ព្រះសង្ឃ និង​យុវជន ធ្វើ​ធម្មយាត្រា​ទាមទារ​យុត្តិធម៌​ឲ្យ​អតីត​គរុ​និស្សិត កែវ សុវណ្ណឫទ្ធិ

ដោយ មាន ឫទ្ធិ
2024.02.12
ព្រះសង្ឃ និង​យុវជន ធ្វើ​ធម្មយាត្រា​ទាមទារ​យុត្តិធម៌​ឲ្យ​អតីត​គរុ​និស្សិត កែវ សុវណ្ណឫទ្ធិ ព្រះសង្ឃ និង​យុវជន ប្រមាណ ២០អង្គ/នាក់ ដាក់​​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ទាមទារ​យុត្តិធម៌​ឲ្យ​អតីត​គរុ​និស្សិត លោក កែវ សុវណ្ណឫទ្ធិ ដែល​ត្រូវ​បាន​វិទ្យាស្ថាន​ជាតិ​អប់​រំ​កាយ និង​កីឡា ដក​ចេញ​ពី​ក្របខ័ណ្ឌ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១​។
រូបពីពលរដ្ឋ

ព្រះសង្ឃ និង​យុវជន ប្រមាណ ២០អង្គ/នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១២ កុម្ភៈ បាន​ជួបជុំ​គ្នា នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ធម្មយាត្រា ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ទាមទារ​យុត្តិធម៌​ឲ្យ​អតីត​គរុ​និស្សិត លោក កែវ សុវណ្ណឫទ្ធិ ដែល​ត្រូវ​បាន​វិទ្យាស្ថាន​ជាតិ​អប់​រំ​កាយ និង​កីឡា ដក​ចេញ​ពី​ក្របខ័ណ្ឌ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១​កន្លងទៅ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ក្រសួង​អប់រំ គួរ​តែ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

ព្រះសង្ឃ​ចំនួន ៥អង្គ និង​និស្សិត​នៅ​តាម​សាកល​វិទ្យាល័យ​នានា​ប្រមាណ​ដប់​នាក់ បាន​ជួបជុំគ្នា នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី ដើម្បី​ដង្ហែ​ញត្តិ ​ដោយ​កាន់​បដា និង​ផ្កាឈូក​ បួង​សួង​ដល់​វត្ថុ​សក្ដិសិទ្ធិ​ឲ្យ​ជំរុញ​ចិត្ត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ឲ្យ​ដោះស្រាយ​បញ្ហា​នេះ។

ក្រុម​យុវជន និង​ព្រះសង្ឃ​ បាន​ប្រើ​ក្រដាស​ពណ៌ស​ធ្វើ​ជា​បដា​ ហើយ​​គូរ​រូប​សត្វ​បក្សី​តំណាង​ឲ្យ​សេរីភាព ពាំនាំ​មក​នូវ​ពាក្យ​ថា យុត្តិធម៌។ ពួកគេ​បាន​សរសេរ​ថា បញ្ហា​សង្គម គឺ​ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា យើង​រួមគ្នា​ដើម្បី​យុត្តិធម៌។

នៅ​ពេល​ក្រុម​យុវជន ដង្ហែ​ញត្តិ និង​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល មក​តាម​ថតរូប ពួកគាត់។

អតីត​គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១២ កុម្ភៈ​ថា ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ គឺ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា បកស្រាយ​អំពី​មូលហេតុ នៃ​ការ​អនុញ្ញាត​ឲ្យ​លោក​​ចូលរៀន​រយៈពេល​មួយ​ខែ រួច​ក៏​លុប​ឈ្មោះ​លោក​ចេញ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​និង​កីឡា​វិញ ដោយសារ​ខុស​លក្ខខណ្ឌ​កម្ពស់​បន្តិចបន្តួច ។

លោក កែវ សុវណ្ណឫទ្ធិ៖ «មាន​តែ​សារ​ដដែលៗ ទេ គឺ​ជូន​ទៅ​ខាង​ក្រសួង​អប់រំ សូម​ឲ្យ​ឯកឧត្ដម​រដ្ឋមន្ត្រី​មេត្តា​ឆ្លើយ​តប​រាល់​បញ្ហា ដែល​ពួក​ខ្ញុំ​បាន​ដាក់​ចោទសួរ ដូចជា យុវជន ដែល​លើស​អាយុ មូល​ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​បន្ត​ការ​សិក្សា​បាន​ ហើយ​មូលហេតុ​អ្វី​បាន​ពួក​ខ្ញុំ​ទាំង ១២នាក់​ហ្នឹង​បែរ​ជា​លុប​ឈ្មោះ ព្រោះ​តែ​លក្ខខណ្ឌ​បន្តិច​បន្តួច​ប៉ុណ្ណឹង​ធ្វើ​ឲ្យ​ខូច​សង្គម​មែន»

ក្រុម​យុវជន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ប្រចាំការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពួក​គាត់ ហើយ​មន្ត្រី​រូប​នោះ​បញ្ជាក់​ថា តាម​នីតិវិធី​រដ្ឋបាល​លោក​នឹង​បញ្ជូន​ញត្តិ​នេះ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដើម្បី​ពិនិត្យ និង​ដោះស្រាយ ក៏​ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​នោះ​ទេ។

អាជ្ញាធរ​ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី១២ កុម្ភៈ បាន​មក​សួរ​នាំ​ក្រុម​យុវជន និង​ព្រះសង្ឃ ហើយ​បាន​ឲ្យ​ពួក​គាត់​ធ្វើ​លិខិត​ស្នើ​សុំ​ ឬ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​អាជ្ញាធរ​ជាមុន​សិន នៅ​ពេល​ជួប​ជុំ​សម្ដែង​មតិ​នៅ​ទីធ្លា​សាធារណៈ។

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ គួរតែ​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ និង​ផ្លាស់​ប្ដូរ​ការ​ជ្រើសរើស​មន្ត្រី​បម្រើការ​ក្នុង​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​ ផ្នែក​អប់រំ​កាយ ដោយ​ផ្ដល់​អាទិភាព​ដល់​អ្នក ​ដែល​មាន​សមត្ថភាព​អាច​ប្រឡងជាប់។

លោក កើត សារ៉ាយ៖ «ប្រសិនបើ​ជា គាត់​ខុស​លក្ខខណ្ឌ​ហើយ​ក្រសួង​ហៅ​គាត់​ទៅ​រៀន ប៉ុន្តែ​ដំបូង​បាន​ពិនិត្យ​ហើយ​ថា​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ ហើយ​ហៅ​គាត់​ទៅ​រៀន​រហូត​ដល់​មួយ​ខែ​ទើប​ប្រាប់​ថា គាត់​ខុស​កម្ពស់​ គេ​ត្រូវ​បញ្ឈប់។ អា​ហ្នឹង​វា​ជា​ភាព​មិន​ប្រក្រតី​ ទី១​ដែល​យើង​ធ្វើការ​កត់​សម្គាល់​ថា វា​ជា​របៀប​នៃ​ការ​ធ្វើ​ការងារ​គ្មាន​ការ​ទទួលខុសត្រូវ ហើយ​នៅ​ពេល​ដែល​ដក​ឈ្មោះ​គាត់​ចេញ​ហ្នឹង​ ក៏​គ្មាន​ការ​ទទួលខុសត្រូវ​អ្វីមួយ​ឲ្យ​កត់សម្គាល់​ថា ក្នុង​រយៈពេល​មួយ​ខែ ដែល​គាត់​ត្រូវ​ខាតពេល ខាតវេលា ត្រូវ​រៀន​ត្រូវ​សូត្រ​ហ្នឹង តើ​សាមី​ក្រសួង​ហ្នឹង​មាន​អី​ជា​ការ​សម្ដែង​ការ​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួន​ឯង?

លោក កែវ សុវណ្ណឫទ្ធិ និង​អតីត​គរុ​និស្សិត ១១ នាក់​ផ្សេង​ទៀត ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​គរុ​សិស្ស​ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រោម​ហេតុផល​ថា ពួកគេ​មាន​កម្ពស់​មិន​គ្រប់​លក្ខន្តិកៈ ។

ទោះ​យ៉ាង​ណា​លោក កែវ សុវណ្ណឫទ្ធិ អះអាង​ថា វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា មាន​គរុ​និស្សិត​មួយ​ចំនួន ខុស​លក្ខន្តិកៈ ពោល​គឺ​លើស​អាយុ​កំណត់ ក្នុង​នោះ​មាន​គរុ​និស្សិត​ខ្លះ​អាយុ​២៧ឆ្នាំ និង​និស្សិត​ខ្លះ​ទៀត​មាន​អាយុ​ជិត ៤០ឆ្នាំ​ក៏​មាន ប៉ុន្តែ​មិន​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​គរុ​និស្សិត​នោះ​ទេ។

ក្រុម​និស្សិត ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ពិនិត្យ និង​ដោះស្រាយ​តាម​សំណើ​របស់​ពួកគាត់ ដើម្បី​ភាព​យុត្តិធម៌ និង​តម្លាភាព សម្រាប់​លោក កែវ សុវណ្ណឫទ្ធិ និង​អតីត​គរុ​និស្សិត ១១នាក់​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។