អ្នកឃ្លាំមើលរិះគន់អាជ្ញាធរខេត្តឧត្តរមានជ័យថា គ្មានចំណាត់ការស៊ើបអង្កេតទីតាំងរមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់
2025.01.09
មន្ត្រីសិទ្ធិមនុស្សរិះគន់អាជ្ញាធរខេត្តឧត្តរមានជ័យថា គ្មានចំណាត់ការស៊ើបអង្កេតទីតាំងរមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់ ទោះបីជាមានជនបរទេសចំនួន ៥៧នាក់នាំគ្នាសម្រុកចេញពីកន្លែងការងារនៃអគារអនឡាញ (Online) ក្នុងរមណីយដ្ឋានមួយនេះក្តី។
មន្ត្រីសិទ្ធិមនុស្សព្រមានថា សហគមន៍ជាតិ និងអន្តរជាតិនឹងដាក់ការសង្ស័យកាន់តែខ្លាំងចំពោះទីតាំងរមណីយដ្ឋានអូរស្មាច់ថា ជាទីកន្លែងនៃសម្បុកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ខណៈមានកម្មករជាជនបរទេសនាំគ្នាសម្រុកចេញពីអគារទាំងកម្រោល ហើយអាជ្ញាធរហាក់មិនមានវិធានការ និងចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនបរទេសជិត ៦០នាក់ដែលនាំគ្នាសម្រុកចេញពីអគាររបស់លោក លី យ៉ុងផាត់ ថ្មីៗនេះគឺជារូបភាពមួយដែលមហាជនជាតិ និងអន្តរជាតិ សង្ស័យចំពោះការបង្ខាំង និងបង្ខំឱ្យពួកគេធ្វើការក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។ លោកចង់ឃើញអាជ្ញាធរចុះស៊ើបអង្កេតនៅអគារទាំងនេះមុននឹងបកស្រាយពីមូលហេតុដែលកម្មករជាជនជាតិបរទេសសម្រេចចិត្តនាំគ្នារត់ចេញពីកន្លែងធ្វើការ។
លោក អំ សំអាត៖ «បញ្ហានេះអាជ្ញាធរត្រូវតែមានការស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានច្បាស់លាស់ទៅលើបញ្ហាទាំងអស់ហ្នឹងថា តើជនបរទេសទាំងអស់ហ្នឹងចូលមកប្រទេសកម្ពុជាស្របច្បាប់ដែរឬទេ? ចូលមកធ្វើការហ្នឹងត្រឹមត្រូវដែរឬទេ ឬអ្នកទាំងអស់ហ្នឹងចាញ់បោកការឆបោកតាមប្រព័ន្ធអនឡាញ? អាហ្នឹងត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងច្បាស់លាស់ជាមុនៗធ្វើការបកស្រាយ ឬបំភ្លឺគឺត្រូវតែសិក្សា ឬស្រាវជ្រាវ។ បើមិនអ៊ីចឹងទេ នឹងអាចទទួលនូវការរិះគន់ច្រើនទាក់ទងបញ្ហាទាំងអស់ហ្នឹងដែរ»។
កាលពីល្ងាចថ្ងៃទី៥ ខែមករា ជនជាតិប៉ាគីស្ថាន (Pakistan) និងនេប៉ាល់ (Nepal) ចំនួន ៥៧នាក់ ដោយពួកគេមួយចំនួនប្រដាប់ដោយដំបងក្នុងដៃ និងបានប៉ះទង្គិចជាមួយសន្តិសុខបណ្ដាលឱ្យរងរបួស ២នាក់ ដើម្បីនាំគ្នាសម្រុកចេញពីទីតាំងអគារអនឡាញក្នុងរមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់។ ជនបរទេសទាំងនោះត្រូវបានសមត្ថកិច្ចចម្រុះឡោមព័ទ្ធឃាត់ខ្លួនវិញភ្លាមៗ ក្រោយពីពួកគេបាននាំគ្នារត់ចេញពីអគាររមណីយដ្ឋានអូរស្មាច់បានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ និងបាននាំពួកគេទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី៧ ខែមករា ថា ជនបរទេសទាំងនោះបានរងគ្រោះម្ដងរួចមកហើយពេលដែលពួកគេបម្រើការងារនៅខេត្តព្រះសីហនុ ប៉ុន្តែ ថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យពួកគេ។ ប្រភពដដែលបញ្ជាក់ថា ជនជាតិបរទេសទាំងនោះ បានមកធ្វើការនៅកម្ពុជាក្នុងក្រុមហ៊ុនមួយកន្លែងនៅខេត្តព្រះសីហនុអស់រយៈពេលប្រមាណ ៣ខែមកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុននៅខេត្តព្រះសីហនុបញ្ជូនមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យវិញ។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឱ្យដឹងទៀតថា មុនពេលជនបរទេសទាំងនេះរត់ចេញពីអគារពួកគេបានបម្រើការងារក្នុងកាស៊ីណូអូរស្មាច់អស់រយៈពេល ១០ថ្ងៃមកហើយ ប៉ុន្តែត្រូវអ្នកគ្រប់គ្រងជនជាតិចិនបង្ខំឱ្យពួកគេធ្វើការងារគ្មានថ្ងៃសម្រាក ទើបពួកគេភ័យខ្លាច និងនាំគ្នាតវ៉ាដោយអ្នកខ្លះនៅក្នុងដៃប្រដាប់ដោយដំបងសុំឱ្យថៅកែផ្ដល់ម៉ោងសម្រាកឱ្យបានគ្រប់គ្រាន់ និងអ្នកខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ដោយសារតែមិនអាចទ្រាំទ្រនឹងកន្លែងការងាររបស់ពួកគេ។ ស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ក្រោយសាកសួរកម្លាំងជំនាញបានបញ្ជូនជនជាតិប៉ាគីស្ថាន និងនេប៉ាល់ទាំង ៥៧នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងខេត្តសៀមរាបដើម្បីបន្តនីតិវិធី។
យោងតាមសេចក្ដីរាយការណ៍របស់ជនរងគ្រោះកន្លងមកឱ្យដឹងថា ទម្រង់ការងារឆបោកតាមប្រព័ន្ធអនឡាញថៅកែតម្រូវឱ្យបុគ្គលិកធ្វើការងារក្នុងបន្ទប់យ៉ាងហោច ១៦ម៉ោងក្នុងមួយថ្ងៃ និងបំបិទសិទ្ធសេរីភាពពួកគេមិនឱ្យចេញទៅខាងក្រៅនៃអគារ។ ទាសករតាមប្រព័ន្ធអនឡាញជាទូទៅត្រូវរងសម្ពាធពីសំណាក់ថៅកែឱ្យឆបោកទឹកប្រាក់ជនរងគ្រោះតាមប្រព័ន្ធអនឡាញតាមចំនួនដែលថៅកែកំណត់ ហើយប្រសិនបើពួកគេមិនអាចបំពេញលក្ខខណ្ឌបាននោះ ពួកគេត្រូវប្រឈមនឹងក្រុមជើងកាងក្នុងអគារឆបោកតាមអនឡាញយកទៅបង្ខាំង និងធ្វើទារុណកម្មដោយវាយដំ និងឆក់ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតប៉ាគីស្ថានប្រចាំក្រុងភ្នំពេញដើម្បីសាកសួរជុំវិញរឿងនេះបានទេគិតត្រឹមម៉ោងផ្សាយនេះ។ ចំណែក ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក ខូវ លី ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃទី៨ ខែមករា។
កាលពីខែកញ្ញា ឆ្នាំ២០២៤ លោក លី យ៉ុងផាត់ និងក្រុមហ៊ុនអិលវ៉ាយភីគ្រុប (LYP Group) រួមទាំងរមណីយដ្ឋានអូរស្មាច់ផងត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែជាប់ពាក់ព័ន្ធការជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញនៅកម្ពុជា។ ទន្ទឹមគ្នានេះ តំបន់ច្រកព្រំប្រទល់អូរស្មាច់ក៏កើតមានករណីឃាតកម្មជាញឹកញាប់ដែលជនបរទេសមួយចំនួនត្រូវបានឃាតករសម្លាប់ក្នុងរូបភាពផ្សេងៗគ្នានៅក្បែរអគារក្នុងតំបន់រមណីយដ្ឋានអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។
រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសប្ដេជ្ញាបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ប៉ុន្តែអ្នកឃ្លាំមើលថា អំពើឆបោកតាមអនឡាញហាក់រីករាលដាលកាន់តែខ្លាំង ដោយសារតែរដ្ឋាភិបាលគ្មានចំណាត់ការស៊ើបអង្កេតលើមេខ្លោងធំៗ រីឯក្រុមអ្នកមានអំណាចមួយចំនួនដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះក៏ជាមនុស្សជិតស្និទ្ធនឹងរដ្ឋាភិបាល និងទទួលបានការការពារពីសំណាក់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។