អ្នក​​ជំនាញ​​​​​បារម្ភ​ថា ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធើណិត នឹង​​ផ្ដល់​​ផល​​​ប៉ះពាល់​ដល់​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា

0:00 / 0:00

អ្នក​ជំនាញផ្នែក​សារព័ត៌មាន និង​សិទ្ធិ​មនុស្ស ​​​​​​ព្រួយ​បារម្ភ​ថា ការ​​លប​តាម​ដាន​​ និង​​ការ​​គ្រប់គ្រង់​​ប្រព័ន្ធ​អ៊ីនធើណិត ​នឹង​ផ្ដល់​ផល​​​ប៉ះពាល់​ដល់​សេរី​ភាព​​ និង​​​សិទ្ធិ​សម្ដែង​​មតិ​​​នៅ​​កម្ពុជា។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​​​រដ្ឋាភិបាល​​​ហាក់​យក​គំរូ​តាម​ចិន ​ក្នុង​ការ​​គ្រប់គ្រង​​​​រឹតត្បិត​បណ្ដាញ​អ៊ីនធើណិត​នៅ​កម្ពុជា​។

ក្រុម​អ្នក​ជំនាញ​នៅ​តែ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ចេតនា​នៃ​ការ​​រឹត​បន្តឹង និង​ការ​​លប​តាម​ដាន​​​​ការ​សន្ទនា​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត និង​ប្រព័ន្ធ​ឌីជីថល​​(Digital)​​ព្រោះ​​នេះ​​​គឺ​​ជា​​ការ​​​បន្លាច​​ពលរដ្ឋ និង​ជា​​ទង្វើ​រំលោភ​សិទ្ធិ​ឯកជន​ភាព​​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(Camboja) ​លោក ណុប វី ​សង្កេត​ឃើញ​​ថា បច្ចុប្បន្ន​​ពលរដ្ឋ​ និង​​អ្នក​សារព័ត៌មាន​​​នៅ​​មាន​សេរីភាព​ខ្លះ​ដែរ ក្នុង​ការ​ប្រើប្រាស់​​ប្រព័ន្ធ​អ៊ីនធើណិត និង​​ការ​​សម្ដែង​មតិ។ តែ​យ៉ាង​ណាលោក​ថា ពួកគាត់​ខិតខំ​​​រឹតត្បិត​​សកម្មភាព​មួយ​ចំនួន​​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ។ លោកព្រួយ​បារម្ភ​ថា​​​ ប្រសិន​​​បើ​រដ្ឋាភិបាល​​បង្កើន​ការ​រិតត្បិត​លំហរ​ ឬ​​​ក៏​ចូល​ទៅ​គ្រប់​គ្រង​លើ​​​ប្រព័ន្ធ​អ៊ីនធើណិត​​ទាំង​ស្រុង​ដូច​នៅ​ប្រទេស​ចិន នោះ​​​នឹង​បង្កើត​ឲ្យ​មាន​ផល​ប៉ះពាល់​​ជា​​ប្រព័ន្ធ​មក​លើ​ពលរដ្ឋ​ខ្មែរ​​៖ «ជា​រួម​ វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ប្រព័ន្ធ​តែ​ម្ដង ប្រសិន​បើ​អា​លំហរ​សេរីភាព​ ​ ( លើ​ប្រព័ន្ធ​អ៊ីនធើណិត )​ ហ្នឹង​​ត្រូវ​បាន​រឹត​ត្បិត»។

សារព័ត៌មាន​អាមេរិក​ ឌឹ​​ញូវយ៉ក​ថាមស៍​​ ( www.nytimes.com) បាន​ចុះ​ផ្សាយ​​កាល​ពី​សប្ដាហ៍​មុន​ថា ​ប្រព័ន្ធ​អ៊ីនធើណិត​​កម្ពុជា ​នឹង​ត្រូវ​រដ្ឋាភិបាល​លុកលុយ ឬ​​គ្រប់គ្រង​​​​​ដូច​នៅ​ប្រទេស​ចិន​ដែរ។ ​​ការ​គ្រប់គ្រង​​ប្រព័ន្ធ​អ៊ីនធើណិត​​នៅ​កម្ពុជា​នេះ ​ត្រូវ​បាន​​រដ្ឋាភិបាល​​​អនុវត្ត​ច្រើន​ករណី ​​​​​​ដូច​ជា​ ការ​​​​លប​ចូល​ទៅ​ស្ដាប់​កិច្ច​សន្ទនា​គ្នា​តាម​​ប្រព័ន្ធ​​វីដេអូ​ឃ្លីប​​​(Zoom) របស់​ក្រុម​សមាជិក​ចលនា​មាតា​ធម្មជាតិ​កាល​ពី​ឆ្នាំ​២០២០ ករណី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​​​លប​ចូល​​(Zoom)​ ​ស្ដាប់​កិច្ច​សន្ទនា​​របស់​​សកម្មជន​បក្ស​ប្រឆាំង​​នៅ​ក្រៅ​ប្រទេស និង​ករណី​សមត្ថកិច្ច​​​ឆែកឆេរ​​​សារ​អេឡិចត្រូនិក​​ (Telegram)​ ​របស់​​​​​ក្មេង​ប្រុស​ម្នាក់​អាយុ​ ១៦ ​ឆ្នាំ គឺជា​​កូន​​​​អតីត​​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​ជាប់​ឃុំ​ម្នាក់ គឺ​យុវជន កាក់ សុវណ្ណច្ឆ័យ​​ ហើយ​ចោទ​ប្រកាន់​​បទ​ញុះញង់​ និង​ជេរ​ប្រមាថ​ ជាដើម​។

សកម្មភាព​លប​លួច​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណិត​នេះ​កើត​ឡើយ​ខ្លាំង​ និង​ក្លាយ​ជា​សកម្មភាព​ស្រប​ច្បាប់​​របស់​អាជ្ញាធរ​ ក្រោយ​ពេល​​​​​​​​​​​​​រដ្ឋាភិបាល​​ចេញ​អនុក្រឹត្យ​​​​​ឲ្យ​អាជ្ញាធរ​​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ ​(national internet gateway)​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ​ក្រោម​ហេតុ​ផល​ថា ដើម្បី​ជួយ​​សម្រួល និង​គ្រប់គ្រង​ការ​តភ្ជាប់​បណ្តាញ​​អ៊ីនធឺណិត ​​ការ​បង្កើន​​ប្រសិទ្ធភាព​ការពារ​សន្តិសុខ​ជាតិ ​​និង​ការ​ថែ​រក្សា​របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សង្គម ​វប្បធម៌ ​ប្រពៃណីជាតិ​។​ តាម​រយៈ​អនុក្រឹត្យ​នេះ ​​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត (ISP) ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​បង្វែរ​បណ្តាញ​របស់​ខ្លួន​ឲ្យ​ចូល​តាមច្រក​ទ្វារ​អ៊ីនធឺណិតជាតិក្នុង​រយៈ​ពេល​១២​ខែ ពោល​គឺ​នៅ​មុន​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​នេះ។

ក្រុម​អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​អាមេរិក​ និង​​អ្នក​រាយ​ការណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក វីទិត​ មុនតាប៊ន​​ (Vitit Muntarbhorn)​ ​​​សុទ្ធ​​តែ​​​បាន​​បង្ហាញ​ការ​ព្រួយ​​បារម្ភ​ និង​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​សិន ដើម្បី​ជៀសវាង​ការ​រិះគន់​ថា រដ្ឋាភិបាល​​​​រឹតត្បិត​​សេរី​ភាព​ សិទ្ធិ​មនុស្ស​ ពិសេស​សិទ្ធិ​​​ឯកជន​ភាព​ និង​ការ​​​បំបិទ​​សំឡេង​ឯករាជ្យ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត។

ជុំវិញ​ករណី​​នេះ​ដែរ វិទ្យុ​អាស៊ី​សេរី ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​​​នាំ​ពាក្យ​​ក្រសួង​ប្រៃសនីយ៍លោក មាស ប៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មានលោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែមករា។ តែ​យ៉ាង​ណា ក្រុម​អ្នក​នាំ​ពាក្យ​​នៃ​អង្គភាព​របស់​​​រដ្ឋាភិបាល ​សុទ្ធ​តែ​ធ្លាប់​បាន​ចេញ​មុខ​ការ​ពារ​​សកម្មភាព​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ថា​ត្រឹមត្រូវ ​មិន​ប៉ះ​ពាល់​ដល់​​សិទ្ធិ​ និង​នៅ​តែ​ផ្ដល់​ឱកាស​ឲ្យ​​​ពលរដ្ឋ​ប្រើប្រាស់​​ សម្ដែង​មតិ​ និង​ផ្សព្វផ្សាយ​តាម​ចិត្ត​ដដែល លើក​លែង​​អំពើ​ល្មើស​ច្បាប់​។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន ក៏​ធ្លាប់​​ចោទ​​ប្រកាន់​ថា​ ​ពលរដ្ឋ ឬ​ តំណាង​គណបក្ស​នយោបាយ​ ​បាន​​ប្រើ​ប្រាស់​សិទ្ធិ​​សន្ទនា​ជា​ឯកជន​ភាព​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ​ដែល​បង្កើត​ឲ្យ​​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ហើយ​នាំ​គ្នា​និយាយ​អំពី​​ផែនការ​​ញុះញង់ ទើប​​ច្បាប់​មិន​អាច​ការពារ​ពួកគេ​បាន​​។លោក ម៉ាលីន បញ្ជាក់​​ថា ​​កិច្ច​សន្ទនា​​​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​​យក​ធ្វើ​ជា​ភស្តុតាង​មូលដ្ឋាន ​​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ។

ប៉ុន្តែ​ក្រុម​​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​លុក​លុយ​ប្រព័ន្ធ​អ៊ីនធើណិត​ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ហ៊ាន​រិះគន់​ និង​សកម្មជន​​​​កន្លង​មក គឺ​ជា​ចេតនា​បង្ក្រាប​ផ្នែក​នយោបាយ​។

​មន្ត្រី​​ផ្នែក​តស៊ូ​មតិ​​នៃ​​បណ្ដាញ​សមាគម​យុវជន​កម្ពុជា ​(CYN) ​លោក សាន់ ម៉ាឡា ​សង្កេត​ឃើញ​​​ថា មុខ​សញ្ញា​ដែល​​រង​ការ​លុកលុយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ភាគច្រើន​ គឺ​ជា​សកម្មជន​នយោបាយ សង្គម ដីធ្លី​ បរិស្ថាន​​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាដើម។ លោក​បនុ្ត​ថា ​ចំពោះ​អ្នក​​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ ឬ​ ប្រព័ន្ធ​ឌីជីថល​​ខ្ពស់​ បាន​ចាប់​ផ្ដើម​​​ប្ដូរ​វិធី​សាស្ត្រ​សន្ទនា​ជា​ឯកជន​ ដោយ​ស្វែង​រក​​កម្មវិធី​​ (app)​ ដែល​​មាន​​​សន្តិសុខ​​ខ្ពស់​​​។ ប៉ុន្តែ​ចំពោះ​​ពលរដ្ឋ​​ភាគច្រើន ​ដែល​មិន​សូវ​មាន​ចំណេះ​ដឹង​​ខាង​ប្រព័ន្ធ​អ៊ីនធើណិត​ អាច​នឹង​ត្រូវ​រង​គ្រោះ​​​បន្ត​ទៀត​៖ «រដ្ឋាភិបាល​គួរ​តែ​ធ្វើការ​អប់រំ​ទៅ​លើ​ប្រជា​ពលរដ្ឋ​វិញ អំពី​ក្រម​សីលធម៌​នៃ​ការ​ប្រើប្រាស់​ ហើយ​រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​ត្រូវ​តែ​គោរព​ទៅ​លើ​ឯកជន​ភាព​​នៃ​ការ​ប្រើប្រាស់​អ៊ីនធើណិត​របស់​​ប្រជាពលរដ្ឋ​ទូទៅ​ដែរ»។​​

កាល​ពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ធ្លាប់​​ធ្វើការ​​រឹតត្បិត​សេរីភាព​​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នេះ​ម្ដង​ហើយ​ ដោយ​កាល​នោះ ​​ក្រសួង​​មហាផ្ទៃ ​​ក្រសួង​ប្រៃសនីយ៍ និង​ក្រសួង​ព័ត៌មាន​បាន​ចេញ​ប្រកាស​រួម​គ្នា​មួយ ក្នុង​​ទិសដៅ​ប្រឆាំង​​​ ​រាំង​ខ្ទប់​​ ​​រាល់​ខ្លឹម​សារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ក្នុង​គោល​ដៅ​ទប់​ស្កាត់​ការ​បង្ករ​ចលាចល​​បណ្ដាល​​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​​ជាតិ។ ប៉ុន្តែ​​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ជាតិ និង​អន្តរជាតិយល់​ថា រដ្ឋាភិបាល​មាន​បំណង​​​​តាម​ដាន និង​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធើណិត​ ដើម្បី​ពង្រឹង​​អំណាច​​​​នយោបាយ​​ ក្នុង​ការ​​រារាំង​ខ្លឹមសារ និង​សំឡង​​ឯករាជ្យ​​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។