ក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​កាសែត​ អង្គរ​ធូដេ(Angkor Today)​ ក្រោយ​ពី​នាយក​អង្គភាព​នេះ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

ហេង រស្មី
2021.02.26
ក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​កាសែត​ អង្គរ​ធូដេ(Angkor Today)​ ក្រោយ​ពី​នាយក​អង្គភាព​នេះ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា ស្លាកសញ្ញាក្រសួង​ព័ត៌មាន
រូប៖ ពលរដ្ឋ

ក្រសួង​ព័ត៌មាន​ថា វិធានការ​នេះ​ធ្វើឡើង​ ដោយ​សារ​តែ​ម្ចាស់​អាជ្ញាប័ណ្ណ​មួយ​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ និង​មាន​ចេតនា​ទុច្ចរិត​ធ្វើ​ឱ្យ​មហន្តរាយ​ដល់​សុខភាព​សាធារណៈ​ បង្ក​ភាព​ច្របូក​ច្របល់​ និង​បង្ក​ភាព​ចលាចល​ដល់​សង្គម​ជាតិ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ​ បញ្ជាក់ថា​ ស្ថាប័ន​កាសែត​អង្គរ​ធូដេ ​(Angkor Today) បាន​រំលោភ​ទៅ​លើ​កិច្ច​សន្យា​ ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​បាន​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ ខុស​ពី​ការ​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ ពី​សាធារណជន​ និង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជា​មួយ​បរទេស​ និង​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​។​

លោក​បន្ដ​ថា ​ការ​ផ្សព្វផ្សាយ​កន្លង​មក​ដែល​​ចោទ​ប្រកាន់​ថា​ កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ​ដែល​ជា​ជំនួយ​របស់​ចិន ​ក្នុង​តម្លៃ​ថ្លៃ​ គឺ​ជា​ការបំផ្លើស​ពី​ការ​ពិត និង​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​មក​លើ​រដ្ឋាភិបាល៖«​នៅ​ពេល​ដែល​គាត់​ចុះ​បញ្ជី​គឺ​ក្រសួង​អនុវត្ត​ទៅ​តាម​ច្បាប់​ របប​សារព័ត៌មាន​គឺ​អង្គភាព​សារព័ត៌មាន​លោក​ផ្សាយ​ ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ហើយ​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ជា​មុន​ទេ​។​ ប៉ុន្តែ​ការ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ គឹ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អត្ថបទ​ដែល​ខ្លួន​បាន​ផ្សាយ»។

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​២៥ ​ខែ​កុម្ភៈ​បាន​​បណ្ដេញ​ជនជាតិ​ចិន លោក ហ្សិន កៃទុង(SHEN KAIDONG) ចេញពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​​វិញ​ និង​ហាមឃាត់​ការ​ចូល​មក​ប្រទេស​កម្ពុជា​ជាថ្មី។ ​

មន្ត្រី​អ្នក​ជំនាញ​ខាង​សារព័ត៌មាន​ រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​នេះ​ថា ​ធ្វើ​ឡើង​លើស​ពី​ច្បាប់​អនុញ្ញាត​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក​ ណុប វី​ មាន​ប្រសាសន៍​ថា​ ​ប្រសិន​បើ​អង្គភាព​សារព័ត៌មាន​ណា​មួយ​ផ្សាយ​ខុស​​ ក្រសួង​ព័ត៌មាន​គួរ​តែ​ទាមទារ​ឱ្យ​មាន​ការ​កែ​តម្រូវ​ ចៀសវាង​ប្រើ​ច្បាប់​ផ្សេងៗ​យក​មក​ចោទ​ប្រកាន់ និង​ឈាន​រហូត​ដល់​ការ​ដក​ហូត​អាជ្ញាប័ណ្ណ៖«​នៅ​ក្នុង​ករណី​ជា​រួម​សម្រាប់​ខ្ញុំ​ថា​ នៅ​ក្នុង​ករណី​ផ្សព្វផ្សាយ​មួយ​ដែល​មិន​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ឬ​មួយ​ក៏​ក្នុង​ការ​ផ្សព្វផ្សាយ​ដែល​អាច​និយាយ​បាន​ថា​ មិន​បាន​ត្រឹមត្រូវ​វា​គួរ​តែ​ មាន​ការ​បំភ្លឺ​ គួរ​តែ​មាន​ការ​ចុះ​ផ្សាយ​កែ​តម្រូវ​ ចំពោះ​ព័ត៌មាន​ដែល​គាត់​បាន​ចុះ​ផ្សាយ​ចៀសវាង​ការ​ដក​អាជ្ញាប័ណ្ណ​លឿន​ពេក»។

របាយការណ៍​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា រក​ឃើញ​ថា រយៈពេល ១០​ខែ ឆ្នាំ​២០២០ មាន​អ្នក​កាសែត ៥៩​នាក់ រងគ្រោះ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់ខ្លួន ការ​ស្លាប់ និង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ។

ក្នុងចំណោម​អ្នក​ទាំង ៥៩​នាក់​នោះ មាន ២៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ៖ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ដើម​»និង​​អ្នកកាសែត ៧​នាក់​ទៀត រង​អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ។​ករណី​ទាំង​នេះ​ឆ្លុះបញ្ចាំង​ថា សេរីភាព​សារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​ នៅតែ​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។