ពលករ​មាន​កូន​តូច​ធ្វើ​ការ​នៅ​ថៃ​ រិះគន់​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ

ដោយ​ សន ចាន់រដ្ឋា
2019.03.28
ពលករ​ នៅ​​មុខ​ស្ថានទូត​ខ្មែរ​ នា​ទីក្រុង​បាងកក ៦២២ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ឈរ​មុខ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ដោយ​ពលករ​ខ្មែរ

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែល​មាន​​​កូន​តូច​យក​ទៅ​នៅ​ជា​មួយ ​រិះគន់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក ថា​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ពលករ។

ការ​រិះគន់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទៅ​បំពេញ​ឯកសារ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក ត្រូវ​ចំណាយ​ពេល​យូរ​ពេក​ចំណាយ​អស់​ថវិកា​ច្រើន និង​តឹងចិត្ត​នៅ​ពេល​ឃើញ​មន្ត្រី​ទូត​ធ្វើ​ការ​យឺត​។

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​មាន​កូន​តូច ​ចោទ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​​​ព្រងើយកន្តើយ​ដាក់​ពួកគាត់ នៅ​ពេល​ពួកគាត់​ទៅ​រក​ជំនួយ​ឯកសារ​ផ្លូវ​ច្បាប់។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ លោក វីន មករា ថ្លែង​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​មីនា​ថា ​​​​​​ពួកគាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ពី​ស្ថានទូត​ខ្មែរ​ម្ដងៗ ជា​ពិសេស​លិខិត​បញ្ជាក់​ដើម្បី​យក​កូន​ទៅ​តាម​ក្នុង​ពេល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ពលករ​រូប​នេះ អះអាង​ថា កាល​ពី​ថ្ងៃ​ទី២៣​ មីនា​កន្លង​ទៅ​ ពួកគាត់​បាន​នាំ​កូន​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ពី​ស្ថានទូត ត្រូវ​ចំណាយ​ពេល​រង់ចាំ​តាំង​ពី​ម៉ោង​ ៨កន្លះ​ព្រឹក​រហូត​ដល់​ម៉ោង​១០យប់ ​ទើប​បាន​ឯកសារ។ លោក​បន្ត​ថា មន្ត្រី​ស្ថានទូត​មិន​អើពើ​ជួយ​ដល់​ពលករ ដែល​ចង់​បាន​ឯកសារ​ឆាប់ ធ្វើ​មួយ​ថ្ងៃ​រួច​នោះ​ទេ ប្រសិន​បើ​ពួក​គាត់​មិន​បាន​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ចំនួន​២០០បាត ឬ​ប្រមាណ ២ម៉ឺន ៥ពាន់​រៀល (២៥.០០០រៀល) ក្នុង​ម្នាក់​ជូន​ដល់​មន្ត្រី​ទូត​នោះ។ លោក​ថា នៅ​ក្នុង​ស្ថានទូត​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ធ្វើ​លិខិត​បញ្ជាក់​នាំ​កូន​ទៅ​ជា​មួយ​ឪពុកម្ដាយ​នោះ​ទេ ក៏ប៉ុន្តែ​ពលករ​ដែល​គ្មាន​ប្រាក់​បង់ គឺ​ត្រូវ​រង់ចាំ​រយៈ​ពេល ៣ថ្ងៃ ទើប​បាន។ បញ្ហា​នេះ​ប៉ះពាល់​ដល់​ពលករ​នៅ​ខេត្ត​ឆ្ងាយៗ ត្រូវ​ស្នាក់​នៅ​ទីក្រុង​បាងកក​ច្រើន​ថ្ងៃ៖ «វា​ផ្ទុយ​នឹង​ស្ថានទូត​ប្រទេស​គេ​ ហើយ​មិន​គោរព​ពេលវេលា​ទេ​ បើ​ស្ថានទូត​លាវ​នៅ​ជិត​នោះ​ គឺ​គេ​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​របស់​គេ​ល្អ​ណាស់​ គេ​សឹង​តែ​មិន​ឈប់​សម្រាក​ផង​ គេ​សុខ​ចិត្ត​ផ្លាស់​ប្ដូរ​គ្នា​បម្រើ​ពលរដ្ឋ​គេ​ធ្វើ​មិច​ឲ្យ​បាន​ហើយ​ គេ​យល់​ពី​សុខ​ទុក្ខ​របស់​ពលករ​។ចំពោះ​ទូត​ខ្មែរ​គឺ ផ្ទុយ​ស្រឡះ​ ដល់​ពេល​ឈប់​គឺ​ឈប់​តែ​ម្ដង​ ហើយ​ចាក់​សោ​មិន​ឲ្យ​ចេញ​ទៀត​ ទាល់​តែ​ពួក​ខ្ញុំ​ទៅ​សុំ​ ថា​បង​អើយ​ខ្ញុំ​សុំ​យក​ក្មេង​ទៅ​ហូប​អី​សិន​ បើ​បង​ចាក់​សោ​អ៊ីចឹង​ក្មេងៗ ចេញ​ទៅ​ក្រៅ​មិន​កើត គាត់​ថា ម៉េច​ក៏​មិន​ប្រាប់​មុន»

លោក​បន្ត​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សតិអារម្មណ៍​របស់​ពលករ​ ព្រោះ​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន ដើម្បី​ស្នាក់​នៅ​ទី​ក្រុង​បាងកក ព្រោះ​ពលករ​មួយ​ចំនួន​​ធ្វើ​ការ​នៅ​តាម​ខេត្ត​ មិន​មាន​បងប្អូន​នៅ​ក្បែរ​ស្ថានទូត​នោះ​ទេ​ ម្យ៉ាង​ទៀត​ក៏​ប្រឈម​នឹង​ថៅកែ​បញ្ឈប់​បី​ការងារ​ដែរ​ ដោយសារ​មិន​បាន​ធ្វើ​ការ​ច្រើន​ថ្ងៃ។

ពលករ​ម្នាក់​ទៀត​ ធ្វើ​ការ​នៅ​ខេត្ត​រ៉ាក់យ៉ង (Rakyorng) នៅ​ភាគ​ខាង​កើត​ទៅ​ក្រុង​បាងកក លោក ឡេង ឡុង អះអាង​ថា នៅ​ពេល​ធ្វើ​លិខិត​បញ្ជាក់​ពី​ស្ថានទូត​ម្ដងៗ ពួក​គាត់​នៅ​រង់ចាំ​ដាច់​បាយ​ក្រហាយ​ទឹក​យ៉ាង​លំបាកលំបិន​​ស្ទើរ​តែ​ខ្យល់​ចាប់ ព្រោះ​ទាំង​ម្ដាយ​ឪពុក​នឹង​កូន​ឈរ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នៅ​ក្នុង​ស្ថានទូត​ពេញ​មួយ​ថ្ងៃ។ លោក​បន្ត​ថា ទោះបីជា​ពួក​គាត់​លំបាក​យ៉ាង​នេះ​ក្ដី ក៏​មន្ត្រី​ទូត​មិន​អើពើ​ជា​មួយ​​ពួក​គាត់​ដែរ ដោយ​ប្រៀប​ដូច​ពួក​គាត់​ជា​ជន​អន្តោប្រវេសន្ត​ខុស​ច្បាប់​ទៅ​សុំ​សិទ្ធ​ជ្រកកោន​ប្រទេស​ដទៃ​ដូច្នេះ​ដែរ៖ «មើល​តាម​ទូរទស្សន៍​វា​ខុស​ពី​កន្លែង​ដែល​ខ្ញុំ​ទៅ​ ព្រោះ​ខ្ញុំ​ទៅ​ទូត​ ៣ដង​ហើយ​ ក្នុង​ទូរទស្សន៍​គេ​ថា​ជួយ​ពលករ​ ដល់​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទាល់​វា​អត់​ដូច​។ ជនជាតិ​ថៃ​នៅ​ក្បែរ​ទូត​ក៏​គេ​និយាយ​ប្រាប់​ខ្ញុំ​ដែរ​ គេ​ថា​ស្ថានទូត​ខ្មែរ​ធ្វើ​ការ​យឺត​ណាស់​ ហើយ​ធ្វើ​ការ​មិន​ទៀត​ទាត់​ម៉ោង​ទៀត​។ ចំពោះ​មនុស្ស​ធំ​ខ្ញុំ​មិន​សូវ​ខឹង​ទេ​ តែ​នេះ​កូន​ក្មេង​គ្នា​ក្ដៅ​លំបាក»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក ចិន សំណាង ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៦ និង​ទី២៧ មីនា ដោយ​អ្នក​លើក​ទូរស័ព្ទ​អះអាង​ថា ខ្លួន​ជា​ជំនួយ​ការ​មន្ត្រី​ទូត​មាន​ប្រសាសន៍​ថា លោក ចិន សំណាង ជាប់​រវល់ ហើយ​ថា លោក​ក៏​មិន​អាច​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ៖ «ខ្ញុំ​អត់​ដឹង​ដែរ​បង​ចំណុច​នឹង​ទាល់​តែ​បង​ទាក់ទង​ទៅ​ខាង​មន្ត្រី​ទទួល​បន្ទុក​ដោយ​ត្រង់​ ព្រោះ​ខ្ញុំ​គ្រាន់​តែ​បុគ្គលិក​កិច្ចសន្យា​របស់​ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ។ តាម​ធម្មតា គឺ​យើង​ធ្វើ​ការ​ពី​ម៉ោង ៨ន្លះ​ទៅ​ដល់​ម៉ោង ១២ថ្ងៃ រួច​ហើយ​យើង​ធ្វើ​ការ​ម្ដង​ទៀត​ពី ២ ដល់​ម៉ោង ៥ល្ងាច»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា កន្លង​មក​លោក​តែង​ទទួល​ដំណឹង​ពី​ពលករ​អំពី​ការ​លំបាក​ក្នុង​ពេល​ធ្វើ​លិខិត​ស្នាម​ពី​ស្ថាន​ទូត​ខ្មែរ​ជា​ប្រចាំ។ លោក​បន្ត​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ ព្រោះ​មន្ត្រី​ទូត​ជា​តំណាង​ឲ្យ​អាជ្ញាធរ​ខ្មែរ​ប្រចាំ​នៅ​ក្រៅ​ប្រទេស​សម្រាប់​ជួយ​ដោះ​ស្រាយ​ទុក​លំបាក​របស់​ពលករ ពីព្រោះ​ពួក​គាត់​ក៏​បាន​បង់​ពន្ធ​ជូន​រដ្ឋ​​បាន​ប្រាក់​ចំណូល​ជាតិ​ជា​ច្រើន​ដែរ។ លោក​បន្ត​ថា ការ​បំពេញ​ការងារ​យឺតយ៉ាវ​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​ការងារ​របស់​ពលករ​ ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ទីក្រុង​បាងកក៖ «កន្លែង​នេះ​ខ្ញុំ​គិត​ថា​រដ្ឋ​យើង​គួរ​តែ​ចាប់​ផ្ដើម​ពិចារណា​រឿង​នេះ​ ហើយ​សម្រួល​តាំង​ពី​ឯកសារ​ផ្សេងៗ ហើយ​អាច​យក​សេចក្ដី​ប្រកាស​របស់​សមាគម​អាស៊ាន ព្រោះ​យើង​នៅ​ក្នុង​ប្រទេស​អាស៊ាន​ក៏​ដូច​ជំហរ​លើ​ការ​គោរព​ការ​លើក​ស្ទួយ​របស់​ពលករ​ចំណាក​ស្រុក​ក៏​មាន​ចែង​ ហើយ​ចង្អុល​បង្ហាញ​ប្រទេស​ទាំង​អស់​ដែល​ជា​សមាជិក​អាស៊ាន​ទោះ​បី​ជា​ប្រទេស​បញ្ជូន​ក៏​ដោយ​ប្រទេស​ទទួល​ក៏​ដោយ​ គឺ​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ទៅ​លើ​អនុសញ្ញា​ពលកម្ម​អន្តរជាតិ​ពាក់ព័ន្ធ​ការ​លើក​ស្ទួយ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​និង​​ក្រុម​គ្រួសារ​របស់​គាត់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ពលករ​នាំ​កុមារ​ទៅ​ធ្វើ​ការ​ជា​មួយ​​ឪពុក​ម្ដាយ​នៅ​ក្រៅ​ប្រទេស​ដោយសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ ហើយ​គ្មាន​អ្នក​មើល​ថែ​ពួក​គេ​នៅ​ស្រុក​កំណើត។ ដូច្នេះ ពួក​គេ​ត្រូវ​នាំ​កូន​ទៅ​ធ្វើ​ការ​ជា​មួយ​ដោយ​​មិន​បាន​រៀន​សូត​នោះ​ទេ។

ពលករ​អះអាង​ថា ប្រមាណ​ ២ឆ្នាំ​ចុង​ក្រោយ​មក​នេះ​ អាជ្ញាធរ​ថៃ​បាន​រឹង​បន្តឹង​ច្បាប់​​នាំ​ក្មេង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ហើយ​បើ​ទោះ​បី​ជា​ឪពុកម្ដាយ​មាន​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់​ក៏​ដោយ​ ក៏​​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ពី​ស្ថានទូត​ដែរ ទើប​​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​​ពួក​គេ​ឆ្លង​ដែន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។