សង្វាក់​ផលិតកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​​ពិសេស​ខេត្ត​ស្វាយរៀង

0:00 / 0:00

តំបន់​សេដ្ឋកិច្ច​​ពិសេស​ដែល​កំពុង​​ដំណើរការ​នៅ​ខេត្ត​ស្វាយរៀង បាន​ជួយ​គាំទ្រ​ដល់​ផលិតកម្ម​នាំ​ចេញ​ការ​បង្កើត​ការងារ​ និង​ជំរុញ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា។

អ្នក​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​​ពិសេស​នោះ បាន​អះអាង​ថា បញ្ហា​​ខ្វះ​ពលកម្ម​ជំនាញ​ជា​ឧបសគ្គ​ចម្បង​ ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​​វិញ យល់​ឃើញ​ថា ​ដំណើរ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​​ពិសេស​ទាំង​នោះ​ ហាក់​ជា​ការ​អភិវឌ្ឍ​មិន​មាន​ទិសដៅ​ច្បាស់​លាស់ និង​ព័ត៌មាន​ជា​ច្រើន​​ទៀត​មាន​ការ​លាក់​បាំង។

ខេត្ត​ស្វាយរៀង ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខេត្ត​ដែល​​សកម្មភាព​សេដ្ឋកិច្ច​តិចតួច​នៅ​ទីប្រជុំជន ប៉ុន្តែ​​ខេត្ត​នេះ សម្បូរ​ទៅ​ដោយ​សក្ដានុពល​​វិនិយោគ​ដែល​ស្ថិត​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម។ ម៉្យាង​វិញ​ទៀត ខេត្ត​នេះ​សម្បូរ​ដោយ​តំបន់​សេដ្ឋកិច្ច​ច្រើន​ជាង​​​ខេត្ត​ដទៃ ដែល​កំពុង​អនុវត្ត​នៅ​​ប្រទេស​កម្ពុជា។

ការ​អនុញ្ញាត​ឲ្យ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ច្រើន​នេះ​ ដោយសារ​តែ​រាជ​រដ្ឋាភិបាល​ជឿជាក់​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​​មាន​​​គោលបំណង​ជួយ​លើក​កម្ពស់​មូលដ្ឋាន​​ផលិតកម្ម​របស់​កម្ពុជា ការ​បង្កើត​ការងារ និង​ការ​នាំ​ចេញ ផ្សារភ្ជាប់​នឹង​ទីផ្សារ​អន្តរជាតិ។

បុរស​ម្នាក់​បណ្ដើរ​ម៉ូតូ​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៤។
បុរស​ម្នាក់​បណ្ដើរ​ម៉ូតូ​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៤។ (RFA/Mom Sophon)

បន្ថែម​លើ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ តាម​រយៈ​ការ​សម្រួល​ពាណិជ្ជកម្ម​បែបបទ​គយ​ រួម​ទាំង​​យន្តការ​ត្រួត​ពិនិត្យ​ទំនិញ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​​វិនិយោគ ឬ​ការ​នាំ​ចេញ​ធម្មតា។

តំបន់​សេដ្ឋកិច្ច​ពិសេស​​​ឈ្មោះ​ថា មេនហាតធេន (Manhattan SEZ) ដែល​មាន​ផ្ទៃ​ដី​​ប្រមាណ ១៥០​ហិកតារ​នៅ​ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មាន​​សង្វាក់​ផលិតកម្ម​វិនិយោគ​ចំនួន ៣៦​កន្លែង កំពុង​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​ប្រឈម​ក្នុង​​ សង្វាក់​ផលិតកម្ម​របស់​ខ្លួន គឺ​​ភាព​ខ្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ។

អនុ​ប្រធាន​សង្វាក់​ផលិតកម្ម​​​​សំលៀក​បំពាក់​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន លោក ខាវិន ខៅ (Kaven Qao) មាន​ប្រសាសន៍​ថា ការ​ចង់​បាន​របស់​រោងចក្រ​ គឺ​ចង់​ឲ្យ​កម្មករ​ចេះ​ច្រើន​មុខ​​ជំនាញ។ ក្រៅ​ពី​​​​នេះ ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​មាន​តិច​តួច​​នោះ​ ក៏​មាន​ការ​រង​ឥទ្ធិពល​ពី​ខាង​ក្រៅ ដូច​ជា​វិបត្តិ​នយោបាយ ការ​ធ្វើ​បាតុកម្ម​បាន​ប៉ះពាល់​ដល់​​ដំណើរ​ការ​​ផលិតកម្ម​នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោក ខាវិន ខៅ៖ «យើង​បាន​នាំ​យក​កម្មករ​មក​ពី​ភ្នំពេញ និង​កម្មករ​មួយ​ចំនួន​ពី​ខេត្ត​ស្វាយរៀង។ រោងចក្រ​របស់​យើង​មិន​មាន​ជម្លោះ​ផ្ទៃក្នុង និង​មិន​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​អ្វី​មួយ​ឡើយ ប៉ុន្តែ​​​បញ្ហា​សំខាន់​នោះ គឺ​សង្វាក់​ផលិតកម្ម​បាន​រង​ឥទ្ធិពល​ពី​ការ​ធ្វើ​បាតុកម្ម​​​​ពី​​រោងចក្រ​ដទៃ»

លោក ខាវិន ខៅ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ទីផ្សារ​សំខាន់​របស់​រោងចក្រ​ គឺ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន តៃវ៉ាន់។ ​ទោះ​បី​​ជា​​មាន​ការ​អះអាង​បែប​នេះ ប៉ុន្តែ​តំណាង​រោងចក្រ​​ដែល​វិនិយោគ​នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ហាក់​មាន​ការ​លាក់​បាំង​ពី​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​កម្មករ​ និង​ការ​ធ្វើ​បាតុកម្ម​ជា​ដើម។ ម៉្យាង​វិញ​ទៀត​ លោក ខេវិន ខៅ បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថត​យក​សកម្មភាព​អំពី​​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឡើយ។

​ប៉ុន្តែ​តំណាង​ខាង​រោងចក្រ​មួយ​ផ្សេង​ទៀត​​​ផលិត​ខោ​ខោវប៊យ ដែល​ដំណើរការ​ផលិតកម្ម​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​នេះ​ដែរ បាន​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ​និង​ប្រកប​ដោយ​តម្លាភាព​ចំពោះ​ដំណើរ​ផលិតកម្ម​របស់​ខ្លួន។

ប្រធាន​រដ្ឋបាល​រោងចក្រ លោក ជឹង ម៉ឹងម៉ឹង ​បាន​បង្ហាញ​ចាប់​តាំង​ពី​វត្ថុធាតុដើម​រហូត​ដល់​​ផលិតផល​​សម្រេច ។ ប៉ុន្តែ​​លោក​ក៏​បាន​បញ្ជាក់​អំពី​បញ្ហា​ប្រឈម​​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​ស្រដៀង​គ្នា​នឹង​រោងចក្រ​ដទៃ​ដែរ ​គឺ​ខ្វះ​​ពលកម្ម​ជំនាញ។ បច្ចុប្បន្ន​រោងចក្រ​បាន​ជ្រើសរើស​អ្នក​ដែល​មាន​ជំនាញ​ទាប​មក​បណ្ដុះបណ្ដាល​ ដើម្បី​ផលិត​ផល​ខោ​ខោវប៊យ នាំ​ចេញ​ទៅ​ប្រទេស​បារាំង និង​ប្រទេស​អាឡឺម៉ង់។

លោក ជឹង ម៉ឹងម៉ឹង៖ «បញ្ហា​ប្រឈម​របស់​រោងចក្រ គឺ​ការ​ស្វែង​រក​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ ប៉ុន្តែ​រោងចក្រ​របស់​យើង​បាន​ជួល​​អ្នក​ដែល​មាន​ជំនាញ​តិច​តួច​មក​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​ជំនួស​ភាព​ខ្វះខាត​នៃ​ពលកម្ម​ជំនាញ»

ទោះ​បី​ជា​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ប៉ុន្តែ​ការ​វិនិយោគ​តំបន់​នេះ​ហាក់​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​ម្ចាស់​វិនិយោគ។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​តាម​រយៈ​​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​​ពិសេស​​នេះ បាន​ជួយ​គាំទ្រ​តិច​តួច​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​តំបន់​នីមួយៗ ដោយសារ​តែ​ការ​វិនិយោគ​នោះ​ជួល​តែ​កម្មករ។ រី​ឯ​ម្ចាស់​វិនិយោគ​វិញ​ ជា​អ្នក​ទទួល​ផល​ចំណេញ​ច្រើន​លើសលប់​តាម​​រយៈ​ការ​លើក​លែង​ពន្ធ​ប្រាក់​ចំណេញ​ និង​ការ​បង្កើត​ការងារ​ដល់​ជនជាតិ​របស់​ប្រទេស​ខ្លួន។ បញ្ហា​នេះ​មាន​ន័យ​ថា នាយ​ទុន​បរទេស​ជា​អ្នក​ទទួល​ផល​ចំណេញ រី​ឯ​ម្ចាស់​ប្រទេស​ ឬ​ប្រជាពលរដ្ឋ​កម្ពុជា គឺ​ជា​កម្មករ​មិន​សូវ​បាន​ចំណេញ។

អ្នក​វិភាគ​សេដ្ឋកិច្ច ស្រី ចន្ធី មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច គឺ​ត្រូវ​ចាប់​ផ្ដើម​ទាំង​ការ​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ការ​បើក​ឱកាស​ឲ្យ​អ្នក​វិនិយោគ​ធំៗ ចូល​មក​រក​ស៊ី​ និង​ការ​បង្កើត​ការងារ។ លោក​បញ្ជាក់​ទៀត​​ថា ដើម្បី​ឲ្យ​​កម្ពុជា មាន​យុត្តិធម៌​សង្គម គឺ​​​​ការ​គោរព​ច្បាប់​វិនិយោគ ប៉ុន្តែ​ការ​​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​នោះ ​រដ្ឋាភិបាល​ហាក់​ផ្ដល់​ប្រយោជន៍​ដល់​​អ្នក​វិនិយោគ​ច្រើន​ជាង​អ្នក​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​សារ​តែ​យន្តការ​លើក​កម្ពស់​នាំ​ចេញ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត។ ម៉្យាង​វិញ​ទៀត ការ​បែក​ចែក​ផល​​ពី​ការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ធំ​​នឹង​តំបន់​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​មាន​ភាព​អន់ខ្សោយ​នៅ​ឡើយ។

តំបន់​សេដ្ឋកិច្ច​ពិសេស​សំដៅ​លើ​តំបន់​មួយ​ដែល​មាន​ផលិតកម្ម​ ឬ​ឧស្សាហកម្ម​ជា​ច្រើន​ដែល​ធ្វើ​ការ​រួម​គ្នា​ដើម្បី​នាំ​ចេញ។ តំបន់​​សេដ្ឋកិច្ច​នីមួយៗ ​ជា​ទី​កន្លែង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី ការ​ផ្ដល់​សេវាកម្ម​ដោយ​សេរី និង​ជា​តំបន់​ទេសចរណ៍​ដោយ​សេរី។

បច្ចុប្បន្ន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) បាន​អនុម័ត​​គម្រោង​ដោយ​ផ្ដល់​​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​បរទេស ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ចំនួន ១១​កន្លែង​​ ដែល​ស្ថិត​នៅ​ខេត្ត​ស្វាយរៀង ភ្នំពេញ កណ្ដាល កោះកុង​ និង​ខេត្ត​បន្ទាយមានជ័យ ​ដែល​សមាមាត្រ​នឹង​​ផ្ទៃ​ដី​ជាង ៣​ពាន់​ហិកតារ។ ក្នុង​នោះ​​ខេត្ត​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាង​គេ​ គឺ​ខេត្ត​ស្វាយរៀង ដែល​​​មាន​​​ចំនួន​បី​​​កន្លែង សមាមាត្រ​នឹង​​មាន​​សង្វាក់​​ផលិតកម្ម​ចំនួន​ ៦០​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។