អាជ្ញាធររាជធានីភ្នំពេញប្រើកម្លាំងសមត្ថកិច្ចនិងកងសន្តិសុខរាប់រយនាក់ បិទផ្លូវគ្រប់ច្រកល្ហកជុំវិញទីតាំងធ្វើកូដកម្មរបស់ក្រុមកម្មករណាហ្គាវើលដ៍ ដើម្បីបង្ខំឲ្យពួកគេឡើងរថយន្តក្រុងទៅធ្វើតេស្តរហ័សពិនិត្យរកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ តាមការប្រកាសរបស់ក្រសួងសុខាភិបាល។ ក្រុមកម្មករ ឲ្យដឹងថា ខណៈពេលពួកគាត់កំពុងឡើងរថយន្ត សមត្ថកិច្ចប្រើពាក្យសម្ដីមិនសមរម្យ។ ពួកគេអះអាងថា ចំពោះកូដករដែលគ្មានជំងឺកូវីដ១៩ នឹងធ្វើកូដកម្មដោយសន្តិវិធីបន្តទៀត ក្រោយពីធ្វើតេស្តរួច ចំណែកអ្នកមានជំងឺនេះ នឹងត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាមការតាមដានរបស់គ្រូពេទ្យ។
ក្រុមកម្មករណាហ្គាវើលដ៍ដែលធ្វើកូដកម្មប្រមាណ៥រយនាក់ ស្នើសុំក្រសួងសុខាភិបាលចុះយកសំណាកពួកគេ តាមរយៈការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ នៅទីតាំងក្បែរស្ថានទូតអូស្ត្រាលី និងសុំពិនិត្យមើលលទ្ធផលដោយខ្លួនឯង ប៉ុន្តែសំណើនេះ ត្រូវបានក្រសួង និងសាលារាជធានីភ្នំពេញបដិសេធ។
អាជ្ញាធររាជធានីភ្នំពេញ ប្រើវិធានការចាប់បង្ខំឲ្យក្រុមកូដករណាហ្គាវើលដ៍ ឡើងជិះរថយន្តក្រុងជាច្រើនគ្រឿង ដែលត្រៀមដឹកពួកគេទៅឲ្យក្រុមគ្រូពេទ្យ នៅមជ្ឈមណ្ឌលកោះពេជ្រ ធ្វើសំណាករកជំងឺកូវីដ១៩។
កូដករណាហ្គាវើលដ៍ម្នាក់ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែកុម្ភៈ ថា ក្រុមកម្មករណាហ្គាវើលដ៍ យល់ព្រមធ្វើតាមការចង់បានរបស់អាជ្ញាធរដោយចូលរួមសហការជាមួយក្រុមគ្រូពេទ្យដែលយកសំណាកពួកគាត់ នៅទីតាំងដែលកំណត់នោះ។ កញ្ញាលើកឡើងថា ក្នុងអំឡុងពេលធ្វើតេស្តរហ័សយកសំណាកនេះ ប្រសិនបើមានកូដករណាម្នាក់ពិនិត្យលទ្ធផលឃើញវិជ្ជមាន គឺស្នើឲ្យក្រសួងសុខាភិបាលយកកូដកររូបនោះ ទៅព្យាបាលនិងថែទាំគាត់តាមវិធានសុខាភិបាល។ កញ្ញាបន្តថា ករណីអ្នកគ្មានផ្ទុកជំងឺនេះ ក្រោយពីពិនិត្យយកសំណាកហើយ ពួកគេនៅតែបន្តធ្វើកូដកម្មដដែល ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងតំណាងរបស់ពួកគេ ៨ នាក់ ពីពន្ធនាគារ និងដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។ កញ្ញាបញ្ជាក់ថា ទីតាំងធ្វើកូដកម្មរបស់កម្មករណាហ្គាវើលដ៍ជាង១ខែកន្លះមក មិនមែនជាទីប្រភពចំលងជំងឺកូវីដ១៩ ដូចការប្រកាសរបស់ក្រសួងសុខាភិបាលទេ ព្រោះពួកគាត់តែងរក្សាគម្លាតពីគ្នា និងបាញ់អាល់កុលលាងដៃជាប់ជានិច្ច។
កម្មករណាហ្គាវើលដ៍រូបនេះយល់ថា ការដាក់គោលដៅលើក្រុមកូដករណាហ្គាវើដល៍ ពីខាងក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ឲ្យធ្វើតេស្តយកសំណាក ដោយព្រមានចាត់វិធានការផ្លូវច្បាប់ផងនោះ គឺជារឿងដាក់សម្ពាធពួកគាត់ឲ្យឈប់ជួបជុំគ្នាតវ៉ារកដំណោះស្រាយការងារ៖ «ជាចុងក្រោយខ្ញុំស្នើសុំទៅក្រសួងការងារ មេត្តាពន្លឿននៃការដោះស្រាយនេះ មិនមែនមកបំបែកក្រុមកូដករ រូបភាពដូចជាយកជំងឺកូវីដហ្នឹង ឲ្យក្រសួងសុខាភិបាលចេញលិខិតមក ហៅពួកខ្ញុំមកធ្វើតេស្តកូវីដហ្នឹង ដាក់សម្ពាធហិរញ្ញវត្ថុដល់ក្រុមកូដករអ៊ីចឹងទេ។ មើលឃើញថា គាត់ពន្យារពេលនេះ ដើម្បីឲ្យក្រុមកូដករខ្ញុំហ្នឹង អស់លទ្ធភាព មិនមានលទ្ធភាពមក ដោយសារតែពួកយើងមិនបានធ្វើការមានប្រាក់ខែ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ យើងមើលឃើញរូបភាពបែបហ្នឹង គឺចង់ពន្យារពេលដាក់សម្ពាធសេដ្ឋកិច្ចមកលើកក្រុមកូដករ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានទេ។
ទាក់ទងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការប្រើវិធានសុខាភិបាលដាក់សម្ពាធចំពោះក្រុមកូដករណាហ្គាវើដល៍ ក្រោមហេតុផលស្វែងរកជំងឺកូវីដ១៩នេះ បង្ហាញពីការគំរាមកំហែងដល់កម្មករដែលធ្វើកូដកម្មដោយសន្តិវិធី និងអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវកន្លងមក៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែមានវិធានតឹងរ៉ឹងទៅដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលក្នុងករណីរកឃើញថា មានការឆ្លងអីហ្នឹង។ ហើយនៅក្នុងក្រុមហ៊ុនក៏មិនមានរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាលដែរ។ អ៊ីចឹង ! ការអនុវត្តជាការអនុវត្តមួយដែលយើងឃើញថា មិនមានតម្លាភាព ហើយវារឹតតែបង្កនូវភាពស្មុគស្មាញ ការលំបាក លក្ខខណ្ឌសម្រាប់កូដករនៅក្នុងការបន្តធ្វើកូដកម្មដោយសន្តិវិធីហ្នឹង»។
កាលពីល្ងាចពីទី៤ ខែកុម្ភៈ អាជ្ញាធររាជធានីភ្នំពេញ ដាក់ពង្រាយកងកម្លាំងនគរបាលនិងសន្តិសុខរាប់សិបនាក់ ឈរបិទផ្លូវ និងរារាំងក្រុមកូដករណាហ្គាវើដល៍មិនឲ្យចេញពីកន្លែងធ្វើកូដកម្មទេ ដោយតម្រូវឲ្យពួកគេធ្វើតេស្តរហ័សយកសំណាកជាមុនសិន ប៉ុន្តែកម្មករមិនព្រម។
ក្នុងពេលនោះ មន្ត្រីក្រសួងសុខាភិបាល ក៏បានប្រកាសថា មានបុគ្គលិកណាហ្គាវើលដ៍ម្នាក់ទៀតដែលកំពុងបម្រើការងារ មានជំងឺកូវីដ១៩ បន្ទាប់ពីក្រសួងរកឃើញកម្មករស្ត្រីមានផ្ទៃពោះម្នាក់មានជំងឺកូវីដប្រភេទ អូមីក្រុង កាលពីថ្ងៃទី២៨ ខែមករា។
ក្រោយពីមានការព្រមព្រៀងរវាងកម្មករ និងមន្ត្រីតំណាងក្រសួងសុខាភិបាល នៅទីតាំងនោះ អាជ្ញាធរបានអនុញ្ញាតឲ្យក្រុមកូដករត្រឡប់ទៅផ្ទះសិន ហើយត្រូវវិលមកបង្ហាញខ្លួនធ្វើតស្តនៅកន្លែងដដែល ថ្ងៃទី៥ ខែកុម្ភៈ កុំបីខាន។
ក្នុងសេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឲ្យដឹងថា គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ តម្រូវឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំគ្នា ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាលនិងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។
អាជ្ញាធរព្រមានថា ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ បុគ្គលរូបនោះ ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលក្នុងនោះ រួមមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងនោះឡើយ។
បើទោះបីជាយ៉ាងណា ក្រុមកូដករណាហ្គាវើដល៍នៅតែប្រកាន់ជំហរថា ពួកគេនៅបន្តធ្វើកូដកម្មដោយសន្តិវិធី រហូតទទួលបានដំណោះស្រាយ ដែលមានការដោះលែងតំណាងសហជីព ៨ នាក់ ឲ្យមានសេរីភាព ហើយក្រុមហ៊ុនត្រូវទទួលយកបុគ្គលិកជាង ៣រយនាក់ ចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។