ជំងឺកូវីដ១៩ បានឆ្លងចូលដល់ក្នុងពន្ធនាគារខេត្តកណ្តាលមួយទៀតហើយ បន្ទាប់ពីពន្ធនាគារព្រៃសផ្នែកបុរស និងពន្ធនាគារខេត្តព្រះសីហនុ។ អាជ្ញាធរពន្ធនាគារ សម្រេចបន្ថែមវិធានការចត្តាឡីស័កឲ្យដល់២០ថ្ងៃ និងតម្រូវឲ្យយកសំណាកចំនួន ៣ ដង មុននឹងបញ្ចូលអ្នកជាប់ឃុំថ្មី ចូលក្នុងពន្ធនាគារវិញ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សបន្តជំរុញឲ្យអាជ្ញាធរពិចារណាដោះលែងអ្នកជាប់ទោសមជ្ឈិមនិងអ្នកកំពុងឃុំខ្លួនបណ្ដោះអាសន្នដើម្បីកាត់បន្ថយហានិភ័យក្នុងពន្ធនាគារ។
វិធានការបន្ថែមថ្ងៃធ្វើចត្តាឡីស័ក និងការយកសំណាក ៣ ដងនេះ ធ្វើឡើងក្រោយពេលអ្នកជាប់ឃុំជាងមួយរយ (១០៣) នាក់ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ៣នាក់ បានឆ្លងជំងឺកូវីដ១៩ (Covid-19)។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៦ ខែឧសភាថា ខាងពន្ធនាគារបានសម្រេចដាក់ចេញ វិធានការ ១៤ ចំណុចទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងពន្ធនាគារ ហើយក្នុងនោះ គឺការតម្រូវឲ្យបន្ថែមថ្ងៃធ្វើចត្តាឡីស័ក និងការយកសំណាក ៣ ដង ទាំងអ្នកដែលតុលាការទើបចោទប្រកាន់ថ្មីថ្មោង និងអ្នកដែលត្រឡប់មកពីសវនាការវិញ ត្រូវតែធ្វើចត្តាឡីស័ក ២០ ថ្ងៃទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ លោក នុត សវនា អះអាងថា ស្ថានភាពការឆ្លងតាមពន្ធនាគារពេលនេះ មិនទាន់ដល់កម្រិត ត្រូវស្នើសុំទៅខាងតុលាការឲ្យដោះលែងអ្នកជាប់ឃុំខ្លះនោះទេ៖ « ជាពិសេសអ្នកទៅ ( មន្ទីរពេទ្យ ) ពេទ្យ ហើយនិងឡើងសវនាការ។ ត្រឡប់មកវិញ ក៏យើងត្រូវដាក់គាត់ ដោយឡែករយៈពេល ២០ ថ្ងៃដែរ ទោះបីគាត់ជាជនជាប់ឃុំនៅហ្នឹងរួចហើយក៏ដោយដែរ ឲ្យតែចេញក្រៅពន្ធនាគារ»។
ទាក់ទងនឹងតួលេខអ្នកជាប់ឃុំដែលបានឆ្លងជំងឺកូវីដ-១៩ វិញ អគ្គនាយរងនៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះថ្លែងថា លោកមិនបានដឹងពីតួលេខជាក់លាក់នោះទេ ហើយលោកបានបង្វែរឲ្យសួរទៅអាជ្ញាធររដ្ឋបាលរាជធានីខេត្តវិញ។
ដំបូងឡើយ ជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគារព្រៃសផ្នែកបុរស ដោយមានអ្នកឆ្លងជាង ៥០ នាក់។ ប៉ុន្តែពេលនេះ វាបានឆ្លងទៅដល់ក្នុងពន្ធនាគារខេត្តកណ្ដាលហើយ ដោយមានមនុស្សចំនួន ១០៦ នាក់បានឆ្លងជំងឺនេះ។ អភិបាលរងខេត្តលោក នូវប៉េង ច័ន្ទតារា ប្រាប់សារព័ត៌មានក្នុងស្រុក (Thmeythmey) ថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកមូលហេតុនៃការឆ្លង និងធ្វើតេស្តអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលបន្ថែមទៀត។ លោកថា រដ្ឋបាលខេត្តមិនទាន់មានយន្តការជម្លៀសអ្នកជាប់ឃុំចេញ ឬអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្នឡើយ។ តែអាជ្ញាធរកំពុងពង្រឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងនេះ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ និងប្រធានពន្ធនាគារខេត្តកណ្តាលលោក ចាត ស៊ីនាង បានទេ នៅថ្ងៃទី២៦ ខែឧសភា។

ទាក់ទងនឹងការឆ្លងចូលក្នុងពន្ធនាគារនេះ សាច់ញាតិរបស់អ្នកជាប់ឃុំនៅតាមពន្ធនាគារ ដែលកំពុងមានករណីឆ្លងជំងឺកូវីដ១៩នេះ កំពុងរង់ចាំដំណឹងសាច់ញាតិរបស់ពួកគេយ៉ាងអន្ទះសា ព្រោះតែការបាត់ដំណឹងឈឹង ច្រើនខែមកហើយ។ ប្រពន្ធ កូន របស់សកម្មជនបក្សប្រឆាំងមួយចំនួននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម (facebook) ទាមទារឲ្យដោះលែង អ្នកនយោបាយជាបន្ទាន់។ ពួកគេបារម្ភថា ប្ដី ឬ ឪពុករបស់ពួកគេ អាចនឹងស្លាប់ ក្នុងពន្ធនាគារ ដោយសារ ជំងឺកូវីដ១៩ និងជំងឺប្រចាំកាយផ្សេងៗ បើសិនជាតុលាការនៅតែមិនព្រមដោះលែងទៀត។
ឪពុករបស់សកម្មជនបក្សប្រឆាំងខេត្តកណ្ដាលលោក តុន និមល គឺលោក ចាន់ តុន អះអាងថា គ្រួសារបានបាត់ដំណឹងកូនប្រុសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស «ម១» ប្រហែលមួយខែហើយ។ បុរសចំណាស់រូបនេះ ទទូចឲ្យតុលាការដោះលែងកូនប្រុស និងអ្នកទោសនយោបាយទាំងអស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យពួកគេស្លាប់ក្នុងពន្ធនាគារ៖ « ស្រុកយើង វាគ្មានទោសប្រហារជីវិតទេ ហើយបើកាលណាទុកគ្នា ក្នុងគ្រាមានកូវីដផង រាលដាលផង គ្រោះថ្នាក់ទៅ មិនដឹងជាអ្នកណាទទួលខុសត្រូវជីវិតកូនខ្ញុំ»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មិនជំទាស់នឹងវិធានការបន្ថែមថ្ងៃចត្តាឡឺស័ក និងការយកសំណាកអ្នកជាប់ឃុំទេ។ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺក្នុងពន្ធនាគារ ជាកន្លែងងាយឆ្លងបំផុត ព្រោះ អ្នកជាប់ឃុំ គ្មានលទ្ធភាពអនុវត្តវិធានការរក្សាគម្លាត បានត្រឹមត្រូវទេ។
លោក អំ សំអាត នៅតែបន្តទទូចឲ្យអាជ្ញាធរពន្ធនាគារដោះលែងអ្នកជាប់ឃុំក្នុងកម្រិតទោសស្រាលៗ និងអ្នកជាប់ឃុំបណ្ដោះអាសន្នឲ្យបានលឿនដើម្បីកាត់បន្ថយហានិភ័យ ការឆ្លងក្នុងពន្ធនាគារ៖ « ពិនិត្យមើលទៅ ហើយពន្លឿនទៅ។ ពន្លឿននីតិវិធី ក្នុងការជំនុំជម្រះ។ បទល្មើសខ្លះ អាចកាត់តម្រឹម ឬក៏អាចព្យួរ ឬក៏អាចទោសពាក់កណ្ដាល ទោសការងារសហគមន៍ អ្វីជាដើម ហើយក៏គួរតែពិនិត្យទៅលើអ្នកដែលជិតផុតទោស បានន័យថា នៅបន្តិចបន្តួចដែលជិតផុតទោស។ អាហ្នឹង ក៏គួរតែពិនិត្យ»។
បច្ចុប្បន្ន កម្ពុជាមានអ្នកជាប់ឃុំ សរុបតាមពន្ធនាគារទូទាំងប្រទេសប្រមាណបួនម៉ឺន (៤០.០០០) នាក់។ តួលេខនេះ នៅតែជាចំនួនខ្ពស់ដែលបង្ហាញពីភាពចង្អៀតណែនតាមពន្ធនាគារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ( Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ ( Amnesty International) បានអះអាងក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីពេលថ្មីៗនេះថា ពួកគេទទួលបានព័ត៌មានសំងាត់ ថាមានអ្នកជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញរាប់រយនាក់បានឆ្លងជំងឺកូវីដ១៩។ អង្គការទាំងពីរចោទថា អាជ្ញាធរបានលាក់ព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារ ដោយបង្ហាញតួលេខអ្នកឆ្លងតិចតួចបំផុត។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ ទាមទារឲ្យរដ្ឋាភិបាលប្រញាប់ដោះលែងអ្នកជាប់ឃុំ ដែលមានទោសស្រាល ជាពិសេសអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចនៅជាមួយ អ្នកដែលអាជ្ញាធរចាប់យកមកឃុំខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ដូចជាអ្នកនយោបាយ និងអ្នកត្រូវបានចាប់ខ្លួនដោយបង្ខំ ដើម្បីបន្សាបគ្រឿងញៀនជាដើម។ អង្គការទាំងនេះ ក៏ស្នើឲ្យរដ្ឋាភិបាលផ្ដល់អាទិភាព ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់អ្នកជាប់ឃុំទាំងអស់ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។