ពលករ​ខ្មែរ​​ជា​ច្រើន​នាក់​បន្ត​ត្រឡប់​ទៅ​​កម្ពុជា​​វិញ​ដោយ​សារ​​ខ្លាច​​ឆ្លង​​ជំងឺ​កូវីដ​១៩​​នៅ​​ប្រទេស​​ថៃ​

0:00 / 0:00

ពលករ​​ខ្មែរ​​​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​​ជា​​ច្រើន​​នាក់​នៅ​តែ​​​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​​ទៅ​​កម្ពុជា​​វិញ​ ដោយសារ​​ពួកគាត់​​ព្រួយបារម្ភ​ខ្លាច​​ឆ្លង​ជំងឺ​កូវីដ​-១៩​ ​គ្មាន​​គ្រូពេទ្យ​​ព្យាបាល​​ជំងឺ​។ ​​មន្ត្រី​សង្គម​ស៊ីវិល​​យល់​​ថា ​​រឿង​នេះ​អាជ្ញាធរ​ខ្មែរ ​គួរតែ​រៀប​ចំ​​ឱ្យ​ពលករ​​ធ្វើ​ចត្តាឡីស័ក​​​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ និង​​ដើម្បី​ឱ្យ​ពួកគាត់​​ឆាប់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។

ពលករ​ខ្មែរ​​ប្រមាណ​​ពី ​២០០ ​ទៅ ​៣០០ ​នាក់ ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រថុយប្រថាន​ឆ្លង​ដែន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​ជា​បន្តបន្ទាប់​។

​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែន​​លោក អ៊ុំ សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ថា ​ពលករ​ទាំង​នោះ​​ភាគ​ច្រើន​ជិះ​ឡាន​ឈ្នួល​​ដោយ​ខ្លួន​ឯង​ ចូល​មក​​តាម​ច្រក​របៀង​ព្រំដែន​បឹង​ត្រកួន​ក្នុង​ស្រុក​ស្វាយចេក ច្រក​ទ្វារ​ព្រំដែន​អូរបីជាន់​ស្រុក​អូរជ្រៅ និង​​ច្រក​របៀង​ព្រំដែន​ក្នុង​ស្រុក​ម៉ាឡៃ។​ លោក​​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ ​​មាន​ពលករ​ខ្មែរ​ជាង​ ២០០ ​នាក់​​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​​តាម​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។ លោក​​បញ្ជាក់​ថា ​ភ្លាម​ៗ​ក្រោយ​ពេល​ពលករ​មក​ដល់​ព្រំដែន​អាជ្ញាធរ​ខ្មែរ​បាន​ត្រួតពិនិត្យ​សុខភាព​​របស់​​ពួកគាត់​​ជា​មុន​សិន​ ទើប​បញ្ជូន​ទៅ​មណ្ឌល​​ធ្វើ​ចត្តាឡីស័ក​​នៅ​ទីរួម​ខេត្ត​បន្ទាយមានជ័យ និង​​​​នៅ​ស្រុក​ជាប់​ព្រំដែន​ថៃ​៖ «មក​ដល់​ភ្លាម​យើង​យក​សំណាក​ភ្លាម​ តែ​យក​ឡាន​ទាហាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ភ្លាម​អត់​ទុក​ទេ​។ ​ប្រចាំ​ការ​២៤​ម៉ោង តើ​មក​ដល់​​យើង​កកស្ទះ​តែ​យប់​ទេ យើង​អត់​បាន​បញ្ជូន​ដោយសារតែ​​យប់​ពេក​ បើ​ព្រលឹម​ឡើង យើង​ចាប់​បញ្ជូន​ហ្មង។​ គាត់​មក​ប៉ះ​ប៉ូលិស​ថៃ ថៃ​បញ្ជូន​មក​ថែម​បណ្ដោយ​អាហ្នឹង​​​បើ​ថៃ​ចាប់​បាន​គាត់​បញ្ជូន​មក​ផ្លូវ​ត្រង់​ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត គាត់​ដូច​មក​ខ្លួន​ឯង​អីចឹង​ គាត់​មក​​ហើយ​​ថៃ​គេ​ចាប់​ហើយ​បញ្ជូន​មក​ភ្លាម​អត់​ទុក​ទេ »

​​​​​​ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា ​យល់​ថា ​ស្ថានភាព​បែប​នេះ​ អាជ្ញាធរ​គួរតែ​​រៀបចំ​​កន្លែង​ធ្វើ​ចត្តាឡីស័ក​​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​ពលករ​​ដើម្បី​ការពារ​​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​-១៩​ផង និង​ដើម្បី​សម្រួល​ឱ្យ​ពួកគេ​​ឆាប់​​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​​វិញ​​ផង​។ ​លោក​ប្រាប់​ថា ​កន្លង​​មក​មាន​ពលករ​ជា​ច្រើន​​នាក់​​ហើយ​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​​​ជាង ​២ខែ​ មិន​ទាន់​បាន​ចេញ​ទៅ​ផ្ទះ​វិញ​។ លោក​​បញ្ជាក់​ថា ​ការ​ដែល​អាជ្ញាធរ​ធ្វើ​បែប​នេះ​បាន​​​​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​​របស់​ពលរដ្ឋ ហើយ​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ ដែល​បាន​ផ្ដល់​ស្បៀង​អាហារ​ជូន​ដល់​​អ្នក​ធ្វើ​ចត្តាឡីស័ក៖ «ព្រោះ​ដោយសារ​តែ​កន្លង​មក​យើង​ឃើញ​កន្លែង​ចត្តាឡីស័ក​ហ្នឹង​បន្ទប់​ទឹក​ក៏​រួម​គ្នា បន្ទប់​អនាម័យ​ក៏​រួម​គ្នា ដូច្នេះ​ហើយ​មិន​អាច​ជៀស​ផុត​ពី​ការ​ឆ្លង​ការ​អី​បាន​ទេ។ អីចឹង​អាជ្ញាធរ​គួរតែ​យក​ចិត្ត​ទុក​ដាក់ ​ទាំង​អស់​ហ្នឹង​។​ ទី២​បើ​សិន​​តែ​ពួកគាត់​ដល់​ថ្ងៃ​ដល់​ពេល​វេលា​ហើយ ​ត្រូវ​ឱ្យ​ពួកគាត់​ចាកចេញ ដែល​អាច​ជួយ​ដល់​ធ្វើ​ឱ្យ​ជីវភាព​​របស់​គាត់​ហ្នឹង​ប្រសើរ​ដែរ ព្រោះ​គាត់​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​ធ្វើ​អ្វី​បន្ថែម​ទៀត​បាន​ ដើម្បី​ចិញ្ចឹម​គ្រួសារ​»។

​ជា​មួយ​គ្នា​នេះ​ ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត កំពុង​កាន់​ឥវ៉ាន់​សំពីងសំពោង​នាំ​គ្នា​អង្គុយ​​​​​រង់ចាំ​​​ជិះ​ឡាន​ឈ្នួល​នៅ​​​ទីក្រុង​បាងកក​ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​។​​​

ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ​សំណង់​នៅ​កណ្ដាល​ទី​ក្រុង​បាងកកលោក​ស្រី ហ៊ុម រ៉ាន់ ​ថ្លែង​ថា ​​លោក​ស្រី​និង​ពលករ​ខ្មែរ​​ប្រមាណ​ ៧០ ​នាក់​ ត្រៀម​​ចេញ​ពី​ទីក្រុង​បាងកក​​នៅ​យប់​ថ្ងៃ​ទី​២២ ខែ​សីហា​ ដើម្បី​​ទៅ​ឱ្យ​ដល់​ព្រំដែន​កម្ពុជា​នៅ​ពេល​ព្រឹក។ ​ស្ត្រី​វ័យ​ ៤៥ ​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ពួក​លោក​ស្រី​មិន​​អាច​ទ្រាំ​រស់​នៅ​ប្រទេស​ថៃ​បន្ត​ទៅ​ទៀត​បាន​ ព្រោះ​​​គ្មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក​ និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​៖ «ជាប់​កូវីដ​ទៅ​ងាក​ឈប់​វា​អត់​មាន​ការងារ​ធ្វើ​អីចឹង​ទៅ​ក៏​ទៅ​ផ្ទះ​។​ កន្លែង​ខ្ញុំ​ធ្វើ​ការ​សម្រាក​ជាង​១ខែ​ហើយ ដល់​ពេល​ជាប់​កូវីដ​ក៏​គេ​ឈប់​ត​ទៅ​ទៀត អត់​មាន​ការងារ​ធ្វើ​រាប់​ខែ​អីចឹង​នៅ​បាន​អី​ហូប​ហើយ​ចេះ​តែ​នាំ​គ្នា​ទៅ​ផ្ទះ​ទៅ​។ ដូច​ខ្ញុំ​អី​វា​អស់​ប្រាក់​អស់​អី​ហើយ មិន​ដឹង​មាន​អី​រស់​ទេ នៅ​អត់​លុយ​ចាយ​ច្រើន​ខែ​ពេក​ហើយ​សុខ​ចិត្ត​ទៅ​ផ្ទះ​មួយ​រយៈ​សិន »

​​​​​​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ​បាន​នាំ​គ្នា​​ត្រឡប់​ទៅ​កម្ពុជា​វិញ​​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ​ខែ​សីហា ដែល​អាជ្ញាធរ​ខ្មែរ​បើក​ច្រក​ទ្វារ​ព្រំដែន​ជាប់​ជា​មួយ​​ប្រទេស​ថៃ​។ ការ​ដែល​ពលករ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​​ ដោយ​សារ​ពួកគេ​មិន​អាច​ទ្រាំ​រស់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត​បាន​ ព្រោះ​អត់​ការងារ​ធ្វើ ​និង​ព្រួយបារម្ភ​​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ថៃ​។ ​រហូត​មក​ទល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ហើយ​​បាន​ត្រឡប់​ទៅ​​ប្រទេស​​វិញ​។ ក្នុង​នោះ​មាន​ពលករ​​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​​​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ២១ ​ថ្ងៃ​ និង​ពលករ​ដែល​គ្រូពេទ្យ​​រក​ឃើញ​ជំងឺ​កូវីដ​១៩​​ បញ្ជូន​ទៅ​​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​នៅ​​​ខេត្ត​ជាប់​ព្រំដែន​​ប្រទេស​ថៃ រហូត​ដល់​ជា​សះស្បើយ​ទើប​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។