ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ នៅកន្លែងផ្គត់ផ្គង់ផ្កាស្រស់ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការនាំចូលផ្កា ដើម្បីបំពេញនៅតម្រូវការអតិជនរបស់ខ្លួន។ ទន្ទឹមគ្នានេះ អ្នកផ្គត់ផ្គង់ផ្កាទាំងនោះរអ៊ូរទាំថា ផ្កាដែលពួកគាត់នាំចូលស្ទើរតែទាំងស្រុងមកពីក្រៅប្រទេស។ អ្នកផ្គត់ផ្គង់ផ្កាទាំងនោះស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ផលិតពូជផ្កានៅក្នុងស្រុកឲ្យបានច្រើន។
អ្នកផ្គត់ផ្គង់ផ្កាស្រស់នៅក្នុងរាជធានីភ្នំពេញ បារម្ភថា កង្វះបច្ចេកទេសផលិតពូជផ្កា និងដើមទុនកំពុងចោទជាបញ្ហាទៅលើអាជីវកម្មលក់ផ្ការបស់ពួកគេ ខណៈផ្កាស្រស់ស្ទើរតែទាំងស្រុងនាំចូលពីបរទេស។ មិនតែប៉ុណ្ណោះ អ្នកផ្គត់ផ្គង់ផ្កាទាំងនោះយល់ថា ការនាំចូលផ្កាពីបរទេស គឺជាបញ្ហាប្រឈម និងជាផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍផ្នែកវិស័យកសិកម្មនៅកម្ពុជា ពិសេសក្លាយជាឧបសគ្គដល់ដំណើរការអាជីវកម្ម ស្របពេលកម្ពុជា បានឈានជើងចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
ម្ចាស់ហាងលក់ដើមផ្កាស្រស់ទាំងបោះដុំ និងលក់រាយ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ជា សុគុណ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន នេះ អ្នកទិញភាគច្រើននិយមទិញប្រភេទផ្កាផ្កាស្បៃរឿង អង្គាសីល ដង្គត់មាស ដើមក្រូចតាំង និងប្រភេទផ្កាកុលាបនាំសំណាងជាដើម។ លោកថា អ្នកទិញយល់ថា ប្រភេទផ្កាទាំងនេះនឹងនាំជ័យ នាំលាភសំណាងមកក្រុមគ្រួសារ។
ម្ចាស់ហាងលក់ដើមផ្កាស្រស់រូបនេះ ឲ្យដឹងដែរថា ផ្កាដែលផ្គត់ផ្គង់ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ជាង ៨០% នាំចូលទាំងស្រុងពីប្រទេសវៀតណាម ប្រទេសថៃ ជាង ១០% ដោយឡែកក្នុងស្រុកតិចតួចបំផុត។ លោកថា ផ្កានាំចូលមានតម្លៃចាប់ពី ៥.០០០រៀល រហូត ១.០០០ដុល្លារ អាស្រ័យលើប្រភេទដើម ឈើផ្កា តូច ឬធំ៖ «ជាជំនឿសាសនារបស់ជនជាតិចិន និងវៀតណាម គាត់ច្រើននិយមលើផ្កាអង្គាសីល ស្ពៃរឿង និងក្រូច»។
ម្ចាស់ហាងលក់ដើមផ្កាស្រស់រូបនេះ អះអាងថា មូលហេតុនាំចូលផ្កាស្ទើរទាំងស្រុងពីបរទេស មកពីកង្វះបញ្ហាបច្ចេកទេសក្នុងការផ្សាំបណ្ដុះឲ្យទុកបានយូរកង្វះទុន ដើម្បីពង្រឹងស្តង់ដារគុណភាពដែលត្រូវផលិត កង្វះព័ត៌មានជុំវិញដំណើរការដាំដុះ កង្វះធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ និងបញ្ហាប្រឈមជាច្រើនទៀត។ លោកថា បញ្ហាទាំងនេះហើយបានបង្កបញ្ហាស្មុគស្មាញដល់ដំណើរការផ្គត់ផ្គង់ផ្កា ពិសេសមិនអាចមានសមត្ថភាពផ្នែកផលិតបានគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងទីផ្សារអាស៊ានបាន។
លោកជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងមានទុនទៅលើបច្ចេកទេសដាំផ្កា ដើម្បីកុំឲ្យកម្ពុជា បន្តនាំចូលផ្កាពីបរទេស៖ «ខ្ញុំអ្នករកស៊ីលក់ដូរអ៊ីចឹង ខ្ញុំចង់ផលិតឲ្យបានច្រើនណាស់ តែខ្ញុំវាអត់ដឹងព័ត៌មាន ខ្វះចំណេះដឹង អត់ចេះមានបច្ចេកទេសអាផ្នែកផលិតហ្នឹងតែម្ដង ហើយពិសេសរឿងជួលដីជួលអីក៏ថ្លៃដែរ ហើយតាមខ្ញុំដឹងនៅស្រុកគេពេលធ្វើ ឬផលិតទៅខាត់ រដ្ឋាភិបាលគេទិញយកអស់ តែនៅស្រុកយើង ថាខាតដឹងតែឡុងចុង»។
ចំណែកឯអ្នកទៅកាប់ផ្កាអង្គាសីលពីតំបន់ព្រៃភ្នំ យកមកលក់នៅអំឡុងពេលចូលឆ្នាំចិន មកពីខេត្តបាត់ដំបង លោក ឈិន ឈឿន សោកស្ដាយនៅពេលកម្ពុជា នាំចូលផ្កាស្ទើរតែទាំងស្រុងពីបរទេស បើទោះកម្ពុជា ចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់របស់ជាតិក្តី។ លោកថា នៅពេលដែលផ្កានាំចូលច្រើន ហើយអតិថិជនភាគច្រើនមិនសូវចាប់អារម្មណ៍ផ្កាផលិតក្នុងស្រុកទៀត មិនត្រឹមតែបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ វាធ្វើឲ្យពួកគាត់ស្ទើរតែបាត់មុខរបរនេះ។
លោកស្នើ កម្ពុជាបង្កើនចំនួនអ្នកបច្ចេកទេសកសិកម្មក្នុងស្រុក ដើម្បីបង្កើនការដាំដុះផ្កាដែលមានគុណភាពឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកទិញ៖ «មានអារម្មណ៍ថា អត់មានប្រាក់ចំណូលចូល ព្រោះដោយសារមានផ្កានាំចូលច្រើន ហេតុនេះសូមឲ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផ្កានៅក្នុងស្រុកយើង ដើម្បីឲ្យពួកខ្ញុំមានទឹកចិត្តលក់តទៅទៀត»។
ចំណែកឯ ម្ចាស់កសិដ្ឋានផ្គត់ផ្គង់ដើមផ្កាស្រស់ទូទាំងប្រទេស លោកស្រី លី តឿយ ជាជនជាតិវៀតណាម ទទួលស្គាល់ថា ផ្កាដែលផ្គត់ផ្គង់នៅកម្ពុជា ទាំងការនាំចូល និងបច្ចេកទេស នាំចូលទាំងស្រុងពីវៀតណាម ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីបច្ចេកទេសក្នុងការផ្សាំបណ្ដុះផ្កាឲ្យទុកបានយូរយ៉ាងណានោះទេ៖ «អត់ទេអារឿងបច្ចេកទេសហ្នឹង ខ្ញុំជួលគេមកធ្វើ មិនដឹងទេ»។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាដើម្បីអភិវឌ្ឍកសិកម្ម និងប្រព័ន្ធចិញ្ចឹមជីវិត លោក សួន សេង យល់ថា មួយឆ្នាំៗកម្ពុជា បានចំណាយទៅលើការនាំចូលផ្កាមានចំនួនច្រើនដើម្បីបំពេញនៅតម្រូវការរបស់អ្នកទិញ ខណៈបុណ្យទានសំខាន់ៗ។ លោកថា មូលហេតុមកពីកម្ពុជា មិនសូវយកចិត្តទុកដាក់លើជំនាញស្រាវជ្រាវ ពិសេសអ្នកបច្ចេកទេសដាំដុះ និងកង្វះវត្ថុធាតុដើម ដើម្បីឲ្យការផ្សាំបណ្ដុះផ្កាបានជោគជ័យ។
លោកស្នើឲ្យរដ្ឋាភិបាលគួរមានទុន ដើម្បីជំរុញការស្រាវជ្រាវលើផ្នែកនេះ៖ «កាលណាយើង អាផ្នែកស្រាវជ្រាវអត់សូវមាន អារឿងនាំចូលហ្នឹងដឹងតែនៅមានតែម្ដង ព្រោះបើយើងមើលទៅលើកញ្ចប់ថវិកាវិញ មានតិចតួចណាស់លើផ្នែកនេះ ហេតុនេះអារឿងស្រាវជ្រាវយើងពឹងលើតែស្រុកគេ»។
គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៥-២០១៨ រដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងជាមុខព្រួញដ៏សំខាន់ដើម្បីចូលរួមកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាងនេះទៀត រដ្ឋាភិបាលនឹងជំរុញកំណើនកសិកម្មឲ្យបានក្នុងរង្វង់ ១០% ក្នុងមួយឆ្នាំ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា រាល់ឆ្នាំកម្ពុជា បានបញ្ជូននិស្សិតជាច្រើនរយនាក់ ទៅសិក្សានៅក្រៅប្រទេសលើផ្នែកបច្ចេកទេស និងផលិតកម្មលើដំណាំផ្សេងៗ ក្នុងនោះមានទាំងផ្កាផងដែរ។ លោកថា ក្រសួងនឹងខិតខំផ្សព្វផ្សាយលើផ្នែកបច្ចេកទេសឲ្យកាន់តែទូលំទូលាយ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ មិនអាចបញ្ជាក់ពីចំនួនថវិកាជាក់ស្ដែងលើការនាំចូលផ្កាពីប្រទេសវៀតណាម ក្នុងមួយឆ្នាំៗនោះឡើយ៖ «ទីមួយយើងធ្វើការផ្សព្វផ្សាយនៅដំណាំដែលជំរុញកំណើនសេដ្ឋកិច្ច ហើយយើងពង្រឹងការផ្សព្វផ្សាយទាំងពីបច្ចេកទេស មេរៀន មិនមែនតែផ្នែកផ្កាមួយទេ គឺគ្រប់បែបយ៉ាងទាំងអស់នៅក្នុងវិស័យកសិកម្ម»។
ដោយឡែករបាយការណ៍ស្ដីពីការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រកសិករដែលមានដីតូចតាចប្រចាំឆ្នាំ២០១៥ ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ក៏បានបង្ហាញដែរថា ពលរដ្ឋដែលប្រកបរបរកសិកម្ម ពិសេសកសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហារួមមាន បញ្ហាទីផ្សារ ប្រសិទ្ធភាពនៃតម្លៃផលិតផលកសិកម្ម ចំណេះដឹងបច្ចេកទេស សមត្ថភាពកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញប្រព័ន្ធធារាសាស្ត្រ ដើមទុន និងការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង និងក្នុងតំបន់ ការរំលោភដីធ្លី សិទ្ធិទទួលបានប្រើប្រាស់ និងគ្រប់គ្រងដីកសិកម្ម។ ហេតុនេះ ទាំងអ្នកផ្គត់ផ្គង់ផ្កា និងអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចង់ឃើញប្រទេសកម្ពុជា អាចផលិត និងកែច្នៃផលិតផលក្នុងស្រុក ពិសេសលើដំណាំផ្កាឲ្យបានច្រើន ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។