នគរបាលប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៤ ធ្នូ បាននាំខ្លួនជនសង្ស័យ ៤នាក់ ជាជនជាតិវៀតណាម ទៅឆែកឆេរទីតាំងកែច្នៃគ្រឿងញៀនមួយកន្លែង ស្ថិតនៅស្ថិតនៅផ្ទះលេខ ១៦៨ ផ្លូវលេខ ១១២ ភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានរកឃើញម្សៅក្រាម ដែលសង្ស័យជាសារធាតុញៀន ចំនួន ២០កញ្ចប់ធំ រកឃើញសារធាតុរាវពណ៌ស ចំនួន ៣៨ដប សារធាតុរាវពណ៌ខ្មៅ ចំនួន ២៤ចានជ័រ និងឧបករណ៍កែច្នៃមួយចំនួនធំបន្ថែមទៀត។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា ការនាំខ្លួនជនសង្ស័យទាំង ៤នាក់ ទៅរកទីតាំងកែច្នៃគ្រឿងញៀននេះ គឺបន្ទាប់ពីនគរបាល បានបង្ក្រាបជនសង្ស័យជនជាតិវៀតណាម ៤នាក់(ស្រី ២នាក់) កាលពីយប់ថ្ងៃទី៣ ធ្នូ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយចាប់បានគ្រឿងញៀនទម្ងន់ ១០គីឡូក្រាម។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមករណីនេះ ពីអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន លោក ម៉ក់ ជីតូ បានទេ នៅថ្ងៃទី៤ ធ្នូ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ តែទោះជាយ៉ាងនេះក្ដី គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា ប៉ូលិសនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាឲ្យស៊ើបអង្កេតស្រាវជ្រាវរកមេក្លោងក្នុងករណីនេះឲ្យឃើញ៕
( ម៉ាស៊ីនផលិតគ្រឿងញៀន ដែលនគរបាលប្រឆាំងឆែកឃើញ និងរឹបអូសនៅទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ ១៦៨ ផ្លូវលេខ ១១២ ភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ នគរបាលជាតិ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។