បុគ្គលិក ណាហ្គា វើលដ៍ (Naga World) សម្រេចនាំគ្នាធ្វើកូដកម្មចាប់ពីថ្ងៃទី៩ ខែមករា បន្ទាប់ពី ក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ មិនផ្ដល់ដំណោះស្រាយសមរម្យ តាមការទាមទាររបស់ពួកគេកន្លងមក។ ចំណែកក្រុមហ៊ុន បានព្រមានមិនឲ្យបុគ្គលិកធ្វើកូដកម្ម និងបានប្តឹងទៅតុលាការឱ្យកោះហៅ តំណាងសហជីពទៅសួរនាំផងដែរ។ សង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសិទ្ធិមនុស្ស ចាត់ទុកការធ្វើកូដកម្មនេះថា គឺជាការប្រើសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត និងជារឿងស្របច្បាប់។
សហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ រំពឹងថា កូដកម្មនៅថ្ងៃទី៩ ខែមករា នឹងមានសន្ទុះចូលរួមពី បុគ្គលិកគ្រប់ផ្នែកក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជាង ២ពាន់នាក់ ដើម្បីទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកប្រធានសហ ជីពម្នាក់គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួល សមរម្យដល់បុគ្គលិក ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសេរីថា ការសម្រេចចេញធ្វើកូដកម្មនៅមុខក្រុមហ៊ុន ណាហ្គា វើលដ៍ ទ្រង់ទ្រាយធំនេះ ដោយសារតែថ្នាក់ដឹកនាំសហជីព បានដំណើរការដោះស្រាយដោយសន្តិវិធីនៅក្នុងក្រុមហ៊ុន នៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅតែមិនអាចរកដំណោះស្រាយបាន។ អ្នកស្រីបន្តថា កូដកម្មនេះ គឺធ្វើឡើងដោយស្របតាមច្បាប់ និងជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន៖ « តាំងពីព្យួរការងារប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ មកដល់ឥឡូវនេះ សន្ទុះនៃការសាមគ្គីរបស់បុគ្គលិក គឺអត់រាថយទេ ទោះជាក្រុមហ៊ុនចេញលិខិតព្រមាន និងហៅបុគ្គលិកទៅគំរាមផងសម្លុតផង និងលួងលោមផង ក៏បុគ្គលិកមិនចុះញ៉មដែរ។ អ្វីដែលបុគ្គលិកទាមទារ គឺវត្តមានរបស់ប្រធានសហជីព ព្រោះពួកគេគិតថា រឿងដែលកើតឡើង ចំពោះប្រធានសហជីព ជារឿងអយុត្តិធម៌ » ។
ក្នុងពេលសហជីពគ្រោងដឹកនាំបុគ្គលិកកម្មករធ្វើកូដកម្មនេះ ខាងភាគក្រុមហ៊ុនបានចេញលិខិតព្រមានជាមុនមិនឲ្យបុគ្គលិកចូលរួមធ្វើកូដកម្មនោះទេ ដោយចាត់ទុកកូដកម្មនេះថា ខុសច្បាប់។ ក្រុមហ៊ុនគំរាមទៀតថា ប្រសិនបើបុគ្គលិកណាចូលរួម នឹងប្រឈមការដាក់វិន័យ និងបញ្ឈប់កិច្ចសន្យាការងារដោយគ្មានសំណង។ ទន្ទឹមគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅប្រធានសហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ទៅសួរនាំអំពីគម្រោងធ្វើកូដកម្មនេះ តាមបណ្ដឹងរបស់ក្រុមហ៊ុន នៅរសៀលថ្ងៃទី៨ ខែមករាដែរ។
សេចក្តីថ្លែងការណ៍របស់សហជីពប្រចាំក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ចេញផ្សាយ កាលពីយប់ថ្ងៃទី៧ ខែមករា ឲ្យដឹងថា អ្វីដែលថ្នាក់ដឹកនាំក្រុមហ៊ុន ណាហ្គា វើលដ៍ កំពុងធ្វើ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតថា ក្រុមហ៊ុនគ្មានចេតនាដោះស្រាយដោយសន្តិវិធីនោះទេ គឺមានតែការគំរាមកំហែង និងរំលោភលើអនុញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៨៧ ស្ដីពីសិទ្ធិចរចាជាសមូហភាព ច្បាប់ស្ដីពីការមាត្រា៣៣៣ និងច្បាប់ស្ដីពីសហជីព មាត្រា៨៧។ ក្នុងសេចក្ដីប្រកាសនោះ បង្ហាញថា បុគ្គលិករាប់ពាន់នាក់ នៅតែទទូចឲ្យក្រុមហ៊ុនដោះស្រាយចំណុច ដែលទាមទារកន្លងមកដោយរៀបចំឲ្យមានកិច្ចចរចាដោយមានភាពស្មោះត្រង់ និងផ្ដល់ការគោរពគ្នាទៅវិញទៅមក និងជា ពិសេសទម្លាក់ចោលការព្យួរការងារប្រធានសហជីព និងបានចូលបំពេញការងារធម្មតាឡើងវិញ។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ មួយរូប លោកស្រី រ៉េត ធារ៉ាត់ ថ្លែងថា លោកស្រី និងបុគ្គលិក ដទៃទៀត បានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមធ្វើកូដកម្មអហិង្សា ដោយមិនខ្លាចការគំរាមកំហែងរបស់ក្រុមហ៊ុននោះឡើយ។ បុគ្គលិករូបនេះបន្តថា ក្រុមហ៊ុនគ្មានសិទ្ធិអារកាត់ថា កូដកម្មរបស់បុគ្គលិកខុសច្បាប់ឡើយ ហើយអ្វីដែលបុគ្គលិកធ្វើ គឺគ្រាន់តែអនុវត្តន៍សិទ្ធិរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនព្រងើយកន្តើយក្នុងការដោះស្រាយកន្លងមក៖ « ក្រុមហ៊ុន គ្មានសិទ្ធិគំរាមបុគ្គលិកមិនឲ្យធ្វើកូដកម្មអហិង្សាទេ។ ពួកយើងធ្វើកូដកម្មទាល់តែមានដំណោះស្រាយ ហើយពួកយើងមិនសុខចិត្តទេ បើសិនជាក្រុមហ៊ុននៅតែព្យួរការងារប្រធានសហជីព » ។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើងចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រុមហ៊ុនព្យួរការងារប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ដោយមិនកំណត់ពេលវេលា ដែលភាគីបុគ្គលិកអះអាងថា ធ្វើឡើងទាំងអយុត្តិធម៌ និងមិនអនុលោមតាមច្បាប់ស្ដីពីការងារ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ មូលហេតុដែលនាំឱ្យមានការព្យួរការងារនេះ គឺដោយសារតែស្ត្រីសហជីពវ័យក្មេងរូបនេះ បានប្រើប្រាស់តួនាទីរបស់ខ្លួនចេញមុខដោះស្រាយរឿងសន្តិសុខក្រុមហ៊ុន ហាមបុគ្គលិកមិនឲ្យយកអាវយឺត ដែលមានសរសេរសារថា "ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ'' ចូលក្នុងក្រុមហ៊ុន និងក្នុងអំឡុងពេលចរចាផលប្រយោជន៍ជូនសមាជិករបស់ខ្លួន។ ក្រុមហ៊ុនបានចោទកញ្ញាថា ជាមេក្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពាធនភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការសម្រេចចិត្តធ្វើកូដកម្មអហិង្សានេះ គឺជាជម្រើសចុងក្រោយ និងជាការ ប្រើសិទ្ធិស្របតាមច្បាប់របស់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិក ព្រោះពួកគេបានជូនដំណឹងទៅក្រុមហ៊ុន និងភាគីពាក់ព័ន្ធរួចរាល់ទៅតាមនីតិវិធីច្បាប់ និងដោយសារតែការព្យាយាមស្វែងរកដំណោះស្រាយកន្លងមក ពុំទទួលបានលទ្ធផល។ លោកបន្តថា ក្រុមហ៊ុនគ្មានដែនសមត្ថកិច្ច ក្នុងការវិនិច្ឆ័យថា ការធ្វើកូដកម្មនោះខុសច្បាប់ឡើយ ពោលគឺមានតែតុលាការប៉ុណ្ណោះ។ លោកចាត់ទុកអ្វីដែលក្រុមហ៊ុនលើកឡើងថា ជាចេតនាបំបាក់ស្មារតីបុគ្គលិកមិនឲ្យប្រើសិទ្ធិ ដែល ខ្លួនមានក្នុងការចូលរួមធ្វើកូដកម្ម។ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់រូបនេះ យល់ថា វិវាទការងារនេះ អាចដោះស្រាយទៅបានដោយមិនពិបាកនោះទេ ប្រសិនបើក្រុមហ៊ុនមានឆន្ទៈដោះស្រាយប្រកបដោយភាពស្មោះត្រង់។ ប៉ុន្តែលោកមើលឃើញថា ក្រុមហ៊ុនរើសអើង និងមានចេតនាលុបបំបាត់សហជីពចេញពីក្នុងក្រុមហ៊ុន៖ « យើងមើលទៅលើសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនប្រើតាក់ទិចមួយមិនព្រមចរចាជាមួយសហជីព ប៉ុន្តែគាត់ព្យាយាមដំឡើងប្រាក់ឈ្នួលឲ្យបុគ្គលិកកម្មករទៅតាមមុខងារ និងតួនាទីហើយដំឡើងដោយខ្លួន និងមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញនោះទេ។ ខ្ញុំមើលឃើញថា នេះជាចេតនាមួយ ដែលមិនព្រមចូលតុចរចា ដោយជំនឿជឿទុកចិត្តដោយភាពស្មោះត្រង់ដោយសន្តិវិធីជាមួយនឹងសហជីព ហើយខ្ញុំគិតថា នេះគឺជាកំហុសឆ្គងធំមួយរបស់ក្រុមហ៊ុន ព្រោះទំនាក់ទំនងវិជ្ជាជីវៈត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅ មកហើយយើងត្រូវមានការសម្បទាន និងត្រូវមានការចរចាដោយស្មោះត្រង់ » ។
គម្រោងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ នៅថ្ងៃទី៩ ខែមករា នឹងធ្វើនៅមុខក្រុមហ៊ុនតែម្ដង ដោយចាប់ផ្ដើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦យប់ ហើយកូដកម្មនេះ នឹងធ្វើនៅថ្ងៃបន្តបន្ទាប់ទៀត លុះត្រាតែមានដំណោះស្រាយ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ធ្លាប់ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការបន្តសកម្មភាព ទាមទាររបស់កម្មករនយោជិតប្រកបដោយអហិង្សា និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដែលធានាដោយច្បាប់ ដើម្បីធានាថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីពចូល ធ្វើការវិញ និងធានាលុបបំបាត់ការរើសអើងរាល់ទម្រង់ប្រឆាំងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។