ក្រសួង​ព័ត៌មាន​បង្កើត​គណៈកម្មការ​តាមដាន និង​វាយ​តម្លៃ​​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន

ក្រសួង​ព័ត៌មាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​តាមដាន វាយ​តម្លៃ និង​លើក​សរសើរ ចំពោះ​អ្នក​សារ​ព័ត៌មាន និង​អង្គភាព​សារ​ព័ត៌មាន ដែល​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​បញ្ជាក់​ថា ខ្លួន​ក៏​នឹង​ដាក់​វិន័យ ចំពោះ​អ្នក​សារ​ព័ត៌មាន និង​អង្គភាព​សារ​ព័ត៌មាន​ណា ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ដែរ។

ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ពី​គោល​បំណង​នៅ​ក្នុង ​សេចក្ដី​សម្រេច​របស់​ខ្លួន ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី២ សីហា​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​ដើម្បី​តម្រង់​ទិស អ្នក​សារ​ព័ត៌មាន ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​លើក​ស្ទួយ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ របស់​អ្នក​សារ​ព័ត៌មាន។

ការ​បង្កើត​គណៈកម្មការ​នេះ ខណៈ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​​​ដល់​សារព័ត៌មាន​​​ ដើម្បី​អ្នក​​សារព័ត៌មាន​បាន​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ឆ្នាំ២០២០ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ដោយ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០ប្រទេស ដែល​បង្ហាញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។