បេក្ខជន​ជា​ច្រើន​នាក់​អវត្តមាន នៅ​ថ្ងៃ​ទី២ នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ២០២២

បេក្ខជន​ជា​ច្រើន​នាក់​បាន​បោះបង់​ការ​ប្រឡង​ក្នុង​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០២២។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បោះបង់​ការ​ប្រឡង​របស់​យុវជន​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាតិ​នៅ​ពេល​ខាង​មុខ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ចាប់​ពី​ថ្នាក់​ទាប​ឡើង​វិញ។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី២ ដែល​ចាំ​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​បេក្ខជន​ជា​ច្រើន​នាក់​បាន​បោះបង់​ការ​ប្រឡង។

ហ្វេសប៊ុក​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​ដឹង​ថា ដំណើរការ​ប្រឡង ថ្នាក់​វិទ្យាសាស្ត្រ រួមមាន​មុខ​វិជ្ជា អក្សរ​សាស្ត្រខ្មែរ និង​រូបវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​មុខ​វិជ្ជា គណិតវិទ្យា សីលធម៌ និង​ពលរដ្ឋ​វិជ្ជា។ ចំពោះ​ការ​ប្រឡង រយៈ​ពេល ២ថ្ងៃកន្លងមកនេះ មាន​បេក្ខជន​អវត្តមាន​សរុប​ជាង ២ពាន់ ៤រយ​នាក់ (២.៤០០នាក់) ក្នុង​នោះ​ស្រី​ជាង ១ពាន់​នាក់ (១.០៣៦នាក់) និង​បេក្ខជន ៧០នាក់ មាន​បញ្ហា​សុខភាព និង៤នាក់សង្ស័យវិជ្ជមានកូវីដ-១៩។

ចំពោះ​អវត្តមាន​របស់​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នេះ ក្រសួង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) កាល​ពី​ឆ្នាំ២០២១ មាន​បេក្ខជន​អវត្តមាន ចំនួន៤.២២៤នាក់ និង​មាន​បញ្ហា​សុខភាព ចំនួន ២៩ករណី។

បេក្ខជន​ប្រឡង​នៅ​មណ្ឌល​សាកលវិទ្យាល័យ​បាត់ដំបង កញ្ញា ហឿន ចន្ទបរមី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៦ ធ្នូ ថា កញ្ញា​បាន​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​សម្រាប់​ការ​ប្រឡង។ កញ្ញា​បន្ត​ថា វិញ្ញាសា​ប្រឡង​នៅ​ឆ្នាំ​នេះ​មិន​សូវ​លំបាក​សម្រាប់​កញ្ញា​នោះ​ឡើយ ហើយ​កញ្ញា ជឿជាក់ ៥០ភាគ​រយ​ថា នឹង​អាច​ប្រឡងជាប់នៅឆ្នាំនេះ។ ជាមួយ​គ្នា​នេះ កញ្ញា​ឃើញ​មាន​បេក្ខជន​ទៅ​ប្រឡង​ច្រើន​នាក់ ប៉ុន្តែ​ក៏​មាន​បេក្ខជន​មួយ​ចំនួន បាន​បោះ​ការ​ប្រឡង​នេះ​ថ្ងៃ​នេះ និង​ខ្លះ​ទៀត អវត្តមាន​តាំង​ពី​ថ្ងៃ​ប្រឡង​ដំបូង​ម្ល៉េះ។

« ខ្ញុំ​មើល​ទៅ​ល្មម អត់​សូវ​តឹងតែង​អី​ប៉ុន្មាន​ផង ឃើញ​តែ​គេ​ឆែក​តែ​ខ្លួន​យើង​ហើយ​ឱ្យ​ទៅ​ហ្មង »

ស្ថានភាព​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ មិន​ខុស​ពី​ការ​ប្រឡង​ថ្ងៃ​ទី១ ឡើយ ដោយ​មាន​ការ​រឹត​បន្តឹង និង​យាម​ល្បាត​ពី​សំណាក់​អាជ្ញាធរ ទាំង​ក្នុង និង​ក្រៅ​មណ្ឌល​ប្រលង។ បេក្ខជន​ភាគ​ច្រើន​ទៅ​ដល់​មណ្ឌល​ប្រឡង​ពី​ព្រលឹម​ស្រាងៗ ដើម្បី​ត្រៀម​ខ្លួន និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អាណាព្យាបាល។ នៅ​ឯ​ច្រក​ចូល​មណ្ឌល​ប្រឡង​វិញ បេក្ខជន​ប្រឡង​ទាំង​អស់ ត្រូវ​បាន​អនុរក្ស​ឆែក ដក​ហូត​ព្រុយយ៉ុង ឬ​ឯកសារ ដែល​ខុស​ពី​លក្ខន្តិកៈ​ប្រឡង។ ចំពោះ​ការ​រៀបចំ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​នៅ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​សហការ​ពី​លោកគ្រូ អ្នកគ្រូ មេប្រយោគ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​គណបក្ស​កាន់​អំណាច អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

កាលពីឆ្នាំ២០១១ ក្រសួង​អប់រំ​បាន​បែងចែក​មុខ​វិជ្ជា​សិក្សា​ជា​ពី​ផ្នែក​គឺ ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម។ ក្នុង​នោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រឹតបន្តឹង​ការ​ប្រឡង​បាក់ឌុប​កាល​ពីឆ្នាំ២០១៤ ដោយ​មិន​ឱ្យ​មាន​សកម្មភាព​លួច​មើល លួច​ចម្លង​គ្នា យក​ទូរស័ព្ទ​ចូល​បន្ទប់​ប្រឡង ឬ​បែក​វិញ្ញាសា​មុន​ការ​ប្រឡង​ឡើយ។ នៅ​ឆ្នាំ២០២០ កន្លង​ទៅ នៅ​ពេល​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ជំងឺកូវីដ១៩ ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន បាន​ឱ្យ​សិស្ស​ថ្នាក់​ទី១២ ជាប់​បាក់ឌុប​ដោយ​ស្វ័យប្រវត្តិ។

ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​មាន​បេក្ខជន​ប្រឡង​អវត្តមាន​ច្រើន មួយ​ចំនួន​ដោយ​មាន​បញ្ហា​សុខភាព។

ទាក់ទិន​បញ្ហា​នេះ​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់​ឃើញ​ថា បេក្ខជន​បន្ត​បោះបង់​ការ​ប្រឡង​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព និង​ការ​បាក់​ទឹក​ចិត្ត​ដោយ​សារ​មិន​អាច​ដោះ​ស្រាយ​វិញ្ញាសា​បាន កាល​ពី​ប្រឡង​ថ្ងៃ​ដំបូង។ លោក​លើក​ឡើង​ថា ក្រសួង​អប់រំ​ត្រូវ​តែ​ពង្រឹង​ការ​បង្រៀន និង​ការ​រៀន​សូត្រ​របស់​សិស្សានុសិស្ស​តាំង​ពី​បឋមសិក្សា​មក​ដល់​ថ្នាក់​វិទ្យាល័យ ដោយ​មិន​ត្រូវ​យក​រយៈ​ពេល​នៃ​ការ​ប្រឡង​ពីរ​ថ្ងៃ មក​វាស់វែង​កំណត់​សមត្ថភាព​សិស្ស​នោះ​ឡើយ។លោក​បន្ត​ថា បញ្ហា​ទាំង​នេះ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​វា​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជា​មិន​ខាន។

« អ៊ីចឹង វា​ជា​បញ្ហា​ចំណោទ វា​ត្រូវ​ធ្វើ​ការ​កែ​លម្អ​តាំង​ពី​ថ្នាក់​បឋម​ឡើង​មក វា​មិនមែន​ធ្វើ​ត្រឹមតែ​ការ​ប្រឡង​ពីរ​ថ្ងៃ ហើយ​វាយ​តម្លៃ​ថា បាន​គុណភាព​ល្អ​អី​ហ្នឹង គឺ​ទៅ​អត់​រួច​ទេ »

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ឆ្នាំ២០២២ នេះ ធ្វើ​ឡើង​រយៈ​ពេល ២ថ្ងៃ​គឺ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៦ ខែធ្នូ ដោយ​មាន​បេក្ខជន​ប្រឡង​ជាង ១២ម៉ឺន​នាក់ (១២៨.១៣៥នាក់) ក្នុង​នោះ​ស្រី​ជាង ៦ម៉ឺន ៨ពាន់​នាក់ (៦៨.៧៧១នាក់)។ មាន​មណ្ឌល​ប្រឡង​ចំនួន ២២១កន្លែង និង​មាន​ជិត ៥ពាន់ ២០០បន្ទប់ (៥.១៧៤បន្ទប់)។ ក្រៅពី​គណៈ​មេ​ប្រយោគ និង​គណៈកម្មការ​នានា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​សង្កេត​ការណ៍​រាជធានី ខេត្ត និង​គរុ​និស្សិត ក៏​បាន​ចូលរួម​ជួយ​រៀបចំ និង​អង្កេត​ការណ៍​ដំណើរ​ការ​ប្រឡង​នេះ​ដែរ ដោយ​បូក​សរុប​ទាំង​អស់ មាន​ចំនួន​ជាង ២ម៉ឺន ៣ពាន់​នាក់ (២៣ ០៤៦នាក់)៕