ពលករខ្មែរធ្វើការងារនៅប្រទេសថៃជាច្រើននាក់ព្រួយបារម្ភខ្លាចតសុពលភាពទិដ្ឋាការមិនបាន ហើយនឹងក្លាយទៅជាពលករខុសច្បាប់នៅពេលខាងមុខនេះ។ ក្ដីបារម្ភនេះ ដោយសារតែលិខិតឆ្លងដែនរបស់ពួកគាត់នៅសល់តែជាង ២ខែទៀតនឹងអស់សុពលភាពទិដ្ឋាការ ដោយអាជ្ញាធរថៃមិនទាន់បើកឱ្យធ្វើទិដ្ឋាការថ្មីជូនដល់ពលករបរទេសនៅឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថារឿងនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា និងថៃមិនឆាប់ដោះស្រាយជូនពួកគាត់ទេ នោះពលករខ្មែររាប់សែននាក់នឹងក្លាយទៅជាពលករខុសច្បាប់។
ពលករមានស្រុកកំណើតនៅបន្ទាយមានជ័យ លោក ទេព កាន រៀបរាប់ប្រាប់អាស៊ីសេរីថា ទិដ្ឋាការរបស់លោកអស់សុពលភាពនៅចុងខែមីនាខាងមុខនេះហើយ គឺថៅកែថៃមិនទាន់នាំលោកទៅស្នើសុំធ្វើទិដ្ឋាការថ្មីនៅឡើយទេ។ ពលកររូបនេះបន្ថែមថា លោកព្រួយបារម្ភខ្លាចអស់សុពលភាពទិដ្ឋាការនឹងក្លាយទៅជាពលករខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។ លោកបន្តថា មួយរយៈនេះលោកធ្វើការបានប្រាក់បន្តិចបន្តួចសម្រាប់ទិញស្បៀងអាហារហូបចុកម្នាក់ឯងប៉ុណ្ណោះ ដោយមិនមានប្រាក់ផ្ញើទៅឪពុកម្ដាយនៅស្រុកកំណើតឡើយ។ លោកនិយាយថា លោកមិនចង់ត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះទេ ព្រោះនៅផ្ទះគ្មានការងារធ្វើ។ ដូច្នេះ លោកសុខចិត្តខាំស្មៅនៅប្រទេសថៃបន្តទៀត ក្រែងលោស្ថានការណ៍ជំងឺកូវីដ១៩ បានធូរស្រាលនឹងមានការងារធ្វើជាប់លាប់ឡើងវិញ៖ «និយាយរួមទៅខ្ញុំព្រួយបារម្ភសព្វបែបយ៉ាងណាមួយពេលនេះ ការងារអត់សូវមានធ្វើទេ ហើយមានជំងឺកូវីដទៀត។ មួយវិញទៀត ជិតដល់ខែតលិខិតឆ្លងដែន ហើយអត់មានលុយកាត់ទេ។ បើសិនបើយើងធ្វើខុសច្បាប់ ពិបាកដល់ពេលប៉ូលិសចូលមក អីចឹងគេចាប់យើង។ បើមានវីសាទៅយើងចង់ទៅធ្វើនៅកន្លែងណាក៏បានដែរ តែឥឡូវជិតដល់ថ្ងៃតវីសាហើយការងារអត់មានធ្វើទៀត » ។
ស្រដៀងគ្នានេះ ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកក លោក អាត់ ខាន់ណា ថ្លែងថា មួយរយៈនេះលោកគិតច្រើនគេងមិនសូវលក់នោះឡើយ ដោយបារម្ភខ្លាចគ្មានប្រាក់ធ្វើទិដ្ឋាការថ្មីមិនបានផង និងខ្លាចដាច់ស្បៀងអាហារផង។ ពលករវ័យ ៣៥ឆ្នាំរូបនេះប្រាប់ថា សព្វថ្ងៃលោកធ្វើការបានប្រាក់ប្រមាណ ៥ពាន់ (៥.០០០) បាត ឬស្នើនឹង ១៦០ដុល្លារអាមេរិកក្នុងមួយខែ ស្របពេលដែលលោកត្រូវចិញ្ចឹមប្រពន្ធទើបមានកូនខ្ចីបាន ១០ខែ។ ដូច្នេះប្រាក់នេះគ្រប់សម្រាប់តែទិញអង្ករច្រកឆ្នាំងប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើលិខិតឆ្លងដែនរបស់លោក និងប្រពន្ធ អស់សុពលភាពទិដ្ឋាការ គឺគ្រួសាររបស់លោកនឹងជួបការលំបាកកាន់តែខ្លាំង៖ «សព្វថ្ងៃខ្ញុំពិបាកចិត្តខ្លាំងណាស់គិតច្រើន មួយរឿងលិខិតឆ្លងដែន ខ្លាចយើងដាច់ទៅនៅប្រទេសគេមិនបាន ហើយបើយើងត្រឡប់ទៅខ្មែរយើងមិនមានការធ្វើទេ។ មួយវិញទៀត ខ្ញុំខ្ចីប្រាក់ពីធនាគារច្រើនអត់មានប្រាក់សងគេទៀត សព្វថ្ងៃនេះពិបាកចិត្តណាស់ ការងារក៏មិនសូវមានធ្វើទៀត។ យើងព្រួយបារម្ភ ព្រោះវីសាយើងជិតដាច់ហើយ ណាមួយបើយើងមិនមានលុយគេក៏មិនធ្វើឱ្យយើង ហើយយើងមិនដឹងទៅពឹងអ្នកណាបាន ខ្ញុំព្រួយបារម្ភខ្លាំងណាស់ » ។
ពលកររូបនេះឱ្យដឹងទៀតថា កន្លែងធ្វើការរបស់លោកមានពលករខ្មែរធ្វើការ ប្រមាណ ៤០នាក់ ហើយពួកគាត់មានជីវភាពខ្វះខាត ដោយសារគ្មានការងារធ្វើ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ។ លោក អាត់ ខាន់ណា ប្រាប់ថា ពលករទាំងនោះអស់សុពលភាពទិដ្ឋាការនៅចុងខែមីនាទាំងអស់គ្នា ហើយពួកគាត់បារម្ភខ្លាចធ្វើទិដ្ឋាការមិនទាន់ នឹងក្លាយទៅជាពលករខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់ដាក់គុក ឬចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ បានគ្រប់ពេល។
អាស៊ីសេរីថា មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ពលករនេះបានទេនៅថ្ងៃទី១៧ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារថៃ លោក សុឆាត ឈុំក្លិន (Suchhat Chomklin) បានប្រាប់ទទួលប៉ុស្តិ៍លេខ៣របស់ថៃកាលពីថ្ងៃទី១៥ មករាថា ក្រសួងពាក់ព័ន្ធរបស់ថៃគ្រោងប្រជុំដោះស្រាយបញ្ហានេះនៅថ្ងៃទី២០ មករាខាងមុខ។ លោកបញ្ជាក់ថា ក្រសួងគ្រោងស្នើសុំពន្យារពេលសុពលភាពទិដ្ឋាការរបស់ពលករបរទេសរយៈពេល ៦ខែទៅមុខទៀត ដោយមិនមានការចាប់ចងពីសំណាក់អាជ្ញាធរថៃឡើយ៖ «ក៏បានជជែកគ្នាហើយថា រឿងលិខិតឆ្លងដែន ដែលគាត់អស់សុពលភាព ដែលត្រូវតសុពលភាពនោះ ខាងក្រសួងការបរទេសរបស់ប្រទេសដើមកំណើតនឹងធ្វើយ៉ាងណា។ គេក៏បានគិតគូរថា នឹងចូលមកបោះទីតាំងធ្វើឱ្យពលរដ្ឋរបស់គេនៅក្នុងប្រទេសថៃ។ ប៉ុន្តែទាំងនេះ អាស្រ័យលើនីតិវិធីរបស់ក្រសួងការបរទេសដើមកំណើត និងប្រទេសថៃ។ តែខ្ញុំគិតថា ស្ថានការណ៍រាតត្បាតជំងឺកូវីដ១៩ លើកទី២ វាមិនមែនជាពេលវេលាដែលយកមនុស្សជាច្រើននាក់មកប្រមូលផ្ដុំគ្នាកកកុញនៅមន្ទីរពេទ្យបានទេ » ។
របាយការណ៍ក្រសួងការងារថៃឱ្យដឹងថា ពលករកម្ពុជា ឡាវ (Lao) និងភូមា (Myanmar) សរុបប្រមាណ ១លាន ៥សែននាក់ (១.៥០០.០០០) នឹងអស់សុពលភាពទិដ្ឋាការនៅចុងខែមីនាខាងមុខ។ អ្នកបកប្រែភាសាថៃ និងអ្នកការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ប្រាប់អាស៊ីសេរីថា ក្នុងចំណោមនោះមានពលករខ្មែរជាង ៣សែន (៣០០.០០០) ដែលនឹងអស់សុពលភាពទិដ្ឋាការធ្វើការងារនៅប្រទេសថៃ។ លោកបន្ថែមថា ពលករទាំងនោះនឹងក្លាយទៅជាពលករធ្វើការងារខុសច្បាប់ ប្រសិនបើពួកគាត់មិនអាចធ្វើទិដ្ឋាការថ្មីធ្វើការងារឱ្យទាន់ពេលវេលា។ លោកបញ្ជាក់ថា អំឡុងពេលនេះពលករមិនអាចធ្វើឯកសារបញ្ជាក់លិខិតស្នាម ដើម្បីសុំសិទ្ធិធ្វើការងារស្របច្បាប់បានឡើយ ដោយសារវិបត្តិជំងឺកូវីដ១៩។ លោកប្រាប់ថា ពលករខ្មែរជាច្រើននាក់កំពុងជ្រួលច្របល់បញ្ហានេះ ដោយពួកគាត់បានទាក់ទងមកលោកឱ្យជួយពួកគាត់ជាបន្តបន្ទាប់៖ «បច្ចុប្បន្ននេះគាត់ពិបាកហ្នឹងស្ថានភាពការងារគាត់មិនសូវមានហើយ គាត់ត្រូវចំណាយចាយវាយខ្ពស់លើការពន្យារទិដ្ឋាការស្នាក់នៅ ការសុំទិដ្ឋាការទៅមុខទៀត។ ខ្ញុំគិតថា វាជារឿងធំមួយដែលគួរឱ្យបារម្ភ ព្រោះថាបើសិនជាស្ថាប័នមិនបានវិធានការជួយសម្របសម្រួលដល់ពលករទេ គាត់អាចនឹងក្លាយជាពលករខុសច្បាប់ ដែលធ្វើឱ្យពួកគាត់ហ្នឹងរងគ្រោះដោយអាជ្ញាធរថៃចាប់ដំណើរការតាមច្បាប់ » ។
ចំណែកមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា វិញ លោកយល់ថា រឿងនេះជាទុក្ខលំបាកដ៏ធំរបស់ពលករ ដែលអាជ្ញាធរកម្ពុជា និងថៃគួរតែដោះស្រាយជាបន្ទាន់។ មន្ត្រីសង្គមស៊ីវិលរូបនេះជឿថា ប្រសិនអាជ្ញាធរប្រទេសទាំង២ មិនចេញមុខដោះស្រាយបញ្ហានេះទេ គឺពលករខ្មែររាប់សែននោះ នឹងក្លាយជាពលករខុសច្បាប់។ លោកប្រាប់ថា នៅពេលនោះពលករអាចនឹងត្រូវថៅកែកេងប្រវ័ញ្ចកម្លាំងពីពួកគាត់ ហើយបាត់បង់អត្ថប្រយោជន៍ការងារផ្សេងៗ ជាច្រើនទៀត៖ «អីចឹងបានជាប្រសិនបើមនុស្សរាប់សែននាក់នោះ ឬដល់លាននាក់ត្រឡប់មកខ្មែរ អាហ្នឹងបញ្ហាកាន់តែធំហើយ។អីចឹងរដ្ឋាភិបាលកម្ពុជាគួរតែគិតពិចារណា ហើយចាត់វិធានការណ៍ឱ្យឆ្លើយតបនឹងបញ្ហានេះ។ មួយទៀត ពលករត្រូវបង្ហាញអំពីទុក្ខកង្វល់របស់ខ្លួន ដែលជួបបញ្ហា ដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសរដ្ឋាភិបាលកម្ពុជា ឱ្យបានដឹងបញ្ហារបស់ខ្លួន ហើយយើងចូលរួមធ្វើការទាំងអស់គ្នាជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យហ្នឹង » ។
លោកបន្តថា ពលករទាំងនោះធ្វើទិដ្ឋាការធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃរយៈ ២ឆ្នាំម្ដង ហើយទិដ្ឋាការការងាររបស់ពួកគាត់នឹងអស់សុពលភាពនៅចុងខែមីនាខាងមុខ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ព្រួយបារម្ភថា ពួកគាត់អាចនឹងបំពេញបែបធ្វើការងារមិនទាន់នោះទេ ព្រោះអំឡុងពេលនេះអាជ្ញាធរថៃបានត្រួតពិនិត្យតឹងតែងលើពលករបរទេស ដោយមិនឱ្យពួកគាត់ចល័តទីតាំងធ្វើការងារនោះឡើយ។ លោកថា ប្រសិនបើពលករទាំងនោះក្លាយពលករខុសច្បាប់ ពួកគាត់អាចនឹងត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ ឬចាប់ដាក់ពន្ធនាគារបានគ្រប់ពេល។
លោក ឌី ថេហូយ៉ាង ឱ្យដឹងថា បច្ចុប្បន្នពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់មានប្រហែលពី ១លាន ៨សែនទៅ ២លាននាក់ (២.០០០.០០០) ធ្វើការងារនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។