ឪពុក​ម្តាយ​ទារក​រង​គ្រោះ​ពី​ក្រុម​ហ៊ុន​​ម្សៅ​ទឹក​​ដោះ​​គោ​នូទ្រីលេត​រៀប​រាប់​ការ​ឈឺ​ចាប់​ ខណៈ​ពួក​គេ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌

ដោយ ជី វីតា
2022.08.01
ឪពុក​ម្តាយ​ទារក​រង​គ្រោះ​ពី​ក្រុម​ហ៊ុន​​ម្សៅ​ទឹក​​ដោះ​​គោ​នូទ្រីលេត​រៀប​រាប់​ការ​ឈឺ​ចាប់​ ខណៈ​ពួក​គេ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និង​ក្មេង​តូច ដែល​ផ្សព្វផ្សាយ​លក់​នៅ​កម្ពុជា។
រូប៖ ហ្វេសប៊ុកផ្សព្វផ្សាយ​របស់ Nutrilatt Cambodia

ម្តាយ​ទារក​រង​គ្រោះ​ពី​ក្រុម​ហ៊ុន​​ម្សៅ​ទឹក​​ដោះ​​គោ​នូទ្រីលេត​ (Nutrilatt) រៀប​រាប់​ពី​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​មិន​អាច​លុប​បំបាត់​បាន​ ខណៈ​ពួក​គេ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ។ ​មន្ត្រី​សង្គម​​ស៊ីវិល​ជំរុញ​​ឲ្យ​​ស្ថាប័ន​តុលាការ​​ពន្លឿន​​នីតិវិធី​ករណី​​នេះ​​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កុមារ​រងគ្រោះ និង​កុំ​ឲ្យ​សាធារណជន ​រិះគន់​ថា​តុលាការ​​អនុវត្ត​​ច្បាប់​​ស្តង់​ដារ​ពីរ​រវាង​ពលរដ្ឋ​ទន់​ខ្សោយ​និង​ក្រុមហ៊ុន​មាន​លុយ​មាន​អំណាច។

គ្រួសារ​ទារក​រង​គ្រោះ​បង្ហាញ​ការ​ឈឺ​ចាប់​ដែល​ជាប់​ក្នុង​ផ្លូវ​ចិត្ត​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ក្រោយ​ពេល​ពួក​គាត់​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​គ្មាន​គុណភាព​បណ្តាល​​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​កូនៗ​។ ពួកគាត់​ប្តេជ្ញា​តស៊ូ​រឿង​ក្តី​មិន​ដក​ថយ​នោះ​ទេ ដើម្បី​យក​ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ទោះ​យ៉ាង​ណា​ពួក​គាត់​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដើម្បី​ផ្តល់​ផ្តល់​យុត្តិធម៌​ និង​បញ្ចប់​ករណី​នេះ​ឱ្យ​បាន​ឆាប់។ 

ម្តាយ​​ទារក​​​កើត​ជំងឺ​​​ស្លេក​​​ស្លាំង​​​​លោក​​ស្រី ផាត់ សិរី ប្រាប់​​​អាស៊ី​​សេរី​​​នៅ​​​ថ្ងៃ​ទី៣១ ខែ​កក្កដា ថា កូន​របស់​លោក​ស្រី​មាន​អាយុ​ជិត​៣ឆ្នាំ ដោយ​សារ​ម្សៅ​​ទឹក​ដោះ​គោ​​​នូទ្រីលេត​បាន​ធ្វើ​ឱ្យ​កូន​លោក​ស្រី​លូត​លាស់​ផ្នែក​សតិ​បញ្ហា​ស្មារតី​យឺត​បើ​ធៀប​នឹង​កុមារ​ផ្សេង​ទៀត ដូច​ជា​ ការ​ចង​ចាំ​ចុះ​ខ្សោយ​ ការ​និយាយ​ស្តី​មិន​ច្បាស់​ ដោយ​ត្រូវ​មើល​ថែ ​និង​តាម​ដាន​រយៈ​ពេល​ ៥ឆ្នាំ​ត​ទៅ​ទៀត។ លោក​​ស្រី ផាត់ សិរី បញ្ជាក់​ថា​ ឪ​ម្តាយ​កុមារ​រងគ្រោះ​នៅ​តែ​​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​ម្ចាស់​ក្រុម​ហ៊ុន​​​​ក្នុង​កម្រិត​ទោស​ស្រាល​ ដែល​មិន​សាក​សម​នឹង​ទោស​កំហុស​ប្រព្រឹត្ត​នោះ​ទេ។ លើស​ពី​នេះ​ម្តាយ​កុមារ​រងគ្រោះ​រូប​នេះ​ឱ្យ​ដឹង​ថា​ អ្វី​ដែល​លោក​ស្រី​ខក​ចិត្ត​នោះ​គឺ​រយៈ​ពេល​ ៤ខែ​មក​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​តែ​សុំ​ពន្យារ​ពេល​ចេញ​សាលក្រម​ក្រោម​ហេតុ​ផល​ថា​ កំពុង​ពិនិត្យ​ឯកសារ​៖ «រឿង​ក្តី​ហ្នឹង គឺ​ពន្យារ​ពេល​ធ្វើ​ឱ្យ​ខាង​ខ្ញុំ​រង​ចាំ​គ្មាន​ចម្លើយ​រយៈពេល​បី​ខែ​មក​ហើយ ក៏​មិន​ដឹង​តុលាការ​ចេញ​សាលក្រម​ឱ្យ​ពេល​ណា​ដែរ គ្រាន់តែ​ស្នើ​សុំ​តុលាការ​ឆាប់​ប្រកាស​សាល​ក្រម​រឿង​ក្តី​ហ្នឹង ដោយ​រឿង​នេះ​យូរ​ដែរ​ហើយ គាត់​ពន្យារ​ពេល​ដោយ​អត់​មាន​ដំណោះ​ស្រាយ​ជូន​ជន​រង​គ្រោះ»

ស្រដៀង​​គ្នា​​នេះ​​ដែរ​​ម្តាយ​​ទារក​​កើត​​ជំងឺ​ស្លេក​​ស្លាំង​​ម្នាក់​​ទៀត លោក​​ស្រី ប៉ុន ពេជ្រវត្តា រៀប​រាប់​ថា រាល់​ពេល​លោក​ស្រី​រំឮ​ក​រឿង​រ៉ាវ​ប្រើ​ប្រាស់​ម្សៅ​​ទឹក​ដោះ​គោ​​ម៉ាក​នូទ្រីលេត​​របស់​​ក្រុម​ហ៊ុន​​អេស​អេន​ធី​ខេ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ជា​ទី​ស្រឡាញ់​រហូត​ដល់​ពេល​នេះ គឺ​ជា​រឿង​ឈឺ​ចាប់​បំផុត​ និង​ដិត​ដាន​ក្នុង​អារម្មណ៍​មិន​អាច​បំភ្លេច​បាន​ឡើយ។ ទន្ទឹម​នឹង​នេះ​លោក​ស្រី​ត្រូវ​ការ​ចំណាយ​ពេល​វេលា ថវិកា​ការ​ថែទាំ​កូន​ឱ្យ​បាន​ច្រើន​តាម​រយៈ​ការ​បំប៉ន ការ​បង្ហាត់​បង្រៀន និង ការ​ផ្តល់​អាហារ​រូបត្ថម្ភ​ជា​ដើម ដូច្នេះ​លោក​ស្រី​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​កុមារ​រងគ្រោះ និង​យក​ម្ចាស់​ក្រុម​ហ៊ុន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ទៅ​ដល់​ណា​ក៏​ដោយ​ពួក​ខ្ញុំ​នៅ​តែ​ត្រូវ ព្រោះ​ពួក​គាត់ (ក្រុមហ៊ុននាំ​ផលិត​ផល​អត់​ល្អ​មក​ឱ្យ​ប្រើ គ្រាន់តែ​ខ្ញុំ​សុំ​ពន្លឿន​ជំហាន​នីមួយ​ៗឱ្យ​លឿន ហើយ​យូរៗ​ទៅ​ការងារ​មួយ​ហ្នឹង​អ្នក​រក​ស៊ី​មួយ​ហ្នឹង​គេ​នាំ​ផលិត​ផល​រក​ស៊ីមួយ​ទៀត​បាត់​ហើយ​ហ្នឹង ហើយ​តុលាការ​មិន​ទាន់​កាត់​ក្តី​មួយ​ហ្នឹង​ចប់​​ផង ចឹង​អ្នក​រក​ស៊ី​គេ​អត់​ខ្លាច​ទេ ពី​ព្រោះ​តុលាការ​នៅ​តែ​អូស​បន្លាយ​អ៊ីចឹង»

វិទ្យុអាស៊ីសេរី​​មិន​​ទាន់​​អាច​​​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក អ៊ី រិន និង​តំណាង​​ក្រុម​ហ៊ុន​​អេស អេន ធីខេ ត្រេឌីង (S&TK trading Co., LTD) ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​។ 

កាល​ពី​ថ្ងៃ​ទី១ ខែមេសា​ ចៅ​ក្រម​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ឈ្មោះ ខុន កែវកេសី ភេទ​ស្រី ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១០ខែ និង​ពិន័យ​ជា​ប្រាក់​ ៨លានរៀល (.០០០.០០០ចូល​ថវិកា​រដ្ឋ ពី​បទ​ការ​ផ្សព្វ​ពាណិជ្ជ​កម្ម​ ដែល​មាន​លក្ខ​ខណៈ​ភូត​កុហក ក្លែង​ក្លាយ ឬ​ធ្វើ​ឱ្យ​មានការ​ភាន់​ច្រឡំ​អំពី​គុណ​ភាព សុវត្ថិ​ភាព​លើ​ផលិត​ផល។ 

សម្រាប់​សំណង​រដ្ឋប្បវេណី​តុលាការ​បាន​សម្រេច​ផ្ដល់​សំណង​ដល់​គ្រួសារ​ជន​រង​គ្រោះ​ពី​ចន្លោះ ១ម៉ឺនទៅ ២ម៉ឺនដុល្លារ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​ការ​ខាត​បង់​នៃ​គ្រួសារ​នីមួយ​ៗ។ លោក​បាន​អនុវត្ត​ផ្ដល់​សំណង​លើ​ចំនុច​គោល​សំខាន់​ពីរ​រួមមាន សំណង​ខូចខាត​លើ​ការ​ព្យាបាល​ជាក់​ស្ដែង​ដោយ​រាប់​ចាប់​ពី​ពេល​ទារក​ចូល​ព្យាបាល​ និង​ការ​តាម​ដាន​សុខភាព​ក្រោយ​ពី​ព្យាបាល និង​សំណង​នៃ​ការ​ខាតបង់​ពេលវេលា ដោយ​លោក​បាន​យក​មធ្យម​ភាគ​នៃ​ប្រាក់​បៀវត្សពី ៨០០ ដល់ ១.៤០០ដុល្លារ ក្នុង​មួយ​ខែ ដោយ​គុណ​ដោយ​ ១២ខែ។

ប៉ុន្តែ​ឪពុក​ម្តាយ​កុមារ​រងគ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ ថា​មានកម្រិត​ស្រាល ​​មិន​​សម​ទៅ​នឹង​ទំហំ​បទល្មើស​​ប្រព្រឹត្ត​ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​កុមារ​​នោះ​ទេ។

ជុំវិញ​​រឿង​​នេះ ប្រធាន​​សមាគម​​ការ​​ពារ​​សិទ្ធិ​​មនុស្ស​​អាដហុក (Adhoc) លោក នី សុខា មាន​​ប្រសាសន៍​​​ថា​គ្រប់​ភាគី​ទាំង​អស់​មាន​សិទ្ធិ​ស្នើ​សុំ​សាល​ក្រម​ស្ថាពរ​ពី​តុលាការ ដើម្បី​ពិនិត្យ​មើល ​និង​បន្ត​នីតិវិធី​ត​ទៅ​ទៀត។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​សំណុំ​រឿង​នេះ​មិន​គួរ​ដំណើរ​ការ​នីតិវិធី​យឺត​យ៉ាវ​ដូច្នេះ​ទេ ដែល​ធ្វើ​ឱ្យ​គ្រួសារ​ជន​រងគ្រោះ  អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ លើស​ពី​នេះ លោក​កត់​ស្គាល់​ថា កន្លង​មក​ពលរដ្ឋ​ក្រីក្រ ឬ​ទន់​ខ្សោយ​ដែល​មាន​រឿង​ក្តី​ក្តាំ​ជា​មួយ​មួយ​អ្នក​មាន​អំណាច ​និង​ក្រុមហ៊ុន​អ្នក​មាន​លុយ ពិបាក​ទទួល​បាន​យុត្តិធម៌ ដោយ​សារ​អនុវត្ត​នីតិវិធី​យឺត​យ៉ាវ​របស់​តុលាការ​៖ «បញ្ហា​នេះ​ធ្វើ​ប៉ះពាល់​ដល់​ដំណើរ​ការ​យុត្តិ​ធម៌ ជា​ពិសេស​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​យើង​ហើយ បើ​សិន​តុលាការ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេលវេលា​បែប​ហ្នឹង»

កាល​​ពី​​ដើម​​​ខែ​​​កញ្ញា ឆ្នាំ២០២០ ក្រសួង​​​ពាណិជ្ជ​​កម្ម​​​បាន​​​បញ្ជា​​​ឱ្យ​​​ផ្អាក​​​ចរាចរ និង​​ប្រមូល​​ត្រឡប់​​មក​​វិញ​​​នូវ​​ម្សៅ​​​ទឹក​​ដោះ​​គោ នូទ្រីលេត ចំនួន ​៦លេខ​​​កូដ (487 488 536 537 538​ និង 539) និង​​​បញ្ឈប់​​​ការ​​​នាំ​​​ចូល​​​ម្សៅ​​​ទឹក​​ដោះ​គោ​​​ប្រភេទ​​​នេះ​​ចូល​​​ទី​ផ្សារ​​​ក្នុង​​​ប្រទេស​។ ការ​ចាត់​វិធាន​ការ​​​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​​​ក្រសួង​​​រក​​​ឃើញ​​​ថា ផលិត​ផល​​​ទាំង​​នេះ ខ្វះ​​​សារ​ធាតុ​​ចិញ្ចឹម​​គ្រប់​​គ្រាន់ ដែល​​​បង្ក​​​គ្រោះ​​ថ្នាក់​​​ធ្ងន់ធ្ងរ​​​ដល់​​​សុខ​ភាព​​​របស់​​​កុមារ និង​​​ទារក ដែល​​​ទទួល​​​ទាន​​ម្សៅ​​​ទឹក​​ដោះ​​​គោ​​នេះ។

ក្រុម​ហ៊ុន​​​ម្សៅ​​​ទឹក​​ដោះ​​គោ​​​នូទ្រីលេត បាន​​​ប្រកាស​​​សូម​​ទោស​​​ជា​​​សាធារណៈ ហើយ​​អះ​អាង​​​ថា ក្រុម​ហ៊ុន​​​មិន​​​នឹក​​ស្មាន​​​ថា ម្សៅ​​​ទឹក​​ដោះ​គោ​​​ដែល​​​ក្រុម​​ហ៊ុន​​​កំពុង​​នាំ​​ចូល និង​​​ចែក​ចាយ​​​អស់​​​រយៈ​​ពេល​ ៩​ឆ្នាំ មាន​​​បញ្ហា​​​បច្ចេក​​ទេស លើ​​​ធាតុ​​ផ្សំ​​​នៃ​​ម្សៅ​​​ទឹក​​ដោះ​​គោ លេខ​​កូដ​​ទាំង​ ៦​​នេះ​​ទេ។

កន្លង​ទៅ ភាគី​​​ក្រុម​ហ៊ុន​​​មិន​​​ព្រម​​​បង់​​​សំណង​​​តាម​​​ការ​​​ទាម​ទារ​​​របស់​​​ឪពុក​​ម្ដាយ​ទារក​រង​​គ្រោះ​​​នោះ​​​ទេ ទោះ​​ជា​​​មាន​​ការ​​​សម្រប​​សម្រួល​​​ពី​​​ក្រសួង​​​ពាណិជ្ជ​​កម្ម​​​ក៏​ដោយ។ ​ បន្ទាប់​មក​ករណី​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលា​ការ​​​ក្រុង​​ភ្នំពេញ។ គ្រួសារ​ទារក​រង​គ្រោះ​​​ថា​ពួកគាត់​ទទួល​យក​ការ​សម្រេច​របស់​តុលា​ការ​ ដោយ​សារ​ពួកគាត់​មិន​ចង់​បន្ត​ក្តី​ក្តាំ​តទៅ​ទៀត ដើម្បី​ទុក​ពេល​វេលា​និង​ថវិកា​មើល​ថែ​កូន និង​មិន​ចង់​រំលឹក​រឿង​រ៉ាវ​គួរ​ឈឺ​ចាប់​ទាំង​នោះ។​ ​ពួក​គាត់​ថា​ការ​ដែល​ភាគី​ក្រុមហ៊ុន​បន្ត​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​ជាន់​ខ្ពស់​ទៀត នោះ​​យុត្តិធម៌​របស់​​ពួក​​គាត់​កាន់​តែ​អូស​បន្លាយ​ដោយ​មិន​ដឹង​ថ្ងៃណា​ត្រូវ​បញ្ចប់​នោះ​ទេ ដូច្នេះ​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​ ស្នើ​ដល់​ស្ថាប័ន​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដើម្បី​ផ្តល់​យុត្តិធម៌ ជា​ពិសេស​បញ្ចប់​ករណី​នេះ​ឱ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។