ក្រសួង​ព័ត៌មាន​ព្រួយបារម្ភ​អំពី​ការ​ត្រៀមខ្លួន​មិន​ទាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម

ដោយ សេក បណ្ឌិត
2023.04.09
ក្រសួង​ព័ត៌មាន​ព្រួយបារម្ភ​អំពី​ការ​ត្រៀមខ្លួន​មិន​ទាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម សារ​លើហ្វេសប៊ុក​របស់រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​ត្រៀមខ្លួន​មិន​ទាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែលត្រូវ​បាន​លុប​វិញ។
Photo Screenshot

ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រួយបារម្ភ​អំពី​ការ​ត្រៀមខ្លួន​មិនទាន់ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ខាងមុខ​។ អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ដូចៗ​គ្នា​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នេះ គឺ​បណ្ដាល​មកពី​រដ្ឋាភិបាល​កំពុង​ខ្វះខាត​ថវិកា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រារព្ធ​កីឡា​ស៊ីហ្គេម (SEA Games)

នៅសល់​ត្រឹមតែ​រយៈពេល​២៧​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា ស៊ីហ្គេម (SEA Games)​ហើយ។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បែរជា​លើកឡើង​ថា ក្រសួង​ព័ត៌មាន រួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​ព្រួយបារម្ភ​អំពី​ការ​ត្រៀមខ្លួន ដើម្បី​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ទៅវិញ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​រួម​ជាមួយ​រូបភាព​មួយ​សន្លឹក ដែល​មាន​រូបលោក និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា កាលពី​ថ្ងៃទី​៧ ខែ​មេសា ដោយ​បាន​លើកឡើង​ថា ទាំង​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន កំពុង​ចែក​គ្នា​ភ័យ ព្រោះ​ជិត​ដល់​ថ្ងៃ​ស៊ីហ្គេម​ហើយ តែ​អនុ​គណៈកម្មការ​នីមួយៗ មិន​ដែល​ទទួល​ផែនការ​លម្អិត រួម​ទាំង​ការ​បែងចែក​ថវិកា​លម្អិត​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អាច​បណ្ដាល​មក​ពី​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រឈម​បញ្ហា​ថវិកា​ក្នុង​ការ​ចំណាយ​ធ្វើជា​ម្ចាស់​ផ្ទះ​កីឡា ស៊ី​ហ្គេម​នេះ​។ លោក​បន្ថែម​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បង្ហាញ​ពី​របៀប​ធ្វើការ​របស់​រដ្ឋាភិបាល​ដែល​មិន​ចេះ​ធ្វើការ​ជាមួយគ្នា​នោះ​ដែរ ព្រោះ​ការ​បែងចែក​ផែនការ និង​ថវិកា​លម្អិត​យឺតយ៉ាវ​នឹង​ធ្វើ​ឱ្យ​ក្រសួង​សាមី ដែល​ត្រូវ​ទទួលខុសត្រូវ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ឡើយ។

លោក គឹម សុខ៖ «លោក ហ៊ុន សែន មិន​មាន​រៀបចំ​ដោយសារតែ គាត់​គិត​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​កំពុង​តែ​មាន​វិបត្តិ ឬក៏​លើកស្ទួយ​វិស័យ​កីឡា​នោះ​ទេ គាត់​រៀបចំ​ដោយ​ព្រោះតែ វា​ជិត​កៀក​ពេល​ដែល​បោះឆ្នោត​ឆ្នាំ​២០២៣។ គាត់​រៀបចំ​ព្រឹត្តិការណ៍​ហ្នឹង​ទៅ ដើម្បី​រៀបចំ​ពិធី​សាធារណៈ​ឱ្យ​បាន​ច្រើន​ផ្សព្វផ្សាយ​លើកមុខ​លើក​មាត់​គាត់ ទាក់ទង​ទៅ​នឹង​វិស័យ​កីឡា ហើយ​ភ្ជាប់​អំពី​អំនួត ជោគជ័យ​ក្នុង​វិស័យ​កីឡា ទៅ​នឹង​ការបោះឆ្នោត​តែប៉ុណ្ណោះ»

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១ របស់​ខ្លួន ក្នុង​ការរៀបចំ​ការ​ប្រកួត​កីឡា ស៊ីហ្គេម នៅ​ក្នុង​ខែ​ឧសភា ដោយ​ពិធី​បើក​ការប្រកួត​កីឡា ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែ​ឧសភា ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ខាងមុខ​។ ក្នុង​នោះ កម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​សរុប​ចំនួន ៣៧​ប្រភេទ ដែល​ចែកចេញជា​ជិត ៦​រយ​វិញ្ញាសា (៥៨១)

ដោយឡែក ហ្វេសប៊ុក​ផេកលោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​៨ ខែ​មេសា បាន​លុប​សារ​អំពី​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ទៅវិញ​។ ការ​លុប​សារ​នេះ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា ដោយសារ​លោក ខៀវ កាញារីទ្ធ បាន​ទទួល​បទ​បញ្ជា​ពី​លោក ហ៊ុន សែន តម្រូវ​ឱ្យ​លោក​លុប​សារ​ទាំងនោះ​ចេញ​វិញ ព្រោះ​ខ្លាច​ប៉ះពាល់​មុខមាត់​ដល់​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ​ដែរ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​បែងចែក​ថវិកា​លម្អិត ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា ស៊ីហ្គេម គឺ​បណ្ដាល​មក​ពី​អំពើ​ពុករលួយ​ក្នុង​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ដោយសារ​អំពើពុករលួយ​ក្នុង​វិស័យ​កីឡា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​វិស័យ​កីឡា​កម្ពុជា​នៅតែ​ទន់ខ្សោយ​ជាងគេ ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន (ASEAN)​។ លោក អ៊ុំ សំអាន បន្ថែម​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ នឹង​មិន​អាច​នាំ​កិត្តិយស​ដល់​ប្រទេសជាតិ​បាន​ច្រើន​នោះ​ឡើយ ព្រោះ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​លោក ហ៊ុន សែន ច្រើន​ជាង​ព្រះមហាក្សត្រ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ក្នុង​តំបន់​នេះ។

លោក អ៊ុំ សំអាន៖ «ខ្ញុំ​ថា​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​គាត់​ពុករលួយ ដូច្នេះ​ថវិកា​អាច​នឹង​គាំង​នៅ​ខាងលើ ឬក៏​គ្មាន​ថវិកា​ដើម្បី​រៀបចំ​ស៊ីហ្គេម​ហ្នឹង ដោយសារ​ពុករលួយ​នៅក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​ប្រៀប​ដូចជា​មហារីក​អ៊ីចឹង»

បើទោះបីជា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ក្ដី អ្នកវិភាគ​នយោបាយ​លើកឡើង​ថា កម្ពុជា​នឹង​មិន​អាច​ទទួល​មេដាយមាស​ច្រើន ពី​ការប្រកួត​ឡើយ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យកចិត្តទុកដាក់ ពង្រឹង​សមត្ថភាព កីឡាករ​ថ្នាក់​ជាតិ​បាន​គ្រប់គ្រាន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។