ក្រុម​កម្មករ​ណាហ្គាវើលដ៍​ ថា​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ និង​តាម​គំរាមកំហែង​ពួកគាត់​

ដោយ ជាតិ ចំណាន
2022.01.12
Share on WhatsApp
Share on WhatsApp
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ ថា​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ និង​តាម​គំរាមកំហែង​ពួកគាត់​ បន្ទប់ទឹករបស់កូដករបុគ្គលិកណាហ្គាវើលដ៍ (Naga World) ធ្វើនៅលើលូ ដែល​បិទ​បាំង​ដោយ​តង់​កៅស៊ូ​នៅ​ក្បែ​ផ្លូវ​សាធារណៈ​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ក្រុម​កម្មករ​ណា​ហ្គាវើលដ៍ ​ដែល​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ស្ថាន​ទូត​អូស្ត្រាលី​ ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​ចេតនា​ធ្វើ​បាប​ពួកគាត់​ ជា​ពិសេស​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ព្រមាន​ម្ចាស់​ហាង​នៅ​ក្បែរ​នោះ ឲ្យ​បិទ​បន្ទប់​ទឹក​កុំឲ្យ​កូដករ​ចូល​ប្រើ​បាន ហើយ​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​នៅ​តែ​បន្ត​តាម​ថត​រូប​ពួកគាត់​ដល់​ផ្ទះ​សម្បែង​។ អង្គការ​សង្គម​ស៊ីវិល​ដែល​អង្កេត​ការ​តវ៉ា​នេះ​ ចាត់​ទុក​សកម្មភាព​ទាំង​នេះ ថា​ជា​ទង្វើ​អមនុស្ស​ធម៌ និង​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​គាំ​ពារ​ដោយ​ច្បាប់​។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ និង​ធ្វើ​សកម្មភាព​តាម​គំរាមកំហែង​ដាក់​ពួក​គាត់ ក្រោយ​ពី​មាន​សន្ទុះ​ចូល​រួម​ធ្វើ​កូដកម្ម ពី​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ កាន់​ច្រើន​ឡើង​។

កូដករ​ម្នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ លោកស្រី ប៉ែន រាសី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១២ ខែមករា ថា រយៈពេល​២​ថ្ងៃ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ភោជនីយដ្ឋាន​នៅ​ក្បែរ​នោះ​ ចាក់​សោ​បិទ​ទ្វារ​បន្ទប់​ទឹក​ទាំង​អស់ មិន​ឲ្យ​កម្មករ​ និង​ក្រុម​ស្ត្រី​ផ្ទៃ​ពោះ​ ដែល​ត្រូវ​ប្រើ​បន្ទប់​ទឹក​ញឹក​ញាប់​ អាច​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ទេ។

លោក​ស្រី បន្ត​ទៀត​ថា ក្រុម​ស្ត្រី​ដែល​ជួប​បញ្ហា​នេះ ត្រូវ​បន្ទោរ​បង់​នៅ​តាម​ដងផ្លូវ​សាធារណៈ ដោយ​មាន​គ្នី​គ្នា​ឈរ​កាន់​តង់​កៅស៊ូ​ជួយ​បិទ​បាំង​ឲ្យ​ពួកគាត់​។

លោក​ស្រីបញ្ជាក់​ថា រយៈពេល​២៦​ថ្ងៃ ​នៃ​ការ​ធ្វើ​កូដកម្ម​នេះ អាជ្ញាធរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​បង្ក​ការ​លំបាក​ដល់​ក្រុម​កូដករ និង​ប្រើ​សកម្មភាព​គ្រប់​រូបភាព​ ដូច​ជា​តាម​ថត​រូប និង​តាម​ដាន​ដល់​ផ្ទះ​សម្បែង ដើម្បី​គំរាមកំហែង​ បំបាក់​ស្មារតី​ពួក​គាត់​ឲ្យ​ឈប់​ជួប​ជុំ​គ្នា​តវ៉ា​ទៀត ប៉ុន្តែ​ទង្វើ​ទាំង​អស់​នេះ មិន​អាច​បញ្ឈប់​ការ​ទាមទារ​របស់​​កម្មករ​បាន​ឡើយ។

លោកស្រី ប៉ែន រាសី ​ស្នើ​សុំ​អាជ្ញាធរ​បញ្ឈប់​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​នេះ ព្រោះ​ថា​ កម្មករ​ដែល​កំពុង​តវ៉ា​នេះ គឺ​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ មិន​មែន​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​នោះ​ទេ៖ «អាជ្ញាធរ​គាត់​ធ្វើ​អ៊ីចឹង វា​ព្រៃផ្សៃ​សម្រាប់​ពួក​ខ្ញុំ​ជា​បុគ្គលិក​​កម្មករ​ខ្មែរ។ សូម​លោក​ពិចារណា​ឡើង​វិញ​ ទង្វើ​បែប​នេះ ពី​ព្រោះ​ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​អហិង្សា​។ គ្រាន់​តែ​កូដកម្ម​តវ៉ា​ឆ្នាំង​បាយ​ទេ។ សូម​លោក​យក​ទៅ​ពិចារណា​ កុំ​ធ្វើ​រូបភាព​គំរាមកំហែង​ ទៅ​បិទ​បន្ទប់​ទឹក​អី ហើយ​ជិះ​តាម​ស៊ើប​តាម​សួរ តាម​ថត​នេះ​ ធ្វើ​ដូច​ពួក​ខ្ញុំ​ជា​ភេរវកម្ម។ គាត់​ធ្វើ​បែប​នេះ អាក្រក់​បំផុត​ ដែល​ពួក​ខ្ញុំ​ទទួល​យក​អត់​បាន»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក ម៉េត មាស​ភក្ដី​ បាន​ទេ​ នៅ​ថ្ងៃ​ទី​១២ ខែមករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា​ ទង្វើ​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា អាជ្ញាធរ​មិន​បាន​បំពេញ​តួនាទី​ខ្លួន​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​ឆាប់​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ បែរ​ជា​ប្រើ​វិធី​ដាក់​សម្ពាធ​​ពួកគាត់​ឲ្យ​ឈប់​តវ៉ា​ទៅ​វិញ។ 

លោក​ចាត់​ទុក​ ទង្វើ​របស់​អាជ្ញាធរ​នេះ ​ជា​ការ​គំរាមកំហែង និង​​រំលោភ​សិទ្ធ​​កម្មករ​និយោជិត​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី៖ «ការ​ទប់​ស្កាត់​ ការ​គំរាមកំហែង​ ឬ​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ទៅ​បន្ទប់​ទឹក។ បើ​សិន​ជា​បន្ទប់​សាធារណៈ ឬ​ក៏​បន្ទប់​នៅ​ហាង​ឯកជន​គេ​អនុញ្ញាត ហើយ​អាជ្ញាធរ​ធ្វើ​ការ​ហាម​ឃាត់ អា​ហ្នឹង​ជា​រឿង​រំលោភ​សិទ្ធិ និង​ការ​គំរាមកំហែង ដើម្បី​បន្តុច​បង្អាក់​មិន​ឲ្យ​គាត់​ចូល​រួម​ធ្វើ​កូដកម្ម។ ​មួយ​ទៀត​តាម​ថត​រូប និង​តាម​ទៅ​ដល់​ផ្ទះ​ ជា​រូបភាព​គំរាមកំហែង​មួយ​ទៀត​ដែរ ដែល​មិន​គួរ​នឹង​ធ្វើ​ដូច្នេះ​ទេ»

គិត​មកដល់​ពេល​នេះ អស់​រយៈពេល​២៦​ថ្ងៃ​ហើយ ដែល​ក្រុម​កម្មករ​កាស៊ីណូ​ណាហ្គាវើលដ៍ នៅ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ហើយ​តំណាង​សហជីព​៨​នាក់​ ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​១៣​ថ្ងៃ​ហើយ។ កម្មករ​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​នេះ​ រហូត​ដល់​មាន​ការ​ដោះលែង​តំណាង​ពួកគាត់​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​។

ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​ដោះ​លែង ថ្នាក់ដឹកនាំ និង សមាជិក​សហជីព​៨​នាក់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា កម្មករ​និយោជិត​មាន​សិទ្ធិ​បង្កើត​ និង​ចូលរួម​ក្នុង​សហជីព​ ហើយ​ស្នើ​ឲ្យ​បញ្ឈប់​ការ​រើស​អើង​​សហជីព​នៅ​កន្លែង​ការងារ។

ពួកគេ​យល់ថា ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ ក្រសួង​ការងារ​គួរ​សម្រប​សម្រួល​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​ឲ្យ​ព្រម​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ ចូល​ធ្វើការ​វិញ ដោយ​គោរព​សិទ្ធិ​ការងារ​កម្មករ ​និង​ទទួល​ស្គាល់​វត្ត​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល