ពលករ​ខ្មែរ​មួយ​ក្រុម​ប្រថុយ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​អំឡុង​ជំងឺ​កូវីដ​១៩​រាតត្បាត

ដោយ សេក បណ្ឌិត
2020.04.26
Share on WhatsApp
Share on WhatsApp
ខ្មែរ ទៅ ថៃ ៩២២ ពលករ​ខ្មែរ​៣នាក់ក្នុង​ចំណោម ពលករ ៧០​នាក់ ដែល​រត់​រួច​ពី​ប៉ូលិស​ថៃ​តាម​ចាប់​ពេល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០២០។
Photo Provided

ពលករ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៧០​នាក់​ប្រថុយ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ អំឡុង​ពេល​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត។ ពលករ​មួយ​ចំនួន​ធំ​មិន​បាន​ទៅ​ដល់​គោលដៅ​នោះ​ទេ ដោយ​ប៉ូលិស​ថៃ​ដេញ​បាញ់​ស្ទាក់​ចាប់​បាន​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​។​ ជាមួយគ្នា​នោះ​ក៏មាន​មនុស្ស​៣​នាក់​ប៉ុណ្ណោះ បាន​រត់​គេច​ខ្លួន​រួច​ធ្វើដំណើរ​ទៅដល់​ទីក្រុង​បាងកក។ តើ​ក្រុម​ពលករ​ខ្មែរ​ទាំងនោះ​ជួប​ការ​លំបាក​យ៉ាងណា​ទើប​នាំគ្នា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។

លោក សេក បណ្ឌិត ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ដែល​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដូចតទៅ​។ «»

ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ដែល​រត់គេច​ខ្លួន​ទៅ​ដល់​គោលដៅ​លើកឡើង​ស្រដៀង​គ្នា​ថា ការ​ឆ្លងដែន​អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​នេះ ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ឈឿ​ម រស្មី រៀបរាប់​ថា ពួកគេ​ឆ្លង​ទៅ​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​ក្នុងស្រុក​ម៉ាឡៃ​តាមរយៈ​មេខ្យល់ ដោយ​បង់​ប្រាក់​ចំនួន ៣​ពាន់​បាត ឬ​ប្រមាណ​៩៥​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។ ពលករ​រូប​នេះ បន្ត​ថា មេខ្យល់​ជនជាតិ​ខ្មែរ​៣​នាក់​បាន​នាំ​ពលករ​ខ្មែរ​ម្ដង​ជាង​២០​នាក់​ដើរកាត់​ព្រៃ និង​ចម្ការ​ដំឡូង​មី​របស់​ជនជាតិ​ថៃ តាំងពី​ម៉ោង​៦​កន្លះ​ល្ងាច​រហូតដល់​ម៉ោង ២​រំលង​អធ្រាត្រ​ទើប​ដល់​កន្លែង​ជិះ​រថយន្ត។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​នោះ​លោក​មិន​សង្ឃឹមថា នឹង​មាន​ជីវិត​បាន​ត្រឡប់​ទៅ​ខ្មែរ​វិញ​ឡើយ ពីព្រោះ​ប្រឈម​នឹង​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ភ័យខ្លាច​ប៉ូលិស​ថៃ​ចាប់​តាម​ផ្លូវ​។​លោក​បន្ត​ថា ពួកគេ​បាន​ឡើង​ជិះ​រថយន្ត​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ស្រាប់តែ​ជួប​ប៉ូលិស​ថៃ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ក៏​ប៉ុន្តែ​អ្នក​បើក​រថយន្ត​ជនជាតិ​ថៃ​មិន​បាន​ឈប់​ឱ្យ​ប៉ូលិស​ត្រួតពិនិត្យ​នោះ​ទេ ហើយ​បាន​បន្ថែម​ល្បឿន​រថយន្ត​យ៉ាង​លឿន​ដូច​អ្នក​បើក​រថយន្ត​ក្នុង​ក្នុង​រឿង​កុន បណ្ដាល​ឱ្យ​ប៉ូលិស​ថៃ​បាញ់​បែក​កង់ឡាន។ លោក​បន្ថែម​ថា ពេលនោះ​ពួក​លោក​មាន​គ្នា ៣​នាក់​បាន​លោត​ចេញពី​រថយន្ត​ហើយ​នាំគ្នា​ស្ទុះ​រត់​ចូល​ព្រៃ៖ «ប្រថុយ​ណាស់​ដូច​យក​ជីវិត​មកលេង​សើច​អីចឹង​ឯង ជិះ​ឡាន់​លឿន​ក៏​លឿន បើសិនជា​តម្រួត​ថៃ​បាញ់​បែក​កង់ឡាន​ក្រឡាប់​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទៀត។ ខ្ញុំ​ប្រាប់​គេ​ដែរ​ឱ្យ​គេ​ឈប់​ឱ្យ​ប៉ូលិស​ចាប់​ទៅ វា​មិន​អី​ទេ វា​អត់​ឈប់​។​ខ្ញុំ​ឡើង​ឡាន​បាន​មិន​ដល់​៥​នាទី​ផង ប៉ះ​គេ​អស់​ជាច្រើន​គ្រាប់​ចំ​កង់ឡាន ហើយ​ឡាន​បើក​រត់​រហូតដល់​អស់​ខ្យល់​បាន​ឈប់​ខ្ញុំ​ក៏​រត់​ចូល​ព្រៃ។ រត់​ដូច​មនុស្ស​ផ្អើល​អ្វី​ម្យ៉ាង​អីចឹង រត់ចោល​ខោអាវ​ខ្លះ​ក៏​យំ​ខ្លះ​ក៏​ស្រែក​ពេញ​ព្រៃ»

លោក​បន្ត​ថា ពលករ​ផ្សេងទៀត​អាច​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក៏ប៉ុន្តែ​ពុំ​ដឹង​ថា ប៉ូលិស​ថៃ​បញ្ជូន​ពលករ​ទាំងនោះ​ទៅ​កន្លែង​ណា​នោះ​ទេ ហើយ​លោក​ក៏​បន្ត​ដំណើរ​ទៅ​កន្លែងធ្វើការ​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ទី​២៤ មេសា​។​

លោក​បន្ថែម​ថា ពលករ​ខ្មែរ​ទាំងនោះ​ភាគច្រើន​ជា​ពលករ​ធ្វើការ​ស្របច្បាប់ ដែល​បាន​ឆ្លងដែន​តាម​ច្រក​របៀង​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ខែ​មីនា។ លោក​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ឆ្លង​ដែល​ទៅ​ប្រទេស​ថៃ ដោយសារ​នៅផ្ទះ​ពុំ​មាន​ការងារ​ធ្វើ ហើយ​ថៅកែ​ជនជាតិ​ថៃ​បាន​ទូរស័ព្ទ​ឱ្យ​លោក​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ពីព្រោះ​នៅ​កន្លែងធ្វើការ​ពលករ​បាន​ត្រឡប់​ទៅ​ផ្ទះ​អស់ហើយ ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ទើប​បណ្ដាល​ឱ្យ​មិន​មាន​អ្នកធ្វើការ​។ ទោះជា​យ៉ាងណា​លោក​ថា នេះ​ជា​លើកទីមួយ​ដែល​លោក​ប្រថុយ​នឹង​គ្រោះថ្នាក់​ក្នុង​ពេល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ៖ «ខ្ញុំ​ឈប់​ឆ្លងដែន​បែបនេះ​ទៀតហើយ​ខ្លាច​ណាស់ ខ្ញុំ​មក​រាល់ដង​មាន​លិខិត​ឆ្លងដែន (ប៉ាស្ព័រ) ត្រឹមត្រូវ បើ​មក​បែបនេះ​វេទនា​ណាស់ ដើរកាត់​ព្រៃ​រហូត ព្រោះ​ពេលនេះ​ថៃ​គេ​មិន​ឱ្យ​ចូល​ប្រទេស​គេ មានតែ​នាំគ្នា​ដើរកាត់​ព្រៃ។ ខ្ញុំ​នៅផ្ទះ​អត់​ការងារ​ធ្វើ​ផង​ណាមួយ​នៅផ្ទះ​គ្មាន​លុយ​ចាយ និង​គ្មាន​ប្រាក់​សង​ធនាគារ ហើយ​ទៅ​ធ្វើ​ការ​សំណង់​ក៏​គេ​មិន​យក អីចឹង​ហើយ​បានសម្រេច​ចិត្ត​ឡើង​ទៅ​ថៃ​វិញ​បណ្ដោយ​ទៅ»

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​បាន​រួម​ដំណើរ​ជាមួយ​ពលករ លោក ទុំ ប៊ុនថន ថ្លែង​ថា ក្នុង​ពេល​ឆ្លងដែន​នោះ​លោក​ស្ទើរ​ស្រក់​ទឹកភ្នែក ពីព្រោះ​ក្នុង​ចំណោល​ពលករ​ទាំង​៧០​នាក់​នោះ មាន​ស្ត្រី​ដែល​មាន​កូនខ្ចី​អាយុ ៦​ខែ​ម្នាក់​ផង​បាន​បី​កូន​ឆ្លងដែន​ក្នុង​ព្រៃ​ទាំង​កណ្ដាល​យប់។ លោក​បន្ថែម​ថា នៅ​ពេល​នោះ​លោក​ឃើញ​វេទនា​ភ្នែក​ខ្លាំង​ពេក​គាត់​ក៏បាន​ជួយ​លី​ការ៉ុង​ដាក់​ខោអាវ​របស់​ស្ត្រី​កូនខ្ចី​ម្នាក់​នោះ​រហូត​ដល់​កន្លែង​ជិះ​ឡាន៖ «បីកូន​បណ្ដើរ​ទឹកដោះគោ​កូន​បៅ​បណ្ដើរ ហើយ​មាន​ប្អូនថ្លៃ​មួយ​ហ្នឹង​យក​បើក​កូន​កង្ហារ​ឱ្យ​កូន​ដេក ដើម្បី​កុំ​​ឱ្យ​គាត់​យំ គាត់​ត្រូវការ​ដេក ដល់ពេល​យើង​បី​គាត់​ទាំង​យប់​កាត់​ព្រៃ​អីចឹង​ទៅ ដល់ពេល​ក្មេង​យំ​ម្ដងៗ​ខ្ញុំ​ភ័យ​ណាស់ ភ័យខ្លាច​ប៉ូលិស​មក​ចាប់។ អីចឹង​សង្គម​នេះឯង​ធ្វើ​ឱ្យ​អ្វី​បាត់បង់​ជាពិសេស​ធ្វើ​ឱ្យ​ពលករ​បង្ខំចិត្ត​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។ ខ្ញុំ​បាន​សួរ​ប្អូនស្រី​ដែល​មាន​កូនខ្ចី​ហ្នឹង​ដែរ គាត់​ថា បើ​មិន​មក​បាន​អី​ហូប បើ​ផ្ទះ​អត់​អី​ហូប ការងារ​អត់​មាន ហើយ​គ្រួសារ​សង្ឃឹម​លើ​គាត់ គាត់​ថា​មួយ​ជំហាន​ស្លាប់​ក៏​គាត់​ត្រូវតែ​មក​ថៃ​ដែរ»

រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដដែល ដោយ​ហាមឃាត់​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ចាប់ពី​ម៉ោង ១០​យប់ ដល់​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​ការពារ​កុំ​ឱ្យ​រាតត្បាត​ជំងឺ​កូវីដ​១៩ ។ ប្រសិនបើ​ជន​ណា​ល្មើស​បម្រាម​នេះ​នឹង​មានទោស​ជាប់​ពន្ធនាការ​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៤​ម៉ឺន​បាត​(៤០,០០០) ឬ​ប្រហែល ១​ពាន់ ៣០០​ដុល្លា។

ថ្មីៗ​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ស្នាក់នៅ​ប្រទេស​ថៃ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ថៃ​បាន​ពលករ​ខ្មែរ​១៣​នាក់ ដែល​ឆ្លងដែន​ទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ស្រុក​អារញ្ញ​យ៉ាប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Sra Kao) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ក្រុម​ពលករ​ទាំងនោះ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ដែល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេលនេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង និង​ប្រឈម​នឹង​ថៃ​ចាប់​ដាក់គុក​ផង ព្រោះ​សព្វថ្ងៃ​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នៅឡើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី៖ «យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​រឿង​ហ្នឹង ហើយក៏​សង្វេគ​យ៉ាង​ខ្លាំង ដោយសារតែ​ពួកគាត់​ប្រថុយ​ជីវិត​យ៉ាង​នេះ​។ នេះ​ជា​សារ​មួយ​ដល់​អ្នកដឹកនាំ​រដ្ឋ ដល់​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យ​ទៅលើ​ភាព​ដែល​គ្មាន​ការងារ​ធ្វើ​ទាក់ទង​ទៅលើ​ទីផ្សារ​លក់​កសិផល​របស់​កសិករ ហើយ​និង​ការ​ដោះសា​របស់​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជា​ពលរដ្ឋ»

របាយការណ៍​អង្គការ​សង់​ត្រាល់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ប្រមាណ​២​លាន​នាក់​(,០០០,០០០)​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ចាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩​មក មាន​ពលករ​ខ្មែរ​ជិត​១០​ម៉ឺន​នាក់​(១០០,០០០)​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សារ​នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ។

លោក សុំ ច័ន្ទគា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកាបម្រុង​របស់​រដ្ឋ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ថា មាន​ប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​(,០០០)​នោះ ជួយ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ជាពិសេស​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ដើម្បី​ឱ្យ​ពួកគាត់​មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូបចុក បណ្ដោះអាសន្ន ដោយ​មិនបាច់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុងតែ​រាត​ត្បាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។