ម្ដាយ​ទារក​រងគ្រោះ ទទូច​​​ឲ្យ​តុលាការ​ពន្លឿន​​ដំណើរ​ការ​ក្តី​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​​​​​ម្សៅ​ទឹក​ដោះ​គោ​នូទ្រីលែត

0:00 / 0:00

ម្តាយ​ទារក និង​កុមារ​រងគ្រោះ​ដោយសារ​ទទួល​ទាន​​ម្សៅ​ទឹក​ដោះ​គោ នូទ្រីលែត (Nutrilatt) ស្នើ​សុំ​ឲ្យ​តុលាការ​​ដំណើរ​ការ​​បណ្តឹង​របស់​ពួក​គាត់​​ជាមួយ​ក្រុម​ហ៊ុន​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​។ ពួកគេ​ក៏​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ឲ្យ​​ជួយ​ជំរុញ​ទៅ​តុលាការ​ ក្នុង​ការ​រកយុត្តិធម៌​ជូន​ពួក​គាត់។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​គួរ​ពង្រឹង​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត​ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ការ​នាំ​ចូល​ផលិត​ផល​ទាំង​ឡាយ​ដែល​គ្មាន​គុណ​ភាព​ នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​របស់​ពល​រដ្ឋ។

ម្តាយ​ទារក និង​កុមារ​កើត​ជំងឺស្លេកស្លាំង អំពាវនាវ​យ៉ាង​ទទូច​ដល់​តុលាការ​ ឱ្យ​ពន្លឿន​រឿង​ក្តី​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​​ម្សៅ​ទឹក​ដោះ​គោ​នូទ្រីលែត(Nutrilatt) ដែល​នាំចូល​ផលិត​ផល​​គ្មាន​គុណភាព ប៉ះពាល់​ដល់​សុខភាព​កូនៗ​របស់​ពួក​គាត់។ ការ​អំពាវនាវ​របស់​ម្តាយ​កុមារ​រងគ្រោះ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​តុលាការ​ហាក់​យឺតយ៉ាវ​ក្នុង​ដំណើរ​ការ​ក្តីនេះ បន្ទាប់​ពីពួក​គាត់​បាន​ដាក់​បណ្តឹង​ជាង​មួយខែ​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ជូន​ដំណឹង ឬការ​កោះ​ហៅ​ពី​តុលាការ​នៅ​ឡើយ​ទេ។

ម្តាយ​ទារក​កើត​ជំងឺ​​ស្លេក​ស្លាំង លោកស្រី ចាន់ ផល្គុន ឲ្យ​អាស៊ី​សេរី​ដឹង​ថា តុលាការ​ ក្រសួង​សុខា​ភិបាល ​និង​ស្ថាប័ន​មួយ​ចំនួន ហាក់​មាន​ភាព​សកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​ ឬ​កោះ​ហៅ​អ្នក​ដែល​ចែក​ចាយ​ផលិត​ផល​គ្រឿង​សំអាង​​ខុស​ច្បាប់ ឬ​គ្មាន​គុណភាព​​។ ប៉ុន្តែ​លោកស្រី​ថា ស្ថាប័ន​ទាំង​នោះ​ហាក់​ឆក់​ល្វែង​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី​​ ដែល​ប៉ះពាល់​ដល់​សុខភាព​ទារក​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​ការ​​ប្រើ​ប្រាស់​​ផលិត​​ផល​គ្មាន​សារ​ធាតុ​​ចិញ្ចឹម​គ្រប់​គ្រាន់។

« មិន​ថា តែ​ខាង​កម្ម​កុង​ត្រូល ឬក៏​ខាង​ស្ថាប័ន​ដែល​គាត់​ពាក់​ព័ន្ធ មុន​ផ្តល់​អាជ្ញា​ប័ណ្ណ​ឬក៏​ផ្តល់​ការ​អនុញ្ញាត​ទៅ​ដល់​ការ​ចរាចរ​នូវ​ផលិត​ផល​ហ្នឹង​ គួរ​ណាស់​តែ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងរឹង​បំផុត​ មិន​មែន​របៀប​ថា​ គេស្នើ​សុំ​ហើយ​ទុកតែ​ឯកសារ​ហ្នឹង​លើ​តុចោល។ ពួក​គាត់​ឆក់ល្វែង​កន្លែង​ហ្នឹង​។ វា​ទៅ​រឿង​ហ្នឹង​វា​ទៅ​ជា​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ ហើយ​ស្ថាប័ន​ខ្លះ ស្ថាប័ន​ដែល​គាត់ត្រូវ​តែដុត​ដៃដុត​ជើង​ខ្លាំង​ទៅ​លើរឿង​សុខភាព​សាធារណៈ​ហ្នឹង គាត់​ទៅ​ជា​អត់​មាន​សារាច​ចរ​អី​ឬក៏​ណែនាំ ឬក៏​អត់មាន​ដំណោះ​ស្រាយ​អី​ជូន​ដល់​ជន​រងគ្រោះ ខណៈពេល​ដែល​យើង​បាន​ទាក់ទង​ទៅ​ពួក​គាត់​តាំងពី​ដើម​ទី សូម្បី​តែ​ការ​ឆ្លើយតប​មួយ​ម៉ាត់​ក៏​អត់មាន » ​​​​​​​​​​​​

ចំណែក​ម្តាយ​ទារក​រងគ្រោះ​មួយ​រូប​ទៀត​ លោកស្រី ចាន់ សុផានី រៀបរាប់​ថា កូន​តូច​របស់​លោកស្រី​ គឺ​រងគ្រោះ​ធ្ងន់ធ្ងរ​ រហូត​ដល់​ត្រូវ​បញ្ចូល​ឈាម បន្ទាប់​ពី​ប្រើ​ប្រាស់​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោនូទ្រីលេត​​(Nutrilatt)។ លោក​ស្រីបន្ត​ថា ខាង​ក្រុម​ហ៊ុន ផ្តល់​សំណង​មិន​សម​រម្យ និង​ប្រើ​ពាក្យ​ដែល​មិន​អាច​ទទួល​យក​បាន​ ដោយ​និយាយ​ថា ពួក​លោក​ស្រី លក់​កូន​ចាយ​ទៅ​វិញ។ លោកស្រី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជាពិសេស តុលាការ​ជួយ​​រក​យុត្តិធម៌​ឲ្យ​កូន​លោកស្រី។ ទោះជា​យ៉ាង​ណា​ លោកស្រី​បញ្ជាក់​ថា លោក​ស្រី​នឹង​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ដាក់​ជូន​តុលាការ។

« សូម​ខាង​តុលាការ​ជួយឲ្យ​គាត់ ចង់​ថា ធ្វើការ​ទៅ​លើ​រឿងក្តី​ហ្នឹងឲ្យ​បាន​លឿន​បំ​ផុត​ទៅ​តាមដែល​គាត់​អាច​ធ្វើ​បាន ពីព្រោះ​ពួកខ្ញុំក៏អត់ចង់អូស​បន្លាយ​ទៅ​លើ​រឿង​ហ្នឹង​យូរ​ទៀតដែរ។ ពួកខ្ញុំ​អ្នករង​គ្រោះ​គឺ​សំណូមពរ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គាត់​ពង្រឹង​ខ្លាំង​មែន​ទែន​ចំពោះ​ចំណី​អាហារ​របស់​ទារក​ហ្នឹង​សំខាន់​ខ្លាំង​មែន​ទែន​។ ពេល​ដែល​ខាងខ្ញុំ​អ្នក​រងគ្រោះ​ជួប​អញ្ចឹង​ ពិត​ជា​មាន​វិប្បដិសារី​ខ្លាំង​មែន​ទែន​បង » ។​​​​​​​​

ឪពុក​ម្តាយ​​​កុមារ​​​មាន​​​ជំងឺ​​​ស្លេក​​ស្លាំង អះអាង​ថា ពួកគាត់​មិនទាន់​មាន​មេធាវី​សម្រាប់​ការពារ​ក្តី​នោះ​ទេ ហើយ​ពួកគាត់​អំពាវ​នាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​អស់ ជួយ​រក​មេធាវី និង​តាម​ដាន​រឿង​នេះ​ផងដែរ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅអ្នក​នាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង ដើម្បី​សួរ​នាំ​បន្ថែម​ពីដំណើរ​ការ​ក្តី​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។ ចំណែក​អ្នកនាំ​ពាក្យ​ក្រសួង​សុខា​ភិបាល អ្នកស្រី ឱ វណ្ណឌីន​ វិញ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅថ្ងៃ​ទី២៦ ខែធ្នូ។

កាល​ពី​ដើម​ខែកញ្ញា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាឱ្យ​​ផ្អាក​​ចរាចរ​ និង​​ប្រមូល​ត្រឡប់​​មក​​វិញ​​នូ​វ​ម្សៅ​ទឹក​ដោះគោ ​នូទ្រីលេត ចំនួន​៦ លេខ​កូដ(487 488 536 537 538និង 539) និង​បញ្ឈប់​​ការ​​នាំ​​ចូល​​ម្សៅ​ទឹក​ដោះគោ​ប្រភេទ​នេះ​ចូល​ទីផ្សារ​​ក្នុង​​ប្រទេស។ ការ​ចាត់​វិធានការ​ក្តៅនេះ បន្ទាប់​ពី​ក្រសួង​រក​ឃើញថា ផលិត​ផល​ទាំង​នេះ ខ្វះ​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ដែល​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​កុមារ និង​ទារក ដែល​ទទួល​ទាន​ម្សៅ​ទឹក​ដោះ​គោះ​នេះ។

​ក្រុមហ៊ុន​ម្សៅទឹក​ដោះគោ​នូទ្រីលែត បាន​​ប្រកាស​សូម​ទោស​ជា​សាធារណៈ​ ហើយ​អះអាង​ថា​ ក្រុម​ហ៊ុន​មិន​នឹក​ស្មាន​ថា​ ម្សៅ​ទឹកដោះ​គោ​ដែល​ក្រុម​ហ៊ុន​កំពុង​នាំចូល​ និង​ចែក​ចាយ​អស់​រយៈពេល​៩​ឆ្នាំ ​មាន​បញ្ហា​បច្ចេក​ទេស​ លើ​ធាតុ​ផ្សំ​នៃ​ម្សៅ​ទឹក​ដោះគោ​ លេខ​កូ​ដ​ទាំង​៦​នេះទេ។

ទោះជាយ៉ាងណា ភាគីក្រុមហ៊ុន​មិន​ព្រម​បង់​សំណងតាម​ការ​ទាម​ទារ​របស់​ឪពុកម្តាយ​កុមារ​រងគ្រោះ​នោះ​ទេ ទោះជា​មាន​ការ​សម្រប​សម្រួល​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​ដោយ ហេតុ​ដូច្នេះ​ទើប​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅតុលាការ​ក្រុង​ភ្នំពេញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជាបទ​ពិសោធន៍ និង​ជា​មេរៀន​មួយ​សម្រាប់​កម្ពុជា ​ក្នុង​ការ​ពិនិត្យឲ្យ​បាន​ច្បាស់​លាស់ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ការ​នាំចូល​ផលិត​ផល​ទាំង​ឡាយ​ដែល​មិនមាន​ស្តង់ដារ​ត្រឹម​ត្រូវ។ លោកទទូចឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​នេះ ដើម្បីជាគំរូ ក្នុងការទប់ស្កាត់​ការ​នាំចូល​ផលិត​ផល​ខ្វះគុណ​ភាព​បែបនេះ និង​ជាការ​​រកយុត្តិធម៌​ដល់​ជន​រងគ្រោះ​។

« ទាក់ទង​ករណី​នេះ វាគួរ​តែ​ក្រសួង​ដែល​ពាក់​ព័ន្ធ​ហ្នឹង ជួយ​ជំរុញ​បន្ថែម ហើយ​នឹង​បន្ថែម​នូវ​ភស្តុ​តាង​បន្ថែម​ទៅ​តុលាការ ដើម្បី​ឲ្យ​រឿង​ស្វែងរក​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ទារក​ទាំង​អស់​ដែល​រង​ផល​ប៉ះពាល់​ហ្នឹង គាត់​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​នឹង​ក្រសួង​ក៏​គួរតែ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ធ្វើ​ម៉េច ដើម្បី​ជួយ​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​ទារក​រងនូវ​ផល​ប៉ះពាល់​ហ្នឹង » ​​​​​​​​​​

ឪពុក​ម្តាយ​កុមារ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បៅ​ទឹក​ដោះគោ​នូទ្រីលែត​អះអាង​ថា ពួក​គាត់នឹង​​​ដាក់​លិខិត​ជំរុញ​បន្ថែម​ទៅ​តុលាការ ខុទ្ទការ​ល័យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ពិនិត្យ​មើល និង​រឹត​បន្តឹង​ការ​នាំចូល​ផលិត​ផល​គ្មាន​គុណភាព និង​ពិនិត្យ​ឲ្យបាន​ច្បាស់​លាស់​ចំពោះ​ក្រុម​ហ៊ុន​​ដែល​លក់​ផលិត​ផល​គ្មាន​គុណភាព​បែប​នេះ។ មិនតែ​ប៉ុណ្ណោះ ពួកគេ​ក៏​ស្នើសុំ​ឲ្យ​ស្ថាប័នទាំង​នោះ យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​កុមារ​ជា​ចំបង ជាពិសេស​ជួយ​រក​យុត្តិធម៌ជូន​​កុមារ​រងគ្រោះ ​ឲ្យ​បានឆាប់​រហ័ស​ផង​ដែរ៕