បេក្ខជនដែលបោះបង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺបណ្ដាលមកពីគុណភាពនៅសាលារដ្ឋ។ មន្ត្រីសង្គមស៊ីវិល និងអ្នកតាមដានសង្គម យល់ឃើញថាកម្សោយនៃការពង្រឹងប្រព័ន្ធអប់រំ និងបញ្ហាជីវភាពគ្រូបង្រៀន ជាកត្តារារាំងដល់ការសិក្សារបស់សិស្ស ដែលបង្កជាវិសមភាពក្នុងការទទួលចំណេះដឹងឱ្យបានស្មើគ្នា។
ហេតុផលចម្បងមួយ ក្នុងចំណោមហេតុផលនានា ដែលបណ្ដាលឱ្យបេក្ខជនដែលបោះបង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ គឺដោយសារពួកគេខ្វះលទ្ធភាពក្នុងការចំណាយលើការសិក្សា ឬរៀនគួរបន្ថែមម៉ោង បើទោះបីជាការអប់រំចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិនៅតាមសាលារៀនរដ្ឋ មិនតម្រូវឱ្យបង់ប្រាក់យ៉ាងណាក៏ដោយ។
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២២ម្នាក់ រៀននៅវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង មានឈ្មោះហៅក្រៅថា ដារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែធ្នូ ថា លោកបានបោះបង់ការប្រឡង ដោយសារលោកគ្មានជំនឿចិត្តថានឹងអាចប្រឡងជាប់ ត្បិតលោកបានរៀនគួរបំប៉នក្រៅម៉ោងតែ១សប្ដាហ៍មុនការប្រឡងតែប៉ុណ្ណោះ។ លោកបន្តថា ភាគច្រើនមេរៀនដែលគ្រូបង្រៀននៅក្នុងម៉ោងរដ្ឋ មិនសូវលម្អិត និងគ្មានវិញ្ញាសារៀនត្រៀមសម្បូរបែបដូចក្នុងម៉ោងរៀនគួរនោះទេ។ លោកឱ្យដឹងថា លោកធ្លាប់សុំគ្រូតាមមុខវិជ្ជានីមួយៗរៀនគួរដោយឥតគិតថ្លៃដែរ តែលោកបែរជាទទួលបានការរើសអើងនិងមិនពេញចិត្តទៅវិញ៖
«បោះបង់ការប្រឡងឆ្នាំនេះហ្នឹង គឺ(ដោយសារ) អត់មានទំនុកចិត្តទៅលើការប្រឡង។ ដោយសារការរៀននៅក្នុងសាលាម៉ោងរដ្ឋហ្នឹង មានន័យថាវិញ្ញាសាដែលប្រឡងហ្នឹងអត់មានចេញ(ដូច) នៅក្នុងម៉ោងរដ្ឋ។ ខំរៀនសូត្រដែរ វិញ្ញាសានោះចេញផ្សេងទៅ អ៊ីចឹងសម្រេចចិត្តថាបោះបង់ការប្រឡង»។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី៥និងថ្ងៃទី៦ ខែធ្នូ មានបេក្ខជនសរុបជាង១២ម៉ឺននាក់។ ចំពោះការប្រឡង រយៈពេល ២ថ្ងៃកន្លងមកនេះ មានបេក្ខជនអវត្តមានសរុបជាង២ពាន់នាក់ (២.៤០០នាក់) ក្នុងនោះស្រីជាង ១ពាន់នាក់ (១.០៣៦នាក់) ដោយឡែក បេក្ខជន ៧០នាក់ មានបញ្ហាសុខភាព និង៤នាក់សង្ស័យវិជ្ជមានកូវីដ-១៩។
ជាទូទៅមុនការប្រឡងមកដល់ បេក្ខជន បានត្រៀមខ្លួនទាំងផ្នែកស្មារតី ចំណេះដឹង និងសុខភាព។ ក្នុងនោះបេក្ខជនភាគច្រើនបានស្វះស្វែងរៀនបំប៉នវិជ្ជាផ្សេងៗ នៅក្រៅម៉ោងសិក្សានៅសាលារដ្ឋ។ មុនវិជ្ជាដែលបេក្ខជនប្រឡង ចាំបាច់រៀនគួរបន្ថែមមានដូចជា មុខវិជ្ជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា ជាដើម។ ចំពោះតម្លៃរៀនបំប៉នបន្ថែម ក្នុង១មុខវិជ្ជា សិស្សត្រូវចំណាយពី ១ពាន់រៀល(១.០០០រៀល) ទៅ២ពាន់រៀល(២.០០០រៀល)ក្នុង១ម៉ោង ឬចន្លោះពី១០ដុល្លា ទៅ៣០ដុល្លានៅក្នុង១ខែ អាស្រ័យលើការកំណត់របស់គ្រូនីមួយៗតាមសាលារៀន។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា អវត្តមានរបស់បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ គឺបណ្ដាលមកពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ៖
«បេក្ខជនដែលអវត្តមានចំនួន២ពាន់ ៤រយនាក់នេះ គឺដោយសារមូលហេតុបុគ្គល»។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តែងមានបេក្ខជនអវត្តមានជារៀងរាល់ឆ្នាំ។ ក្នុងនោះ កាលពីឆ្នាំ២០២១ មានបេក្ខជនអវត្តមាន ចំនួនជាង៤ពាន់នាក់ (៤.២២៤នាក់) និងមានបញ្ហាសុខភាពចំនួន ២៩ករណី។
ក្រសួងអប់រំបានបែងចែកថ្នាក់នៃការប្រឡងជា២ផ្នែក គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមកាលពីឆ្នាំ២០១១ និងបានរឹតបន្តឹងការប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៤ ដោយមិនឱ្យមានសកម្មភាពលួចមើល លួចចម្លងគ្នា យកទូរស័ព្ទចូលបន្ទប់ប្រឡង ឬបែកវិញ្ញាសាមុនការប្រឡងឡើយ ក្រោមពាក្យស្លោកថា «អ្នកចេះ គឺជាប់»។
ការបែងចែក និងរឹតបន្តឹងបែបនេះ បានធ្វើឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់មានការរៀនគួរបំប៉នក្រៅម៉ោងបន្ថែម ជាពិសេសសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រឡងលើមុខវិជ្ជា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ ការរៀនគួរក្រៅម៉ោងបន្ថែម គឺជាការចំណាយកាន់តែច្រើនបន្ថែមទៀតទៅលើការសិក្សាបែបជំនាន់ថ្មី ដែលអាណាព្យាបាលខ្លះ គ្មានលទ្ធភាពផ្គត់ផ្គង់កូនឱ្យរៀនបានគ្រប់ម៉ោង ឬគ្រប់មុខវិជ្ជានោះឡើយ។
កត្តាជីវភាពគ្រួសារសិស្ស និងភាពទន់ខ្សោយនៃកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យអង្គការសង្គមស៊ីវិលមួយចំនួន ព្រួយបារម្ភថា សិស្សទទួលបានការអប់រំមិនស្មើគ្នា ដែលបណ្ដាលឱ្យវិស័យអប់រំនៅកម្ពុជាដើរថយក្រោយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ឃើញថា ការបោះបង់ការប្រឡង និងការរៀនសូត្ររបស់យុវជនកម្ពុជា កំពុងបង្ហាញពីការដើរថយក្រោយរបស់វិស័យអប់រំ។ លោកស្រីបន្ថែមថា សិស្សានុសិស្សខ្លះមានជីវភាពក្រីក្រ ឬត្រូវឆ្លៀតធ្វើការរកស៊ីជាមួយឪពុកម្ដាយ ជាហេតុធ្វើឱ្យពួកគេគ្មានលទ្ធភាពរៀនគួរក្រៅម៉ោងបន្ថែមដូចសិស្សដែលមានជីវភាពល្អនោះឡើយ។ អ្នកស្រីជំរុញឱ្យក្រសួងអប់រំដាក់ចេញផែនការសមស្របដើម្បីឱ្យសិស្សមានលទ្ធភាពទទួលបានការអប់រំស្នើគ្នា និងស្នើឱ្យគ្រូបង្រៀន យោគយល់ បង្រៀនសិស្សឱ្យបានពេញលេញ ដោយមិនត្រូវប្រកាន់ថាជាម៉ោងរៀនរដ្ឋ ឬរៀនគួរនោះឡើយ៖
«ក្រសួង(អប់រំ) និងរដ្ឋាភិបាលគួរលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ដែលគាត់ខិតខំប្រឹងប្រែងបង្រៀនហ្នឹង ថាកត្តាជីវភាពរបស់ពួកគាត់ហ្នឹង អាចមកលះបង់ផ្ទេរចំណេះដឹងឱ្យសិស្សានុសិស្សទេ»។
បើទោះបីជាក្រសួងអប់រំយុវជន និងកីឡា ចាប់ផ្ដើមពង្រឹងការអប់រំនៅតាមស្ថាប័នរដ្ឋ និងកែទម្រង់ជាបន្តបន្ទាប់ហើយក៏ដោយក្ដី ក៏សាលារដ្ឋនៅតែមានកម្រិត និងតម្រូវឱ្យសិស្សត្រូវចំណាយប្រចាំថ្ងៃ មិនខុសពីសាលាឯកជននោះឡើយ ដោយសារប្រាក់ខែគ្រូនៅតាមស្ថាប័នរដ្ឋមានកម្រិតនៅឡើយ។ កត្តាទាំងនេះបណ្ដាលឱ្យមានគម្លាតកាន់តែឆ្ងាយរវាង សិស្សក្រីក្រ និងសិស្សដែលមានជីវភាពសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។