ក្រសួង​អប់រំ​ចុះស្រាវស្រាវ​ករណី​សង្ស័យ​ថា​ ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើរលួយ

0:00 / 0:00

ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​កន្លងមក។ ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពី​មន្រ្តីអប់រំ​ខេត្តត្បូងឃ្មុំ​ជាច្រើននាក់​កាលពីពេលថ្មីៗ​នេះចោទ​ប្រកាន់​ថា ប្រធាន​មន្ទីរ​ខេត្ត​នេះ គឺលោក អ៊ីន ពៅសម្បត្តិ ដឹកនាំ​អង្គភាព​គ្មាន​តម្លាភាពជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀលដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែសង្គម​ស៊ីវិល​ជំរុញ​ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យនិង​តម្លាភាពដើម្បី​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​វិស័យអប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព។

រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃទី៩ ខែធ្នូ បាន​ចេញ​លិខិត​មួយ​ចាត់​ឱ្យ​មន្រ្តី​ចំនួន​៦​នាក់​ចុះជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំនិង​បុគ្គលិក​អប់រំ​នៅ​ខេត្តត្បូងឃ្មុំដើម្បី​ស្រាវ​ជ្រាវ​ពី​ភាព​មិន​ប្រក្រតី​នៅ​មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនោះ​ព្រឹត្តទៅ​នៅថ្ងៃទី១០ ខែធ្នូនេះ។

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា ប្រាប់វិទ្យុអាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​ដោយ​ខ្លី​ថា ក្រសួង​កំពុង​ស្រាវជ្រាវ​ករណី​នេះដោយ​យកចិត្តទុក​ដាក់ប៉ុន្តែ​លោក​បដិសេធ​ឆ្លើយតប​សំនួរ​វិទ្យុអាស៊ីសេរី​ផ្សេង​ទៀត​សម្រាប់​ពេល​នេះ។

កាលពី​ថ្ងៃ៣០ ខែវិច្ឆិកា មន្រ្តី​អប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានផ្ញើលិខិត​មួយ​ច្បាប់​ស្នើ​សុំ​រដ្ឋមន្រ្តី​ក្រសួងអប់រំ​លោក ហង់ ជួនណារ៉ុនជួយ​អន្តរាគមន៍​បញ្ចាប់​មុខតំណែង​របស់​លោក អ៊ីន ពៅសម្បត្តិ ពី​ប្រធានមន្ទីរ​អប់រំ​ខេត្ត ដោយពួកគេអះអាងថា ប្រធាន​មន្ទីរអប់រំ​ខេត្តនេះ បាន​អនុវត្ត​ការងារ​គ្មាន​តម្លាភាពនិង​គណនេយ្យភាព​ក្នុង​អង្គភាព​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ លើសពី​នេះ​បុគ្គលិក​អប់រំ​ទាំង​នោះចោទ​លោក អ៊ីន ពៅសម្បត្តិ ថាបាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ដោយ​ឃុបឃិត​ជាមួយ​ការិយាល័យ​បុគ្គលិកនិងបណ្តុះបណ្តាល​ប្រមូល​ថវិកា​រាប់ពាន់​ដុល្លារ​ក្នុង​ម្នាក់​សម្រាប់​ការ​ផ្ទេរ​បុគ្គលិក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។ លិខិត​ដដែល​ក៏​ចោទ​លោក អ៊ីន ពៅសម្បត្តិ ថា​បាន​កាត់យក​ប្រាក់​ជិត​មួយ​រយ (៩៧) លានរៀល ពីគ្រូកិច្ចសន្យា​ចំនួន​៩៤​នាក់កាល​ពី​ឆ្នាំ២០២១ព្រមទាំង​ព្រឹត្តអំពើពុករលួយ​ដោយ​ក្លែងបន្លំ​ឯសារ​គ្រូ​ពីរពេល​ចំនួន​១៨​នាក់ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​ពីររយ (២០១) លាន​រៀល។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​លោក អ៊ិន ពៅសម្បត្តិ ដើម្បី​បកស្រាយ​ជុំវិញបញ្ហា​នេះ​បានទេ​នៅថ្ងៃ១០ ខែធ្នូ។

ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល លើកឡើងថា ក្រសួងអប់រំ​គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ​លើករណី​សង្ស័យ​ថា ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកា​រាប់លានរៀល​ពី​លោក​គ្រូអ្នកគ្រូ​ថ្នាក់​ក្រោម។

ប្រធាន​សមគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាងវី សង្កេត​ឃើញ​ថា ករណី​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ស្ថាប័ន​អប់រំ​នៅ​តែ​កើត​ឡើង​ដែល​ទាមទារ​ក្រសួង​អប់រំនិង​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាពដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ត្រូវ​បណ្តោយ​ឱ្យ​ជនប្រព្រឹត្តរួច​ខ្លួន​ឡើយ។ អ្នកស្រីបន្តថា បញ្ហានេះ គឺជាដើមចម​សំខាន់​ដែល​នាំ​ឱ្យ​ប្រព័ន្ធអប់រំ​នៅកម្ពុជា​ធ្លាក់ចុះ​រហូត​ដល់​ពេល​នេះ។ អ្នកស្រី អ៊ុក ឆាយ៉ាងវី យល់ថា រឿង​អាស្រូវ​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ដែលរងការ​ចោទថា មានជាប់​អំពើពុករលួយ​កិបកេង​លុយ​របស់​លោក​គ្រូអ្នក​គ្រូកន្លង​មក​នេះ​មិន​ពិបាក​ស្មុគស្មាញ​ដល់​ក្រសួង​អប់រំ​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត​នោះ​ទេបើសិន​ពួកគេ​មាន​ឆន្ទៈពិត​ប្រាកដ​មែន​នោះ៖

«អ្វីដែល​ក្រសួង​ចុះស៊ើបអង្កេត​អត់​មាន​អ្វី​ចំឡែក​ទេយើងដឹង​ឮ​ហើយថា​ កេងកិប​លុយ​របស់​គ្រូ​នៅ​ត្បូងឃ្មុំ​គួរតែ​ចាត់​វិធានការ​ភ្លាមៗ​ទៅមិន​បាច់​អូស​ក្រឡា​យូរ​ដើម្បី​ឱ្យ​អ្នក​ប្រព្រឹត្តខុសរួច​ខ្លួន​ទេខ្ញុំ​មើល​ឃើញ​មិនមែន​មាន​តែ​នៅ​ត្បូងឃ្មុំទេ​នៅ​សាលានិង​ខេត្តផ្សេង​ទៀត​ដូចគ្នា​ដែរប៉ុន្តែ​មន្រ្តី​អាក្រក់​តែង​តែ​រួច​ខ្លួនហើយ​ថែម​ទាំង​ឡើង​បុណ្យ​ស័ក្តិ​កាន់​តែ​ខ្លាំង​ទៀត​ចា៎»។

ស្រដៀងគ្នានេះ​ដែរមន្រ្តី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្សនិងដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថា បើសិន​ប្រធាន​មន្ទីអប់រំ​ខេត្តត្បូងឃ្មុំ​រូបនោះ​កេងប្រវ័ញ្ច​ប្រាក់​បុគ្គលិក​ថ្នាក់​ក្រោម​ក្នុងទំហំ​ច្រើន​ដូចការ​ចោទ​ប្រកាន់​នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​លោក​គ្រូអ្នកគ្រូនិង​វិស័យ​អប់រំ​ទាំងមូល។ លោកជំរុញ​ឱ្យក្រសួង​គួរ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយពីព្រោះ​រាល់​ទិន្នន័យ​នៃការ​ស្រាវជ្រាវ​ដោយ​តម្លាភាពនិង​អាច​ជឿ​ទុកចិត្ត​បាន​ករណី​សង្ស័យ​ពី​អំពើពុករលួយ​ដែល​កើត​ចេញ​មន្រ្តី​សាធារណៈបែប​នេះគឺ​មាន​សារៈសំខាន់​សម្រាប់​យុត្តិធម៌​សង្គមនិង​រក​កិត្តិយស​ឱ្យជន​ដែល​ត្រូវ​ចោទ​ប្រកាន់​ជា​ដើម៖

«សូម​ឱ្យ​មាន​អ្នក​ស្រាវជ្រាវឬ​ហៅថា​ស្ថាប័ន​ឯករាជ្យដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​ដែល​អាច​ជឿជាក់​បាន​នៅ​ក្នុង​រឿង​ហ្នឹងដើម្បី​ផ្តល់​យុត្តិធម៌​ដល់​សាម៉ីខ្លួន​ផងនិង​យុត្តិធម៌​សង្គម​ផងហើយ​វា​អាច​ឆ្លុះ​បញ្ចាំង​លើ​វិស័យ​អប់រំ​ទូទាំង​ប្រទេស​កុំឱ្យ​មាន​បញ្ហា​កើត​ឡើង​តទៅ​ទៀតអានេះ​ជា​គម្រូ​អាក្រក់​សម្រាប់​ស្ថាប័ន​អប់រំ​នៅក្នុង​ស្រុក​យើង»។

ប្រទេស​កម្ពុជានៅតែ​បន្តជាប់​ចំណាត់​ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា ក្នុងតំបន់ និងនៅ​លើ​ពិភពលោក​ខាង​ប្រព្រឹត្ត​អំពើពុករលួយ។ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ​បាន​ចេញ​របាយការណ៍​វាយ​តម្លៃពី​តម្លាភាពកាល​ពី​ខែមករា​ថាកម្ពុជា​ទទួល​បាន​ពិន្ទុ ២១ លើ​១០០​ពិន្ទុ​និង​មាន​ចំណាត់​ថា្នក់​លេខ​រៀង​ទី​១៥៧ក្នុង​ចំណោម​១៨០​ប្រទេស។ ចំណាត់​ថ្នាក់នេះ មាន​ន័យ​ថាកម្ពុជា​មាន​អំពើពុករលួយ​អាក្រក់​ជាង​គេប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន (ASEAN)។របាយការណ៍​នេះសបញ្ជាក់ឱ្យ​យើង​ដឹង​កាន់​តែ​ច្បាស់​ថា មន្ត្រីរាជការ និង​អ្នក​មាន​អំណាច​ភាគ​ច្រើនបាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួនដើម្បី​ទទួល​បាន​លាភសក្ការៈ ទ្រព្យធន ធ្វើ​ជា​អ្នក​មាន​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។