ការរាតត្បាតជំងឹកូវីដ-១៩ នៅឯប្រទេសថៃ កំពុងធ្វើឲ្យពលករខ្មែរជាច្រើននាក់ រងគ្រោះធ្ងន់ធ្ងរក្នុងជីវភាព។ ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួន ព្រួយបារម្ភខ្លាចស្ថានការណ៍ជំងឺកូវីដអូសបន្លាយពេលយូរ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគាត់។
ពលករខ្មែរធ្វើការនៅហាងម្ហូបអាហារនៅខេត្តសាមុតប្រាកាណ (Samauth Prakan) លោក ណៃ ចាន់ណា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភាថា ពលករខ្មែរនៅក្នុងបន្ទប់ជាមួយគាត់បានដាច់ស្បៀងអាហារហើយ ដោយសារថៅកែថៃបានផ្អាកការងារពួកលោកជាង១ខែហើយ បណ្ដាលមកពីផ្ទុះការរាតត្បាតខ្លាំងជំងឺកូវីដ១៩។ ពលករវ័យ ៣០ ឆ្នាំរូបនេះបន្តថា ពេលនេះពួកលោកនាំគ្នាសំងំនៅក្នុងបន្ទប់មិនហ៊ានចេញដើរទៅណាមកណាឆ្ងាយពីកន្លែងស្នាក់នៅនោះទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។ ពលកររូបនេះត្អូញត្អែរទៀតថា ពួកលោកស្នាក់នៅក្នុងបន្ទប់យូរថ្ងៃមានអារម្មណ៍តប់ប្រមល់ ហើយចង់ត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះ៖ «កំពុងតែខ្លាំងបង ឥឡូវនៅតែក្នុងបន្ទប់ហ្នឹងដើរចេញទៅណាក៏អត់មានដែរ គេអត់ឱ្យចេញ យើងត្រូវការទៅទិញឥវ៉ាន់និងទិញទឹកកកហូបក៏គេអត់ឱ្យចេញ ព្រោះវាយ៉ាប់ឥឡូវ។ មិនដឹងយ៉ាងម៉េចយ៉ាងណាទេ ចង់នាំគ្នាទៅផ្ទះក៏លំបាកចុះទៅអត់កើត ដល់អីចឹងទៅ ចាំមើលថៅកែហៅចូលធ្វើការវិញ។ កាលមុនគេកូវីដយើងអត់ដឹងថា គេបិទ យើងបើកលុយផ្ញើទៅផ្ទះឱ្យកូននិងម្ដាយឪពុកចាយ ហើយណាមួយខ្ញុំជំពាក់ប្រាក់ធនាគារខ្លះទៀត ដល់អីចឹងទៅយើងចេះតែបណ្ដោះទៅឱ្យខ្ញុំអត់ដឹងមុន ដល់អីចឹងទៅយើងដាច់ស្បៀង»។
អំឡុងពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩លើកទី៣នេះ ពុំមែនមានតែពលករខ្មែរម្នាក់ប៉ុណ្ណោះទេ ដែលមានជីវភាពវេទនានោះ ពលករខ្មែរជាច្រើននាក់ទៀតក៏នាំគ្នាស្នាក់នៅក្នុងបន្ទប់អត់ការងារធ្វើដែរ។
ពលករមានស្រុកកំណើតនៅខេត្តតាកែវលោក នៀវ វិចិត្រ ថ្លែងថា នៅតំបន់លោកធ្វើការមានពលករខ្មែរជាង ១០០ នាក់ ត្រូវបានថៅកែជនជាតិថៃ ផ្អាកការងារប្រហែល ១ ខែហើយ ដោយសារវិបត្តិជំងឺកូវីដ១៩។ ពលករវ័យ ២៨ ឆ្នាំរូបនេះ ព្រួយបារម្ភខ្លាចគ្មានអង្កច្រកឆ្នាំប៉ះពាល់ដល់សុខភាព ព្រោះនៅពេលនេះគ្រួសារគាត់នៅសល់ស្បៀងអាហារបន្តិចបន្តួច ដោយអាចហូបបានយ៉ាងយូរ ២ ថ្ងៃទៀតប៉ុណ្ណោះ៖ «អ្នកផ្ទះយើងក៏មានជំងឺហ្នឹងដែរ គាត់ទៅណាក៏មិនកើតរកអីក៏មិនកើត យើងក៏អត់បានត្រៀមរកថវិកាថា យើងនៅនេះត្រូវផ្អាកការងារទេ។ បើយើងទៅផ្ទះឥឡូវហ្នឹងក៏ទៅអត់កើត ណាមួយក៏យើងអត់ដឹងរកអីដែរ ព្រោះនៅស្រុកខ្មែរការងារក៏ពិបាករកធ្វើ ហើយជីវភាពខ្ញុំក្រីក្រ។ បើយើងនេះទៅ យើងធ្វើជាកម្មករគេបានប្រាក់ចំណូលដោយមិនបាច់ចំណាយដើមទុន យើងប្រើតែកម្លាំងញើសឈាម »។
ពលករមួយក្រុមនេះធ្វើការងារនៅក្នុងហាងបាយនៅខេត្តជាប់ទីក្រុងបាងកក។ ពួកគេអះអាងថា មានពលករខ្មែរធ្វើការសំណង់និងលក់ម្ហូបអាហារនៅទីក្រុងបាងកកនិងខេត្តនន់ថាក់បូរី (Nunthaburi) រាប់ពាន់នាក់ផ្សេងទៀត ដោយអ្នកខ្លះដាច់ស្បៀងនិងខ្លះទៀតនៅសល់អង្ករបន្តិចបន្តួច ដោយសារអត់ការងារធ្វើជាច្រើនថ្ងៃមកហើយ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីអត្ថាធិប្បាយជុំវិញក្ដីកង្វល់របស់ពលករខ្មែរនេះបានទេ នៅថ្ងៃទី១៧ ខែឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក បានបង្ហោះសារនៅហ្វេសប៊ុកស្ថានទូតនៅថ្ងៃទី១៧ ខែឧសភាថា អំឡុងពេលនេះ ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ត្រូវចូលរួមអនុវត្តតាមវិធានការរបស់អាជ្ញាធរថៃឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការកុំឲ្យឆ្លងជំងឺក៏កាចសាហាវនេះ។
ចាប់តាំងពីដើមខែមេសាមក ការផ្ទុះរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ឆ្លងចូលក្នុងសហគមន៍លើកទី៣នៅក្នុងប្រទេសថៃ មានអ្នកឆ្លងជាង ៨ ម៉ឺន ២ ពាន់នាក់(៨២.២១៩) ហើយ ក្នុងនោះនៅទីក្រុងបាងកកច្រើនជាងគេ។
ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ស្ថានការណ៍រាតត្បាតជំងឺកូវីដនៅប្រទេសថៃរលកថ្មីនេះមានស្ទុះខ្លាំងជាងពេលមុនៗ និងជាហានិភ័យដល់ពលករខ្មែរនៅទីនោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ពលករនៅតំបន់ទីក្រុងបាងកកប្រឈមនឹងការឆ្លងជំងឺកូវីដជាងគេ ព្រោះជាតំបន់ក្រហម។ លោកបញ្ជាក់ទៀតថា ពលករធ្វើការផ្នែកសំណង់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារពួកគាត់ធ្វើការងារមិនទៀងទាត់ ហើយប្រឈមនឹងថៅកែបោកប្រាស់កម្លាំងពលកម្មពួកគាត់៖ «វាទាំងសំណង់ទាំងរោងចក្រ ប៉ុន្តែអ្នកដែលធ្វើការសំណង់ហ្នឹងគឺ ប្រឈមជាងគេហើយ ដោយសារអី ដោយសារតែវិស័យសំណង់យើងចាត់ទុកថា ជាវិស័យមិនរៀបរយមិនផ្លូវការ។ គាត់ធ្វើការច្រើនតែជាពលករមិនមានឯកសារ ហើយល័ក្ខខ័ណ្ឌការងារគាត់លំបាកជាងគេ ហើយមិនមានអ្នកណាចូលទៅដល់ការដ្ឋានធំៗនោះទេ »។
លោក ឌី ថេហូយ៉ា យល់ថា ដើម្បីដោះស្រាយការអត់ឃ្លានរបស់ពលករ រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការបញ្ជូនជំនួយមនុស្សធម៌ជួយដល់ពលករខ្មែរដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដនៅប្រទេសថៃជាបន្ទាន់ ដើម្បីពួកគាត់បានស្បៀងអាហារហូបចុកអំឡុងពេលនេះ។
របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់មានជាង ១ លាន ៨ សែននាក់ (១.៨០០.០០០) ធ្វើការងារនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។