កម្មករណាហ្គាវើលដ៍ បន្តទាមទារឲ្យដោះលែងតំណាងសហជីព ៨នាក់ ដើម្បីចរចាដោះស្រាយជាមួយក្រសួងនិងក្រុមហ៊ុន
2022.01.10

ក្រុមកម្មករណាហ្គាវើលដ៍ប្រមាណ ២០នាក់ ដាក់លិខិតឆ្លើយបំភ្លឺនៅក្រសួងការងារ ទាក់ទងសារអំពាវនាវរបស់ក្រសួងកាលពីពេលថ្មីៗ នេះ ឲ្យពួកគាត់ទៅផ្ទៀងផ្ទាត់ប្រាក់សំណងឡើងវិញ ក្រោយពីរកឃើញថា ក្រុមហ៊ុនបានទូទាត់ប្រាក់មិនត្រឹមត្រូវ តាមច្បាប់ស្ដីពីការងារ។ សង្គមស៊ីវិលយល់ថា ដំណោះស្រាយដែលផ្ដល់ដោយក្រសួងការងារនេះ គឺមិនអាចបិទបញ្ចប់វិវាទការងារនេះបានទេ ខណៈដែលកម្មករទាមទារឲ្យតុលាការដោះលែងតំណាងពួកគាត់ ហើយក្រុមហ៊ុនត្រូវទទួលស្គាល់វត្តមានសហជីពនៅកន្លែងធ្វើការឡើងវិញ។
ក្រុមកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) លើកឡើងថា ការជួបចរចាដោះស្រាយការងារនៅក្រសួងការងារអាចធ្វើទៅបាន លុះត្រាតែតុលាការដោះលែងតំណាងសហជីព ៨នាក់ ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញសិន ព្រោះកម្មករជាង ៣រយនាក់ ដែលត្រូវក្រុមហ៊ុនកាត់ឈ្មោះនោះ បានប្រគល់សិទ្ធិជូនសហជីពជាអ្នកដោះស្រាយ។
បុគ្គលិកម្នាក់ធ្វើការ ៨ឆ្នាំ ផ្នែកចែកបៀរ ដែលមានឈ្មោះកាត់ពីក្រុមហ៊ុន គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមករាថា តំណាងពួកគាត់បានទាមទារឲ្យក្រសួងបង្ហាញរូបមន្តគណនាប្រាក់សំណងឲ្យត្រឹមត្រូវតាមច្បាប់ ប៉ុន្តែក្រសួងមិនព្រម ក្នុងពេលចរចាអស់៣លើកជាមួយក្រុមហ៊ុននៅក្រសួងការងារ មុនពេលចាប់ខ្លួនថ្នាក់ដឹកនាំសហជីព។ កញ្ញាបន្តទៀតថា ក្រោយមានការចាប់ឃុំតំណាងសហជីព ៨នាក់ដាក់ពន្ធនាគារ បែរជាក្រសួងការងារប្រកាសថា ការទូទាត់ប្រាក់សំណងដោយក្រុមហ៊ុនកន្លងមកនោះ គឺមិនត្រឹមត្រូវតាមច្បាប់ទៅវិញ។
កញ្ញាបញ្ជាក់ថា ការផ្ដល់ដំណោះស្រាយបែបនេះ គឺមិនអាចធ្វើឲ្យកម្មកររំសាយការធ្វើកូដកម្មបានទេ ខណៈតំណាងពួកគាត់ដែលចរចារឿងនេះ នៅមិនទាន់ត្រូវបានដោះលែងនៅឡើយ។ បុគ្គលិកវ័យ ៣០ឆ្នាំ រូបនេះយល់ថា នេះគឺបង្ហាញឲ្យឃើញចេតនារបស់ក្រុមហ៊ុន ដែលចង់រំលាយសហជីពចេញពីកន្លែងធ្វើការយ៉ាងពិតប្រាកដ៖ «ពួកខ្ញុំយល់ថា វាដូចជាអស់សំណើចពេកហើយ នៅពេលតំណាងពួកខ្ញុំនៅគាត់អត់ព្យាយាមចរចាទេ។ រហូតដល់ចាប់ខ្លួនទៅបាត់ហើយ បានគាត់គិតថា ក្រុមហ៊ុនទូទាត់អត់ត្រូវបានលក្ខខណ្ឌការងារ ឲ្យចូលតុចរចា។ ពួកខ្ញុំត្រូវបាត់បង់តំណាងដូចយើងនិយាយមិញថា បាត់បង់ម្ដាយពីផ្ទះហើយយើងទៅទូទាត់អីគេវិញ។ ជំហរពួកយើងគឺនៅដដែល។ គឺយើងអត់មានតំណាងថ្មីទេ។ ឲ្យគាត់ដោះលែងតំណាងយើង៨រូប ចូលតុចរចាពីបញ្ហារបស់ពួកយើង ដើម្បីបញ្ចប់វិវាទហ្នឹង»។
ទន្ទឹមគ្នានឹងក្រុមកម្មករធ្វើសន្និសីទកាសែតនិងដាក់ញត្តិជូនក្រសួងការងារនោះ តំណាងក្រសួងការងារដែលទទួលបន្ទុកដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាលោក អ៊ូ រតនា ចេញមកជួបក្រុមកម្មករណាហ្គាវើលដ៍ ដោយព្យាយាមអញ្ជើញពួកគេចូលទៅពិភាក្សាគ្នានៅក្នុងក្រសួង ប៉ុន្តែពួកគាត់បដិសេធ ដោយសារតំណាងពួកគាត់កំពុងជាប់ឃុំ៖ «យើងដោះស្រាយជាមួយគ្នា យើងចូលតុជាមួយគ្នា។ ការដោះស្រាយ គឺការអង្គុយជួបជុំមុខគ្នា មិនមែននៅអ៊ីចឹងទេ! ចាស៎ ពូ!ទាល់តែមានតំណាងខ្ញុំ៨រូប បានអាចចូលតុចរចាបាន។ បើមិនមានអ្នកទាំង ៨រូបនេះ គឺមិនអាចចូលតុចរចាបានដាច់ខាត»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីលោក អ៊ូ រតនា បានទេ នៅថ្ងៃទី១០ មករា ដោយហៅទូរស័ព្ទចូល តែលោកប្រាប់ជាប់រវល់ប្រជុំ។
ទាក់ទងនឹងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិមនុស្ស និងការងារលោក ឃុន ថារ៉ូ មានប្រសាសន៍ថា ប្រសិនបើក្រសួងការងារដោះស្រាយរឿងប្រាក់សំណងត្រឹមត្រូវ ឲ្យកម្មករនិយោជិតជាង ៧០នាក់ដែលស្ម័គ្រចិត្តទទួលយក ក្នុងពេលចរចាជាមួយតំណាងសហជីពកាលពីកន្លងមក ហើយបន្តសម្របសម្រួលជាមួយក្រុមហ៊ុនឲ្យកម្មករសល់ជិត៣រយនាក់ឲ្យធ្វើការវិញ ប្រហែលជាវិវាទនេះត្រូវបានបញ្ចប់អស់ហើយ។ ប៉ុន្តែរឿងនេះ បែរជាត្រូវអូសបន្លាយពេលវេលា រហូតដល់មានការចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យបញ្ហានេះកាន់តែស្មុគស្មាញ។
លោកយល់ថា គន្លឹះដែលអាចបញ្ចប់វិវាទនេះ ក្រសួងការងារបញ្ជាក់ជំហរច្បាស់លាស់ប្រាប់ទៅក្រុមកម្មករនិយោជិតដែលធ្វើការតវ៉ា ថាក្រសួងនឹងសម្របសម្រួលវិវាទនេះ ដោយធ្វើយ៉ាងណាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលថ្នាក់ដឹកនាំ និងប្រតិភូសហជីពចូលធ្វើការងារវិញ៖ «ខ្ញុំមើលឃើញថា ក្រសួងការងារ គាត់នៅតែមានចេតនាបំភ័ន្តឲ្យមានការយល់ច្រឡំនូវកម្មវត្ថុនៃការទាមទាររបស់បុគ្គលិកកម្មករនិយោជិត ដោយញែកនូវចំណុចដែលគាត់ទាមទារហ្នឹង ផ្សេងដោយឡែកៗ ពីគ្នា ដោយមិនគិតជាវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គានេះ។ រឿងហ្នឹង វានៅតែដោះមិនចេញអ៊ីចឹង។ ក្រសួងការងារ គាត់ត្រូវឲ្យបានច្បាស់។ គាត់ត្រូវឆ្លើយតបរៀបម៉េច ទៅហ្នឹងការទាមទាររបស់សហជីព ក្នុងទទួលយកថ្នាក់ដឹកនាំសហជីពរបស់គាត់ចូលធ្វើការងារវិញ។ អាហ្នឹង ជាចំណុចគន្លឹះ ប៉ុន្តែក្រសួងអត់ឆ្លើយតបទេ។ គឺឆ្លើយតបរឿងការគណនាឲ្យបានត្រឹមត្រូវ។ អ៊ីចឹង! ខ្ញុំគិតថា វានៅតែជាប់គាំងអ៊ីចឹង ហើយបញ្ញាហ្នឹងមិនអាចដោះស្រាយបានទេ»។
គិតមកដល់ពេលនេះ អស់រយៈពេល ២៣ថ្ងៃហើយ ដែលក្រុមកម្មករកាស៊ីណូណាហ្គាវើលដ៍ នៅបន្តធ្វើកូដកម្មដោយសន្តិវិធី។ ពួកគាត់អះអាងថា នឹងបន្តការតវ៉ានេះ រហូតដល់មានការដោះលែងតំណាងពួកគេត្រឡប់មកវិញ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង៣រយនាក់ចូលធ្វើការវិញ។ ស្របគ្នានេះ កម្មករណាហ្គាវើលដ៍ដែលមិនមានឈ្មោះកាត់ចេញពីក្រុមហ៊ុន នាំគ្នាធ្វើយុទ្ធនាការបង្ហោះប័ណ្ណការងាររបស់ពួកគេតាមបណ្ដាញសង្គមហ្វេសប៊ុក អមដោយសារទាមទារឲ្យមានការដោះលែងតំណាងសហជីព ៨នាក់ត្រឡប់មកវិញ ដើម្បីវិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
««« ចប់! »»»