ក្រសួង​មហាផ្ទៃ​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិតខាង

ក្រសួង​មហាផ្ទៃ​ចេញ​បទ​បញ្ជា​ជា​ថ្មី​ទៀត​​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង។

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា បទ​បញ្ជា​នេះ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​ពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​អ្នក​ពាក់ព័ន្ធ​មួយចំនួន​គឺជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​អនុវត្ត​ច្បាប់។

ពលរដ្ឋ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ហាក់​គ្មាន​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ទេ។

ពួកគេ​ថា វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​ក្រសួង​មហាផ្ទៃ​ចេញ​បទបញ្ជា ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់​ស្តែង​វិញ​គឺ​បាន​តែ​មួយ​ប្រាវ ​រួច​ក៏​ស្ងាត់​ទៅ​វិញ។

ពលរដ្ឋ​រស់​នៅ​កៀក​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្លែង​សុំ​លាក់​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ថា ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ឃុំ​ចំនួន ៤ គឺ​ឃុំ​តាអី ឃុំ​មនោរម្យ​ ឃុំពពែត និង​ឃុំ​គគីរសោម នៃ​ស្រុក​ស្វាយទាប ​ខេត្ត​ស្វាយរៀង រាប់ពាន់​ហិកតារ​ពលរដ្ឋ​ជួល​ឱ្យ​ជន​ជាតិ​វៀតណាម​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​ស្មៀន​ឃុំ និង​មន្ត្រី​មួយ​ចំនួន​ជា​អ្នក​ឈរ​ឈ្មោះ​ជំនួស​ឈ្មួញ​វៀតណាម​ ដើម្បី​លាក់បាំង​ថ្នាក់លើ។

លោក​ថា មូលហេតុ​ដែល​ពលរដ្ឋខ្មែរ​ជួល​ដី​ឱ្យ​វៀតណាម​ដោយសារ​តម្លៃ​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ ឬ​មាន​តម្លៃ​ថោក។

ពលរដ្ឋ​ថ្លែង​សុំ​លាក់​ឈ្មោះ៖«ត្រូវតែ​បង្រៀន​មេភូមិ​មេឃុំ​ឬ​ចៅហ្វាយ​ស្រុក​ទៅ​អប់រំ​សិន​បាន​អាច​ទៅ​រួច។ បើ​មិន​អ៊ីចឹង​ទេ​តែ​បាន​លុយ​ពួកគេ​អត់​គិត​ផល​ប្រយោជន៍​រួម​ទេ​ ព្រោះ​លុយ​ហូរ​ចូល​ហោប៉ៅ​ ហើយ​ជនជាតិ​យួន​សូក​លុយ​សុទ្ធ​តែ​មាន​កិច្ច​សន្យា​ចេញ​ពី​មេភូមិ​ឃុំ​ចូល​រួម​ធ្វើ»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១៣ វិច្ឆិកា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង​ទាំង​អស់ ត្រូវ​ពង្រឹង​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​អនុវត្ត​ច្បាប់​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។

រដ្ឋ​មន្ត្រី​រូប​នេះ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរចាត់​វិធានការ​ម៉ឺងម៉ាត់​រាល់​សកម្មភាព​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​មូលដ្ឋាន​លក់ ឬ​ជួល​ដី​ស្រែ​ចម្ការ​តាម​បណ្តោយ​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​គ្រប់​រូបភាព​ទាំង​អស់។

ពលរដ្ឋ​ដដែល​បន្ថែម​ថា បញ្ហា​នេះ​នឹង​មិន​អាច​ដោះស្រាយ​បាន​ឡើយ ប្រសិន​បើ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃលោក ស សុខា មិន​ចុះ​ស៊ើបអង្កេត និង​សួរនាំ​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ​ច្បាស់លាស់។

លោក​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​រូបនេះ ចុះ​ពិនិត្យ​ព្រំដែន​ដោយ​ផ្ទាល់​ហើយ​កុំ​ជឿ​តែរបាយការណ៍របស់អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​ថ្លែង​សុំ​លាក់​ឈ្មោះ «បើ​ឈប់​ឱ្យ​វៀតណាម​ជួល​ពិត​ប្រាកដ​មែន​វា​ជា​រឿង​សប្បាយ​ចិត្ត​មួយ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ព្រោះ​ពួក​យើង​នៅ​មាន​ការ​ព្រួយបារម្ភ។ បើ​គាត់​ធ្វើ​បាន​១០០ភាគ​រយ​វា​ជា​រឿង​ល្អ​ជួយ​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ជួយ​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ផង»។

បច្ចុប្បន្ន​ទិដ្ឋភាព​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង សម្បូរ​ដោយ​ចម្ការ​អំពៅ​និង​ដំណាំ​ផ្សេងៗ រាប់​ម៉ឺន​ហិកតារ​ហ៊ុមព័ទ្ធ​​ដោយ​របង​លួស ដែល​ពលរដ្ឋ​ខ្មែរ​និង​អាជ្ញាធរ​មួយចំនួន​បាន​ជួល​ឱ្យ​ឈ្មួញ​វៀតណាម​ធ្វើ​កសិកម្ម ក្នុង​តម្លៃ​ខ្ពស់។

ជា​រឿយៗ​គេ​តែង​ប្រទះ​ឃើញ​មាន​រថយន្ត-ម៉ូតូ ពាក់​ស្លាក​លេខ​វៀតណាម​បើក​បរ​ចេញ​ចូល​នៅ​តំបន់​នោះ​ជា​ញឹក​ញាប់ ដែល​ពុំ​ឃើញ​មាន​អាជ្ញាធរ​ខ្មែរ​​ត្រួត​ពិនិត្យ​នោះ​ឡើយ។

កាល​ពី​ឆ្នាំ​២០២១ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ទៅ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ទាំង​អស់ ត្រូវ​ហាម​ពលរដ្ឋ​កុំ​ឱ្យ​ជួល​ដីស្រែ ឱ្យ​ទៅ​វៀតណាម​បន្ត​ទៀត ដោយ​លោក​បារម្ភ​ថា បញ្ហា​នេះ​ប៉ះពាល់​បូរណភាព​ទឹកដី និង​មាន​ភាព​ស្មុគស្មាញ​នៅ​តាម​ព្រំ​ដែន។

លោក ស ខេង៖«អាហ្នឹង​អាច​ទាក់ទង​នឹង​បូរណភាព​ដែរ​ គឺថា​ប្រជា​ពលរដ្ឋ​យួន​ជួល​ដី​យូរៗ​ទៅ គាត់​ថា​មក​នៅ​ដី​យើង​គឺ​មិន​ងាយ​ចេញ​ទេ»។

ឆ្លើយតប​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន គាំទ្រ​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ដោយ​លោក​ថា ដើម្បី​ការពារ​បូរណភាព​ទឹកដី​ ក៏ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះដែល​អាជ្ញាធរ​លំបាក​នឹង​ដោះស្រាយ​ដោយសារ​មន្ត្រីធំៗ​ក្នុង​ជួយ​រដ្ឋាភិបាល​មួយ​ចំនួន និងមន្ត្រី​យោធា​ខ្មែរ​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួល​ដី​ខ្មែរ​ឱ្យ​ប្រទេស​ជិត​ខាង។

លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែ​ចេញ​បទ​បញ្ជា​ដោយ​ផ្ទាល់៖

លោក អ៊ុំ សំអាន៖«ការ​ជួល​ដី​ទៅ​ឱ្យ​វៀតណាម​គឺ​គ្រោះថ្នាក់​សម្រាប់​ប្រជា​ពលរដ្ឋ។ ជួល​យូរៗ​ទៅ​យួន​កាន់​កាប់​ថា​ជា​របស់​គេ​ ហើយ​ដល់​កំណត់​បន្ទាត់​ព្រំដែន​ទៅ​គេ​ថា​ជា​ដី​របស់​គេ វា​នឹង​ជា​បញ្ហា​មួយ​ដល់​ការ​កំណត់​ព្រំដែន និង​បូរណភាព​នៅ​ថ្ងៃ​អនាគត»។

ជុំវិញ​រឿង​នេះ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត យល់​ថា ក្រសួង​មហាផ្ទៃ​ត្រូវតែ​ដាក់​ពិន័យ ឬ​ដក​តំណែង​មន្ត្រី​ណា​ដែល​អសកម្ម​មិន​ដោះស្រាយ​រឿង​នេះនិង​ជាប់​ពាក់ព័ន្ធ​ជួល​ដី​ខ្មែរ​ឱ្យ​វៀតណាម។

លោក ម៉ែន ណាត៖«ចេញ​បញ្ជា​ហើយ​ត្រូវ​តែ​អនុវត្ត​!កុំ​លើកលែង​ចំពោះ​មន្ត្រី​ណា​ដែល​មាន​លុយ មាន​អំណាច​និង​មាន​ដីធ្លី​នៅ​តាម​ព្រំដែន​ជួល​ឱ្យ​វៀតណាម ឱ្យ​សោះ​ ពិសេស​ត្រូវ​ទប់ទល់​ឱ្យ​បាន​ទើប​អាច​ទប់ស្កាត់​ឥទ្ធិពល​នៃ​បទ​ល្មើស»។

ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ឡាវ និង​វៀតណាម។ ប៉ុន្តែ​កន្លង​ទៅ​បញ្ហា​ជួល​ដី​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​ ភាគច្រើន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

ក្រៅ​ពី​បញ្ហា​ជួល​ដី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ដែល​ឈរ​ជើង​តាម​ព្រំដែន​ត្រូវ​រួមគ្នា​ចាត់​វិធានការ​តាមច្បាប់​ចំពោះ​ជន​បរទេស​ទាំង​អស់ ដែល​លួច​ឆ្លង​ដែន​​ខុសច្បាប់​ចូល​កម្ពុជា។

លោក​ថា អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​ត្រូវ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ នាំ​មនុស្ស និង​មធ្យោបាយ​ឆ្លង​កាត់​តាម​ច្រក​របៀង​ខុសច្បាប់​នោះ​ឡើយ។

លោក​ព្រមាន​ថា ក្នុង​ករណី​មន្ត្រី​រូប​ណា​ល្មើស​នឹង​បទ​បញ្ជា​នេះ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។