អាជ្ញាធរក្រុងភ្នំពេញនៅតែបន្តបង្រ្កាបក្រុមណាហ្គាវើលដ៍ (Naga World) ដោយប្រើអំពើហិង្សាបង្រ្កាបកូដករបោកខ្ទប់នឹងរថយន្ត ហើយដឹកយកទៅទម្លាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅនៅថ្ងៃទី១៥ ខែមីនា។ សង្គមស៊ីវិល និងក្រុមសហជីព អំពាវនាវឱ្យតុលាការទម្លាក់បទចោទបញ្ឃប់ការធ្វើបាបក្រុមកូដករ និងជំរុញឱ្យភាគីក្រុមហ៊ុនវិលចូលតុចរចាពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារមួយនេះដោយយុត្តិធម៌។
កម្លាំងអាជ្ញាធររាប់រយនាក់និងក្រុមស្លៀកពាក់ស៊ីវិលឈុតខ្មៅគ្មានអត្តសញ្ញាណច្បាស់លាស់បានស្រែកសម្លុតប្រើអំពើហិង្សាកាន់តែខ្លាំងលើកូដករជាង១រយនាក់(១១៦) ហើយបានអូសច្រានក្រុមកូដករបង្ខំឱ្យឡើងរថយន្តក្រុងដឹកទម្លាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅជាថ្មីម្ដងទៀតនៅថ្ងៃទី១៥ ខែមីនា។
កូដករនិងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) កញ្ញា ផុន ករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ខែមីនា ថាមានកម្លាំងអាជ្ញាធរជាច្រើននាក់ និងមានជនស្លៀកពាក់ស៊ីវិលបានសម្រុករុញច្រានអូសកញ្ញាបោកខ្ទប់នឹងរថយន្ត។ កញ្ញាបន្តថា ក្រុមអាជ្ញាធរនិងជនស៊ីវិលទាំងនោះ តែងតែមកយាយី ស្រែកសម្លុតគំរាមកំហែងមិនឱ្យក្រុមកូដករទាមទាររកដំណោះស្រាយនៅក្បែរអគារបនល្បែងណាហ្គាវើលដ៍ឡើយ។
កញ្ញា ផុន ករុណា ចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថា ជាការធ្វើបាបពលរដ្ឋស្លូតត្រង់ ដែលបានតវ៉ាដោយសន្តិវិធីដើម្បីទាមទារឱ្យក្រុមហ៊ុនបនល្បែងមួយនេះដោះស្រាយវិវាទការងារ៖ « ទាំងខ្ញុំផ្ទាល់ត្រូវធ្ងន់ឈឺ អាជ្ញាធររុញមកខ្ទប់នឹងទ្វារឡានងើបអត់រួចនៅហ្នឹងតែម្ដងភ័យអត់ទាន់បាត់ផង។ ជាពិសេសជនស៊ីវិលហ្នឹងតែម្ដង មកលក្ខណៈវាយពួកខ្ញុំជាកូដករបំណងបង្កហិង្សាដាក់ពួកខ្ញុំ »។
កូដករម្នាក់ទៀតលោកស្រី តាវិដា និយាយថា អាជ្ញាធរនៅតែព្យាយាមកាងអំណាចឱ្យក្រុមហ៊ុន មិនបានឈរលើភាពអព្យាក្រឹត្យក្នុងការបំពេញតួនាទីឱ្យបានត្រឹមត្រូវ បម្រើនិងជួយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋឡើយ។ ពេលមកដល់មណ្ឌលចត្តាឡីស័កលោកស្រីថា អាជ្ញាធរបានបង្ខាំងក្រុមកូដករ មិនឱ្យចុះចេញពីរថយន្តភ្លាមៗនោះទេ បណ្ដាលឱ្យមានកូដករជាច្រើនបានថប់ដង្ហើម និងក្អូតចង្អោរដោយសារតែពិបាកដកដង្ហើមនៅក្នុងរថយន្ត៖ « អាជ្ញាធរប្រៀបដូចជា ឪពុកម្ដាយរបស់ប្រជាជន ពេលគាត់ធ្វើអញ្ចឹងលម្អៀលទៅក្រុមហ៊ុន។ អាជ្ញាធរមិនគិតដល់ពួកខ្ញុំជាកូដកម្មដោយសន្តិវិធី។ ពួកខ្ញុំមិនដែលតដៃប្រើហិង្សាតែអាជ្ញាធរបង្រ្កាបគ្រប់រូបភាពទាំងអស់ »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី១៥ ខែមីនា។
កាលពីថ្ងៃទី១៤ ខែមីនាអាជ្ញាធរក្រុងភ្នំពេញបង្ក្រាបលើកូដករជិត២រយនាក់ (១៦២) ទាំងប្រើអំពើហិង្សារុញច្រានអូសសែងពួកគាត់បោកនឹងថ្នល់ដោយបង្ខំឱ្យឡើងរថយន្តក្រុងដឹកទម្លាក់ នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅពេញមួយយប់ដោយគ្មានសម្ភារៈប្រើប្រាស់ដែលកូដករខ្លះក្រាលកន្ទេលដេកផ្ទាល់ដីនិងគ្មានបន្ទប់ប្រើប្រាស់គ្រប់គ្នាឡើយ។
អាជ្ញាធរក៍បានដោះលែងកូដករទាំងនោះឲ្យត្រឡប់ទៅផ្ទះវិញកាលពីព្រឹកថ្ងៃទី១៥ខែមីនា ប៉ុន្តែអាជ្ញាធរឱ្យក្រុមកូដកររកមធ្យោបាយធ្វើដំណើរខ្លួនឯង។
កាលពីយប់ថ្ងៃទី១៤ខែមីនា ដដែលនោះ អាជ្ញាធរពន្ធនាគារព្រៃស បានដោះលែងមេដឹកនាំសហជីព និងសមាជិកសហជីព ណាហ្គាវើលដ៍ចំនួន៨នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅតាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ។ ក្រុមកូដករ និងក្រុមសហជីព សង្ឃឹមថា ក្រសួងពាក់ព័ន្ធនឹងកោះហៅភាគីក្រុមហ៊ុនមកដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរៃនេះឱ្យបានឆាប់ក្នុងរយៈពេលខាងមុខ។
ជុំវិញរឿងនេះអ្នកជំនាញសិទ្ធិមនុស្សក៍ទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងកូដករ៣នាក់ទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ ប៉េហ្ស៊ី (PJ) ឱ្យមានសេរីភាពដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចរចាប្រកបដោយតម្លាភាព និងយុត្តិធម៌។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ការដោះលែងសហជីពទាំង៨រូប អាចជាការវិលចូលតុចរចាឡើងវិញ និងបន្ធូរភាពតាន់តឹង ក្នុងវិវាទការងារមួយនេះ។ លោកបន្តថា កូដទាំង៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ រាជធានីភ្នំពេញប៉េហ្ស៊ី (PJ) នោះក៍បានដាក់លិខិត ឱ្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នទៅកាន់ក្រសួងការងារ នៅព្រឹកថ្ងៃទី១៥ ខែមីនា។ លោកក៍សង្ឃឹមទៀតថា តុលាការនឹងដោះលែង ពួកគេក្នុងពេលឆាប់ខាងមុខ និងទម្លាក់បទចោទលើសហជីពទាំង១១រូប ដើម្បីចរចាជាក្រុមហ៊ុនដោយស្មើភាពគ្នា៖ « ប្រសិន បើមានការ ដោះលែងទាំង១១នាក់ហើយខ្ញុំគិតថានឹងអាចមានការចរចាដោះស្រាយបញ្ចប់វិវាទហ្នឹង។ ប៉ុន្តែនៅតែមិនទាន់មានភាពយុត្តិធម៌ទោះបីតំណាងទាំង៨នាក់ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់ស្ថិតក្នុងក្រោមសម្ពាធនៃយុត្តាធិការ ធ្វើឱ្យគាត់មិនទាន់មានសេរីភាពពេញលេញទេ។ អ្វីដែលអង្គការសង្គមស៊ីវិលចង់ឃើញទម្លាក់បទចោទទាំង១១នាក់ ហើយវិលរកការចរចា »។
ក្នុងលិខិតស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដែលតំណាងសហជីពទាំង៨នាក់បានដាក់ទៅក្រសួងការងារបង្ហាញថា ពួកគេអំពាវនាវនូវចំណុចសំខាន់ចំនួន៣ ដែលរួមមានអំពាវដល់បុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់ចូលធ្វើការឱ្យចូលធ្វើការវិញទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ។
សហជីពអំពាវនាវដល់បុគ្គលិក ដែលក្រុមហ៊ុនបញ្ឈប់ពីការងារឱ្យសម្រាកនៅផ្ទះ រក្សាភាពស្ងប់ស្ងាត់ទុកពេលឱ្យតំណាងសហជីពចរចាដោះស្រាយវិវាទតាមផ្លូវច្បាប់ និងអំពាវនាវកុំឱ្យក្រុមហ៊ុនគុំគួន ដាក់ទោសទណ្ឌ ឬបង្ខំបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក។ ជាមួយគ្នានេះ អ្នកទាំង៨បានសន្យាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈ និងសង្គមជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។