ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយបានចែកចាយវិញ្ញាសា និងពង្រឹងផ្នែកសន្តិសុខ នៅតាមមណ្ឌលប្រឡង។ ដោយឡែកចំពោះបេក្ខជនប្រឡង អះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ ប៉ុន្តែពួកគេឱ្យក្រសួង ពង្រឹងបន្ថែមលើសុក្រឹតភាពពេលធ្វើកំណែ និងបច្ចេកទេសបញ្ចូលពិន្ទុ ចៀសវាងមានបញ្ហាប៉ះពាល់ដល់លទ្ធផលនៃការប្រឡង។
ស្អែកនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងឈានចូលមកដល់។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនហឹបវិញ្ញាសាទាំងអស់ ទៅកាន់បណ្ដាខេត្តនានា រួចរាល់ហើយ ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨ ខែតុលា ខាងមុខនេះ។
បេក្ខជនបាក់ឌុបបំពេញវិជ្ជាផ្នែកវិទ្យាសាស្ត្រសង្គម នៅខេត្តក្រចេះ ព្រះតេជព្រះគុណ យ៉ូន យា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែតុលា ថា ព្រះអង្គបានត្រៀមរួចរាល់សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ដោយរំពឹងថាបាននិទ្ទេសល្អបង្គួរ។
ព្រះតេជព្រះគុណ យ៉ូន យា៖«អាត្មាចង់សំណូមពរថា ឱ្យក្រសួងពិនិត្យមើលឡើងវិញឱ្យច្បាស់លាស់ ទាក់ទងជាមួយអត្រាកំណែ ជាពិសេសអ្នកកែ អត្រាកំណែ ខាងគណៈមេប្រយោគ សូមឱ្យច្បាស់លាស់ក្នុងការកែ ហើយបន្ធូរបន្ថយយ៉ាងណាៗ គឺតាមហ្នឹង។ ហើយចំពោះសិស្សដែលបានសរសេរច្រើនហើយ ត្រូវច្រើនហើយ ធ្លាក់ទៀត អាហ្នឹងសូមមេត្តាពិនិត្យមើលឡើងវិញ ជួយមើលពិនិត្យឡើងវិញ»។
ការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៨ និងទី៩ ខែតុលា ខណៈដំណើរការកំណែនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១៧ ខែតុលា។ នៅឆ្នាំ២០២៤ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១សែន ៣ម៉ឺននាក់(១៣៧.០៤០) ក្នុងនោះមានសិស្សស្រី ចំនួនជាង ៧ម៉ឺននាក់(៧៤.៨៨២)។ នៅឆ្នាំនេះ មានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមច្រើនជាងឆ្នាំមុនៗ ដោយមានចំនួនជាង ៩ម៉ឺន ៧ពាន់នាក់(៩៧.៦៨២) ខណៈថ្នាក់វិទ្យាសាស្ត្រ មានចំនួនជិត ៤ម៉ឺននាក់ (៣៩.៣៥៨)។
សិស្សរៀនផ្នែកវិទ្យាសាស្ត្រសង្គម នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ស្ថិតក្នុងខេត្តព្រៃវែង យុវជន បូណាត តូណា ប្រាប់វិទ្យុអាស៊ីសេរី ថា ខ្លួនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ សម្រាប់ការប្រឡង តែយ៉ាងណា យុវជនរូបនេះបារម្ភពីការផ្ដល់ពិន្ទុលើអត្រាកំណែ មានភាពមិនសុក្រឹត ដែលធ្វើឱ្យនិទ្ទេសរបស់បេក្ខជនទាប ខុសពីសមត្ថភាព។
យុវជន បូណាត តូណា៖«ត្រង់ចំណុចហ្នឹង ខ្ញុំក៏មានការព្រួយបារម្ភខ្លះដែរ ព្រោះកាលពីឆ្នាំមុនៗ ដូចឮដំណឹងព័ត៌មានហ្នឹងដែរ។ ឮថា សិស្សមួយចំនួន គាត់ជឿជាក់ថា គាត់ធ្វើបានល្អ គាត់ចេញវិញ្ញាសាមក សំណួរខ្លះគាត់អាចចេះច្រើន ប៉ុន្តែលទ្ធផលមកគឺគាត់ខកបំណង។ អ៊ីចឹងបានជាខ្ញុំបារម្ភ រឿងកែវិញ្ញាសា»។
ទោះបីជិតដល់ថ្ងៃប្រឡងយ៉ាងណា ក៏សិស្សបេក្ខជនមួយចំនួន នៅមិនទាន់សម្រាក ដើម្បីយកកម្លាំងត្រៀមប្រឡងនោះទេ ដោយពួកគេនៅតែបន្តរៀនគួរនៅតាមសាលាឯកជន និងបេក្ខជនខ្លះទៀត នាំគ្នាទៅបួងសួងនៅតាមទីសក្ការ និងនៅតាមវត្តអារាមនានា។
ទោះជាយ៉ាងណា អាជ្ញាធរនៅតាមខេត្តមួយចំនួន បានប្រកាសមិនយកថ្លៃសេវាផ្ញើយានជំនិះ នៅតាមមណ្ឌលប្រឡង និងផ្ដល់កន្លែងស្នាក់នៅ និងអាហារដល់បេក្ខជនប្រឡងផងដែរ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ណែនាំគ្រប់អាជីវកម្ម ជុំវិញមណ្ឌលប្រឡង ហាមបង្កសំឡេងរំខានក្នុងថ្ងៃប្រឡង ផ្អាកបណ្ដោះអាសន្ន នូវអាជីវកម្មថតចម្លងឯកសារ កន្លែងសេវាអ៊ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា និងលោក កាន់ ពុទ្ធី ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ ខែតុលា។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ជំរុញឱ្យ គណៈកម្មការរៀបចំការប្រលង ការពារវិញ្ញាសាកុំឱ្យបែកធ្លាយ ខណៈគណៈកម្មការកំណែ នៅតាមមណ្ឌលប្រឡង គួរយកចិត្តទុកដាក់កែវិញ្ញាសារបស់បេក្ខជន ដោយយកចិត្តទុកដាក់ និងកុំផ្ដេកផ្ដួលទៅតាមអារម្មណ៍។
លោកស្រី អ៊ុក ឆាយាវី៖«អ្វីដែលខុសប្រក្រតី អ្វីដែលសិស្សឆ្ងល់ពីបញ្ហាណាមួយ ក្រសួងត្រូវតែបើកចំហ ដើម្បីឱ្យសិស្សានុសិស្សគាត់អស់ចិត្ត។ អ៊ីចឹងមានន័យថា អ្នកដែលគាត់ធ្លាក់ ធ្លាក់ដោយអស់ចិត្ត គាត់អត់សង្ស័យ អត់មន្ទិលថា ខុសបច្ចេកទេសនេះ ខុសបច្ចេកទេសនោះទៀតទេ។ អ៊ីចឹងគួរតែ ក្រសួងអប់រំ បើកទូលាយក្នុងការតវ៉ា របស់សិស្សានុសិស្សទាំងអស់នេះ»។
ក្រោយដំណើរការបូកពិន្ទុ និងផ្ទៀងផ្ទាត់ក្នុងប្រព័ន្ធកុំព្យូទ័រ ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៣០ ខែតុលា សម្រាប់ការប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី៣១ ខែតុលា សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។