​យើង​បាន​ខំប្រឹង​ធ្វើ​ការងារ​នេះ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា នឹង​ប្រើប្រាស់​មូលនិធិ ដែល​ទទួល​បាន​ពី​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ និង​ប្រតិបត្តិការ​កីឡា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី»។

ការ​ខកចិត្ត​នេះ​ធ្វើឡើង ដោយសារ​ក្រុមប្រឹក្សា​ប៉ារ៉ាឡាំពិក​ម៉ាឡេស៊ី កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ស្ថានីយទូរទស្សន៍​ធំៗ ចំនួន​៤ អ្នកផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ចំនួន​៣ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​៤ ហើយ​សង្ឃឹម​ថា នឹង​បញ្ចប់​កិច្ចពិភាក្សា​គ្នា​ស្ដីពី​ការ​លក់​សិទ្ធិ ផ្សព្វផ្សាយ​ការ​ប្រកួត​កីឡា​នៅក្នុង​ខែ​មេសា​នេះ។

កាលពី​ថ្ងៃទី​២០ មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​មិន​យក​កម្រៃ​ស្នាក់នៅ​និង​ហូបចុក​ពី​ប្រតិភូ​កីឡា​បរទេស​ជាង​១​ម៉ឺន​២​ពាន់​នាក់​(១២.៤០៤) សំបុត្រ​ចូល​ទស្សនា និង​សិទ្ធិ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ កម្ពុជា​ចង់​ធ្វើ​ឱ្យ​ខុសប្លែក​ពី​ប្រទេស​ផ្សេងទៀត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ និង​ចង់​បង្ហាញ​ទៅ​ពិភពលោក​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ធំ។

ការប្រកាស​របស់​លោក ហ៊ុន សែន នេះ បាន​រង​ការរិះគន់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម ថា ជា​យុទ្ធសាស្ត្រ​ស្វែងរក​ប្រជាប្រិយភាព​សម្រាប់​មុខមាត់​លោក ហ៊ុន សែន ប៉ុណ្ណោះ និង​ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ជាតិ ខណៈ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។

ទាក់ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ាត់ ចំរើន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ មេសា ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​មាន​សិទ្ធិ​សម្រេច​យក ឬ​មិន​យក​កម្រៃ​ពី​ការ​ផ្ដល់​សិទ្ធិ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម ហើយ​លោក​ថា ប្រទេស​ភាគច្រើន​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​របស់​កម្ពុជា។

លោក វ៉ាត់ ចំរើន៖ «ការ​ផ្សព្វផ្សាយ ទៅ​តាម​ច្បាប់ យើង​អត់​មានអី​គិតគូរ​ទេ អាហ្នឹង​។ តាមច្បាប់ TV rights (​សិទ្ធិ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​)​ហ្នឹង គេ​ចែករំលែក​(​ប្រាក់កម្រៃ​)​គ្នា។ ប៉ុន្តែ ឥឡូវ​យើង​អត់​គិត​ពី​រឿង​ច្បាប់​អី​ទៀត​ទេ គ្រាន់តែ​ថា យើង​ហ្វ្រី (អត់​គិតថ្លៃ) អ៊ីចឹង​ទៅ ហើយ​មាន​អ្នក​សប្បាយចិត្ត​អ៊ីចឹង​ទៅ យើង​ទទួល​បាន​កិត្តិយស​ទាំងអស់គ្នា ហើយ​ងាយស្រួល​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ យល់ឃើញ​ថា ក្នុងនាម​ជា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ហើយ​ពលរដ្ឋ​មួយចំនួន​កំពុង​ប្រឈម​ជីវភាព​លំបាក​ដោយសារ​ទើប​រួច​ផុត​ពី​ជំងឺ​កូវីដ​១៩ ជាពិសេស​ត្រូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ការរៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ កម្ពុជា​មិន​គួរ​ខ្ជះខ្ជាយ​លុយ​ទាំងស្រុង​ក្នុង​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ីហ្គេម​បែបនេះ​ទេ។

លោក កើត សារ៉ាយ៖ «ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ផង ហើយ​វា​មាន​ន័យថា យើង​ជា​ផ្ទះ​អ្នកក្រ ហើយ​យើង​គួរតែ​បង្ហាញថា យើង​ក្រ ចិត្ត​ទូលាយ​គឺ​ចិត្ត​ទូលាយ​ហើយ ត្រូវ​មើល​ចំណុច​ណា​ដែល​គួរតែ​បើក ចំណុច​ណា​គួរ​សន្សំសំចៃ»។

កម្ពុជា​បាន​ចំណាយ​លុយ​អស់​រាប់​រយ​លាន​ដុល្លារ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ បម្រើ​ឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នេះ បន្ទាប់​ពី​រង់ចាំ​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល​៦៤​ឆ្នាំ ក្នុង​នោះ​កម្ពុជា​ចំណាយ​អស់​ជិត ១៦០​លាន​ដុល្លារ ជា​ជំនួយ​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ នៅ​ខណ្ឌ​ជ្រោយចង្វារ។ ការ​ចំណាយ​ប្រាក់​ដ៏​សន្ធឹក​សន្ធប់​នេះ ខណៈ​កម្ពុជា​បន្ត​ពឹងផ្អែក​ពី​ជំនួយ និង​កម្ចី​ពី​បរទេស​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេសជាតិ​។ របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា គិត​ត្រឹម​ឆ្នាំ​២០២២ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​កើន​ដល់​ជាង ៩​ពាន់​លាន​ដុល្លារ​(.៥៧៥) ក្នុង​នោះ​៤១% គឺ​ជំពាក់​ប្រទេស​ចិន៕

ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។