កម្លាំង​សមត្ថកិច្ច​រក​ឃើញ​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅ​ពោធិ៍សាត់ និង​សាកសព​អាកាស​យានិក​ម្នាក់

ដោយ ទីន ហ្សាការីយ៉ា
2024.07.29
កម្លាំង​សមត្ថកិច្ច​រក​ឃើញ​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅ​ពោធិ៍សាត់ និង​សាកសព​អាកាស​យានិក​ម្នាក់ ឧទ្ធម្ភាគចក្រ ​ប្រភេទ Z-9 ផលិត​នៅ​ប្រទេស​ចិន ដែល​បាត់ដាន ១៧​ថ្ងៃ ក្រុមអ្នករុករក​ទើបតែ​​រក​ឃើញ​នៅ​​ព្រៃខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ជាមួយ​សាកសព​អ្នកបើកម្នាក់ រីឯ​ម្នាក់​ទៀត នៅ​បាត់​ខ្លួន។
រូប៖ ក្រសួងព័ត៌មាន

កម្លាំង​រុករក​នៃ​ក្រសួង​ការពារ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី២៩ ខែកក្កដា បាន​រក​ឃើញ​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅ​ពោធិ៍សាត់​ហើយ ដែល​ស្ថិត​នៅ​ចំណុច​លើ​ខ្នង​ភ្នំយ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំថ្មដា ស្រុកវាលវែង និង​បាន​រក​ឃើញ​សាកសព​អាកាស​យានិក​ម្នាក់។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អាកាប៉េ (AKP) ឱ្យ​ដឹង នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ថា សាកសព​អាកាស​យានិក​ម្នាក់ ដែល​រក​ឃើញ​មាន​ឈ្មោះ ខេង ឆៃយុទ្ធ ខណៈ​អាកាស​យានិក​ម្នាក់​ទៀត ដែល​ជា​មេក្រុម​មាន​ឈ្មោះ ស៊ុន ផ្លា កម្លាំង​សង្គ្រោះ នៃ​ក្រសួង​ការពារ​ជាតិ​កំពុង​បន្ត​ប្រតិបត្តិការ​ស្វែងរក។

អគ្គមេបញ្ជាការ​រង​នាយ​សេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក ឥត សារ៉ាត់ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ការ​រក​ឃើញ​ឧទ្ធម្ភាគចក្រ ដែល​ធ្លាក់​នេះ គឺ​បាន​តម្រុយ​ចេញ​ពី​ផ្កាយរណប តាំង​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ហើយ​មក​ទល់​ពេល​នេះ កម្លាំង​នៃ​ក្រសួង​ការពារ​ជាតិ​កំពុង​បន្ថែម​កម្លាំង​ថ្មើរជើង​បន្ត​ស្វែងរក និង​ជួយ​សង្គ្រោះ​អាកាសយានិក។

លោក ឥត សារ៉ាត់៖ «បច្ចុប្បន្ន​នេះ លើ​យន្តហោះ​របស់​យើង យើង​បាន​ថត​ហើយ​ឃើញ​ហើយ​យន្តហោះ​នោះ។ យើង​បាន​បន្ទាប​បញ្ជាក់​អត្តសញ្ញាណ​របស់​យើង មាន​ទង់ជាតិ មានអី​អស់​ហើយ។ យើង​ព្យាយាម​ចុះ ប៉ុន្តែ ចុះ​អត់​បាន ដោយសារ​ធាតុអាកាស។ ឥឡូវ​ភ្លៀង​ទៀត​ហើយ។ ដូច្នេះ យើង​អាច​បញ្ជាក់​បាន​ថា យើង​បាន​ឃើញ​យន្តហោះ ដែល​ធ្លាក់​ហ្នឹង​ហើយ។ សូម​ជម្រាប​ជូន​តែ​ប៉ុណ្ណឹង​ទេ ហើយ​ឥឡូវ​នេះ យើង​កំពុង​រុញ​កម្លាំង​ថ្មើរជើង​យើង​ចូល​ទៅ​កៀក​ទី​ហ្នឹង​ប្រហែល​ជា ៦០០ម៉ែត្រ​ហើយ ប៉ុន្តែ ដី​ព្រៃ​ក្រាស់។ ក្នុង ៦០០ម៉ែត្រ​នេះ យើង​ជំរុញ​ថា ឱ្យ​លឿន ចូល​ទៅ​ដល់ ដើម្បី​យើង​សង្គ្រោះ​មន្ត្រី​បងប្អូន​ពីឡុត​ហ្នឹង ក្នុង​លក្ខណៈ​ណា​មួយ»

ឧទ្ធម្ភាគចក្រ ដែល​ទើប​រក​ឃើញ​នេះ គឺ​ប្រភេទ Z-9 ជា​យន្តហោះ​ផលិត​នៅ​ប្រទេស​ចិន (China) ដែល​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ចំនួន ១២គ្រឿង កាល​ពី​ឆ្នាំ២០១៣។ កាលពីឆ្នាំ២០១៤ កន្លងទៅ ឧទ្ធម្ភាគចក្រ​ប្រភេទ Z-9 មួយ​គ្រឿង បាន​ធ្លាក់​នៅ​ក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ៤នាក់ បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស ក្នុង​ពេល​កំពុង​ហោះហើរ​ហ្វឹកហ្វឺន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។