ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ១រយគ្រួសារ(១០០គ្រួសារ) នៅខេត្តត្បូងឃ្មុំនាំគ្នាឡើងមកភ្នំពេញតវ៉ា នៅថ្ងៃទី៩ ខែកុម្ភៈ ឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ជាបន្ទាន់។ ពលរដ្ឋមួយក្រុមមានបញ្ហាដីធ្លីនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលអាជ្ញាធរប្រទេសទាំងពីរ រារាំងមិនឲ្យពួកគាត់ ធ្វើកសិកម្មលើដីនោះ។ ពលរដ្ឋមួយក្រុមទៀត អះអាងថា ក្រុមហ៊ុនចិននិងអ្នកមានលុយមានអំណាច រំលោភយកដីធ្លីរបស់ពួកគាត់។
ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ១រយគ្រួសារ (១០០គ្រួសារ)នេះ មានមួយក្រុមមកពីស្រុកមេមត់ ដោយអះអាងថា ពួកគាត់ ត្រូវបានអាជ្ញាធរខ្មែរនិងវៀតណាម ហាមឃាត់មិនឲ្យធ្វើស្រែនៅលើដីជាប់តំបន់ព្រំដែនដោយចាត់ទុកថា ជាតំបន់ស ខណៈពលរដ្ឋវៀតណាម បែរជាមានសិទ្ធិធ្វើស្រែនៅតំបន់ព្រំដែនដោយសេរីទៅវិញ។ ចំណែកពលរដ្ឋមួយក្រុមទៀត មកពីស្រុកតំបែរ ដោយអះអាងថា ពួកគាត់ត្រូវបានក្រុមហ៊ុនចិន និងអ្នកមានលុយមានអំណាចច្បាមយកដីពួកគាត់។
ប្រជាពលរដ្ឋទាំងនេះ នាំគ្នាមកដាក់ញត្តិស្នើសុំឲ្យក្រសួងមហាផ្ទៃដោះស្រាយវិវាទដីធ្លីជូនពួកគាត់ព្រោះពួកគាត់ បាត់បង់ដីអាស្រ័យជាយូរមកហើយ ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។
ពលរដ្ឋម្នាក់ដែលមកតវ៉ានៅមុខក្រសួងមហាផ្ទៃ លោកស្រី ហួរ យន់ រស់នៅជាប់ព្រំដែនខ្មែរ-វៀតណាម ឃុំចាន់មូល ស្រុកមេមត់ លើកឡើងថា លោកស្រី និងប្រជាពលរដ្ឋជាង២០គ្រួសារទាមទារឱ្យក្រសួងមហាផ្ទៃដោះស្រាយវិវាទដីធ្លីជូនពួកគាត់ ក្រោយខកខានធ្វើស្រែលើដីរបស់ខ្លួនតាំងពីឆ្នាំ១៩៩៨ ដោយសារតែជនជាតិវៀតណាមរំលោភយកដី និងដេញបាញ់ពួកគាត់ដោយកាំភ្លើង មិនឱ្យអាស្រ័យផលលើដីទាំងនោះ។ លោកស្រីបន្តថា ពលរដ្ឋខ្មែរ បានកាន់កាប់ដីនោះ តាំងពី១៩៩៨០ ខណៈដែលដីនោះស្ថិតនៅលើទឹកដីខ្មែរ ប៉ុន្តែបែរជាអាជ្ញាធរខ្មែរឃុបឃិតជាមួយជនជាតិវៀតណាមឱ្យគេរំលោភយកតាមតែអំពើចិត្ត។
លោកស្រី ហួរ យន់៖ «របស់ចែកដាច់គ្នាហើយហេតុអីបានជាមេភូមិ មេឃុំម៉េចមិនឱ្យប្រជាពលរដ្ឋធ្វើ ខ្ញុំឆ្ងល់កន្លែងហ្នឹង ចែកដាច់ដីខ្មែរយួនអស់ហើយ ហេតុអីប្រជាពលរដ្ឋ យួនបានធ្វើ ចំណែកមិនបានធ្វើ ហ្មេ?ខ្ញុំជាកូនខ្មែរដែលម៉េចមិនឱ្យធ្វើ?បើកេរ្តិ៍យួនចែកគ្នាអស់ហើយ ម៉េចបានឱ្យយួនធ្វើ ម៉េចបានអង្គការយួនគេធ្វើឱ្យ ម៉េចអង្គការខ្មែរមិនឱ្យធ្វើ?»។
ចំណែកពលរដ្ឋមួយក្រុមទៀតដែលឡើងមកតវ៉ានៅមុខក្រសួងមហាផ្ទៃក្នុងពេលតែមួយដែរនោះ លោក ឈឿន ងឿន លើកឡើងថា មានប្រជាពលរដ្ឋដែលមកពីឃុំជាំក្រវៀន ស្រុកមេមត់ ចង់ស្នើឱ្យក្រសួងពាក់ព័ន្ធជួយធ្វើប្លង់រឹងឱ្យបានត្រឹមត្រូវជូនពួកគាត់ ខណៈដែលដីរបស់ពលរដ្ឋរាប់រយគ្រួសារត្រូវបានក្រុមអ្នកមានលុយមានអំណាចព្យាយាមច្បាមយក។ លោកអះអាងថា ដីទាំងនោះគឺជារបស់ពលរដ្ឋដែលបានកាន់កាប់តាំងពីឆ្នាំ២០១២។
លោក ឈឿន ងឿន៖ «មួយរយៈក្រោយមកមានអ្នកមានអំណាចទៅគេចេញតែទៅថា ដីនេះដីគេ ហើយពួកខ្ញុំមានអារម្មណ៍កើតទុក្ខមិនសុខចិត្ត ដោយសារដីដំណាំយើងធ្វើយូរហើយ ឱ្យតែធ្វើស្អាតមានគេមកថា នេះដីគេ នោះដីគេអ៊ីចឹង។ កាលមុនមានប៉ុន្មាននាក់មកមួយសារហើយ ដល់ពេលក្រោយមានយាយណានោះថាជារបស់គាត់ទៀតអ៊ីចឹង ពួកខ្ញុំវាមានការភ័យព្រួយ។ បើគេមិនចេញប្លង់ឱ្យ(គេថា)មានជាប់ពាក់ព័ន្ធយាយអាត់ យាយហំ ខ្ញុំក៏មិនសូវស្គាល់គាត់ដែរ ពួកខ្ញុំមិនសុខចិត្តហ្នឹងឡើងមកដាក់ញត្តិ មិនមកដាក់តែម្ដងទេដាក់ច្រើនដងហើយ»។
ស្រដៀងគ្នានេះប្រជាពលរដ្ឋម្នាក់ទៀតដែលរង់គ្រោះដោយសារតែក្រុមហ៊ុនចិន ហាមិនីវីន អីនវេសមែន (Hamenivent Investment) បានរំលោភយកដីពួកគាត់អស់រយៈពេលជិត១០ឆ្នាំមកហើយ ពេលនេះប្រជាពលរដ្ឋជាង២រយគ្រួសារ(២០០គ្រួសារ) កំពុងតែរស់ទាំងត្រដរ ព្រោះគ្មានដីស្រែសម្រាប់អាស្រ័យផល។ លោកស្រី ស៊ុន សុខលី នៅភូមិស្រែប្រាំង ស្រុកតំបែរ លើកឡើងថា ផ្ទៃដីរបស់ពលរដ្ឋរាបពាន់ហិកតារត្រូវបានអាជ្ញាធរស្រុកតំបែរ ឃុបឃិតគ្នាលក់ឱ្យក្រុមហ៊ុនចិនអស់រយៈពេលជាយូរមកហើយ ដោយពុំមានដំណោះស្រាយសមរម្យ។ ដូច្នេះលោកស្រីទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាទាំងនេះជូនពួកគាត់ជាបន្ទាន់ ដើម្បីពលរដ្ឋអាចទទួលបានដីយកមកប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។
លោកស្រី ស៊ុន សុខលី៖ «ចិនវានៅធ្វើផ្ទះដាំដំឡូង ដាំដំណាំពេញដីហ្នឹងពួកខ្ញុំមិនមានដីអាស្រ័យផងទេ ព្រោះដីនោះ ជាដីអាកេរ្តិ៍អាករពីដូនជីតាមកតាំងពី៧៩ប្រជាពលរដ្ឋអាស្រ័យផលរហូត ហើយចិនចាប់ចូលយកធ្វើរហូតដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋពួកខ្ញុំមិនមានដីអាស្រ័យផលទេ។ ចាប់ប្រជាពលរដ្ឋវាយ ចាប់ដាក់គុកធ្វើបាបប្រជាពលរដ្ឋអត់ឱ្យតវ៉ាយកបាន មកធ្វើបាបប្រជាពលរដ្ឋរត់ខ្ចាត់ខ្ចាយអស់»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះយ៉ាងណា ក្រោយពីពលរដ្ឋជាង១រយនាក់បានមកតវ៉ានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃនេះ ក្រសួងបានចេញលិខិតសន្យាថា នឹងកាត់ឆ្វៀលដីជូនពលរដ្ឋមួយចំនួនក្នុងពេលឆាប់ៗ ប៉ុន្តែរង់ចាំការឆ្លើយតបពីអាជ្ញាធរខេត្តត្បូងឃ្មុំជាមុនសិន ដើម្បីត្រួតពិនិត្យឡើងវិញថា តើគួរដំណោះស្រាយបែបណាជូនពលរដ្ឋ។
ទាក់ទងនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃទាំងនេះ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា ដែលបានចុះតាមដានដោយផ្ទាល់មើលឃើញថា បញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំបានរីកដុះដាលស្ទើរតែគ្រប់កន្លែងដោយសារតែអ្នកមានអំណាចច្បាមយកតាមទំនើងចិត្តដោយអាងថាខ្លួនមានសិទ្ធិអំណាច និងស្និតជាមួយអាជ្ញាធរមូលដ្ឋាន ដោយមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ដូច្នេះ លោកស្នើឱ្យអាជ្ញាធរគួរណាស់តែយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើងវិញ។
លោក សឹង សែនករុណា៖ «ពលរដ្ឋដែលអ្នកខ្សោយ អ្នកក្រីក្រដែលគាត់រងគ្រោះហ្នឹង គាត់តែងតែទន្ទឹងរង់ចាំយុត្តិធម៌ រង់ចាំដំណោះស្រាយហ្នឹងគឺមានរយៈពេលយូរឆ្នាំមកហើយ ដោយឡែកយើងឃើញពុំមានដំណោះស្រាយណាមួយឱ្យគាត់អាចទទួលបានយុត្តិធម៌ ហើយបានដីយកមកប្រើប្រាស់ចិញ្ចឹមជីវិតទៅទៀត អាហ្នឹងជារឿងមួយដែលយើងមើលឃើញថា វាជាការអនុវត្តច្បាប់មួយដែលមានលក្ខណៈស្តង់ដារពីរ»។
ចាប់តាំងពីមានជម្លោះដីធ្លីជាបន្តបន្ទាប់មក អាជ្ញាធរខេត្តត្បូងឃ្មុំហាក់ល្បីល្បាញណាស់ ក្នុងការពង្រាយកម្លាំងសមត្ថកិច្ច យាមកាមឱ្យក្រុមហ៊ុនចិន និងអ្នកមានលុយមានអំណាចដើម្បីឈូសឆាយរំលោភដីសហគមន៍ និងគំរាមពលរដ្ឋមិនអាស្រ័យផលលើដីទាំងនោះ។ គេសង្កេតឃើញថាមកទល់ពេលនេះ មានពលរដ្ឋរាប់រយគ្រួសារ កំពុងរស់ដោយក្ដីភ័យខ្លាចមិនហ៊ានចេញមកតវ៉ាទាមទាររកយុត្តិធម៌ដើម្បីដីធ្លីរបស់ខ្លួនទៀតនោះទេ ព្រោះខ្លាចអាជ្ញាធរចាប់ខ្លួន។ រីឯតំណាងពលរដ្ឋមួយចំនួនធ្លាប់ជាប់ពន្ធនាគារ និងរង់ពាក្យបណ្ដឹងក្នុងតុលាការ ដោយសារតែតវ៉ាទាមទាររឿងដីធ្លី។
បញ្ហាដីធ្លីនេះ តំបន់ខ្លះបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ ទៅ២០ឆ្នាំ ដោយគ្មានការអើពើពីសំណាកអាជ្ញាធរមូលដ្ឋាន ។ ករណីនេះទោះបីជាប្រជាពលរដ្ឋបានព្យាយាមចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន ដើម្បីស្វែងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ តាំងពីថ្នាក់ស្រុក ខេត្ត រហូតដល់រាជធានីជាហូរហែក៏ដោយ ប៉ុន្តែបញ្ហាមិនទាន់មានដំណោះស្រាយនោះឡើយ។ ទោះជាបែបនេះក្ដីប្រជាពលរដ្ឋនៅតែបន្តទាមទាររកយុត្តិធម៌លើសិទ្ធិដីធ្លីរបស់ពួកគាត់មកវិញ ហើយពលរដ្ឋទាំងនោះប្ដេជ្ញាចិត្តថានៅតែបន្តប្រមូលម្ដុំទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយនាពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។