តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការនៅខេត្តស្វាយរៀង បានជួយគាំទ្រដល់ផលិតកម្មនាំចេញការបង្កើតការងារ និងជំរុញមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។
អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនោះ បានអះអាងថា បញ្ហាខ្វះពលកម្មជំនាញជាឧបសគ្គចម្បង ក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចវិញ យល់ឃើញថា ដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ហាក់ជាការអភិវឌ្ឍមិនមានទិសដៅច្បាស់លាស់ និងព័ត៌មានជាច្រើនទៀតមានការលាក់បាំង។
ខេត្តស្វាយរៀង ត្រូវបានគេចាត់ទុកជាខេត្តដែលសកម្មភាពសេដ្ឋកិច្ចតិចតួចនៅទីប្រជុំជន ប៉ុន្តែខេត្តនេះ សម្បូរទៅដោយសក្ដានុពលវិនិយោគដែលស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម។ ម៉្យាងវិញទៀត ខេត្តនេះសម្បូរដោយតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដែលកំពុងអនុវត្តនៅប្រទេសកម្ពុជា។
ការអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចច្រើននេះ ដោយសារតែរាជរដ្ឋាភិបាលជឿជាក់ថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមានគោលបំណងជួយលើកកម្ពស់មូលដ្ឋានផលិតកម្មរបស់កម្ពុជា ការបង្កើតការងារ និងការនាំចេញ ផ្សារភ្ជាប់នឹងទីផ្សារអន្តរជាតិ។

បន្ថែមលើនេះ តំបន់សេដ្ឋកិច្ចពិសេស គឺជួយបង្កើនភាពប្រកួតប្រជែង និងការទាក់ទាញអ្នកវិនិយោគមកកម្ពុជា តាមរយៈការសម្រួលពាណិជ្ជកម្មបែបបទគយ រួមទាំងយន្តការត្រួតពិនិត្យទំនិញមានភាពងាយស្រួលជាងការវិនិយោគ ឬការនាំចេញធម្មតា។
តំបន់សេដ្ឋកិច្ចពិសេសឈ្មោះថា មេនហាតធេន (Manhattan SEZ) ដែលមានផ្ទៃដីប្រមាណ ១៥០ហិកតារនៅឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ មានសង្វាក់ផលិតកម្មវិនិយោគចំនួន ៣៦កន្លែង កំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួន។ ប៉ុន្តែបញ្ហាប្រឈមក្នុង សង្វាក់ផលិតកម្មរបស់ខ្លួន គឺភាពខ្វះខាតកម្លាំងពលកម្មជំនាញ។
អនុប្រធានសង្វាក់ផលិតកម្មសំលៀកបំពាក់មួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន លោក ខាវិន ខៅ (Kaven Qao) មានប្រសាសន៍ថា ការចង់បានរបស់រោងចក្រ គឺចង់ឲ្យកម្មករចេះច្រើនមុខជំនាញ។ ក្រៅពីនេះ ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញមានតិចតួចនោះ ក៏មានការរងឥទ្ធិពលពីខាងក្រៅ ដូចជាវិបត្តិនយោបាយ ការធ្វើបាតុកម្មបានប៉ះពាល់ដល់ដំណើរការផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោក ខាវិន ខៅ៖ «យើងបាននាំយកកម្មករមកពីភ្នំពេញ និងកម្មករមួយចំនួនពីខេត្តស្វាយរៀង។ រោងចក្ររបស់យើងមិនមានជម្លោះផ្ទៃក្នុង និងមិនមានការធ្វើបាតុកម្មប្រឆាំងអ្វីមួយឡើយ ប៉ុន្តែបញ្ហាសំខាន់នោះ គឺសង្វាក់ផលិតកម្មបានរងឥទ្ធិពលពីការធ្វើបាតុកម្មពីរោងចក្រដទៃ»។
លោក ខាវិន ខៅ មានប្រសាសន៍បន្ថែមទៀតថា ទីផ្សារសំខាន់របស់រោងចក្រ គឺនាំចេញទៅសហភាពអឺរ៉ុប និងប្រទេសចិន តៃវ៉ាន់។ ទោះបីជាមានការអះអាងបែបនេះ ប៉ុន្តែតំណាងរោងចក្រដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ហាក់មានការលាក់បាំងពីលក្ខខណ្ឌការងារ ការគោរពសិទ្ធិកម្មករ និងការធ្វើបាតុកម្មជាដើម។ ម៉្យាងវិញទៀត លោក ខេវិន ខៅ បានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានថតយកសកម្មភាពអំពីសង្វាក់ផលិតកម្មរបស់ខ្លួនឡើយ។
ប៉ុន្តែតំណាងខាងរោងចក្រមួយផ្សេងទៀតផលិតខោខោវប៊យ ដែលដំណើរការផលិតកម្មសេដ្ឋកិច្ចពិសេសមេនហាតធេននេះដែរ បានបង្ហាញពីភាពស្មោះត្រង់ និងប្រកបដោយតម្លាភាពចំពោះដំណើរផលិតកម្មរបស់ខ្លួន។
ប្រធានរដ្ឋបាលរោងចក្រ លោក ជឹង ម៉ឹងម៉ឹង បានបង្ហាញចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច ។ ប៉ុន្តែលោកក៏បានបញ្ជាក់អំពីបញ្ហាប្រឈមនៅក្នុងសង្វាក់ផលិតកម្មស្រដៀងគ្នានឹងរោងចក្រដទៃដែរ គឺខ្វះពលកម្មជំនាញ។ បច្ចុប្បន្នរោងចក្របានជ្រើសរើសអ្នកដែលមានជំនាញទាបមកបណ្ដុះបណ្ដាល ដើម្បីផលិតផលខោខោវប៊យ នាំចេញទៅប្រទេសបារាំង និងប្រទេសអាឡឺម៉ង់។
លោក ជឹង ម៉ឹងម៉ឹង៖ «បញ្ហាប្រឈមរបស់រោងចក្រ គឺការស្វែងរកអ្នកដែលមានជំនាញពិតប្រាកដ ប៉ុន្តែរោងចក្ររបស់យើងបានជួលអ្នកដែលមានជំនាញតិចតួចមកបណ្ដុះបណ្ដាលបន្ថែម ដើម្បីជំនួសភាពខ្វះខាតនៃពលកម្មជំនាញ»។
ទោះបីជាតំណាងតំបន់សេដ្ឋកិច្ចពិសេសបានបង្ហាញពីទុក្ខលំបាករបស់ខ្លួន ប៉ុន្តែការវិនិយោគតំបន់នេះហាក់ផ្ដល់ផលចំណេញច្រើនដល់ម្ចាស់វិនិយោគ។
អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ បានជួយគាំទ្រតិចតួចដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់នីមួយៗ ដោយសារតែការវិនិយោគនោះជួលតែកម្មករ។ រីឯម្ចាស់វិនិយោគវិញ ជាអ្នកទទួលផលចំណេញច្រើនលើសលប់តាមរយៈការលើកលែងពន្ធប្រាក់ចំណេញ និងការបង្កើតការងារដល់ជនជាតិរបស់ប្រទេសខ្លួន។ បញ្ហានេះមានន័យថា នាយទុនបរទេសជាអ្នកទទួលផលចំណេញ រីឯម្ចាស់ប្រទេស ឬប្រជាពលរដ្ឋកម្ពុជា គឺជាកម្មករមិនសូវបានចំណេញ។
អ្នកវិភាគសេដ្ឋកិច្ច ស្រី ចន្ធី មានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវចាប់ផ្ដើមទាំងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការបើកឱកាសឲ្យអ្នកវិនិយោគធំៗ ចូលមករកស៊ី និងការបង្កើតការងារ។ លោកបញ្ជាក់ទៀតថា ដើម្បីឲ្យកម្ពុជា មានយុត្តិធម៌សង្គម គឺការគោរពច្បាប់វិនិយោគ ប៉ុន្តែការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនោះ រដ្ឋាភិបាលហាក់ផ្ដល់ប្រយោជន៍ដល់អ្នកវិនិយោគច្រើនជាងអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានបង្កើតការងារដល់ប្រជាពលរដ្ឋ។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយសារតែយន្តការលើកកម្ពស់នាំចេញរបស់រដ្ឋាភិបាលនៅមានកម្រិត។ ម៉្យាងវិញទៀត ការបែកចែកផលពីការរីកចម្រើននៃការវិនិយោគធំនឹងតំបន់សេដ្ឋកិច្ចនៅកម្ពុជា នៅមានភាពអន់ខ្សោយនៅឡើយ។
តំបន់សេដ្ឋកិច្ចពិសេសសំដៅលើតំបន់មួយដែលមានផលិតកម្ម ឬឧស្សាហកម្មជាច្រើនដែលធ្វើការរួមគ្នាដើម្បីនាំចេញ។ តំបន់សេដ្ឋកិច្ចនីមួយៗ ជាទីកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មដោយសេរី ការផ្ដល់សេវាកម្មដោយសេរី និងជាតំបន់ទេសចរណ៍ដោយសេរី។
បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) បានអនុម័តគម្រោងដោយផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចចំនួន ១១កន្លែង ដែលស្ថិតនៅខេត្តស្វាយរៀង ភ្នំពេញ កណ្ដាល កោះកុង និងខេត្តបន្ទាយមានជ័យ ដែលសមាមាត្រនឹងផ្ទៃដីជាង ៣ពាន់ហិកតារ។ ក្នុងនោះខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ គឺខេត្តស្វាយរៀង ដែលមានចំនួនបីកន្លែង សមាមាត្រនឹងមានសង្វាក់ផលិតកម្មចំនួន ៦០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។