កម្មកររោងចក្រផលិតកាបូបមួយកន្លែងនៅខេត្តកំពង់ស្ពឺ ប្រមាណជិត១ពាន់នាក់ ប្រមូលផ្ដុំគ្នាធ្វើកូដកម្មជាថ្មីទៀត នៅថ្ងៃទី២០ វិច្ឆិកា ដោយទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការវិញ ក្រោយពេលមន្ទីរការងារ សម្រេចតាមសំណើភាគីរោងចក្រ បញ្ឈប់តំណាងកម្មករពីការងារ។ ក្រុមកម្មករអះអាងថា នឹងនៅតែបន្តធ្វើកូដកម្មរហូតដល់ដំណោះស្រាយក្នុងរឿងនេះ ខណៈភាគីរោងចក្រលើកទឹកឲ្យកម្មករ បន្តការតវ៉ារកដំណោះស្រាយ តាមនីតិវិធីបន្ថែមទៀត។
តំណាងកម្មករម្នាក់ ដែលត្រូវភាគីរោងចក្របញ្ឈប់ពីការងារ លោក អឿន ចាន់នី ប្រាប់ថា ការធ្វើកូដកម្មជាថ្មីទៀតនេះ គឺខាងកម្មករធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការដឹកនាំពីក្រុមណាមួយទេ។
តំណាងកម្មកររូបនេះ បញ្ជាក់ថា ការសម្រេចរបស់មន្ទីរការងារឲ្យក្រុមហ៊ុនបញ្ឈប់ពួកគាត់ពីការងារ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន ព្រោះមន្ទីរការងារ មិនបានចុះស៊ើបអង្កេត ច្បាស់លាស់នោះទេ ដោយជឿតែរបាយការណ៍ក្រុមហ៊ុនប៉ុណ្ណោះ៖ «ប៉ុន្មានថ្ងៃនេះ មន្ទីរមកកាងឲ្យរោងចក្ររហូត។ ទោះជាកម្មករចូលធ្វើការ៤៨ម៉ោងតាមបង្គាប់ គេមក។ ទោះបីជាកម្មករកូដកម្ម ក៏ខាងមន្ទីរមក មករហូតតែម្ដង។ មន្ទីរដូចជាកាងឲ្យក្រុមហ៊ុនហ្មង និយាយឲ្យត្រង់តែម្ដង។ នេះអ្វីជាការជាក់ស្ដែង។ ខ្ញុំចង់ឲ្យក្រុមហ៊ុនយកតំណាងកម្មករ៩រូបចូលធ្វើការវិញ និងសម្រួលបន្តិចបន្តួច ដែលកម្មករស្នើ ឲ្យចូលធ្វើការមក។ សំខាន់បំផុត គឺឲ្យតំណាងកម្មករ៩រូបចូលធ្វើការវិញ។ ខាងពួកខ្ញុំកម្មករ កម្មការិនីឯកភាព យល់ព្រម»។
ការតវ៉ាជាថ្មីទៀតរបស់កម្មករជិត១ ពាន់នាក់ នៅរោងចក្រម៉ូណូភា នេះ ធ្វើឡើង១ថ្ងៃក្រោយពី មន្ទីរការងារខេត្តកំពង់ស្ពឺ សម្រេចតាមសំណើក្រុមហ៊ុន ក្នុងការបញ្ឈប់តំណាងកម្មករ២នាក់ ពីការងារ។
ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ចេញលិខិតមួយ កាលពីថ្ងៃ១៩ វិច្ឆិកា សម្រេចឲ្យនាយកក្រុមហ៊ុនម៉ូណូភា (ខេមបូឌា) បញ្ឈប់លោក អឿន ចាន់នី និងលោក នៅ ចន្ថា ដែលជាប្រតិភូពេញសិទ្ធិ និងជាសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន ពីការងារ ក្រោមហេតុផលថាបានប្រព្រឹត្តកំហុសដូចរបាយការណ៍ក្រុមហ៊ុនដាក់ជូនមន្ទីរការងារ។ កំហុសទាំងនោះមាន ការដើរចោលកន្លែងការងារក្នុងម៉ោងធ្វើការ ប្រើកាយវិការ និងសំដីមិនសមរម្យចំពោះថៅកែ ញុះញង់ឲ្យកម្មករមិនធ្វើការងារ គំរាមកំហែងកម្មករ និងមិនគោរពបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុនជាដើម។ មន្ទីរការងារ ក៏តម្រូវឲ្យថៅកែក្រុមហ៊ុន គណនាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនតំណាងកម្មករទាំងពីរនាក់ ឲ្យត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
អាស៊ីសេរីមិនអាចសុំការបកស្រាយបន្ថែមលើរឿងនេះ ពីប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន នៅល្ងាចថ្ងៃទី២០ វិច្ឆិកា បាននៅឡើយទេ ដោយសារគ្មានអ្នកលើកទូរស័ព្ទ។
កម្មការិនីម្នាក់ក្នុងចំណោមកម្មករ-កម្មការិនីរាប់រយនាក់ លោកស្រី យុំ សុខា ឲ្យដឹងថា តំណាងកម្មករមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ពីខាងក្រុមហ៊ុននោះទេ។ លោកស្រី យល់ថា ជម្លោះការងារនេះ អាចកើតចេញពីការរើសអើងច្រើនជាង ពីព្រោះថាខាងក្រុមហ៊ុនមិនចង់ឲ្យមានសហជីព ឬតំណាងកម្មករ ដែលហ៊ានចេញមុខតវ៉ាការពារប្រយោជន៍ដល់កម្មករ នៅក្នុងរោងចក្រនោះទេ។
កម្មការិនីរូបនេះ ស្នើដល់ក្រុមហ៊ុនព្រមទទួលយកតំណាងកម្មករឲ្យចូលធ្វើការងារវិញ ដើម្បីបញ្ចប់វិវាទការងារមួយនេះ៖ «ខាងតំណាងរបស់ពួកនាងខ្ញុំ បើសិនគាត់មិនមានអត្តចរិតល្អ គឺពួកខ្ញុំអត់មានព្រមចូលរួមតវ៉ាកូដកម្មដើម្បីយកគាត់ចូលធ្វើការវិញ មែនទេលោកពូ ? ដោយសារគាត់មានចរិតស្លូត គាត់ដោះស្រាយឲ្យកម្មករ គាត់ប្រឈមមុខចិន គឺគាត់តវ៉ា។ និយាយគឺកូនចៅខាងកម្មករទាំងអស់ គេចូលចិត្តស្រលាញ់គាត់ហ្នឹង បានគេសុខចិត្តតស៊ូលះបង់ទាំងអស់ដើម្បីគាត់។ ខ្ញុំចង់ឲ្យក្រុមហ៊ុនចេញចរចាដោះស្រាយ មិនមែនឲ្យបងមន្ទីរ គាត់អញ្ជើញមកដល់ហើយ គាត់ចូលទៅក្នុងជាមួយនិយោជកហើយ គាត់អត់មានដំណោះស្រាយ ហៅតំណាងពួកខ្ញុំ ឬមួយក៏ហៅកម្មករឲ្យចូលទៅស្ដាប់ចរចាគ្នាផង។ គាត់និយាយហើយ គាត់ចេញទៅវិញ គឺអត់មានដំណោះស្រាយអ្វីទាំងអស់»។
ប្រធានរដ្ឋបាលក្រុមហ៊ុនម៉ូណូភា (Monopia Cambodia) លោក សម សុជា ឲ្យដឹងថា ភាគីរោងចក្រគោរពតាមការសម្រេចរបស់មន្ទីរការងារខេត្តកំពង់ស្ពឺ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបញ្ឈប់តំណាង២នាក់ តាមនីតិវិធី រួចហើយ។ លោក លើកចិត្តឲ្យតំណាងកម្មករ តវ៉ារកដំណោះស្រាយក្នុងរឿងនេះតាមច្បាប់ពីថ្នាក់លើបន្តទៀត៖ «បើយើងនិយាយពីផ្លូវច្បាប់វិញ យើងនៅតែប្រកាន់ជំហរមួយមិនទទួលយកគាត់ទេ។ ហើយបើគាត់មានផែនការអ៊ីចឹង យើងដើរតាមនីតិវិធីច្បាប់ទៅ។ ឥឡូវ យើងព្យាយាមពន្យល់កម្មករឲ្យគាត់យល់ពីនីតិវិធីច្បាប់ដែរ។ ហើយបើគាត់ដឹកនាំកម្មករបាតុកម្មមួយសារទៀត គាត់កាន់តែខុសច្បាប់មួយតង់ទៀតហើយ»។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ថ្លែងថា ខាងតំណាងកម្មករ អាចដាក់បណ្ដឹងទាស់សេចក្ដីសម្រេចរបស់មន្ទីរការងារខេត្តកំពង់ស្ពឺ ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេតរឿងនេះឡើងវិញ៖ «យើងមើលឃើញថា ការធ្វើកូដកម្មឡើងហ្នឹង ដោយសារតែមានហេតុផលថា ពួកគាត់ បានទាមទាររកនូវអត្ថប្រយោជន៍ចំពោះកម្មករនៅរោងចក្រ ហើយនិយោជកបានយកលេសហ្នឹង ទៅបញ្ឈប់តំណាងសហជីពហ្នឹង។ នេះសបញ្ជាក់ ទម្រង់នៃការរើសអើងសហជីព ដោយសារពួកគាត់ជាថ្នាក់ដឹកនាំ ហើយប្រើប្រាស់សិទ្ធិជាមូលដ្ឋាន ក្នុងនាមឲ្យកម្មករ ទាមទារស្វែងរកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសិទ្ធិការងារនៅកន្លែងការងារ។ អ៊ីចឹង ! ភាពមិនប្រក្រតីណាមួយនៅក្នុងការធ្វើអធិការកិច្ច ហើយចេញសេចក្ដីហ្នឹង យើងនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត។ កម្មករនិយោជិក គាត់អាចពឹងពាក់មេធាវី គាត់អាចបណ្ដឹងឧបស្ស័យទៅរដ្ឋមន្ត្រី។ ហើយករណីដែលនិយោជកគាត់នៅតែប្រកាន់ជំហរអ៊ីចឹង ខ្ញុំយល់ថា បញ្ហាវាមិនអាចបញ្ចប់ទេ ហើយកម្មករចេះតែផ្ទុះការតវ៉ាបន្ថែមទៀត»។
ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា ខូ អិលធីឌី (Monopia Cambodia Co., Ltd) ស្ថិតនៅក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺជាក្រុមហ៊ុនកូរ៉េខាងត្បូង ផលិតកាបូបគ្រប់ប្រភេទនាំចេញទៅបរទេស ដែលមានកម្មករធ្វើការសរុបប្រមាណ ១ពាន់នាក់។
វិវាទការងារនៅរោងចក្រម៉ូណូភា (Monopia Cambodia) ផ្ទុះឡើងកាលពីថ្ងៃទី១៤ វិច្ឆិកា ដោយមានកម្មករប្រមាណ៩រយនាក់នាំគ្នា ធ្វើកូដកម្ម មិនចូលធ្វើការ ទាមទារឲ្យថៅកែរោងចក្រ ទទួលយកតំណាងពួកគេចូលធ្វើការវិញ ក្រោយពីក្រុមហ៊ុនព្យួរការងារតំណាងកម្មករ២នាក់ ដោយមិនបានជូនដំណឹងឲ្យកម្មករដឹងមុន។
ក្រុមកម្មករប្រកាន់ជំហរថា ពួកគេនឹងធ្វើកូដកម្មនៅមុខរោងចក្រ រហូតដល់មានដំណោះស្រាយ គឺភាគីរោងចក្រត្រូវតែទទួលយកតំណាងរបស់ពួកគាត់ឱ្យចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។