បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់នាក់ជួបជុំគ្នារៀបចំនីតិវិធី ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញបន្ទាប់ពីក្រុមហ៊ុនព្យួរការងារដោយគ្មានហេតុផលសមរម្យជាង១ខែហើយ។ ពួកគេលើកឡើងថា ប្រសិន បើនៅតែគ្មានដំណោះស្រាយទេពួកគេនឹងប្រើប្រាស់សិទ្ធិជាមូលដ្ឋាន ដើម្បីតវ៉ារហូតទាល់តែមានដំណោះស្រាយ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសេរីថាការជួបជុំគ្នាទ្រង់ទ្រាយធំរបស់បុគ្គលិកនេះគឺមានគោលបំណងចែករំលែកព័ត៌មាននៃការស្វែងរកដំណោះស្រាយកន្លងមកការធ្វើញត្តិប្ដឹងទៅរដ្ឋមន្ត្រីក្រសួងការងារកុំឲ្យចាត់ទុកករណីក្រុមហ៊ុនព្យួរការងារប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ជាវិវាទ បុគ្គល និងការរៃអង្គាសថវិកាសម្រាប់ត្រៀមធ្វើបាតុកម្មប្រសិនបើនៅតែគ្មានដំណោះស្រាយ។
តំណាងបុគ្គលិករូបនេះបន្តថាបុគ្គលិកភាគច្រើន គឺមិនសប្បាយចិត្តទេ ចំពោះការព្យួរការងារប្រធានសហជីពដ៏សកម្មម្នាក់នេះ។ អ្នកស្រីបន្តថា ពួកគេនៅតែបង្ហាញជំហរសាមគ្គីរឹងមាំក្នុងការទាមទារ ៤ចំណុចគឺឲ្យក្រុមហ៊ុនទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលមានចរិតមិនល្អ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ៖ « យើងនឹងធ្វើបាតុកម្ម ប្រសិនបើគ្មានដំណោះស្រាយណាមួយ។ យើងមិនទាន់កំណត់ពេលវេលាណាមួយថា នឹងធ្វើទេ ព្រោះពេលនេះយើងចង់ដើរឲ្យអស់នីតិវិធីច្បាប់ក្នុងប្រទេសខ្មែរយើងសិន » ។
ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បានព្យួរការងារកញ្ញា ឈឹម ស៊ីថរ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា។ ការព្យួរការងារនេះ ដោយសារស្ត្រីសហជីពវ័យក្មេងរូបនេះ បានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុន ឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងបានដកហូតអាវយឺតដែលមានសរសរថា «ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទថា កញ្ញា ជាមេក្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។ កាលពីថ្ងៃទី៧ខែតុលាក្រសួងការងារបានហៅតំណាងក្រុមហ៊ុន និងតំណាងសហជីពទៅផ្សះផ្សា ប៉ុន្តែមិនបានលទ្ធផលឡើយដោយសារក្រុមហ៊ុននៅតែបដិសេធទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញហើយក្រសួងបានចាត់ទុកករណីព្យួរការងារនេះថាជាវិវាទបុគ្គល។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើលឃើញថាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍នៅតែមានសាមគ្គីភាពខ្លាំងក្នុងការជំរុញឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពចូលធ្វើការវិញនិងចរចាជាមួយសហជីពឱ្យដំឡើងប្រាក់ឈ្នួលដល់ពួកគេ។ លោកវាយតម្លៃថាការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការព្យួរការងារមេដឹកនាំសហជីពម្នាក់នេះគឺជារឿងខុសច្បាប់និងរំលោភសិទ្ធិជាមូលដ្ឋានរបស់សហជីព។ មន្ត្រីសិទ្ធិមនុស្សនិងសិទ្ធិការងាររូបនេះបន្តថា កញ្ញា ឈឹម ស៊ីថរ គឺជាប្រធានសហជីពតំណាងឲ្យកម្មករជាង ៤ពាន់នាក់ ដូច្នេះនាងមានសិទ្ធិទាមទារធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើង និងដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក ណាហ្គា វើលដ៍។ លោកបន្ថែមថារឿងដែលកាន់តែហួសចិត្ត និងសោកស្ដាយនោះគឺក្រសួងការងារគ្មានលទ្ធភាពដោះស្រាយ និងថែមទាំងចាត់ទុកករណីព្យួរការងារនេះជាវិវាទបុគ្គលទៅវិញ៖ « ការទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលនេះមិនមែនតែកញ្ញា ឈឹម ស៊ីថរ តែម្នាក់ឯងទេ គឺការទាមទារនេះកើតចេញពីសមាជិករបស់គាត់ ជាង៤ពាន់នាក់ ដូច្នេះនេះ គឺជាការទាមទារជាសមូហភាព ។ គាត់អនុវត្តសិទ្ធិរបស់គាត់ជាប្រធានសហជីព ដែលតំណាងឲ្យសមាជិកក្នុងការស្វែងរកនូវអត្ថប្រយោជន៍ផ្នែកសង្គ មកិច្ច សេដ្ឋកិច្ច និងការលើកកម្ពស់លក្ខខណ្ឌការងារ។ ដូច្នេះការអនុវត្តសិទ្ធិរបស់គាត់នេះ គឺធានាដោយច្បាប់ជាតិ និងអន្តរជាតិ » ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
តំណាងសហជីពនិងមន្ត្រីសង្គមស៊ីវិលចាត់ទុកថាការទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីរស់នៅសមរម្យគឺជាសិទ្ធិមិនមែនជាបទល្មើសនោះទេ។
កាលពីថ្ងៃទី៦ខែតុលា អង្គការ សមាគម និងសហព័ន្ធសហជីពជាង២០ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ទាមទារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការកន្លែងដើមវិញ និងពិចារណាលើសំណើសុំដំឡើងប្រាក់ឈ្នួលសមរម្យជូនបុគ្គលិក។ អង្គការ សមាគម និងសហជីពអះអាងថា នឹងបន្តតាមដាន និង គាំទ្រកម្មករនិយោជិតក្នុងការបន្តសកម្មភាពទាមទារប្រកបដោយអហិង្សា និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដែលធានាដោយច្បាប់ ដើម្បីធានាថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីពចូលធ្វើការវិញ និងធានាលុបបំបាត់រាល់ទម្រង់នៃការរើសអើសសហជីព៕
(បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់នាក់ ជួបជុំគ្នានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ រៀបចំនីតិវិធីទាមទារក្រុមហ៊ុនឱ្យទទួលយកកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព ចូលធ្វើការវិញ។ រូប៖ សង់ត្រាល់ (CENTRAL)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។