ក្រសួងមហាផ្ទៃកំពុងបើកការស៊ើបអង្កេតលើមន្ត្រីសាលាដំបូង និងមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង ដែលបានដោះលែងជនជាតិចិនចំនួន ៨នាក់ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ចូលកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សថា ការដោះលែងជនជាតិចិនទាំង ៨នាក់នោះមន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារខេត្តអាចពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយទទួលសំណូកពីជនល្មើស និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចាត់វិធានការឱ្យបានម៉ឺងម៉ាត់។
ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មិនទាន់បង្ហាញលទ្ធភាពនៃការស្រាវជ្រាវរកមុខមន្ត្រីសាលាដំបូងខេត្តស្ទឹងត្រែង និងមន្ត្រីពន្ធនាគារក្នុងខេត្តនេះ ជុំវិញការដោះលែងជនជាតិចិនចំនួន ៨នាក់ដែលបានឆ្លងដែនចូលកម្ពុជាខុសច្បាប់នៅឡើយ។
ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលក៏មិនទាន់ចាប់បានជនជាតិចិនទាំង ៨នាក់នោះ ដើម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់ឡើងវិញនៅឡើយដែរ។
កម្លាំងនគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែមករា បានសហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនជនជាតិចិនទាំង ៨នាក់នោះ ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្នុងខេត្តព្រះវិហារ បន្ទាប់ពីពួកគេបានឆ្លងដែនចូលតាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ប្រទេសឡាវ ចូលមកកម្ពុជាដោយខុសច្បាប់។
ជនជាតិចិនទាំងនោះបានសារភាពប្រាប់ប៉ូលិសថា ពួកគេលួចឆ្លងដែនពីប្រទេសឡាវចូលកម្ពុជាក្នុងបំណងស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែមិថុនាថា ជនជាតិចិនទាំង ៨នាក់នោះត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែពីបទលួចឆ្លងដែនដោយខុសច្បាប់ នៅថ្ងៃទី១០ កុម្ភៈ ហើយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងគឺ លោក ជា សុភ័ក្រ បានបង្កាប់ឱ្យឃុំខ្លួនភ្លាមៗក្នុងពន្ធនាគារ។
លោក សុំ ស៊ាងហាក់ ឱ្យដឹងទៀតថា ព្រះរាជអាជ្ញារងគឺ លោក ជា សុភ័ក្រ គឺជាអ្នកកាន់សំណុំរឿងនេះ និងបានចេញដីកាឱ្យដោះលែងជនជាតិចិនទាំង ៨នាក់ឱ្យមានសេរីភាពកាលពីថ្ងៃទី២៧ ខែកុម្ភៈ។
លោក សុំ ស៊ាងហាក់៖ «និយាយទៅនីតិវិធីនៃការដោះលែងដោយសារតែជនបរទេសទាំង ៨នាក់បានជំនុំជម្រះកាត់ទោសរួចហើយ គួរណាតែសួរខាងអយ្យការវិញល្អជាង។ ព្រះរាជអាជ្ញារងដែលទទួលបន្ទុកដោះស្រាយរឿងហ្នឹងគឺឈ្មោះ ជា សុភ័ក្រ ទាក់ទងរឿងដោះលែងខ្ញុំឆ្លើយអត់ចេញដោយសារនីតិវិធីគាត់ជាអ្នកធ្វើ អ៊ីចឹងគួរណាគាត់ជាអ្នកឆ្លើយ»។
លោក សុំ ស៊ាងហាក់ ឱ្យដឹងទៀតថា មកទល់ពេលនេះ ការតាមចាប់ខ្លួនជនជាតិចិន ៨នាក់ដែលបានដោះលែងនោះ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការខេត្តស្ទឹងត្រែងទៀតនោះទេ គឺកំពុងស្ថិតក្នុងនីតិវិធីស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែងគឺ លោក ជា សុភ័ក្រ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែមិថុនា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី២ ខែឧសភា បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលមានការចូលរួមដោយរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹមសន្តិភាព កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នគរបាលថ្នាក់ជាតិ និងកម្លាំងអាវុធហត្ថជាដើម ដើម្បីស៊ើបអង្កេតលើនីតិវិធីមិនប្រក្រតីលើការដោះលែងជនជាតិចិនទាំង ៨នាក់។
គណៈកម្មការនេះ មានភារកិច្ចស្រាវជ្រាវប្រមូលព័ត៌មាន និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតលើការចេញដីការបស់ព្រះរាជអាជ្ញារង ខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្ត ដែលបានដោះលែងជនជាតិចិនទាំង ៨នាក់ ដោយពុំបានធ្វើលិខិត និងប្រគល់ជនជាតិចិនទាំងនោះ មកមន្ត្រីនគរបាលអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញពីកម្ពុជា។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា ជឿជាក់ថា នីតិវិធីដោះលែងជនជាតិចិនទាំង ៨នាក់នោះ គឺជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
លោក ចឹក ចិត្រា៖ «យើងក៏សំណូមពរឱ្យក្រសួងដែលជាមេកើយមន្ត្រីទាំងអស់ហ្នឹងរឹតបន្តឹងឱ្យតឹងរ៉ឹងធ្វើការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីយកជនល្មើស ឬមន្ត្រីដែលប្រព្រឹត្តអំពើទាំងអស់ហ្នឹងយកមកអនុវត្ត ឬដាក់ទោសតាមផ្លូវច្បាប់ កុំឱ្យមានការអនុវត្តច្បាប់ស្តង់ដារពីរលើមន្ត្រីទាំងអស់ហ្នឹង។ យើងចង់ឱ្យមន្ត្រីដែលជាគណៈកម្មការចុះមកហ្នឹងត្រូវតែមានឯករាជ្យភាពក្នុងការស៊ើបអង្កេត និងជំរុញការអនុវត្តទៅតាមច្បាប់ជាជាងមានមនោសញ្ចេតនា ជាមួយអ្នកប្រព្រឹត្តដែលបានដោះលែងជនជាតិចិនទាំង ៨នាក់ហ្នឹងរួចខ្លួនដែលល្មើសនឹងច្បាប់ស្រុកយើង»។
មន្ត្រីសង្គមស៊ីវិលរិះគន់ថា ករណីតុលាការខេត្តស្ទឹងត្រែងដោះលែងជនជាតិចិនទាំង ៨នាក់ឱ្យនៅក្រៅឃុំស្ងាត់ៗបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រព័ន្ធច្បាប់ទន់ខ្សោយដោយសារតែមានមន្ត្រីតុលាការមួយចំនួន ប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកពីជនល្មើសជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព និងធ្វើឱ្យជនបរទេសមួយចំនួនដែលចូលមកបង្កអសន្តិសុខនៅកម្ពុជានៅតែមិនខ្លាចញញើតចំពោះប្រព័ន្ធច្បាប់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។